មេដឹកនាំសហជីពលោក រ៉ុង ឈុន បានចាប់ផ្ដើមការងារការពារសិទ្ធិមនុស្សដោយមិនបង្អង់ឡើយ ស្របពេលក្រុមយុវជនដែលទើបត្រូវបានដោះលែង ក៏គ្រោងធ្វើសកម្មភាពនាពេលឆាប់ៗនេះដែរ។ មន្ត្រីសង្គមស៊ីវិលថា ទាំងលោក រ៉ុង ឈុន និងក្រុមសកម្មជន នៅតែមានសិទ្ធិពេញលេញក្នុងការធ្វើការងារសង្គម ទោះជាស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការក៏ដោយ។
ការចាប់ដាក់ពន្ធនាគាររយៈពេលជាង ១ឆ្នាំ និងការដាក់ឱ្យស្ថិតក្រោមការត្រួតពិនិត្យរយៈពេល ៣ឆ្នាំបន្ថែមនោះ មិនអាចបំបាក់ឆន្ទៈបម្រើសង្គម និងការពារសិទ្ធិពលរដ្ឋរបស់លោក រ៉ុង ឈុន បានឡើយ។ លោកបានចាប់ផ្ដើមការងារឡើងវិញក្នុងពេលតែប៉ុន្មានថ្ងៃក្រោយចេញពីពន្ធនាគារ ដែលការងារទាំងនោះរួមមាន ការចូលរួមកិច្ចប្រជុំកម្រិតអន្តរជាតិ ស្ដីពី បញ្ហាសិទ្ធិការងារ ការផ្ដល់សម្ភាសជាមួយអ្នកសារព័ត៌មានជាតិ-អន្តរជាតិ និងការតាមដានសវនាការសំណុំរឿងរបស់សកម្មជននយោបាយជាដើម។

ប្រធានសហភាពសហជីពកម្ពុជា (CCU) លោក រ៉ុង ឈុន ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី១៧ ខែវិច្ឆិកា ថា ការជាប់ឃុំជាង ១ឆ្នាំមកនេះ ធ្វើឱ្យលោកខកខានការងារជាច្រើនទាក់ទងនឹងបញ្ហាសិទ្ធិការងារ សិទ្ធិមនុស្សទូទៅ និងបញ្ហាសង្គមដទៃទៀត។ លោកបញ្ជាក់ថា នេះជាពេលវេលាដែលលោកត្រូវបំពេញការងារទាំងនោះវិញហើយ ទោះជាតុលាការបានដាក់លក្ខខណ្ឌតឹងរ៉ឹងលើរូបលោកក៏ដោយ៖ « យើងត្រូវតែធ្វើ ទោះបីមានការហត់នឿយបន្តិចបន្តួច។ យើងត្រូវតែលះបង់ដើម្បីធ្វើម៉េចការពារ ហើយស្វះស្វែងរកយុត្តិធម៌ និងសេរីភាព ជាពិសេសទៅដល់អ្នកដែលកំពុងជាប់ឃុំ ដែលមិនទាន់បានទទួលសេរីភាពពាក់កណ្ដាលនោះ »។
ដោយឡែកក្រុមយុវជនខ្មែរថាវរៈវិញ ពួកគេក៏គ្រោងធ្វើសកម្មភាពទាមទារយុត្តិធម៌សង្គមនាពេលឆាប់ៗខាងមុខនេះដែរ ទោះជាតុលាការបន្តគាបសង្កត់សិទ្ធិសេរីភាពរបស់ពួកគេយ៉ាងណាក្ដី។

ស្ថាបនិកក្រុមយុវជនខ្មែរថាវរៈលោក ហ៊ុន វណ្ណៈ ថ្លែងថា ការងារដំបូងដែលក្រុមរបស់លោកនឹងធ្វើ គឺទាមទារឱ្យមានការកែទម្រង់របៀបគ្រប់គ្រងពន្ធនាគារ។ លោកបញ្ជាក់ថា យុទ្ធនាការនេះនឹងចាប់ផ្ដើមនៅពេលឆាប់ៗនេះ បន្ទាប់ពីសមាជិកទាំងអស់មានសុខភាពផ្លូវកាយ និងផ្លូវចិត្តល្អឡើងវិញ៖ « លក្ខខណ្ឌដាក់ពួកខ្ញុំឱ្យស្ថិតក្រោមការត្រួតពិនិត្យហ្នឹង គឺរយៈពេល ពីរឆ្នាំ ហើយក្នុងលក្ខខណ្ឌហ្នឹងមិនបានចែង ឬក៏មិនបាននិយាយថា ហាមពួកយើងក្នុងការសម្ដែងមតិទេ។ អ៊ីចឹងខ្ញុំថា ការសម្ដែងមតិក្នុងរូបភាពណាមួយដោយមិនមានអំពើហិង្សានេះ ជារឿងមួយដែលប្រជាពលរដ្ឋខ្មែរអាចធ្វើបានគ្រប់ៗគ្នា »។
តុលាការរបបលោក ហ៊ុន សែន បានដោះលែងលោក រ៉ុង ឈុន យុវជនខ្មែរថាវរៈ យុវជនមាតាធម្មជាតិ សកម្មជននយោបាយ និងសមាជិកសង្គមស៊ីវិលសរុប ២៧នាក់ ក្នុងរយៈពេល ២សប្ដាហ៍ចុងក្រោយនេះ។ ប៉ុន្តែពួកគាត់ភាគច្រើន នៅជាប់លក្ខខណ្ឌត្រួតពិនិត្យតាមផ្លូវតុលាការចន្លោះពី ២ឆ្នាំ ទៅ ៣ឆ្នាំ បន្ថែមទៀត ដែលធ្វើឱ្យសេរីភាពរបស់ពួកគាត់នៅតែស្ថិតក្រោមការគាបសង្កត់ដដែល។
ជុំវិញការចាប់ផ្ដើមធ្វើសកម្មភាពឡើងវិញរបស់អ្នកទោសមនសិការទាំងនេះ វិទ្យុអាស៊ីសេរីបានទាក់ទងប្រធានតុលាការក្រុងភ្នំពេញលោក តាំង ស៊ុនឡាយ ដើម្បីសាកសួររឿងនេះ តែលោកប្រាប់ថា កំពុងជាប់រវល់ប្រជុំ រីឯអ្នកនាំពាក្យតុលាការក្រុងភ្នំពេញលោក អ៊ី រិន្ទ វិញ ទូរស័ព្ទចូលតែពុំមានអ្នកទទួល។ ចំណែកអ្នកនាំពាក្យតំណាងអយ្យការអមតុលាការក្រុងភ្នំពេញលោក ប្លង់ សុផល វិញ លោកមិននិយាយអ្វីនោះទេ ក្រោមហេតុផលថា លោកមិនមែនជាអ្នកនាំពាក្យតុលាការទាំងមូល។

ទោះជាយ៉ាងណា ប្រធានកម្មវិធីតស៊ូមតិនៃបណ្ដាញយុវជនកម្ពុជា (CYN) លោក ហេង គឹមហុង សាទរការវិលត្រឡប់មកកាន់ការងារការពារសិទ្ធិមនុស្ស យុត្តិធម៌សង្គម និងការពារផលប្រយោជន៍សាធារណៈរបស់លោក រ៉ុង ឈុន និងសកម្មជនដទៃទៀត។ លោកបញ្ជាក់ថា សកម្មភាពទាំងនោះជារឿងត្រឹមត្រូវតាមច្បាប់៖ « សកម្មភាពរបស់ពួកគាត់ដើម្បីជួបជុំ ជជែកពិភាក្សាពីបញ្ហាសង្គម ពីអ្វីហ្នឹង គឺជាការអនុវត្តសិទ្ធិពលរដ្ឋទេ ដែលមនុស្សគ្រប់រូបត្រូវតែអនុវត្ត ពីព្រោះពួកគាត់ក៏ដូចជាពលរដ្ឋផ្សេងទៀតដែរ គឺផ្នែកមួយនៃសង្គម ដែលសុទ្ធសឹងតែត្រូវការមានមុខរបរ មានការងារសម្រាប់ខ្លួនឯង ហើយនិងបញ្ចេញកម្លាំងពលកម្មដើម្បីជួយទៅសង្គមជាតិវិញ » ។
មកដល់ពេលនេះ មានសកម្មជននយោបាយ សកម្មជនបរិស្ថាន សមាជិកសង្គមស៊ីវិល និងអ្នករិះគន់រដ្ឋាភិបាល សរុបជាង ៦០នាក់កំពុងជាប់ឃុំក្នុងពន្ធនាគារនៅឡើយ ដោយពួកគេភាគច្រើនរងការចោទប្រកាន់ពីបទ «ញុះញង់» និង «រួមគំនិតក្បត់» ដែលជាបទចោទមានចរិតនយោបាយ។ នេះបើផ្អែកតាមអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃស៍ វ៉ច្ឆ (Human Rights Watch)។

ក្រុមអង្គការសង្គមស៊ីវិលជាតិ-អន្តរជាតិ អង្គទូតបរទេស និងអ្នកជំនាញសិទ្ធិមនុស្សអង្គការសហប្រជាជាតិ នៅតែទាមទារឱ្យរបបលោក ហ៊ុន សែន ទម្លាក់ចោលបទចោទប្រកាន់ និងដោះលែងអ្នកទាំងនោះឱ្យមានសេរីភាពវិញ។ ជាងនេះទៅទៀត ពួកគេបន្តអំពាវនាវដល់របបសព្វថ្ងៃ ឱ្យបញ្ឈប់ការប្រើប្រាស់តុលាការជាឧបករណ៍បង្ក្រាបលើសិទ្ធិសេរីភាពពលរដ្ឋតទៅទៀត ដោយត្រូវជំនួសមកវិញនូវការគោរពលិខិតុបករណ៍ជាតិ និងអន្តរជាតិទាំងឡាយ ស្ដីពី សិទ្ធិមនុស្ស ដែលខ្លួនបានទទួលស្គាល់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
