អាជ្ញាធរ​វៀតណាម​ដោះ​លែង​យុវជន​ខ្មែរ​ក្រោម​ពីរ​នាក់ ក្រោយ​ឃុំ​ខ្លួន​អស់​ជា​ច្រើន​ម៉ោង

0:00 / 0:00

អាជ្ញាធរ​វៀតណាម បាន​ដោះលែង​សកម្មជន​សិទ្ធិ​មនុស្ស​ខ្មែរ​ក្រោម​ពីរ​នាក់ មក​វិញ​ហើយ​ កាល​ពី​ម៉ោង​យប់ ​១១​យប់ ថ្ងៃ​ទី៣០ ខែកក្កដា បន្ទាប់​ពី​ចាប់​ឃុំ​ខ្លួន​ពួកគេ​​អស់​ប្រមាណ ៩ម៉ោង។ យុវជន យឿង ខាយ និង​យុវជន ថាច់ កឿង ត្រូវ​បាន​អាជ្ញាធរ​វៀតណាម​ចាប់​ខ្លួន ​នៅ​ព្រឹក​ថ្ងៃ​ទី៣០ ខែកក្កដា ក្នុង​បំណង​រារាំង​មិន​ឲ្យ​ពួក​គាត់​ទាំង​ពីរ​រូប ជួប​មន្ត្រី​ស្ថាន​ទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​ទី​ក្រុង​ព្រៃនគរ។

អាជ្ញាធរ​វៀតណាម​ជា​ច្រើន​នាក់ បាន​ឡោមព័ទ្ធ​ចាប់​យុវជន​ទាំង​ពីរ​នាក់​នៅ​កន្លែង​ផ្សេង​ៗ គ្នា។ យុវជន យឿង ខាយ បាន​បង្ហោះ​វីដេអូ ក្នុង​បណ្ដាញ​សង្គម (Facebook) បង្ហាញ ប៉ូលិស​វៀតណាម​ពីរ​នាក់ ​ជិះ​ម៉ូតូ​តាម​លោក​ពី​ក្រោយ ហើយ​មាន​​​បំណង​ធាក់​ផ្តួល​ម៉ូតូ​លោក​ឲ្យ​ដួល​ទៀត​ផង។

បច្ចុប្បន្ន​យុវជន​ យឿង ខាយ និង​យុវជន ថាច់ កឿង កំពុង​ស្នាក់​នៅ​កន្លែង​មាន​សុវត្ថិភាព​ ក្រោយ​ត្រូវ​បាន​ប៉ូលិស​វៀតណាម​ដោះលែង។​ ពាក់ព័ន្ធ​រឿង​នេះ យុវជន​ខ្មែរ​ក្រោម លោក តោ ហ្វាង​ចឿង ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃទី៣១ ខែក្កដា​នេះ​ វៀតណាម​បាន​ដោះលែង​យុវជន​ខ្មែរ​ក្រោម​ទាំង​ពីរ​នាក់​​​​ឲ្យ​មាន​សេរីភាព​ឡើង​វិញ​ ក្រោយ​ពី​បាន​សួរ​ចម្លើយ និង​ឆែក​ទូរស័ព្ទ​របស់​ពួកគេ អស់​ជា​ច្រើន​ម៉ោង។ លោក​ថា​ ទង្វើ​របស់​វៀតណាម​នេះ ធ្វើ​ឡើង​​ដើម្បី​​បំបាក់​ស្មារតី​ខ្មែរ​ក្រោម​កុំ​ឲ្យ​ហ៊ាន​ងើប​ឡើង​ទាមទារ​សិទ្ធិ​ជន​ជាតិ​ដើម៖ « ទង្វើ​ដែល​អាជ្ញាធរ​វៀតណាម បាន​ចាប់​យុវជន​ខ្មែរ​ក្រោម​ពីរ​នាក់ មិន​បាន​ធ្វើ​ឲ្យ​ខ្មែរ​ក្រោម​ ភ័យ​ខ្លាច​បាក់​ស្បាត​អ្វី​ទេ គឺ​មាន​តែ​ការ​ស្អប់របប​ផ្ដាច់ការ​មិន​គោរព​សិទ្ធិ​មនុស្ស​ ដូច្នោះ​ បង​ប្អូន​បាន​ឃើញ​​អំពើ​ដ៏​ព្រៃផ្សៃ​នេះ»។

ជុំវិញ​ការ​បន្ត​ធ្វើ​ទុក្ខបុកម្នេញ​យុវជន​ខ្មែរ​ក្រោម​ពី​សំណាក់​វៀតណាម​នេះ​ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក​ ក៏​បាន​ថ្កោលទោស​សកម្មភាព​រំលោភ​សិទ្ធិ​មនុស្ស​ខ្មែរ​ក្រោម​នេះ​ដែរ។ ​ប្រធាន​នាយកដ្ឋាន​ព័ត៌មាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ព្រះភិក្ខុ សឺង យ៉ឹងរតនា​ ស្នើ​ឲ្យ​វៀតណាម​គោរព​ពាក្យ​សន្យា​ចំពោះ​មុខ​សហគមន៍​អន្តរជាតិ​ ដែល​ប្រទេស​នេះ​បាន​សន្យា​ថា ​គោរព​សិទ្ធិ​មនុស្ស៖ « រដ្ឋាភិបាល​តែងតែ​អះអាង​ថា រដ្ឋាភិបាល​វៀតណាម គោរព​សិទ្ធិមនុស្ស ចំពោះ​ជនជាតិ​នៅ​ក្នុង​ប្រទេស​វៀតណាម។ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ ខ្មែរ​ក្រោម​ជា​ជនជាតិ​ដើម ជា​ម្ចាស់​ស្រុក​ឲ្យ​តែ​យុវជន​ហ៊ាន​ងើប​ឡើង​តស៊ូ​មតិ អាជ្ញាធរ​វៀតណាម​តែងតែ​គំរាម​កំហែង និង​សម្លុត​បំភ័យ នេះ​ជា​អំពើ​អយុត្តិធម៌ ​ប្រកាន់​ពូជសាសន៍​ដល់​ខ្មែរ​ក្រោម​ ដែល​ជា​ម្ចាស់​ស្រុក»។

យុវជន យឿង ខាយ និង​យុវជន ថាច់ កឿង ជា​អ្នក​សកម្មជន​សិទ្ធិ​មនុស្ស និង​សិទ្ធិ​ការងារ​​។ ពួក​គេ​បាន​ធ្វើ​ការងារ​ជួយ​លើក​ស្ទួយ​សិទ្ធិ​ខ្មែរក្រោម​ តាម​រយៈ​ការ​ពន្យល់​​និង​ចែក​ចាយ​ឯកសារ​សិទ្ធ​របស់​អង្គការ​សហប្រជាជាតិ។

ពួក​គេ​ក៏​ធ្លាប់​ត្រូវ​បាន​អាជ្ញាធរ​វៀតណាម​ គំរាម​កំហែង ធ្វើ​ទុក្ខបុកម្នេញ និង​ឃាត់​ខ្លួន​ទៅ​សួរ​នាំ​ជា​បន្ទាប់ និង​រង​ការ​ផាក​ពិន័យ​ជា​ច្រើន​រយ​ដុល្លារ ដោយសារ​តែ​សកម្មភាព​តស៊ូ​មតិ​របស់​ពួកគេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។