ក្រសួង​ការបរទេស​អាមេរិក​ដាក់​ចំណាត់​ថ្នាក់​កម្ពុជា​អាក្រក់​បំផុត​នៃ​អំពើ​ជួញដូរ​មនុស្ស

ក្រសួង​ការបរទេស​អាមេរិក​ចេញ​ផ្សាយ របាយការណ៍​ស្ដីពី​ការ​ជួញដូរ​មនុស្ស​ប្រចាំ​ឆ្នាំ២០២៣ នៅ​ថ្ងៃ​ទី១៦ ខែ​មិថុនា ដោយ​បង្ហាញ​ថា ស្ថានភាព​នៃ​អំពើ​ជួញដូរ​មនុស្ស​នៅ​កម្ពុជា​គ្មាន​ភាព​ល្អ​ប្រសើរ​ឡើយ។ ក្រសួង​ការបរទេស​អាមេរិក បន្ត​រក្សា​ចំណាត់​ថ្នាក់​កម្ពុជា​នៅ​កម្រិត​ទី៣ ដូច​កាល​ឆ្នាំ​កន្លង​ទៅ​ដដែល។

របាយការណ៍​ស្ដីពី​ការ​ជួញដូរ​មនុស្ស​ប្រចាំ​ឆ្នាំ២០២៣ របស់​ក្រសួង​ការបរទេស​អាមេរិក​លើកឡើង​ថា រដ្ឋាភិបាល​ឯក​បក្ស​របស់​លោក ហ៊ុន សែន មិន​បាន​បំពេញ​តាម​ស្តង់ដារ​​អប្បបរមា​ក្នុង​ការ​លុប​បំបាត់​ការ​ជួញដូរ​មនុស្ស និង​ពុំ​បាន​ខិតខំ​ប្រឹងប្រែង​ឱ្យ​បាន​ខ្លាំងក្លា​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ជួញដូរ​មនុស្ស​នោះ​ទេ សូម្បី​តែ​អំឡុង​ពេល​មាន​ការ​រីក​រាល​ដាល​ជំងឺ​កូវីដ-១៩ ក៏​ដោយ។

អាមេរិក​រក​ឃើញ​ថា អំពើ​ពុករលួយ​នៃ​មន្ត្រី​ជាន់ខ្ពស់​នៅ​កម្ពុជា​នៅតែ​បន្ត​រីករាល​ដាល​ដែល​ជាហេតុ​រារាំង​ដល់​ការ​អនុវត្ត​ច្បាប់​លើ​ក្រុម​ឧក្រិដ្ឋជន​ដែល​បាន​ប្រព្រឹត្ត​អំពើ​ជួញដូរ​មនុស្ស​នៅ​កម្ពុជា។ របាយការណ៍​បញ្ជាក់​ថា អាជ្ញាធរ​កម្ពុជា​ពុំ​បាន​បើក​ការ​ស៊ើបអង្កេត ឬ​នាំ​យក​មន្ត្រី​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​បទឧក្រិដ្ឋ​ផ្អែក​តាម​សេចក្ដី​រាយការណ៍​គួរ​ឱ្យ​ជឿ​ទុក​ចិត្ត ជាពិសេស​នៅ​ពេល​ដែល​ពាក់ព័ន្ធ​នឹង​ក្រុម​អាជីវករ​អសីលធម៌ ដែល​បាន​បង្ខំ​ឱ្យ​បុរស ស្ត្រី និង​កុមារ​រាប់ពាន់​នាក់​នៅ​ទូទាំង​ប្រទេស​កម្ពុជា​ធ្លាក់​ចូល​ក្នុង​ការ​ជួញដូរ​មនុស្ស​ក្នុង​វិស័យ​សេវាកម្ម​កម្សាន្ត ឡឥដ្ឋ និង​ប្រតិបត្តិ​ការ​បែប​ឆបោក​នៅ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត ជាដើម។ លើស​ពី​នេះ អាមេរិក​រក​ឃើញ​ថា រដ្ឋាភិបាល​កម្ពុជា​បាន​បរាជ័យ​ជា​បន្ត​បន្ទាប់​ក្នុង​ការ​ត្រួតពិនិត្យ ឬ​ផ្ដល់​យុត្តិធម៌​ក្នុង​ឧក្រិដ្ឋកម្ម​ជួញដូរ​សម្រាប់​ពលករ​បរទេស​ដែល​ត្រូវ​បាន​ជួយ​សង្គ្រោះ​ពី​ប្រតិបត្តិ​ការ​ឆបោក​តាម​អ៊ីនធឺណិត។

រយៈពេល​ពីរ​ឆ្នាំ​ចុងក្រោយ​នេះ អាមេរិក​បាន​ទម្លាក់​ចំណាត់​ថ្នាក់​កម្ពុជា​នៅ​កម្រិត​ទី៣ ដែល​មាន​ន័យ​ថា ស្ថានភាព​នៃ​អំពើ​ជួញដូរ​មនុស្ស​នៅ​កម្ពុជា​មាន​លក្ខណៈ​អាក្រក់​បំផុត និង​ពុំ​ធ្លាប់​មាន​ទេ​ចាប់​តាំង​ពី​ឆ្នាំ២០១៥ មក។ ទន្ទឹម​នឹង​នេះ ស្រប​ពេល​កម្ពុជា​ស្ថិត​ក្នុង​ស្ថានភាព​គួរ​ឱ្យ​ព្រួយបារម្ភ និង​គ្មាន​ការ​ចាត់​វិធានការ​ឱ្យ​មាន​ប្រសិទ្ធភាព​នោះ កន្លងទៅ​ស្ថាប័ន​អន្តរជាតិ​មួយ​ចំនួន​បាន​លាតត្រដាង​ថា ឧក្រិដ្ឋកម្ម​ជួញដូរ​មនុស្ស និង​អំពើ​ឆបោក​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ទ្រង់ទ្រាយ​ធំ​ប្រតិបត្តិការ​ដោយ​ក្រុមហ៊ុន​ចិន​មួយ​ចំនួន​នៅ​កម្ពុជា​ដំណើរ​ការ​ទៅ​បាន​ដោយ​សេរី ដ្បិត​មាន​មន្ត្រី​ឧកញ៉ា​គ្រាក់ៗ​សិទ្ធ​ស្នាល​នឹង​លោក ហ៊ុន សែន នៅ​កាង​ការពារ​ពី​ក្រោយ​ខ្នង។

កាល​ពី​ឆ្នាំ២០២២ សមត្ថកិច្ច​កម្ពុជា​បង្ក្រាប​បាន​អំពើ​ជួញដូរ​មនុស្ស និង​អាជីវកម្ម​ផ្លូវ​ភេទ​ជិត ២រយ​ករណី (១៧៤) ឃាត់​ខ្លួន​ជន​សង្ស័យ​ជាង ២រយ​នាក់ (២២៦) ក្នុង​នោះ​មាន​ជនបរទេស​ចំនួន ៣២នាក់​បញ្ជូន​ទៅ​តុលាការ និង​រំដោះ​ជនរងគ្រោះ​បាន​ជាង ៥រយ​នាក់ (៥៥២)។ ដោយឡែក​ចាប់​តាំង​ពី​ខែសីហា ឆ្នាំ២០២២ មក​ដល់​ខែមីនា ២០២៣ អ្នក​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស​មាន​ជនបរទេស​ជិត ៩រយ​នាក់ (៨៧១) មក​ពី​បណ្ដា​ប្រទេស​ចំនួន ១២ប្រទេស​ផ្សេងៗ​គ្នា ហើយ​ក្នុង​នោះ​មាន​មនុស្ស​ជិត ២រយ​នាក់ (១៦២) សមត្ថកិច្ច​រក​ឃើញ​ថា មាន​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​រត់​ពន្ធ និង​ជួញដូរ​មនុស្ស ខណៈ​មនុស្ស ៨០នាក់​ទៀត​ត្រូវ​បាន​បញ្ជូន​ទៅ​តុលាការ​ពាក់ព័ន្ធ​នឹង​ការ​ប្រព្រឹត្ត​បទល្មើស​ជួញដូរ​មនុស្ស។

វិទ្យុអាស៊ីសេរី​មិន​អាច​ទាក់ទង​អនុប្រធាន​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស អ្នកស្រី ជូ ប៊ុនអេង ដើម្បី​សាកសួរ​ជុំវិញ​រឿង​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី១៦ ខែ​មិថុនា។ ប៉ុន្តែ កន្លង​មក​មន្ត្រី​ជាន់ខ្ពស់​កម្ពុជា រួម​ទាំង​លោក ស ខេង ផង​អះអាង​ថា កម្ពុជា​តែង​ប្ដេជ្ញា​ចិត្ត​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង និង​បង្កើន​កិច្ច​សហប្រតិបត្តិការ​ជាមួយ​បណ្ដា​ប្រទេស​ក្នុង​តំបន់ និង​អន្តរជាតិ ដើម្បី​ទប់ស្កាត់​លុប​បំបាត់​អំពើ​ជួញដូរ​មនុស្ស​នៅ​កម្ពុជា។

អ្នកឃ្លាំមើល​លើកឡើង​ថា របាយការណ៍​របស់​ក្រសួង​ការបរទេស​អាមេរិក​ឆ្លុះបញ្ចាំង​ការ​ពិត ដ្បិត​បទល្មើស​នៃ​អំពើ​ជួញដូរ​មនុស្ស​នៅ​កម្ពុជា​នៅ​តែ​បន្ត​កើត​មាន​ច្រើន។

នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​លីកាដូ (LICADHO) លោក អំ សំអាត សោកស្ដាយ​ដែល​អាមេរិក​បន្ត​ទម្លាក់​ចំណាត់​ថ្នាក់​កម្ពុជា​មក​កម្រិត​ទី៣ ដែល​មាន​ន័យ​ថា ស្ថានភាព​នៃ​អំពើ​ជួញដូរ​មនុស្ស​នៅ​កម្ពុជា​ពុំ​ទាន់​មាន​ភាព​ល្អ​ប្រសើរ​ឡើយ។ លោក​ថា រដ្ឋាភិបាល​កម្ពុជា​គួរតែ​ត្រួតពិនិត្យ​បោស​សម្អាត​លើ​មន្ត្រី​ពុករលួយ និង​បង្ហាញ​ឆន្ទៈ​ពិតប្រាកដ​ក្នុង​ការ​ស៊ើបអង្កេត​មន្ត្រី​អ្នកមាន​អំណាច​ប្រសិន​បើ​រក​ឃើញ​ថា ពួកគេ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​គឺ​ត្រូវ​អនុវត្ត​តាម​ច្បាប់ ដើម្បី​ស្ដារ​មុខមាត់​កម្ពុជា។

លោក អំ សំអាត ៖«ម្យ៉ាងទៀត​កាលណា​ប្រទេស​កម្ពុជា​យើង​ជាប់​ការ​វាយតម្លៃ​របស់​សហរដ្ឋអាមេរិក លើ​ចំណាត់​ថ្នាក់​លេខ៣ អ៊ីចឹង​ក៏​មិន​មាន​ផល​ល្អ​អី​ប៉ុន្មាន​ដែរ សម្រាប់​កម្ពុជា​យើង។ ការ​ជួញដូរ​មនុស្ស​ហ្នឹង កាលណា​នៅ​តែ​បន្ត​កើត​ឡើង ឬ​ក៏​គេ​រក​ឃើញ​ថា នៅតែ​កើត​ឡើង​ច្រើន វា​ប៉ះពាល់​ច្រើន​ទាក់ទង ការ​វិនិយោគ ទាក់ទង​សន្តិសុខ​សុវត្ថិភាព ពីព្រោះ​ក្រុម​ឧក្រិដ្ឋជន​ការ​ជួញដូរ​តែងតែ​បង្ក​ធ្វើ​ឱ្យ​ប៉ះពាល់​ជា​ហូរហែ អា​ហ្នឹង​គឺ​វា​ប៉ះពាល់​មុខមាត់ និង​ស្ថានភាព​នៃ​ប្រទេស​កម្ពុជា​យើង​ទាក់ទង​លើ​ការ​វិនិយោគ​ជាដើម»។

អ្នកវិភាគ និង​អ្នក​តាមដាន​ស្ថានការណ៍​នយោបាយ​មួយ​ចំនួន​លើកឡើង​ថា មូលហេតុ​ដែល​រដ្ឋាភិបាល​គ្មាន​ឆន្ទៈ​ក្នុង​ការ​ស៊ើបអង្កេត និង​គ្មាន​ការ​ចាត់​វិធានការ​លើ​ក្រុម​អ្នកមាន​លុយ​មាន​អំណាច​មួយ​ចំនួន​ដែល​មាន​ងារ​ជា​ឧកញ៉ា និង​ឯកឧត្តម​ដែល​អាច​មាន​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស​នៅ​កម្ពុជា ដ្បិត​ក្រុម​មនុស្ស​ទាំង​នោះ​គឺ​ពួកគេ​តែងតែ​បម្រើ និង​ផ្ដល់​ផល​ប្រយោជន៍​ដល់​រដ្ឋាភិបាល លោក ហ៊ុន សែន និង​ក្រុម​គ្រួសារ​ត្រកូល«ហ៊ុន»៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។