អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកសិទ្ធិមនុស្សប្រចាំនៅកម្ពុជា លោក វិទិត មុនតាប៊ន (Vitit Muntarbhorn) នៅថ្ងៃទី២៣ សីហា បានចូលទៅជួបអ្នកជាប់ឃុំនយោបាយនៅមន្ទីរឃុំឃាំង ម-១ ឬគុកព្រៃស។
ក្រុមគ្រួសារអ្នកជាប់ឃុំស្នើដល់មន្ត្រីបន្ទុកផ្នែកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិរូបនេះ ឱ្យពិនិត្យទៅលើករណីជាប់ឃុំ និងដោះលែង ឬទម្លាក់បទចោទទៅលើប្ដីរបស់ពួកគាត់ ដែលកំពុងនៅក្នុងពន្ធនាគារទាំងភាពអយុត្តិធម៌។
តំណាងក្រុមស្ត្រីថ្ងៃសុក្រ គឺលោកស្រី ព្រំ ចន្ថា ប្រាប់វិទ្យុអាស៊ីសេរីឱ្យដឹងថា ប្ដីលោកស្រី គឺលោក កាក់ កុម្ភារ បានប្រាប់តាមទូរស័ព្ទពីពន្ធនាគារមកថា លោក វិទិត មុនតាប៊ន បានចូលទៅជួបសួរសុខទុក្ខអ្នកជាប់ឃុំនយោបាយប្រហែល ៤ទៅ៥នាក់ នៅពន្ធនាគារព្រៃស នៅព្រឹកថ្ងៃទី២៣ សីហា។
លោកស្រីស្នើឱ្យអ្នករាយការណ៍ពិសេសរូបនេះ ជួយអន្តរាគមន៍ដោះលែងប្ដីលោកស្រី គឺលោក កាក់ កុម្ភារ និងអ្នកជាប់ឃុំដទៃទៀត ដែលកំពុងរងភាពអយុត្តិធម៌៖ « ខ្ញុំមានតែការស្នើសុំឱ្យអ្នករាយការណ៍ពិសេសលោក មុនតាប៊ន ហ្នឹងសូមឱ្យលោកជួយធ្វើអន្តរាគមន៍ ដើម្បីឱ្យមានការដោះលែងក្រុមគ្រួសាររបស់ខ្ញុំក្នុងពេលឆាប់ៗ នេះមុនពេលបោះឆ្នោត និងធ្វើឱ្យគាត់បានបោះឆ្នោតនឹងគេដែរ » ។
ចំណែកប្រពន្ធមន្ត្រីគណបក្សប្រឆាំងកំពុងជាប់ឃុំម្នាក់ទៀតគឺ លោកស្រី កុល សាត ឱ្យដឹងថា តាមការផ្ដល់ដំណឹងពីប្ដីលោកស្រីក្នុងពន្ធនាគារ លោកវិទិត មុនតាប៊ន បានសួរសុខទុក្ខអ្នកជាប់ឃុំ។
ចំណែកប្ដីលោកស្រី គឺលោក គង់ ម៉ាស់ បានស្នើសុំទៅកាន់អ្នករាយការណ៍ពិសេសរូបនេះជួយអន្តរាគមន៍ដោះលែងអ្នកកំពុងជាប់ឃុំ និងឱ្យជួយតាមដានអ្នកជាប់ឃុំនយោបាយដទៃទៀត ដែលត្រូវបានមន្ត្រីពន្ធនាគារនាំយកទៅត្រពាំង ផ្លុងនៅខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី២១ សីហា។ លោកស្រីបន្តថា អ្នកជាប់ឃុំចំនួន ១៤នាក់ ត្រូវបានគេផ្លាស់យកទៅទីនោះ ដោយនៅក្នុងពន្ធនាគារព្រៃស មានអ្នកជាប់ឃុំនយោបាយតែ ១១នាក់តែប៉ុណ្ណោះ៖ « គាត់សំណូមពរស្នើសុំឱ្យតុលាការទម្លាក់ចោលរាល់ការចោទប្រកាន់ពួកគាត់ទាំងអស់ ជាពិសេស សុំឱ្យតុលាការដោះលែងពួកគាត់ ដូចជា អ្នកដែលមានអាយុច្រើនៗ ចាប់ពី ៦០ ទៅ ៧០ឆ្នាំ » ។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ លោក នុត សវនា បានទេ នៅថ្ងៃទី២៣ សីហានេះ ដោយទូរស័ព្ទចូលតែមិនមានអ្នកទទួល។
ជុំវិញរឿងនេះ ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុកលោក នី សុខា យល់ឃើញថា ក្នុងបេសកកម្មមួយនេះ អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិគួរតែពិនិត្យ និងធ្វើការដោយយកចិត្តទុក្ខដាក់ ជាពិសេស ទៅលើបញ្ហាការឃុំខ្លួនអ្នកទោសនយោបាយនៅពន្ធនាគារដោយភាពអយុត្តិធម៌។
ទោះយ៉ាងណា លោកបន្តថា ចាប់តាំងពីមានវត្តមានរបស់លោក វិទិត មុនតាប៊ន លោកហាក់មិនឃើញមានការវិវត្តណាមួយគួរឱ្យកត់សម្គាល់ក្នុងការដោះស្រាយបញ្ហាឱ្យចេញជាលទ្ធផលនោះទេ។ លោកបន្ថែមថា រាល់បញ្ហាទាំងនោះ គឺមានតែរដ្ឋាភិបាលកម្ពុជាតែមួយប៉ុណ្ណោះ ដែលមានសិទ្ធិសម្រេចថា ដោះស្រាយ ឬនៅបន្តទុកបែបនេះតទៅទៀត៖ « អ្វីៗ វានៅលើឆន្ទៈរបស់រដ្ឋាភិបាលកម្ពុជាថា តើរដ្ឋាភិបាលកម្ពុជានឹងធ្វើការដោះស្រាយបញ្ហានៃជម្លោះនយោបាយ នៃការជាប់គាំងខាងនយោបាយយ៉ាងម៉េចនាពេលខាងមុខ » ។
អគ្គនាយកដ្ឋានពន្ធនាគារ បានផ្ទេរសកម្មជនគណបក្សសង្គ្រោះជាតិ១៤ ពីមណ្ឌលកែប្រែព្រៃស ក្រុងភ្នំពេញ យកទៅឃុំខ្លួននៅពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ កាលពីព្រឹកថ្ងៃទី២១ ខែសីហា។
បច្ចុប្បន្នមានសកម្មជនបក្សប្រឆាំង និងអ្នកបញ្ចេញមតិរិះគន់រដ្ឋាភិបាលប្រមាណ ៦០នាក់ទៀត កំពុងជាប់ឃុំនៅពន្ធនាគារ។ ពួកគេត្រូវបានតុលាការចោទប្រកាន់ពីបទចោទប្រហាក់ប្រហែលគ្នា គឺបទចោទញុះញង់ នឹងរួមគំនិតក្បត់ ក្នុងនោះសកម្មជនមួយចំនួនត្រូវបានតុលាការកាត់ក្ដីដាក់ពន្ធនាគារពី ៥ឆ្នាំ ទៅ ៧ឆ្នាំ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
