ថ្នាក់ដឹកនាំស្ថាប័នសារព័ត៌មានសំឡេងប្រជាធិបតេយ្យ វីអូឌី នៅតែបន្តស្វែងរកការចរចាជាមួយរដ្ឋាភិបាល និងភាគីពាក់ព័ន្ធ ដើម្បីស្ដារស្ថាប័នសារព័ត៌មានឯករាជ្យនេះឡើងវិញ។ អ្នកច្បាប់ថា វីអូឌី អាចយកអាជ្ញាប័ណ្ណរបស់ខ្លួនមកវិញបាន ដោយផ្អែកទៅលើគោលការណ៍ច្បាប់ស្ដីពីរបបសារព័ត៌មាន។
ថ្នាក់ដឹកនាំនៃស្ថាប័នសារព័ត៌មានឯករាជ្យមួយនេះនៅតែរក្សាជំហរស្វែងរកកិច្ចចរចា ដើម្បីបន្តការផ្សាយរបស់ខ្លួនឡើងវិញ បើទោះបីក្រសួងព័ត៌មានក្រោមបញ្ជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លុបអាជ្ញាប័ណ្ណសារព័ត៌មានសំឡេងប្រជាធិបតេយ្យ វីអូឌី ទៅហើយក្ដី។
ប្រធានផ្នែកប្រព័ន្ធផ្សព្វផ្សាយនៃមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) លោក អ៊ិត សូធឿត ប្រាប់វិទ្យុអាស៊ីសេរីថា ក្រុមការងាររបស់វីអូឌី និងដៃគូពាក់ព័ន្ធផ្សេងទៀត កំពុងពិភាក្សា ស្វែងរកដំណោះស្រាយតាមផ្លូវច្បាប់ និងយន្តការក្នុងការចរចាជាមួយរដ្ឋាភិបាល ដើម្បីទទួលបានអាជ្ញាប័ណ្ណព័ត៌មានមកវិញ។ លោកបន្តថា លោកនៅតែមានសង្ឃឹម និងរក្សាជំហរក្នុងការស្ដារស្ថាប័នព័ត៌មានឯករាជ្យមួយនេះ ព្រោះការលុបអាជ្ញាប័ណ្ណមិនមែនជាចំណុចបញ្ចប់របស់ វីអូឌី ឡើយ។ លោកយល់ឃើញថា ការលុបនិងមិនព្រមប្រគល់អាជ្ញាប័ណ្ណឱ្យវីអូឌីវិញ គឺជាការខាតបង់សម្រាប់រដ្ឋាភិបាលកម្ពុជា ព្រោះកន្លងមកស្ថាប័នសារព័ត៌មានមួយនេះបានចូលរួមចំណែកពាំនាំព័ត៌មានពីភាពអសកម្មក្នុងសង្គម ផ្សព្វផ្សាយឱ្យរដ្ឋាភិបាលបានឮ និងស្វែងរកដំណោះស្រាយ។
លោក អ៊ិត សូធឿត៖«កន្លែងហ្នឹងគឺយើងអត់ទាន់ច្បាស់នៅឡើយទេថាត្រូវធ្វើរបៀបណា ប៉ុន្តែយើងកំពុងតែព្យាយាមជជែកគ្នាដើម្បីរកដំណោះស្រាយ ដើម្បីធានាថាវីអូឌីអាចបន្តកិច្ចការរបស់ខ្លួនបន្តបេសកកម្មរបស់ខ្លួនក្នុងការផ្ដល់ព័ត៌មានពិត ព័ត៌មានដែលប្រជាពលរដ្ឋត្រូវការ ទៅឱ្យសាធារណជននៅក្នុងប្រទេសកម្ពុជា»។
ក្រសួងព័ត៌មានបានប្រកាសលុបចោលអាជ្ញាប័ណ្ណសារព័ត៌មាន វី.អូ.ឌី ដែលជាផ្នែកមួយនៃមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) ចំថ្ងៃទិវាវិទ្យុពិភពលោក ថ្ងៃទី១៣ ខែកុម្ភៈ តាមបញ្ជារបស់លោក ហ៊ុន សែន ដែលបានចោទប្រកាន់មកលើ វីអូឌី ថា បានរំលោភលើវិជ្ជាជីវៈសារព័ត៌មាន និងធ្វើឱ្យប៉ះពាល់ដល់កិត្តិយសរដ្ឋាភិបាល បន្ទាប់ពីចុះផ្សាយព័ត៌មាន ទាក់ទងនឹងលោក ហ៊ុន ម៉ាណែត ផ្ដល់ជំនួយឱ្យតួគី (Turky) ជំនួសលោក ហ៊ុន សែន ដែលជាឪពុក។
ការសម្រេចចិត្តលុបអាជ្ញាប័ណ្ណវីអូឌីដ៏តក់ក្រហល់របស់លោក ហ៊ុន សែន ក្នុងរយៈពេលមិនដល់២៤ម៉ោងផងនោះ រងការរិះគន់និងថ្កោលទោស ពីសំណាក់ប្រជាពលរដ្ឋ ក្រុមប្រទេសប្រកាន់របបប្រជាធិបតេយ្យ អង្គការសង្គមស៊ីវិល សហគមន៍ជាតិ និងអន្តរជាតិជិត ១០០ស្ថាប័ន (៩៣ស្ថាប័ន) ដោយលើកឡើងថា មេដឹកនាំផ្ដាច់ការរូបនេះកំពុងប្រើអំណាចនីតិមាត់ រឹតត្បិតសេរីភាពសារព័ត៌មាន ប្រាសចាកពីគោលការណ៍ច្បាប់។
ជុំវិញរឿងនេះ វិទ្យុអាស៊ីសេរីពុំអាចទាក់ទងប្រធានអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន និងអ្នកនាំពាក្យក្រសួងព័ត៌មាន លោក មាស សុភ័ណ្ឌ ដើម្បីសុំការអត្ថាធិប្បាយបានទេ។ ប៉ុន្តែលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី១៧កុម្ភៈម្សិលមិញប្រកាសថា សារព័ត៌មាន VOD នឹងមិនអាចរស់រានមានជីវិតឡើងវិញទេ។ លោកក៏អះអាងថា មានអតីតបុគ្គលិក VOD ៨នាក់ហើយ បានចុះចូលធ្វើការងាររដ្ឋ។ លោកនឹងបន្តទទួលអតីតបុគ្គលិក VOD រហូតដល់ថ្ងៃទី២៨ កុម្ភៈ។
ទាក់ទិនរឿងចង់បើក VOD វិញ ប្រធានក្រុមអ្នកច្បាប់អមរិន្ទ លោកមេធាវី សុក សំអឿន មានប្រសាសន៍ថា ផ្អែកលើគោលការណ៍ច្បាប់ស្ដីពីសិទ្ធសារព័ត៌មាន តំណាងវិទ្យុ វីអូឌី អាចចរចាដើម្បីទាមទារអាជ្ញាប័ណ្ណមកវិញ ព្រោះការលុបអាជ្ញាប័ណ្ណ វីអូឌី នេះ ធ្វើឡើងតាមបញ្ជារបស់នាយករដ្ឋមន្ត្រី ដោយមិនបានឆ្លងកាត់ប្រព័ន្ធតុលាការឡើយ។
មេធាវី សុក សំអឿន៖«ផ្នែកច្បាប់ បើសិនជាកាសែតចុះផ្សាយខុស អត់មានរឿងអ្វីដល់ថ្នាក់បិទអាជ្ញាប័ណ្ណទេ។ ប្រសិនបើគេកែលម្អ ឬកែតម្រូវគឺចប់ហើយ។ ក្នុងច្បាប់សារព័ត៌មាន អត់មានអ្វីត្រូវបិទទេ។ នេះបើនិយាយទៅតាមច្បាប់។ ទាល់តែទៅតុលាការ ទើបគេបិទបាន»។
មាត្រា១០ នៃច្បាប់ស្ដីពីរបបសារព័ត៌មាន មិនបានចែងឱ្យដកអាជ្ញាប័ណ្ណសារព័ត៌មាននោះឡើយ ដោយមាត្រានេះ គ្រាន់តែបង្គាប់ឱ្យសារព័ត៌មានកែតម្រូវអត្ថបទដែលនាំឱ្យប៉ះពាល់ដល់បុគ្គលសាធារណៈ ឬសងជាជំងឺចិត្តដល់ដើមបណ្ដឹងរដ្ឋប្បវេណីក្នុងករណីតុលាការរកឃើញថាការផ្សាយនោះមានលក្ខណៈខុសពីការពិត។
អ្នកវិភាគ និងអង្គការសង្គមស៊ីវិល យល់ឃើញថា ការសម្រេចចិត្តទាំងកំហឹង និងបំពានគោលការណ៍ច្បាប់របស់លោក ហ៊ុន សែន បិទវិទ្យុ វីអូឌី ដើម្បីការពារកិត្តិយសឱ្យកូនប្រុសច្បងរបស់លោក គឺលោក ហ៊ុន ម៉ាណែត នឹងធ្វើឱ្យរដ្ឋាភិបាលលោក ហ៊ុន សែន រឹតតែបាត់បង់ប្រជាប្រិយភាព ទំនុកចិត្តពីប្រជាពលរដ្ឋ និងកិត្តិយសលើឆាកអន្តរជាតិ។ ពួកគេលើកឡើងថា មានតែការផ្ដល់អាជ្ញាប័ណ្ណឱ្យ វីអូឌី វិញប៉ុណ្ណោះ ទើបអាចដោះស្រាយបញ្ហា និងការរិះគន់ពីប្រជាពលរដ្ឋ អង្គការសង្គមស៊ីវិល និងសហគមអន្តរជាតិបាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។