មេសហជីពលោក រ៉ុង ឈុន និងក្រុមយុវជនបានជួបពិភាក្សាជាមួយអង្គទូតប្រទេសប្រជាធិបតេយ្យជាបន្តបន្ទាប់ ដើម្បីស្នើឱ្យរដ្ឋាភិបាលប្រទេសទាំងនោះជំរុញទៅរដ្ឋាភិបាលលោក ហ៊ុន សែន ងាកមកគោរពសិទ្ធិមនុស្ស និងស្តារលទ្ធិប្រជាធិបតេយ្យឡើងវិញ។ ប៉ុន្តែមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលយល់ថាសកម្មភាពនេះ នឹងមិនបានផលអ្វីនោះទេ។
ប្រធានសហភាពសហជីពកម្ពុជា (CCU) លោក រ៉ុង ឈុន បានជួបជាមួយឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកលោក បាទ្រីក ម័រហ្វី (Patrick Murphy) ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប អ្នកស្រី ខារមែន ម៉ូរ៉េណូ (Carmen Moreno) និងតំណាងស្ថានទូតអូស្ត្រាលី ចាប់ពីថ្ងៃទី១០ ធ្នូ រហូតដល់ថ្ងៃទី ១៧ ធ្នូ។ លោកបានស្នើដល់អង្គទូតបរទេសទាំងនោះជួយ ជំរុញឱ្យរដ្ឋាភិបាលលោក ហ៊ុន សែន គោរពសិទ្ធិមនុស្ស និងស្តារប្រជាធិបតេយ្យឡើងវិញ។
លោក រ៉ុង ឈុន ថ្លែងប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី១៨ ខែធ្នូថា លោកបានលើកឡើងអំពីស្ថានភាពចង្អៀតណែនក្នុងពន្ធនាគារ និងក្តីកង្វល់ទាក់ទងទៅនឹងបញ្ហាសិទ្ធិសេរីភាព និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាទៅកាន់អង្គទូតប្រទេសប្រជាធិបតេយ្យទាំងនោះ។ លោកក៏បានស្នើសុំឱ្យប្រទេសប្រជាធិបតេយ្យទាំងនោះអន្តរាគមន៍ទៅរដ្ឋាភិបាលកម្ពុជាឱ្យដោះលែងសកម្មជនគណបក្សសង្គ្រោះជាតិ និងសកម្មជនមួយចំនួនទៀតដែលកំពុងជាប់ឃុំដោយអយុត្តិធម៌ ព្រមទាំងទាមទារឱ្យទម្លាក់ចោលទាំងស្រុងនូវលក្ខខណ្ឌត្រួតពិនិត្យតាមផ្លូវតុលាការលើសកម្មជនដែលតុលាការទើបដោះលែង ក្នុងនោះក៏រួមមានទាំងលោកម្នាក់ផងដែរ៖ «ខាងឯកអគ្គរដ្ឋទូតគាត់សម្ដែងការយកចិត្តទុកដាក់ និងមានសង្ឃឹមនឹងមានការប្រែប្រួលនៅក្នុងកម្ពុជាយើង ប៉ុន្តែទន្ទឹមនឹងហ្នឹងក៏យើងមិនមែនដេកចាំខាងស្ថានទូត ឬអន្តរជាតិអន្តរាគមន៍ទេ ក្នុងនាមយើងជាពលរដ្ឋខ្មែរ យើងជាម្ចាស់ប្រទេសយើងត្រូវខិតខំខ្លួនយើងដែរ»។
លោក រ៉ុង ឈុន បញ្ជាក់ថា រាល់ជំនួបមន្ត្រីស្ថានទូតតែងតែស្វាគមន៍ដោយយកចិត្តទុកដាក់ចំពោះទុក្ខកង្វល់ និងសំណើរបស់សកម្មជន ហើយពួកគេសន្យានឹងជួយអន្តរាគមន៍បន្តបន្ទាប់ទៀត។
ចំណែកយុវជនមួយចំនួនដែលជាប់ឃុំដោយសារការសម្ដែងមតិនោះ ពួកគេក៏ត្រូវបានអញ្ជើញឱ្យចូលជួបជាមួយអង្គទូតប្រទេសប្រជាធិបតេយ្យដែរ។
សមាជិកក្រុមយុវជនខ្មែរថាវរៈ គឺលោកស្រី ឈឿន ដារ៉ាវី ប្រាប់ថា កាលពីថ្មីៗនេះក្រុមយុវជនសង្គមជាច្រើននាក់បានជួបជាមួយមន្ត្រីស្ថានទូតអូស្ត្រាលី ដើម្បីសុំកិច្ចអន្តរាគមន៍ជុំវិញបញ្ហារំលោភបំពានសិទ្ធិ ច្បាប់ ជាពិសេសស្ថានភាពសិទ្ធិជនជាប់ឃុំក្នុងពន្ធនាគារ។ លោកស្រីបានស្នើឱ្យរដ្ឋាភិបាលប្រទេសប្រជាធិបតេយ្យជួយតាមដាន និងយកចិត្តទុកដាក់ចំពោះយុវជនដែលបន្តធ្វើសកម្មភាពទាមទារយុត្តិធម៌៖ «យើងព្យាយាមឱ្យទូត ក៏ដូចជាប្រទេសដែលប្រកាន់លទ្ធិប្រជាធិបតេយ្យ គោរពច្បាប់ហ្នឹងបានដឹងឮអំពីបញ្ហារបស់ខ្មែរ ជាពិសេសបញ្ហាអយុត្តិធម៌ដែលរដ្ឋាភិបាលហ្នឹងរឹតត្បិតសិទ្ធិសេរីភាពពលរដ្ឋ រំលោភបំពានសិទ្ធិពលរដ្ឋ ប្រទេសសមាជិកអង្គការសហប្រជាជាតិដើម្បីដឹងឮជួយ»។
តុលាការរដ្ឋាភិបាលឯកបក្សលោក ហ៊ុន សែន បានដោះលែងលោក រ៉ុង ឈុន យុវជនខ្មែរថាវរៈ យុវជនមាតាធម្មជាតិ សកម្មជននយោបាយ និងសមាជិកសង្គមស៊ីវិលសរុប ២៧នាក់ កាលពីពេលថ្មីៗនេះ។ ប៉ុន្តែពួកគាត់ជាប់លក្ខខណ្ឌត្រួតពិនិត្យតាមផ្លូវតុលាការចន្លោះពី២ឆ្នាំ ទៅ៣ឆ្នាំបន្ថែមទៀត ដែលធ្វើឱ្យសេរីភាពរបស់ពួកគាត់នៅតែស្ថិតក្រោមការគាបសង្កត់ដដែល។
ជុំវិញរឿងនេះ ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន លើកឡើងថា សកម្មភាពដែលពឹងលើបរទេសមកជួយអន្តរាគមន៍ករណីនេះ គឺមិនអាចទៅរួចទេ។ លោកលើកទឹកចិត្តដល់ពួកគេដោះស្រាយរឿងនេះតាមច្បាប់ និងតុលាការកម្ពុជា ប៉ុន្តែក្នុងករណីរឿងនយោបាយ លោកជំរុញឱ្យដោះស្រាយតាមផ្លូវនយោបាយវិញ៖ «ការកសាងលទ្ធិប្រជាធិបតេយ្យគឺចាប់ផ្តើមពីខ្មែរខ្លួនឯង អត់ចាប់ផ្តើមពីបរទេសទេ តាមច្បាប់ដែលខ្មែរមានមើលតាមហ្នឹងទៅ ហើយអ្នកនយោបាយនិយាយភាសាខ្មែរតើនិយាយគ្នាទៅ ខ្ញុំមិនមែនអ្នកនយោបាយទេ ប៉ុន្តែជជែកមិនជជែករឿងអ្នកនយោបាយគេសម្រេចគ្នាគេទៅ»។
ទោះជាយ៉ាងណា អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្ស អាដហុក (ADHOC) លោក ស៊ឹង សែនករុណា ជឿជាក់ថាក្រោយពីទទួលសំណើរបស់ក្រុមសកម្មជនហើយ រដ្ឋាភិបាលប្រទេសប្រជាធិបតេយ្យទាំងនោះអាចមានចំណាត់ការផ្សេងៗទៅតាមលទ្ធភាព ដើម្បីជំរុញឱ្យរដ្ឋាភិបាលកម្ពុជាបើកលំហការគោរពសិទ្ធិមនុស្សនិងប្រជាធិបតេយ្យឡើងវិញ៖ «ដើម្បីបើកលំហរទាំងអស់ហ្នឹង វាលុះត្រាតែមានការទម្លាក់ចោលការចោទប្រកាន់ ហើយដោះលែងអ្នកនយោបាយសេសសល់អីផ្សេងៗទៀត និងបើកលំហសេរីភាពក្នុងការប្រកួតប្រជែងនយោបាយដោយសេរីត្រឹមត្រូវ និងយុត្តិធម៌ទាំងអស់ហ្នឹងឡើងវិញ»។
មកដល់ពេលនេះ មានសកម្មជននយោបាយ សកម្មជនបរិស្ថាន សមាជិកសង្គមស៊ីវិល និងអ្នករិះគន់រដ្ឋាភិបាល សរុបជាង ៦០នាក់កំពុងជាប់ឃុំក្នុងពន្ធនាគារនៅឡើយ ដោយពួកគេភាគច្រើនរងការចោទប្រកាន់ពីបទ «ញុះញង់» និង «រួមគំនិតក្បត់» ដែលជាបទចោទមានចរិតនយោបាយ។
ក្រុមអង្គការសង្គមស៊ីវិលជាតិ-អន្តរជាតិ អង្គទូតបរទេស និងអ្នកជំនាញសិទ្ធិមនុស្សអង្គការសហប្រជាជាតិ នៅតែទាមទារឱ្យរដ្ឋាភិបាលលោក ហ៊ុន សែន ទម្លាក់ចោលបទចោទប្រកាន់ និងដោះលែងអ្នកទាំងនោះឱ្យមានសេរីភាពវិញ។ ជាងនេះទៅទៀត ពួកគេបន្តអំពាវនាវដល់រដ្ឋាភិបាល ឱ្យបញ្ឈប់ការប្រើប្រាស់តុលាការជាឧបករណ៍បង្ក្រាបលើសិទ្ធិសេរីភាពពលរដ្ឋតទៅទៀត ដោយត្រូវគោរពគោលការណ៍សិទ្ធិមនុស្ស ដែលខ្លួនបានទទួលស្គាល់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
