អាជ្ញាធរវៀតណាមប្រើគ្រឿងចក្រឈូសកម្ទេចសាលាឆទាន នៅខេត្តលង់ហោរ។ សាលាឆទាននោះ សាងសង់ដោយព្រះតេជព្រះគុណ ថាច់ ចន្ទតារា និងសកម្មជនខ្មែរក្រោម ក្រោយពីបានចាប់ផ្សឹក និងឃុំខ្លួនពួកគាត់ក្នុងពន្ធនាគារ។សហព័ន្ធខ្មែរកម្ពុជាក្រោមថា ទង្វើរបស់អាជ្ញាធរវៀតណាមនេះ ជាការរើសអើងលើប្រជាពលរដ្ឋខ្មែរក្រោម និងមានគោលដៅលុបបំបាត់ពូជសាសន៍ខ្មែរក្រោម ដែលជាជនជាតិដើមម្ចាស់ទឹកដីកម្ពុជាក្រោម។
ស្ត្រីខ្មែរក្រោមម្នាក់ ប្រាប់វិទ្យុអាស៊ីសេរីដោយសុំមិនបញ្ចេញឈ្មោះថា អាជ្ញាធររដ្ឋាភិបាលវៀតណាមនៅថ្ងៃទី០១ ខែមេសា បានដាក់កម្លាំងជាច្រើននាក់ និងប្រើគ្រឿងចក្រឈូសកម្ទេច សាលាឆទាននៅខេត្តលង់ហោរ។ សាលាឆទាននេះ ដឹកនាំសាងសង់កាលពីប៉ុន្មានឆ្នាំមុន ដោយព្រះចៅអធិការវត្ត ទ្រនំសេក ព្រះតេជព្រះគុណ ថាច់ ចន្ទតារា និងសកម្មជនខ្មែរក្រោមលោក គឹម ឃីម។ អាជ្ញាធរវៀតណាម បើកការឈូសកម្ទេចសាលាឆទាននេះ បន្ទាប់ពីពួកគេចាប់ផ្សឹក និង ឃុំខ្លួន ព្រះតេជព្រះគុណ ថាច់ ចន្ទតារា និងលោក គឹម ឃីម កាលពីថ្ងៃទី២៦ ខែមីនា។
ស្ត្រីខ្មែរក្រោមរូបនេះ បានឱ្យដឹងដែរថា អាជ្ញាធរវៀតណាមបានដាក់កម្លាំងត្រៀមទប់ទល់ជាមួយពលរដ្ឋខ្មែរក្រោមណា ដែលហ៊ានចេញមុខរារាំងសកម្មភាពកម្ទេចសាលាឆទាន។ លោកស្រីថា គ្មានពលរដ្ឋខ្មែរក្រោមណា ហ៊ានទៅជិតសាលាឆទាននោះទេ។ ទោះជាយ៉ាងណាក៏ដោយ ក៏មានពលរដ្ឋខ្មែរក្រោមខ្លះ បានលួចថតវីដេអូពីចម្ងាយជុំវិញសកម្មភាពឈូសឆាយរបស់អាជ្ញាធរវៀតណាម ដើម្បីផ្ញើចេញឱ្យខ្មែរក្រោមនៅក្រៅស្រុក ដឹងពីទង្វើរបស់អាជ្ញាធរប្រទេសកុម្មុយនិស្តនេះ។
ស្ត្រីខ្មែរក្រោមថ្លែងសុំមិនបញ្ចេញឈ្មោះ៖ «ខ្មែរក្រោមទឹកភ្នែកទឹកសំបោរ ទៅណាក៏គេធ្វើបាបដែរ សូម្បីឥឡូវធ្វើបាប គេវាយសាលាឆទានបើអ្នកណាដើរទៅគេចាប់ដាក់ឡើងឡានតែម្ដង គ្មានអ្នកណាហ៊ានចេញទេ ទៅមួយគេកាច់មួយ ព្រោះអីយើងធ្វើអីមិនបាន។ ខ្មែរក្រោមវេទនាណាស់ ។ គេលួចចាប់ទន្ទឹងទែង ដើរតាមផ្លូវជាដើម[...]។ ឥឡូវថ្ងៃនេះ គេយកឆ្កែមកប្រលេងឱ្យខាំ គេយកឆ្កែមកច្រើនណាស់»។
វិទ្យុអាស៊ីសេរី មិនទាន់អាចទាក់ទងស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា ដើម្បីសុំការបំភ្លឺពីបញ្ហានេះបានទេ នៅថ្ងៃទី០១ មេសា។
សាលាឆទាននេះ ត្រូវបានសាងសង់ឡើងដោយព្រះសង្ឃ និងពុទ្ធបរិស័ទខ្មែរក្រោមនៅលើដីឯកជនរបស់ពលរដ្ឋខ្មែរក្រោមមួយគ្រួសារ ដែលផ្ដល់ដីនេះ សម្រាប់បម្រើផលប្រយោជន៍សង្គម។ ចាប់តាំងពីពេលចាប់ផ្ដើមសាងសង់ អាជ្ញាធរវៀតណាមតែងបញ្ជូនកម្លាំងមកអុកឡុក ក្នុងចេតនារារាំងដំណើរការសាងសង់ និងព្យាយាមដឹកព្រះពុទ្ធរូបចេញពីសាលាឆទាន ជាច្រើនលើកច្រើនសា ប៉ុន្តែត្រូវបានពុទ្ធបរិស័ទខ្មែរក្រោមរារាំង និងជម្នះបន្តសាងសង់រហូតបានសម្រេចជាស្ថាពរដោយហេតុថា ក្នុងតំបន់នោះ គ្មានវត្តខ្មែរក្រោមនៅជិតនោះទេ។
ប្រធាននាយកដ្ឋានព័ត៌មាន នៃសហព័ន្ធខ្មែរកម្ពុជាក្រោម ព្រះតេជព្រះគុណ សឺង យ៉ឹង រតនា មានថេរដីកាប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី០១ ខែមេសា ថា អាជ្ញាធររដ្ឋាភិបាលវៀតណាម ដែលកម្ទេចសាលាឆទានរបស់ខ្មែរក្រោមនេះ គឺជាអំពើរើសអើងពូជសាសន៍ លើប្រជាពលរដ្ឋខ្មែរក្រោម។ ព្រះអង្គបន្តថា អាជ្ញាធរវៀតណាមធ្វើដូច្នេះ ក៏មានគោលដៅ ព្យាយាមលុបបំបាត់ពូជសាសន៍ខ្មែរក្រោម ដែលជាជនជាតិដើមម្ចាស់ទឹកដី ដោយវៀតណាមធ្វើទុក្ខបុកម្នេញខ្មែរក្រោម មិនឱ្យមានសេរីភាព ជួបជុំគ្នាធ្វើបុណ្យទាន ព្រមទាំងរារាំងខ្មែរក្រោម មិនឱ្យមានឱកាសរៀនសូត្រ អំពីព្រះពុទ្ធសាសនា ទំនៀមទម្លាប់ និងប្រពៃណីខ្មែរ នៅដែនដីកម្ពុជាក្រោម។
ព្រះតេជព្រះគុណ សឺង យ៉ឹង រតនា៖«អាជ្ញាធរវៀតណាមកម្ទេចសាលាឆទានហ្នឹង គឺជាការព្យាយាមលុបបំបាត់ពូជសាសន៍ ហើយរើសអើងពូជសាសន៍ចំពោះពលរដ្ឋខ្មែរក្រោម ដែលជាម្ចាស់ស្រុកជនជាតិដើម ជាពិសេសធ្វើយ៉ាងណាកុំឱ្យខ្មែរក្រោមយើងនឹងចេះនូវការគោរពប្រពៃណីទំនៀមទម្លាប់ព្រះពុទ្ធសាសនានៅទីនោះ។ នៅទីនោះ ពួកគាត់នៅឆ្ងាយពីវត្តពិបាកធ្វើដំណើរ»។
ព្រះតេជព្រះគុណ សឺង យ៉ឹង រតនា មានថេរដីកាថា សាលាឆទាន នៅភូមិកន្រែង ក្នុងខេត្តលង់ហោរ សាងសង់ឡើងដោយការផ្ដួចផ្ដើមរបស់ព្រះតេជព្រះគុណ ថាច់ ចន្ទតារា និងពុទ្ធបរិស័ទនៅទីនោះ ទុកជាទីសក្ការបូជា ធ្វើបុណ្យទានជុំគ្នា និង បង្ហាត់បង្រៀនអក្សរសាស្ត្រខ្មែរដល់កុមារា កុមារី និងយុវជនខ្មែរនៅភូមិកន្រែង។
ព្រះតេជព្រះគុណ សឺង យ៉ឹង រតនា៖ «មហិច្ឆតារបស់អាជ្ញាធរវៀតណាមមិនសប្បាយចិត្តចំពោះព្រះអង្គ ថាច់ ចន្ទតារា និងពលរដ្ឋខ្មែរក្រោមនៅទីនោះ ធ្វើសាលាឆទានហ្នឹងហើយ បានជាចេះតែព្យាយាមបន្តិចៗរហូតដល់ចាប់ព្រះអង្គ ថាច់ ចន្ទតារា ផ្សឹកដោយបង្ខំ ហើយ(ចាប់ខ្លួន) លោក គឹម ឃីម ព្រមទាំងសកម្មជនខ្មែរក្រោមយើងមួយចំនួននៅទីនោះទៀត ឃុំឃាំងរហូតមកដល់សព្វថ្ងៃ»។
ក្នុងរយៈពេល៨ខែចុងក្រោយនេះ អាជ្ញាធរវៀតណាមបានចាប់ឃុំខ្លួនព្រះសង្ឃ សកម្មជន និងពលរដ្ឋខ្មែរក្រោមដាក់គុកចំនួន១២អង្គ/នាក់ ដោយសារសកម្មភាពទាមទារសិទ្ធិសេរីភាពក្នុងនាមជាជនជាតិដើមម្ចាស់ស្រុក។
ព្រះតេជព្រះគុណ សឺង យ៉ឹង រតនា បន្ថែមថា ការចាប់ឃុំខ្លួននេះ អាជ្ញាធរវៀតណាមចង់សម្លុត គំរាមកំហែង និងបំភិតបំភ័យស្មារតី ប្រជាពលរដ្ឋខ្មែរក្រោម ដែលហ៊ានក្រោកឡើងតស៊ូការពារវត្តអារាម និងប្រពៃណីទំនៀបទម្លាប់ ព្រះពុទ្ធសាសនាខ្មែរក្រោម នៅដែនដីកម្ពុជាក្រោម។ ព្រះអង្គ អំពាវនាវដល់ព្រះសង្ឃ និងប្រជាពលរដ្ឋខ្មែរ ក្រោម ពង្រឹងស្មារតីតស៊ូ តវ៉ានៅលើទឹកដីកម្ពុជាក្រោម ដើម្បីទាមទារសិទ្ធិជាជន ជាតិដើមម្ចាស់ស្រុក។ ព្រះអង្គក៏ជំរុញឱ្យខ្មែរក្រោមនៅក្រៅប្រទេស រួមគ្នាបញ្ចេញ សំឡេងស្នើទៅសហគមន៍អន្តរជាតិ ឱ្យដាក់គំនាបទៅលើរដ្ឋាភិបាលវៀតណាម ឱ្យ បញ្ឈប់នូវអំពើដ៏អយុត្តិធម៌ និងការរើសអើងរបស់ខ្លួននេះ ជាបន្ទាន់។
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) កាលពីថ្ងៃទី២៩ ខែមីនា បានជំរុញឱ្យសហគមន៍អន្តរជាតិ ដាក់ទណ្ឌកម្មលើរដ្ឋាភិបាលវៀតណាម ចំពោះសកម្មភាពរបស់អាជ្ញាធរវៀតណាម ដែលបន្តធ្វើទុក្ខបុកម្នេញលើពលរដ្ឋខ្មែរក្រោម ដែលជាជនជាតិដើមនៅកម្ពុជាក្រោម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។