អាជ្ញាធរវៀតណាម ខេត្តឃ្លាំង និងខេត្តព្រះត្រពាំង ឃាត់ខ្លួនសកម្មជនខ្មែរក្រោម ៥នាក់ ដោយសារតែពួកគេចែកចាយសៀវភៅស្ដីពីសិទ្ធិជនជាតិដើមភាគតិច។ មន្ត្រីអង្គការសង្គមស៊ីវិលអះអាងថា ការឃាត់ខ្លួនសកម្មជនខ្មែរក្រោមទាំងនេះ ធ្វើឡើងដោយផ្ទុយទៅនឹងរដ្ឋធម្មនុញ្ញរបស់ប្រទេសវៀតណាម (Vietnam) និងទាមទារឱ្យអាជ្ញាធរវៀតណាមដោះលែងពួកគេវិញជាបន្ទាន់។
សាច់ញាតិរបស់សកម្មជនខ្មែរក្រោមដែលត្រូវបានអាជ្ញាធរវៀតណាមឃាត់ខ្លួន អះអាងថា ការចែកចាយសៀវភៅស្ដីពីសិទ្ធិជនជាតិដើម មិនមែនជាសកម្មភាពខុសច្បាប់របស់ប្រទេសវៀតណាមនោះឡើយ។
ទំព័រហ្វេសប៊ុក សំឡេងកម្ពុជាក្រោម នៅថ្ងៃទី៣១ ខែកក្កដា បានផ្សព្វផ្សាយថា អាជ្ញាធរវៀតណាមបានឃាត់ខ្លួនសកម្មជនខ្មែរក្រោម ចំនួន ៥នាក់ ដោយសារតែពួកគេបានធ្វើសកម្មភាពតស៊ូមតិទាមទារសិទ្ធិជនជាតិដើម តាមរយៈការពាក់អាវ ដែលមានរូបសញ្ញាសម្គាល់អត្តសញ្ញាណជនជាតិដើមខ្មែរក្រោម គឺទង់បីពណ៌ ខៀវ លឿង ក្រហម ការបង្ហោះព័ត៌មានទាក់ទងនឹងប្រវត្តិសាស្ត្រទឹកដីកម្ពុជាក្រោម និងការផ្សព្វផ្សាយសៀវភៅឯកសារ ស្ដីពី «សិទ្ធិជនជាតិដើម» របស់អង្គការសហប្រជាជាតិ ទៅដល់ពលរដ្ឋ ខ្មែរក្រោម និងនៅលើបណ្ដាញសង្គមហ្វេសប៊ុក។
ភ្លាមៗ បន្ទាប់ពីអាជ្ញាធរវៀតណាមខេត្តព្រះត្រពាំង ប្រមាណ ១០០នាក់ ចុះឃាត់ខ្លួន សកម្មជនខ្មែរក្រោម២នាក់ គឺលោក ថាច់ កឿង និងលោក តោ ហ្វាងចឿង ពួកគេត្រូវបានតុលាការវៀតណាមចោទប្រកាន់ពីបទ «កេងចំណេញលើសិទ្ធិសេរីភាព និងលទ្ធិប្រជាធិបតេយ្យ បំពានលើផលប្រយោជន៍របស់រដ្ឋ និងសិទ្ធិសេរីភាពស្របច្បាប់ នៃអង្គការចាត់តាំង និងបុគ្គល» តាមមាត្រា ៣៣១ នៃក្រមព្រហ្មទណ្ឌរបស់ប្រទេសវៀតណាម។
ក្រោមបទចោទដូចគ្នានេះ អាជ្ញាធរវៀតណាមខេត្តឃ្លាំង ក៏បានឃាត់ខ្លួនសកម្មជនខ្មែរក្រោម ៣នាក់ទៀត រួមមានលោក យ័ញ ម៉ិញក្វាង លោក យ័ញ សេត និងលោក តាំង ទ្វី ហៅឬទ្ធី ផងដែរ នៅថ្ងៃទី៣១ ខែកក្កដា។ ជាមួយគ្នានេះ អាជ្ញាធរវៀតណាមខេត្តឃ្លាំងប្រមាណ ១០០នាក់ផ្សេងទៀត ក៏បានឡោមព័ទ្ធផ្ទះខ្មែរក្រោមពីរនាក់ផ្សេងទៀត គឺលោក ឡឹម វង្ស និងលោក ថាច់ មឿន ផងដែរ។
សកម្មជនសិទ្ធិមនុស្សខ្មែរក្រោមដែលធ្លាប់ត្រូវបានអាជ្ញាធរវៀតណាមឃាត់ខ្លួន ៣ដង និងធ្លាប់រងអំពើហិង្សាទៀតផងនោះ គឺលោក ឡឹម វង្ស ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី៣១ កក្កដាថា អាជ្ញាធរវៀតណាមដែលស្លៀកពាក់ខោអាវស៊ីវិល នៅតែបន្តឡោមព័ទ្ធផ្ទះរបស់លោក ចំណែកលោក ថាច់ មឿន ត្រូវបានអាជ្ញាធរវៀតណាមឃាត់ខ្លួនរួចហើយ។ លោកអះអាងថា សកម្មភាពចែកចាយសៀវភៅស្ដីពីសិទ្ធិជនជាតិដើម មិនមែនជាអំពើខុសច្បាប់នោះឡើយ ហើយសកម្មភាពរបស់លោក ក៏មិនបានប្រឆាំងរដ្ឋាភិបាលវៀតណាមនោះឡើយ ព្រោះលោកគ្រាន់តែចង់រក្សាវប្បធម៌ប្រពៃណី និងបញ្ឈប់ការរំលោភសិទ្ធិប្រជាពលរដ្ឋខ្មែរក្រោមពីសំណាក់អាជ្ញាធរវៀតណាមតែ ប៉ុណ្ណោះ។
លោក ឡឹម វង្ស៖«អំពាវនាវឱ្យអង្គការសហប្រជាជាតិ កុំឱ្យអាជ្ញាធរវៀតណាមរំលោភសិទ្ធិខ្មែរក្រោមហួសហេតុពេក ព្រោះអីខ្ញុំមិនមានធ្វើអីខុសនៅក្នុងប្រទេសវៀតណាមទេ ខ្ញុំដើរចែកសៀវភៅសិទ្ធិមនុស្សតាមច្បាប់អង្គការសហប្រជាជាតិ ហើយនឹងសិទ្ធិសម្រេចវាសនាដោយខ្លួនឯងតែប៉ុណ្ណោះ ខ្ញុំមិនមានទាមទាររឿងដីទឹកមកវិញទេ អារឿងហ្នឹងខ្ញុំគ្មានគិតអី រឿងទាមទារផ្ដាច់ខ្លួនពីប្រទេសវៀតណាមទាំងអស់ គឺខ្ញុំសូមឱ្យតែវៀតណាមគោរពច្បាប់អង្គការសហប្រជាជាតិតែប៉ុណ្ណោះ»។
ជុំវិញរឿងនេះ បងថ្លៃរបស់លោក តោ ហ្វាងចឿង គឺលោក ចៅ អ៊ិនតាំ ប្រាប់វិទ្យុអាស៊ីសេរីថា នគរបាលវៀតណាមស្លៀកពាក់ស៊ីវិល ៤នាក់ បានឃាត់ខ្លួនប្អូនថ្លៃរបស់លោកតាំងពីម៉ោង ៨ព្រឹក នៅថ្ងៃទី៣១ ខែកក្កដា ប៉ុន្តែរហូតមកដល់ពេលនេះ គ្រួសាររបស់លោកមិនទាន់ទទួលបានដំណឹងពីលោក តោ ហ្វាងចឿង នៅឡើយទេ។ លោក ចៅ អ៊ិនតាំ អះអាងថា ការឃាត់ខ្លួនរបស់ប្អូនថ្លៃលោកនេះ គឺជាការគំរាមកំហែងទៅលើសកម្មជនខ្មែរក្រោម ដែលតែងតែផ្សព្វផ្សាយពីសិទ្ធិជនជាតិដើមភាគតិច ជាពិសេស សិទ្ធិរបស់ប្រជាពលរដ្ឋខ្មែរក្រោម ដែលរដ្ឋាភិបាលវៀតណាមបានធ្វើសច្ចាប័នជាមួយអង្គការសហប្រជាជាតិ។
លោក ចៅ អ៊ិនតាំ៖«ខ្ញុំចង់សូមឱ្យបំបាត់នូវការរើសអើងរបៀបហ្នឹងទៅ ហើយពួកខ្ញុំនេះគ្រាន់តែចង់បានសិទ្ធិរៀនសូត្រ ហើយរស់នៅស្របច្បាប់នឹងគេ ហើយមានវប្បធម៌ប្រពៃណីរបស់ខ្លួនដោយមិនមានការជិះជាន់ពីរដ្ឋាភិបាលវៀតណាម នឹងការគោរពប្រពៃណីទំនៀមទម្លាប់សាសនាហ្នឹង មិនទទួលបានការបិទបាំង ឬរារាំងអីពីសំណាក់រដ្ឋាភិបាលវៀតណាមអ៊ីចឹងឯង»។
ជុំវិញរឿងនេះដែរ អគ្គលេខាធិការសមាគមខ្មែរកម្ពុជាក្រោមដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ បណ្ឌិត សឺន ជុំជួន យល់ឃើញថា ការឃាត់ខ្លួនសកម្មជនសិទ្ធិមនុស្សខ្មែរក្រោមពីសំណាក់អាជ្ញាធរវៀតណាមទាំងនេះ គឺជាការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។ លោកអះអាងថា សកម្មភាពពាក់អាវដែលមានទង់បញ្ជាក់អត្តសញ្ញាណខ្មែរកម្ពុជាក្រោម និងការផ្សព្វផ្សាយសៀវភៅស្ដីពីសិទ្ធិជនជាតិដើម មិនមែនជាអំពើខុសច្បាប់នោះឡើយ។
បណ្ឌិត សឺន ជុំជួន៖«អ្វីដែលពួកគាត់ធ្វើនេះ គឺជាសកម្មភាពមួយដែលសមស្របទៅតាមអង្គការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ហើយវាសមស្របទៅតាមគោលការណ៍រដ្ឋរបស់វៀតណាមផងដែរ អ៊ីចឹងអ្វីដែលរដ្ឋាភិបាលវៀតណាម ជាពិសេស អាជ្ញាធរវៀតណាម ដែលបានចាប់សកម្មជនមួយចំនួននៅថ្ងៃនេះ គឺជាទង្វើមួយដែលផ្ទុយទៅនឹងគោលការណ៍ហើយ អ៊ីចឹងដូច្នេះសូមអំពាវនាវទៅដល់អាជ្ញាធរវៀតណាមហ្នឹងមេត្តាពិនិត្យឱ្យបានច្បាស់លាស់ ហើយដោះលែងពួកគាត់ឱ្យមានសេរីភាពទៅ ជៀសវាងកុំឱ្យមានការថ្កោលទោស ជៀសវាងកុំឱ្យមានការដាក់ទណ្ឌកម្មពីអង្គការសហប្រជាជាតិអីជាដើម»។
មន្ត្រីអង្គការសង្គមស៊ីវិលលើកឡើងថា ការឃាត់ខ្លួនសកម្មជនសិទ្ធិមនុស្សខ្មែរក្រោមទ្រង់ទ្រាយធំបែបនេះ គឺជាការគំរាមកំហែងថ្មីមួយទៀត ខណៈខ្មែរក្រោមបន្តទាមទារសិទ្ធិស្វ័យសម្រេចវាសនាខ្លួនដោយខ្លួនឯង ក្នុងនាមជាជនជាតិដើមនៅលើទឹកដីកំណើតដូនតារបស់ខ្លួន។ សកម្មជនសិទ្ធិមនុស្សខ្មែរក្រោម លោក ឡឹម វង្ស អះអាងថា បើទោះបីជាប្រឈមនឹងការគំរាមកំហែងពីសំណាក់អាជ្ញាធរវៀតណាមយ៉ាងណាក្ដី លោកនឹងនៅតែបន្តផ្សព្វផ្សាយពីសិទ្ធិជនជាតិដើម ដែលធានាដោយអង្គការសហប្រជាជាតិ ដើម្បីរក្សាវប្បធម៌ ប្រពៃណី និងអក្សរសាស្ត្រខ្មែរកម្ពុជាក្រោមឱ្យនៅគង់វង្ស៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។