លោក រ៉ុង ឈុន និង​យុវជន​ជួប​ទូត​បរទេស​ជា​បន្តបន្ទាប់​ជជែក​ពី​រឿង​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ

0:00 / 0:00

មេ​សហជីព​លោក រ៉ុង ឈុន និង​ក្រុម​យុវជន​បាន​ជួបពិភាក្សា​ជាមួយ​អង្គទូត​ប្រទេស​ប្រជាធិបតេយ្យ​ជា​បន្តបន្ទាប់ ដើម្បី​ស្នើ​ឱ្យ​រដ្ឋាភិបាល​ប្រទេស​ទាំងនោះ​ជំរុញ​ទៅ​រដ្ឋាភិបាល​លោក ហ៊ុន សែន ងាក​មក​គោរព​សិទ្ធិមនុស្ស និង​ស្តារ​លទ្ធិប្រជាធិបតេយ្យ​ឡើង​វិញ។ ប៉ុន្តែ​មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​យល់ថា​សកម្មភាព​នេះ នឹង​មិន​បាន​ផល​អ្វី​នោះ​ទេ។

ប្រធាន​សហភាព​សហជីព​កម្ពុជា (CCU) លោក រ៉ុង ឈុន បាន​ជួប​ជាមួយ​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​លោក បាទ្រីក ម័រហ្វី (Patrick Murphy) ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប អ្នកស្រី ខារមែន ម៉ូរ៉េណូ (Carmen Moreno) និង​តំណាង​ស្ថានទូត​អូស្ត្រាលី ចាប់ពី​ថ្ងៃទី​១០ ធ្នូ រហូត​ដល់​ថ្ងៃទី ១៧ ធ្នូ​។ លោក​បាន​ស្នើ​ដល់​អង្គទូត​បរទេស​ទាំង​នោះ​ជួយ ជំរុញ​ឱ្យ​រដ្ឋាភិបាល​លោក ហ៊ុន សែន គោរព​សិទ្ធិមនុស្ស និង​ស្តារ​ប្រជាធិបតេយ្យ​ឡើង​វិញ។

លោក រ៉ុង ឈុន ថ្លែងប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី​១៨ ខែធ្នូ​ថា លោក​បាន​លើកឡើង​អំពី​ស្ថានភាព​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ និង​ក្តី​កង្វល់​ទាក់ទង​ទៅ​នឹង​បញ្ហា​សិទ្ធិ​សេរីភាព និង​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ទៅ​កាន់​អង្គទូត​ប្រទេស​ប្រជាធិបតេយ្យ​ទាំងនោះ​។ លោក​ក៏បាន​ស្នើ​សុំ​ឱ្យ​ប្រទេស​ប្រជាធិបតេយ្យ​ទាំងនោះ​អន្តរាគមន៍​ទៅ​រដ្ឋាភិបាល​កម្ពុជា​ឱ្យ​ដោះលែង​សកម្មជន​គណបក្ស​សង្គ្រោះជាតិ និង​សកម្មជន​មួយ​ចំនួន​ទៀត​ដែល​កំពុង​ជាប់ឃុំ​ដោយ​អយុត្តិធម៌ ព្រមទាំង​ទាមទារ​ឱ្យ​ទម្លាក់​ចោល​ទាំងស្រុង​នូវ​លក្ខខណ្ឌ​ត្រួតពិនិត្យ​តាមផ្លូវ​តុលាការ​លើ​សកម្មជន​ដែល​តុលាការ​ទើប​ដោះលែង ក្នុង​នោះ​ក៏​រួមមាន​ទាំង​លោក​ម្នាក់​ផង​ដែរ៖ «ខាង​ឯកអគ្គរដ្ឋទូត​គាត់​សម្ដែង​ការ​យកចិត្តទុកដាក់ និង​មាន​សង្ឃឹម​នឹង​មាន​ការ​ប្រែប្រួល​នៅ​ក្នុង​កម្ពុជា​យើង ប៉ុន្តែ​ទន្ទឹម​នឹង​ហ្នឹង​ក៏​យើង​មិនមែន​ដេក​ចាំ​ខាង​ស្ថានទូត ឬ​អន្តរជាតិ​អន្តរាគមន៍​ទេ ក្នុង​នាម​យើង​ជា​ពលរដ្ឋ​ខ្មែរ យើង​ជា​ម្ចាស់​ប្រទេស​យើង​ត្រូវ​ខិតខំ​ខ្លួន​យើង​ដែរ»។

លោក រ៉ុង ឈុន បញ្ជាក់​ថា រាល់​ជំនួប​មន្ត្រី​ស្ថានទូត​តែងតែ​ស្វាគមន៍​ដោយ​យកចិត្តទុកដាក់​ចំពោះ​ទុក្ខ​កង្វល់ និង​សំណើ​របស់​សកម្មជន ហើយ​ពួកគេ​សន្យា​នឹង​ជួយ​អន្តរាគមន៍​បន្ត​បន្ទាប់​ទៀត។

ចំណែក​យុវជន​មួយចំនួន​ដែល​ជាប់ឃុំ​ដោយសារ​ការសម្ដែង​មតិ​នោះ ពួកគេ​ក៏​ត្រូវ​បាន​អញ្ជើញ​ឱ្យ​ចូល​ជួប​ជាមួយ​អង្គទូត​ប្រទេស​ប្រជាធិបតេយ្យ​ដែរ។

សមាជិក​ក្រុម​យុវជន​ខ្មែរ​ថាវរៈ គឺ​លោកស្រី ឈឿន ដារ៉ាវី ប្រាប់​ថា កាលពី​ថ្មីៗ​នេះ​ក្រុម​យុវជន​សង្គម​ជាច្រើន​នាក់​បាន​ជួប​ជាមួយ​មន្ត្រី​ស្ថានទូត​អូស្ត្រាលី ដើម្បី​សុំ​កិច្ច​អន្តរាគមន៍​ជុំវិញ​បញ្ហា​រំលោភបំពាន​សិទ្ធិ ច្បាប់ ជាពិសេស​ស្ថានភាព​សិទ្ធិ​ជន​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​។ លោកស្រី​បាន​ស្នើ​ឱ្យ​រដ្ឋាភិបាល​ប្រទេស​ប្រជាធិបតេយ្យ​ជួយ​តាមដាន និង​យកចិត្តទុកដាក់​ចំពោះ​យុវជន​ដែល​បន្ត​ធ្វើ​សកម្មភាព​ទាមទារ​យុត្តិធម៌៖ «យើង​ព្យាយាម​ឱ្យ​ទូត ក៏ដូចជា​ប្រទេស​ដែល​ប្រកាន់​លទ្ធិប្រជាធិបតេយ្យ គោរព​ច្បាប់​ហ្នឹង​បាន​ដឹងឮ​អំពី​បញ្ហា​របស់​ខ្មែរ ជាពិសេស​បញ្ហា​អយុត្តិធម៌​ដែល​រដ្ឋាភិបាល​ហ្នឹង​រឹតត្បិត​សិទ្ធិ​សេរីភាព​ពលរដ្ឋ រំលោភបំពាន​សិទ្ធិ​ពលរដ្ឋ ប្រទេស​សមាជិក​អង្គការសហប្រជាជាតិ​ដើម្បី​ដឹងឮ​ជួយ»។

តុលាការ​រដ្ឋាភិបាល​ឯកបក្ស​លោក ហ៊ុន សែន បាន​ដោះលែង​លោក រ៉ុង ឈុន យុវជន​ខ្មែរ​ថាវរៈ យុវជន​មាតា​ធម្មជាតិ សកម្មជន​នយោបាយ និង​សមាជិក​សង្គម​ស៊ីវិល​សរុប ២៧​នាក់ កាល​ពី​ពេល​ថ្មីៗ​នេះ​។ ប៉ុន្តែ​ពួកគាត់​ជាប់​លក្ខខណ្ឌ​ត្រួតពិនិត្យ​តាមផ្លូវ​តុលាការ​ចន្លោះ​ពី​២​ឆ្នាំ ទៅ​៣​ឆ្នាំ​បន្ថែម​ទៀត ដែល​ធ្វើ​ឱ្យ​សេរីភាព​របស់​ពួកគាត់​នៅតែ​ស្ថិត​ក្រោម​ការ​គាបសង្កត់​ដដែល។

ជុំវិញ​រឿង​នេះ ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន លើកឡើង​ថា សកម្មភាព​ដែល​ពឹង​លើ​បរទេស​មក​ជួយ​អន្តរាគមន៍​ករណីនេះ គឺ​មិនអាច​ទៅរួច​ទេ​។ លោក​លើកទឹកចិត្ត​ដល់​ពួកគេ​ដោះស្រាយ​រឿង​នេះ​តាមច្បាប់ និង​តុលាការ​កម្ពុជា ប៉ុន្តែ​ក្នុង​ករណី​រឿង​នយោបាយ លោក​ជំរុញ​ឱ្យ​ដោះស្រាយ​តាមផ្លូវ​នយោបាយ​វិញ៖ «ការ​កសាង​លទ្ធិប្រជាធិបតេយ្យ​គឺ​ចាប់ផ្តើម​ពី​ខ្មែរ​ខ្លួនឯង អត់​ចាប់ផ្តើម​ពី​បរទេស​ទេ តាមច្បាប់​ដែល​ខ្មែរ​មាន​មើល​តាម​ហ្នឹង​ទៅ ហើយ​អ្នកនយោបាយ​និយាយ​ភាសា​ខ្មែរ​តើ​និយាយ​គ្នា​ទៅ ខ្ញុំ​មិនមែន​អ្នកនយោបាយ​ទេ ប៉ុន្តែ​ជជែក​មិន​ជជែក​រឿង​អ្នកនយោបាយ​គេ​សម្រេច​គ្នា​គេ​ទៅ»។

ទោះជា​យ៉ាងណា អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស អាដហុក (ADHOC) លោក ស៊ឹង សែនករុណា ជឿជាក់​ថា​ក្រោយពី​ទទួល​សំណើ​របស់​ក្រុម​សកម្មជន​ហើយ រដ្ឋាភិបាល​ប្រទេស​ប្រជាធិបតេយ្យ​ទាំងនោះ​អាច​មាន​ចំណាត់ការ​ផ្សេងៗ​ទៅ​តាម​លទ្ធភាព ដើម្បី​ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​បើក​លំហ​ការគោរព​សិទ្ធិមនុស្ស​និង​ប្រជាធិបតេយ្យ​ឡើងវិញ៖ «ដើម្បី​បើក​លំហ​រទាំង​អស់ហ្នឹង វា​លុះត្រាតែ​មានការ​ទម្លាក់​ចោល​ការចោទប្រកាន់ ហើយ​ដោះលែង​អ្នកនយោបាយ​សេសសល់​អី​ផ្សេងៗ​ទៀត និង​បើក​លំហ​សេរីភាព​ក្នុងការ​ប្រកួតប្រជែង​នយោបាយ​ដោយ​សេរី​ត្រឹមត្រូវ និង​យុត្តិធម៌​ទាំងអស់​ហ្នឹង​ឡើងវិញ»។

មក​ដល់​ពេល​នេះ មាន​សកម្មជន​នយោបាយ សកម្មជន​បរិស្ថាន សមាជិក​សង្គម​ស៊ីវិល និង​អ្នក​រិះគន់​រដ្ឋាភិបាល សរុប​ជាង ៦០​នាក់​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​នៅឡើយ ដោយ​ពួកគេ​ភាគច្រើន​រង​ការ​ចោទប្រកាន់​ពី​បទ «​ញុះញង់​» និង «​រួមគំនិត​ក្បត់​» ដែល​ជា​បទ​ចោទ​មាន​ចរិត​នយោបាយ។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជាតិ​-​អន្តរជាតិ អង្គទូត​បរទេស និង​អ្នកជំនាញ​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ នៅតែ​ទាមទារ​ឱ្យ​រដ្ឋាភិបាល​លោក ហ៊ុន សែន ទម្លាក់​ចោល​បទចោទប្រកាន់ និង​ដោះលែង​អ្នក​ទាំងនោះ​ឱ្យ​មាន​សេរីភាព​វិញ​។ ជាង​នេះ​ទៅ​ទៀត ពួកគេ​បន្ត​អំពាវនាវ​ដល់​រដ្ឋាភិបាល ឱ្យ​បញ្ឈប់​ការប្រើប្រាស់​តុលាការ​ជា​ឧបករណ៍​បង្ក្រាប​លើ​សិទ្ធិ​សេរីភាព​ពលរដ្ឋ​តទៅទៀត ដោយ​ត្រូវ​គោរព​គោល​ការណ៍​សិទ្ធិមនុស្ស ដែល​ខ្លួន​បាន​ទទួល​ស្គាល់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។