ក្រុម​យុវជន​បន្ត​ជិះកង់​ថ្ងៃទី២​ ទាមទារ​ឱ្យ​រដ្ឋាភិបាល​ផ្ដល់​យុត្តិធម៌​សង្គម

0:00 / 0:00

ថ្ងៃទី២ នៃ​យុទ្ធនាការ​ជិះកង់​ប្រវែង​ជាង៣០០​គីឡូម៉ែត្រ​ពី​ខេត្តសៀមរាបទៅកាន់​រាជធានី​ភ្នំពេញ​របស់​ក្រុម​សកម្មជន​សិទ្ធិមនុស្សបាន​ធ្វើដំណើរ​ដល់​ព្រំប្រទល់​ស្រុកស្ទោងនិង​ស្រុក​កំពង់ស្វាយ​ខេត្តកំពង់ធំ​ហើយនៅ​រសៀលថ្ងៃទី៧ ខែធ្នូ ក្រោមការ​ឃ្លាំមើលនិង​សួរនាំពី​អាជ្ញាធរ​តាម​ដង​ផ្លូវ​ជា​ហូរហែ។ យុទ្ធនាការ​ថ្ងៃដដែល​នេះក្រុមយុវជន​ផ្ញើសារ​ទៅ​កាន់រដ្ឋាភិបាល​ឱ្យ​ចាប់​អារម្មណ៍​ជួយ​ជ្រោមជ្រែង​យុត្តិធម៌​សង្គម​ឡើង​វិញ។

ក្រុម​យុវជននិង​សកម្មជន​សិទ្ធិមនុស្ស ៣០នាក់ បន្តជិះកង់ក្នុង​ចម្ងាយ​ជាង ៩០ គីឡូម៉ែត្រ នៅថ្ងៃទី៧ ខែធ្នូ ដោយផ្តើម​ចេញដំណើរ​ពី​ផ្សារ​កំពង់ក្ដី ស្រុកជីក្រែង ខេត្តសៀមរាប បោះពួយ​ទៅកៀកទីរួម​ខេត្ត​កំពង់ធំដើម្បី​អបអរទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​ថ្ងៃទី១០ ខែធ្នូខាងមុខនេះ។

Yourth Ride Bicycal on 7 of December on 07-12-2022-2.jpg
ក្រុម​យុវជន និង​សកម្មជន​សិទ្ធិមនុស្ស ៣០នាក់ បន្តជិះកង់ក្នុង​ចម្ងាយ​ជាង៩០គីឡូម៉ែត្រ បានមកដល់ស្ពានកំពង់ក្តី នៅថ្ងៃទី៧ ខែធ្នូ ដើម្បី​អបអរទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​ថ្ងៃទី១០ ធ្នូខាងមុខនេះ។ (រូប៖ CYN)

ពួកគាត់សង្កេតឃើញ​ថាបច្ចុប្បន្នស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​កាន់​តែ​ធ្ងន់ធ្ងរ​ទៅពុំធូរ​ស្បើយ​ឡើយ​ដោយ​សារមាន​ក្រុម​ឧកញ៉ា និង អ្នកមាន​អំណាច​ខ្លះបន្តប្រើឥទ្ធិពល​រំលោភយក​ដី​ធ្លី​ដោយ​ខុស​ច្បាប់ បំផ្លាញព្រៃឈើ ធនធានធម្មជាតិ និង កាប់ទន្ទ្រាន​ព្រៃឈើ​ស្ទើរ​គ្រប់​តំបន់​ជាប់​ដែន​អភិរក្ស។ រីឯ​ពលរដ្ឋក្រីក្រតែងតែ​រង​គ្រោះ​ដដែលៗដោយសារ​បាត់បង់​ដីធ្លីធនធាន​ធម្មជាតិនិងព្រៃឈើកើន​ឡើង​ច្រើនគ្មាន​យន្តការ​លុបបំបាត់​នៅ​ឡើយ​ទេ។

យុវជន​ចូលរួម​យុទ្ធនាការ​កញ្ញា ឡុង សុខលីន សង្កេតឃើញ​ថាពលរដ្ឋនៅ​តែ​ភ័យ​ខ្លាចក្នុង​ការ​សម្តែង​មតិសូម្បីតែការចែក​រំលែកភាព​អយុត្តិធម៌​សង្គមតាម​បណ្តាញសង្គម​ហ្វេសបុក​(Facebook)​ ក៏ពួកគាត់​ខ្លាច​រអាដែរព្រោះខ្លាច​អាជ្ញាធរ​ធ្វើបាប។ កញ្ញាបញ្ជាក់ថា ពលរដ្ឋភាគច្រើន​សុខចិត្ត​ស្ងៀម​ស្ងាត់មិន​ហ៊ាន​និយាយ​រិះគន់បើ​ទោះបី​ជាមាន​រឿង​អយុត្តិធម៌​សង្គម​កើតឡើង​នៅ​ចំពោះ​មុខ​ក្តី។ តាមរយៈព្រឹត្តិការណ៍​នេះកញ្ញាសង្ឃឹម​ថាពលរដ្ឋ​នឹង​យល់​ដឹង​ច្បាស់ពីការ​ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួនដែលធានា​ដោយ​រដ្ឋធម្មនុញ្ញនិង​ច្បាប់​អន្តរជាតិ៖

«ចង់ឱ្យ​ពលរដ្ឋគាត់​ដឹងថា យើង​មាន​សិទ្ធិ​កុំឱ្យ​ខ្លាច​ក្នុង​ការ​បញ្ចេញមតិឬក៏​ធ្វើ​សកម្មភាព​អី​ដែល​ត្រឹមត្រូវបើយើង​អត់​ធ្វើ​សកម្មភាព​អី​ទេយើង​នឹង​ភ្លេច​ថា​យើង​មាន​សិទ្ធិអ្វីខ្លះក្នុង​សង្គម​នេះ។អត់​មាន​ការ​ភ័យខ្លាច​អី​ទេ​បងព្រោះ​វា​ជា​រឿង​ត្រឹមត្រូវ​ក្នុង​ការ​ធ្វើយុទ្ធនាការ​នេះ»។

ក្រុម​យុវជន​ឱ្យដឹង​ថាកំឡុង​ពេល​ធ្វើយុទ្ធនាការនេះមាន​យុវតីម្នាក់មាន​បញ្ហា​សុខភាពអស់​កម្លាំងឈឺរាង​កាយដោយ​ត្រូវ​សម្រាក​នៅ​មន្ទីរពេទ្យ​រយៈពេល​ខ្លីតែ​ពេល​នេះបាន​ធូរស្រាល​ហើយ។ យុទ្ធនាការ​ជិះកង់​ទាំង​នេះក្រុម​យុវជន​សិទ្ធិមនុស្សព្យាយាម​តស៊ូជិះ​កង់​រយៈ៥ថ្ងៃ​ជាប់ៗ​គ្នាដើម្បី​ទាមទារ​យុត្តិធម៌​សង្គមក្រោម​អាកាសធាតុ​ក្តៅនិង​ជិះបញ្ច្រាស​ខ្យល់​ចាប់​ពី​ចំណុច​ប្រាសាទ​អង្គរវត្ត ខេត្តសៀមរាប ឆ្ពោះ​ទៅ​កាន់​ក្រុង​ភ្នំពេញ។ ពួកគាត់​ជិះកង់​ពាក់​ឯកសណ្ឋាន​អាវយឺត​ពណ៌ផ្ទៃមេឃនិង​ពណ៌សរភ្ជាប់​ពាក្យ​ស្លោកថាការ​គោរព​សិទ្ធិ​មនុស្សនាំមក​នូវ​យុត្តិធម៌​សង្គម។

Yourth Ride Bicycal on 7 of December on 07-12-2022-3.jpg
ក្រុម​យុវជន និង​សកម្មជន​សិទ្ធិមនុស្ស ៣០នាក់ បន្តជិះកង់ក្នុង​ចម្ងាយ​ជាង ៩០ គីឡូម៉ែត្រ នៅថ្ងៃទី ០៧ ធ្នូ ដោយផ្តើម​ចេញដំណើរ​ពី​ផ្សារ​កំពង់ក្ដី ស្រុកជីក្រែង ខេត្តសៀមរាប បោះពួយ​ទៅកៀកទីរួម​ខេត្ត​កំពង់ធំ ដើម្បី​អបអរទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​ថ្ងៃទី១០ ធ្នូខាងមុខនេះ។ (រូប៖ CYN)

ឆ្លើយតប​ការ​លើកឡើង​នេះអ្នកនាំពាក្យ​គណៈកម្មការ​សិទ្ធិមនុស្ស​របស់​រដ្ឋាភិបាល​លោក កត្តា អ៊ន ប្រាប់​វិទ្យុអាស៊ីសេរី​ថានៅកម្ពុជា​ពុំមាន​ការ​រឹតត្បិតនិង​គំរាមកំហែង​សិទ្ធិ​ពលរដ្ឋនិង​មន្ត្រី​សង្គម​ស៊ីវិលដែល​ធ្វើសកម្មភាព​ត្រឹមត្រូវ​ស្រប​តាម​ច្បាប់​នោះ​ឡើយ។បន្ថែមពី​នេះ​លោកថាអាជ្ញាធរ​មាន​សមត្ថកិច្ចអនុវត្ត​ច្បាប់ចំពោះតែ​បុគ្គល​មួយ​ចំនួន​តូចបាន​ប្រព្រឹត្ត​ល្មើសច្បាប់​តែ​ប៉ុណ្ណោះតែ​បែរ​ជា​ចោទ​សមត្ថកិច្ច​ថារំលោភ​សិទ្ធិមនុស្ស។លោក​បញ្ជាក់​ថាអ្នក​នយោបាយ ពលរដ្ឋ និង​មន្ត្រី​សង្គម​ស៊ីវិលពុំអាច​ប្រើប្រាស់​សិទ្ធិសេរីភាព​របស់​ខ្លួនតាម​អំពើ​ចិត្ត​នោះទេគឺ​ត្រូវ​គោរព​ច្បាប់​រដ្ឋនិង​កិត្តិយស​អ្នក​ដទៃ៖

«អ្វីដែល​គាត់​ធ្វើនៅពេល​ដែល​បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់​សមត្ថកិច្ច​មាន​វិធានការ​ចំពោះ​គាត់​ទាំងសមត្ថកិច្ច​នគរបាល​យុត្តិធម៌ទាំង​តុលាការពួកគាត់​បែរ​ជា​ចោទ​សមត្ថកិច្ច​ទាំង​នោះថា​រំលោភ​សិទ្ធិ​មនុស្សនេះជា​ការ​ខុសឆ្គង​ទាំង​ស្រុងព្រោះ​ពលរដ្ឋក្តីមន្ត្រីសង្គមស៊ីវិល​និង​អ្នក​នយោបាយ​ក្តីពុំមែន​ប្រើប្រាស់​សិទ្ធិសេរីភាព​របស់​ខ្លួន​តាម​អំពើ​ចិត្ត​នោះទេគឺ​ប្រើប្រាស់​តាម​ច្បាប់​រដ្ឋនិង​គោរព​កិត្តិយស​សេចក្ដី​ថ្លៃថ្នូរ​អ្នក​ដទៃ»។

ឆ្លើយតប​នឹង​បញ្ហា​នេះ​ដែរប្រធាន​បណ្តាញ​ជនជាតិ​ដើម​ភាគតិច​ព្នង​ខេត្តមណ្ឌលគិរី អ្នកស្រី ភ្លឹក ភីរម្យ មើល​ឃើញ​ថា ព្រៃឈើ ភ្នំ បឹង រ៉ែ ដីធ្លី អូរ និង​ធនធាន​ធម្មជាតិក្នុងខេត្តមណ្ឌលគិរី​កំពុង​ឋិត​ក្នុង​ភាព​គ្រោះថ្នាក់ដោយសារក្រុម​អ្នកមាន​អំណាចឃុបឃិតជាមួយ​អាជ្ញាធរ​រំលោភ​បំពាន​យក​ជា​បន្តបន្ទាប់​គ្មាន​ការ​អនុវត្ត​ច្បាប់​ច្បាស់​លាស់។

លោកស្រីថា ការ​គោរព​សិទ្ធិមនុស្ស​មាន​ស្តង់ដារ​ពីររវាង​ពលរដ្ឋនិង​អ្នក​មាន​អំណាចដោយអ្នក​មាន​អំណាច​ឬ​ឧកញ៉ា​ប្រព្រឹត្ត​ល្មើស​ច្បាប់​ឈូសឆាយ​ដីព្រៃ​រាប់​រយ​ហិកតារ​គ្មាន​ទោស​ពៃរ៍ផ្ទុយ​ពី​ពលរដ្ឋ​សាមញ្ញ៖

«អ្នក​មាន​ឱកាស​យើង​ឃើញ​ហើយឧកញ៉ាអ្នកធំនិង​អ្នកមាន​អំណាចអ្នក​រងគ្រោះពលរដ្ឋក្រីក្រ ទន់ខ្សោយ។មាន​តែ​ក្នុង​ក្រដាសតែ​អត់​គោរព​សិទ្ធិសូមស្នើឱ្យ​រដ្ឋាភិបាលនិង​អាជ្ញាធរ​ពាក់ព័ន្ធគោរព​សិទ្ធិមនុស្ស»។

Yourth Ride Bicycal on 7 of December on 07-12-2022-6.jpg
ក្រុម​យុវជន និង​សកម្មជន​សិទ្ធិមនុស្ស ៣០នាក់ បន្តជិះកង់ក្នុង​ចម្ងាយ​ជាង ៩០ គីឡូម៉ែត្រ នៅថ្ងៃទី ០៧ ធ្នូ ដោយផ្តើម​ចេញដំណើរ​ពី​ផ្សារ​កំពង់ក្ដី ស្រុកជីក្រែង ខេត្តសៀមរាប បោះពួយ​ទៅកៀកទីរួម​ខេត្ត​កំពង់ធំ ដើម្បី​អបអរទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​ថ្ងៃទី១០ ធ្នូខាងមុខនេះ។

សកម្មជន​សិទ្ធិមនុស្ស​បន្ថែម​ថានៅ​ល្ងាច​ថ្ងៃ​ដដែល​នេះពួកគាត់​ជិះកង់ក្នុង​ចម្ងាយ​ផ្លូវ​ជាង​៩០​ គីឡូម៉ែត្រ មក​ដល់​កៀក​ទីរួមខេត្ត​កំពង់ធំពុំមាន​អាជ្ញាធរ​ណាហាម​ឃាត់​នោះ​ទេប៉ុន្តែ​ឃើញ​នគរបាល​ពាក់​ឯកសណ្ឋាន​មក​ថតរូបសួរ​នាំនិង​ឃ្លាំមើល​សកម្មភាព​តាម​ដង​ផ្លូវ។ពួកគាត់​គ្រោងនឹង​ទៅ​ឱ្យ​ដល់​ទីលានប្រជាធិបតេយ្យ ក្នុង​ក្រុង​ភ្នំពេញនៅព្រឹក​ថ្ងៃទី១០ ខែធ្នូ ប៉ះចំថ្ងៃទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​លើកទី​៧៤ ហើយ​បន្ត​ប្រារព្ធ​ព្រឹត្តិការណ៍​ជិះកង់ ចម្ងាយ ៣០គីឡូម៉ែត្រ បន្ថែម​ទៀត​នៅ​ថ្ងៃ​ដដែល​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។