ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ បានសម្រេចជ្រើសអ្នកជំនាញខាងច្បាប់ និងសិទ្ធិមនុស្សអន្តរជាតិ មកកាន់តួនាទី ជាអ្នករាយការណ៍ពិសេសនៃអង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកសិទ្ធិមនុស្សប្រចាំនៅកម្ពុជាជំនួសអ្នកស្រី រ៉ូណា ស្មីត។
លោក វិទិត ម៉ុនតារបន (Vitit MUNTARBHORN) នឹងក្លាយទៅជាអ្នករាយការណ៍ពិសេស ឬអ្នកស៊ើបអង្កេតពិសេស ផ្នែកសិទ្ធិមនុស្សនៅកម្ពុជា។ លោកត្រូវបានក្រុមប្រឹក្សាសិទ្ធិមនុស្សជ្រើសរើសពីក្នុងចំណោមមនុស្ស៣នាក់ចុងក្រោយ ដើម្បីយកមកជំនួសអ្នកស្រី រ៉ូណា ស្មីត។
តើលោក វិទិត ម៉ុនតារបន ជានរណា ហើយមានប្រវត្តិការងារដូចម្ដេចខ្លះ?
លោក វិទិត ម៉ុនតារបន គឺជាមនុស្សទី៧ ហើយ ដែលក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ បានជ្រើសរើសមកកាន់តួនាទីជាអ្នករាយការណ៍ពិសេស ឬអ្នកស៊ើបអង្កេតពិសេស ផ្នែកសិទ្ធិមនុស្សប្រចាំនៅកម្ពុជា ជំនួសអ្នកស្រី រ៉ូណា ស្មីត (Rhona Smith) ដែលនឹងផុតអាណត្តិ។
ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ នឹងប្រកាសតែងតាំង លោក វិទិត ម៉ុនតារបន ជាអ្នករាយការណ៍ពិសេសទទួលផ្នែកសិទ្ធិមនុស្សប្រចាំនៅកម្ពុជាផ្លូវការ នៅក្នុងសម័យប្រជុំលើកទី៤៦ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ នៅខែមីនា ឆ្នាំ២០២១ ខាងមុខ។
លោក វិទិត ម៉ុនតារបន គឺជាអ្នកមនុស្សលេចធ្លោជនជាតិថៃ ដែលធ្លាប់ឆ្លងកាត់បទពិសោធន៍ការងារផ្នែកច្បាប់ និងសិទ្ធិមនុស្សអន្តរជាតិជាច្រើននៅលើឆាកអន្តរជាតិ។ លោកក៏កំពុងកាន់តំណែងនៅក្នុងស្ថាប័នមួយចំនួន នៅក្រោមឆត្ររបស់អង្គការសហប្រជាជាតិ រួមមាន ជាសមាជិកគណៈកម្មាធិការជំនាញស្ដីពីការអនុវត្តអនុសញ្ញា និងអនុសាសន៍របស់អង្គការពលកម្មអន្តរជាតិ ។ លោកត្រូវបានអង្គការសអង្គការសហប្រជាជាតិតែងតាំងដំបូងគេបង្អស់នៅក្នុងឆ្នាំ២០១៨ ជាអ្នកជំនាញឯករាជ្យ ប្រឆាំងនឹងអំពើហិង្សា និងការរើសអើងផ្លូវភេទ និងយេនឌ័រ។ លោកក៏ធ្លាប់បំពេញមុខងារជាអ្នករាយការណ៍ពិសេស ឬអ្នកស៊ើបអង្កេតផ្នែកសិទ្ធិមនុស្ស នៅប្រទេសកូរ៉េខាងត្បូង មុននឹងទទួលការតែងតាំងសម្រាប់ស៊ើបអង្កេតបញ្ហាសិទ្ធិមនុស្សនេះនៅកម្ពុជា។
ក្រៅពីនេះទៀត លោកជាសាស្ត្រាចារ្យច្បាប់អន្តរជាតិ សិទ្ធិមនុស្ស នៅសាកលវិទ្យាល័យ ជូឡាឡុងកន (Chulalongkorn University) ប្រទេសថៃ។ លោកធ្លាប់ទទួលបានពានរង្វាន់ពីអង្គការយូណេស្កូនៅឆ្នាំ ២០០៤ «ស្ដីពីការអប់រំសិទ្ធិមនុស្ស»។ លោកក៏ត្រូវបានទទួលស្គាល់ថា ជាឥស្សរជនឆ្នើមនៅឆ្នាំ២០១៨ សម្រាប់ការលះបង់របស់លោកលើវិស័យសិទ្ធិមនុស្សអន្តរជាតិនេះ។
ក្រុមអង្គការសិទ្ធិមនុស្សក្នុងស្រុកស្វាគមន៍លោក វិទិត ម៉ុនតារបន ដែលក្រុមប្រឹក្សាសិទ្ធិមនុស្សអន្តរជាតិ បានជ្រើសតាំងជាអ្នករាយការណ៍ពិសេសទទួលបន្ទុកផ្នែកសិទ្ធិមនុស្សជំនួសអ្នកស្រី រ៉ូណាស្មីត ដែលនឹងផុតអាណត្តិនេះ។
នាយករងទទួលបន្ទុកផ្នែកឃ្លាំមើល និងការពារសិទ្ធិមនុស្សនៃអង្គការលីកាដូ (LICADHO) លោក អំ សំអាត សង្កេតឃើញថា លោក វិទិត ម៉ុនតារបន សមនឹងជាអ្នករាយការពិសេសរបស់អង្គការសហប្រជាជាតិ ព្រោះគាត់មានជំនាញ និងបទពិសោធន៍ច្បាស់លាស់លើកិច្ចការសិទ្ធិមនុស្ស ៖ «ការងារក៏លំបាកមួយសម្រាប់កម្ពុជាក្នុងស្ថានភាពមួយ ដែលស្ថានភាពសិទ្ធិមនុស្សកំពុងធ្លាក់ចុះនេះ លោកត្រូវតែបំពេញការងារយ៉ាងលំបាកបន្តពីលោកស្រី រ៉ូណា ស្មីត បន្តទៅទៀត ប៉ុន្តែសង្ឃឹមថា ក្នុងអាណត្តិរបស់លោកនេះនឹងអាចជួយស្តារនៃស្ថានភាពសិទ្ធិមនុស្សកម្ពុជាឱ្យល្អប្រសើរ»។
លោក វិទិត ម៉ុនតារបន កើតនៅខែវិច្ឆិកាឆ្នាំ១៩៥២។ លោកបានបញ្ចប់ការសិក្សា ផ្នែកច្បាប់ ពីសាកលវិទ្យាល័យ អុកហ្វូដ (Oxford) នៃចក្រភពអង់គ្លេស និងពីសាកលវិទ្យាល័យ ប្រ៊ុចសែល (Brussels) នៃប្រទេសបែលហ្សិក (Belgium)។
លោក វិទិត ម៉ុនតារបន បានសរសេរ ក្នុងលិខិតស្នើសុំធ្វើការជាអ្នករាយការណ៍ពិសេសទទួលបន្ទុកផ្នែកសិទ្ធិមនុស្ស ដាក់ជូនក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិនោះថា កម្ពុជាមានការរីកចម្រើនគួរឱ្យកត់សំគាល់លើវិស័យមួយចំនួន ចាប់តាំងពីមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ មក ដូចជាសេដ្ឋកិច្ច វិស័យវប្បធម៌ និងអប់រំជាដើម។ ក៏ប៉ុន្តែលោកបញ្ជាក់ថា កម្ពុជានៅមានបញ្ហាប្រឈមជាច្រើនពាក់ព័ន្ធនឹងការអនុវត្តសិទ្ធិមនុស្ស ឱ្យស្របតាមស្តង់ដារអន្តរជាតិ។
លោកសង្កត់ធ្ងន់ទៅលើការអនុវត្តដំណើរការប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស។ លោកអំពាវនាវឱ្យកម្ពុជាគោរពសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយពេញលេញឡើងវិញ។ ជាពិសេស គឺការធានា និងការពង្រឹងលំហសិទ្ធិសេរីភាព ប្រជាធិបតេយ្យ ការចូលរួមរបស់ពលរដ្ឋ និងតុល្យភាពនៃអំណាចជាដើម។
លោក វិទិត ម៉ុនតារបន បានបញ្ជាក់ជំហររបស់លោក លើការប្ដេជ្ញាចិត្ត លើបញ្ហាសិទ្ធិមនុស្សនេះ គឺធ្វើយ៉ាងណាឱ្យមានការស្ថាបនា ស្របតាមគោលការណ៍នៃអាណត្តិរបស់លោក និងប្រកបដោយការគោរព។
ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ តែងតាំងលោក វិទិត ម៉ុនតារបន មកជំនួសអ្នកស្រី រ៉ូណាស្មីតនេះ នៅស្របពេលស្ថានភាពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជាកំពុងតែធ្លាក់ចុះដុនដាប។ រីឯអ្នកស្រី រ៉ូណា ស្មីត វិញ បានមកកាន់តួនាទីជាអ្នករាយការណ៍ពិសេសទទួលបន្ទុកផ្នែកសិទ្ធិមនុស្សប្រចាំនៅកម្ពុជា ជំនួស លោក សូរីយ៉ា សូប៊ែឌី (Soriya Suberdy) ដែលផុតអាណត្តិកាលពីខែមីនា ឆ្នាំ២០១៥ នោះ ក៏ក្នុងពេលកម្ពុជា កំពុងតែជួបវិបត្តិនយោបាយ និងរំលោភសិទ្ធិមនុស្សដែរ។
អ្នករាយការណ៍ពិសេសទទួលបន្ទុកផ្នែកសិទ្ធិមនុស្ស ឬអ្នកអង្កេតការណ៍ នៃអង្គការសហប្រជាជាតិ មានអាណត្តិជាកំណត់ ដែលអង្គការសហប្រជាជាតិបានជួលមកធ្វើការតាមដាននិងស៊ើបអង្កេតអំពីស្ថានភាពសិទ្ធិមនុស្សប្រចាំនៅកម្ពុជា។ អ្នករាយការណ៍ពិសេសនេះ មិនមែនជាបុគ្គលិកអង្គការសហប្រជាជាតិទេ ប៉ុន្តែជាអ្នកជំនាញផ្នែកសិទ្ធិមនុស្សអន្តរជាតិ តំណាងឱ្យអង្គការសហប្រជាជាតិ ដែលបំពេញតួនាទីជាអ្នកស៊ើបអង្កេតឯករាជ្យ និងតាមដានការគោរពសិទ្ធិមនុស្ស និងការអនុវត្តច្បាប់នៅកម្ពុជា ដើម្បីធ្វើរបាយការណ៍ និងផ្ដល់អនុសាសន៍អំពីស្ថានភាពសិទ្ធិមនុស្ស សម្រាប់ដាក់ជូនកិច្ចប្រជុំប្រចាំឆ្នាំ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអន្តរជាតិ។
ទាក់ទងនឹងបញ្ហានេះ នាយិកានៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) អ្នកស្រី ចក់ សុភាព សរសេរនៅលើបណ្ដាញសង្គមហ្វេសប៊ុកសង្ឃឹមថា លោក វិទិត ម៉ុនតារបន នឹងអាចធ្វើការជាមួយគ្រប់ភាគីពាក់ព័ន្ធនៅកម្ពុជា ដើម្បីស្ដារសិទ្ធិមនុស្សឱ្យប្រសើរឡើងវិញ។
រីឯលោក អំ សំអាត វិញ ក៏សង្ឃឹមដែរថា លោក វិទិត ម៉ុនតារបន នឹងបន្តបេសកកម្មពីអ្នកស្រី រ៉ូណាស្មីត ដែលមិនទាន់ជោគជ័យទាំងស្រុងលើការងារស៊ើបអង្កេតសិទ្ធិមនុស្សប្រចាំនៅកម្ពុជានេះ៖ «អ្វីដែលចង់ឃើញបន្តទៅទៀតនេះ គឺចង់ឱ្យអ្នករាយការណ៍ពិសេសខិតខំធ្វើការបន្តពីអ្នកស្រី រ៉ូណា ស្មីត ហើយត្រូវខិតខំធ្វើការបន្តទៀត ដើម្បីលើកស្ទួយសិទ្ធិមនុស្សនេះ ហើយក៏មិនមែនជារឿងងាយស្រួលទេ សម្រាប់កិច្ចការនេះ»។
លោក វិទិត ម៉ុនតារបន នឹងចាប់ផ្ដើមបំពេញតួនាទីថ្មីនេះជាផ្លូវការ ចាប់ពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១ ខាងមុខ។ ក្រុមការពារសិទ្ធិមនុស្សស្រុករំពឹងថា អ្នករាយការណ៍សិទ្ធិមនុស្សថ្មីនេះ នឹងខិតខំបន្តទៀត ដើម្បីជំរុញឱ្យរបបលោក ហ៊ុន សែន ងាកមកគោរពសិទ្ធិមនុស្ស និងបើកលំហប្រជាធិបតេយ្យឡើងវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។