ពលរដ្ឋ​ហួស​ចិត្ត​ចំពោះ លោក ហ៊ុន សែន ដែល​ប្ដឹង​មន្ត្រី​សិទ្ធិមនុស្ស​ទៅ​តុលាការ​ត្រឹម​ការ​បញ្ចេញមតិ

0:00 / 0:00

ប្រជាពលរដ្ឋ និង​យុវជន​ហួសចិត្ត​ចំពោះ​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក ហ៊ុន សែន ដែល​ដាក់​ពាក្យ​ប្ដឹង​មន្ត្រីជាន់ខ្ពស់​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក ស៊ឹង សែនករុណា ដោយ​ទាមទារ​សំណង​ជំងឺ​ចិត្ត ៥០​ម៉ឺន​ដុល្លារ។ ពួកគាត់​ថា ទង្វើ​របស់​លោក ហ៊ុន សែន ដែល​តែងតែ​យក​តុលាការ មក​គំរាមកំហែង​អ្នកប្រឆាំង និង​សង្គម​ស៊ីវិល​បែប​នេះ គឺ​ជា​ការ​ប្រើប្រាស់​អំណាច​លើស​ដែន​កំណត់ របស់​គណបក្ស​ប្រជាជន ដើម្បី​បំបិទ​សំឡេង​យុត្តិធម៌។

យុវជន​លើក​ឡើង​ថា ប្រហែល​ដោយសារ​កន្លង​មក ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក ហ៊ុន សែន បាន​ប្រើប្រាស់​តុលាការ​មក​ចាប់ចង និង​ធ្វើទុក្ខបុកម្នេញ​លើ​អ្នក​នយោបាយ សកម្មជន និង​អង្គការ​សង្គម​ស៊ីវិល បាន​កាក់កប និង​ទទួល​បាន​លទ្ធផល​ហើយ ទើប​លោក​នៅតែ​យក​វិធី​ដដែល​នេះ ប្រើ​ទៅ​លើ​លោក ស៊ឹង សែនករុណា បន្ថែម​ទៀត។

សកម្មជន​បរិស្ថាន កញ្ញា លឹម គឹមស័រ ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃទី៦ កុម្ភៈ ថា ការ​ដាក់​ពាក្យបណ្ដឹង របស់​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក ហ៊ុន សែន ប្ដឹង​មន្ត្រី​សិទ្ធិមនុស្ស​អាដហុក (ADHOC) លោក ស៊ឹង សែន​ករុណា គឺជា​ចេតនា​គំរាម​លើ​សង្គម​ស៊ីវិល។

កញ្ញា លឹម គឹមស័រ៖ «គាត់​គឺ​ជា​អង្គការ​សង្គម​ស៊ីវិល​មួយ ដែល​នៅ​ចំ​កណ្ដាល អ៊ីចឹង​អ្វី​ដែល​គាត់​និយាយ​ហ្នឹង គឺ​គ្រាន់តែ​និយាយ​ក្នុង​ន័យ​សម្របសម្រួល តែ​ប៉ុណ្ណឹង​ទេ»។

សេចក្តី​ថ្លែងការណ៍​របស់​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ថ្ងៃទី​៦ ខែ​កុម្ភៈ បាន​ប្រកាស​គាំទ្រ​ពាក្យ​បណ្ដឹង​របស់​មេធាវី​តំណាង​របស់​ខ្លួន ប្ដឹង​មន្ត្រី​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា ដែល​ពួកគេ​ចោទ​ថា ប្រព្រឹត្ត​អំពើ​ទុច្ចរិត​និយាយ​បំផ្លើស និង​មួលបង្កាច់​ក្នុង​ចេតនា​ទម្លាក់កំហុស​មក​លើ​គណបក្ស​ប្រជាជន​កម្ពុជា នាំ​ឱ្យ​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​កិត្តិយស និង​សេចក្ដីថ្លៃថ្នូរ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ដំណើរការ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី៥ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ចុងខែ​កុម្ភៈ នេះ។

មេធាវី​តំណាង​គណបក្ស​ប្រជាជន​កម្ពុជា បាន​ទាមទារ​ឱ្យ​តុលាការ​សម្រេច​ចោទប្រកាន់ និង​ផ្ដន្ទាទោស​លើ​មន្ត្រីជាន់ខ្ពស់​អង្គការ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា ទៅ​តាម​នីតិវិធី​ជា​ធរមាន និង​ទាមទារ សំណង​ជំងឺ​ចិត្ត ជូន​គណបក្ស​ប្រជាជន​កម្ពុជា ចំនួន ២​ពាន់​លាន​រៀល ឬ​ប្រមាណ ៥០​ម៉ឺន​ដុល្លារ។

បណ្ដឹង​នេះ​ធ្វើឡើង​បន្ទាប់​ពី​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក ហ៊ុន សែន នៅ​ថ្ងៃទី​៤ ខែ​កុម្ភៈ បាន​បញ្ជា​ឱ្យ​មេធាវី​របស់​គណបក្ស​ប្រជាជន​កម្ពុជា សិក្សា​ផ្លូវច្បាប់ ដើម្បី​ប្ដឹង លោក ស៊ឹង សែនករុណា ពាក់ព័ន្ធ​ការ​ផ្ដល់​បទសម្ភាសន៍​ជាមួយ​សារព័ត៌មាន ឌឹ ខេមបូឌា ដេលី (The Cambodia Daily) ដែល​ផ្សាយ​ថ្ងៃទី២ ខែ​កុម្ភៈ ជុំវិញ​រឿង​គណបក្ស​ប្រជាជន​កម្ពុជា ប្ដឹង​អនុប្រធាន​គណបក្ស​ភ្លើង​ទៀន លោក សុន ឆ័យ ពី​បទ​បរិហារកេរ្តិ៍ ដោយ​ទារ​សំណង​ជំងឺ​ចិត្ត ចំនួន ១​លាន​ដុល្លារ។

ពលរដ្ឋ​នៅ​ខេត្ត​បាត់ដំបង លោក សារឿង វីរៈ លើកឡើង​ថា នេះ​មិនមែន​ជា​លើក​ទីមួយ​ទេ ដែល​លោក ហ៊ុន សែន យក​តុលាការ​មក​ឡាំប៉ា ដើរ​គំរាម និង​ចាប់ចង​អ្នក​មាន​និន្នាការ​ផ្ទុយ និង​សង្គម​ស៊ីវិល។ លោក​បន្ត​ថា វិធី​របស់​លោក ហ៊ុន សែន ដែល​តែងតែ​ប្រើប្រាស់​ច្បាប់​គំរាម​អ្នក​ដទៃ ដើម្បី​រក​ភាព​ថ្លៃថ្នូរ​ឱ្យ​ខ្លួនឯង​បែបនេះ នឹង​ធ្វើ​ឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា រឹតតែ​មាន​ឈ្មោះ​អាក្រក់​ថែម​ទៀត ហើយ​ប្រជា​ពលរដ្ឋ កាន់តែ​បាត់បង់​ទំនុកចិត្ត​ទៅ​លើ​ប្រព័ន្ធ​ច្បាប់។

លោក សារឿង វីរៈ៖ «ករណី​នេះ វា​អាច​ផ្ដល់​ជា​មេរៀន​មួយ ដល់​យុវជន ដែល​គាត់​ទើបតែ​ចាប់ផ្ដើម​មើល​ឃើញ​ហើយ​ហ៊ាន​និយាយ​ពី​បញ្ហា​សង្គម​ទូទៅ ឱ្យ​តែ​នរណា​និយាយ​ទាក់ទង​នឹង​រឿង​នយោបាយ គឺ​គាត់​នឹង​មាន​អារម្មណ៍​ថា មិន​មាន​សុវត្ថិភាព​ទេ ព្រោះ​ថ្ងៃ​ណាមួយ គាត់​ត្រូវ​បាន​តុលាការ ត្រូវ​បាន​អាជ្ញាធរ គាត់​ហៅ​ទៅ​សួរនាំ កត្តា​នេះ​ហើយ​ដែល​ធ្វើ​ឱ្យ​យុវជន គាត់​លែង​ហ៊ាន​និយាយ​ពី​បញ្ហា​សង្គម លែង​ហ៊ាន​និយាយ​ពី​ការ​ពិត​អ្វី​ទៀត​ហើយ»។

បន្ទាប់ពី​ទទួល​បាន​ការ​គំរាម​ប្ដឹង ពី​គណបក្ស​ប្រជាជន​កម្ពុជា សាធារណជន អ្នកសារព័ត៌មាន សកម្មជន និង​សង្គម​ស៊ីវិល បាន​ចូល​ទៅ​បញ្ចេញមតិ​លើក​ទឹកចិត្ត និង​គាំទ្រ​លោក ស៊ឹង សែនករុណា ជា​បន្តបន្ទាប់ ដោយ​ពួកគាត់​ខ្លះ​លើកឡើង​ថា ការ​ចោទប្រកាន់​របស់​លោក ហ៊ុន សែន ទៅ​លើ​លោក ស៊ឹង សែនករុណា គឺជា​រឿង​មិន​ត្រឹមត្រូវ និង​មាន​ចរិត​នយោបាយ។

សកម្មជន​ដីធ្លី​នៅ​ខេត្ត​កោះកុង លោកស្រី ផាវ ញ៉ើង លើកឡើង​ថា ការ​បញ្ចេញមតិ​របស់​លោក ស៊ឹង សែនករុណា គឺ​ផ្អែក​ទៅ​លើ​មូលដ្ឋាន​ច្បាប់ អព្យាក្រឹត្យ ហើយ​លោក​តែងតែ​លើក​ឡើង​ជា​សំណើ ជំ​រុញ​ឱ្យ​រដ្ឋាភិបាល​ដោះស្រាយ​បញ្ហា ដោយ​តម្លាភាព និង​យុត្តិធម៌។

លោក ស៊ឹង សែនករុណា៖ «ប្រសិនបើជា​ប្រទេស​ប្រកាន់​លទ្ធិប្រជាធិបតេយ្យ​ពិត គឺ​គេ​អត់​ធ្វើ​អ៊ីចឹង​ទេ គឺ​គេ​អត់​ប្ដឹង​ពលរដ្ឋ​ខ្លួនឯង ឬក៏​ជន​ណាមួយ ដែល​គាត់​កែលំអ​ក្នុង​ស្ថានភាព​រឿង​នយោបាយ ឬក៏​ពលរដ្ឋ​ក្នុង​ប្រទេស​ខ្លួនឯង​អ៊ីចឹង​ទេ។ ពីព្រោះ​ថា លោក ស៊ឹង សែនករុណា ខ្ញុំ​ស្គាល់​គាត់​ច្បាស់​ណាស់ គឺជា​បុគ្គល​ម្នាក់ ដែល​ធ្វើការ​មាន​តម្លាភាព សុចរិត យុត្តិធម៌ ហើយ​ជាពិសេស​គឺ​គាត់​មិន​ចេះ​លម្អៀង​ទេ»។

លោក ស៊ឹង សែនករុណា សរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​នៅ​ថ្ងៃទី​៥ កុម្ភៈ ថា រាល់​ការ​សម្រង់​សម្ដី​របស់​លោក​ទៅ​បន្ថែម​បន្ថយ​បញ្ចេញបញ្ចូល​វាយប្រហារ​ចំៗ លើ​ឈ្មោះ​បក្ស​នយោបាយ​ណាមួយ នោះ​វា​មិនមែន​ជា​ចេតនា និង​គោលបំណង​របស់​លោក​នោះ​ទេ។

ជុំវិញ​រឿង​នេះ ប្រធាន​សមាគម​សម្ពន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ លោក កើត សារ៉ាយ យល់​ឃើញ​ថា ឥស្សរជន​នយោបាយ គួរ​ដោះស្រាយ​បញ្ហា​ដោយ​ផ្អែកលើ​គោលការណ៍​ប្រជាធិបតេយ្យ ជាជាង​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​មក​ដោះស្រាយ។

លោក កើត សារ៉ាយ៖ «នៅ​ពេល​ដែល​យើង​ចាប់ផ្ដើម រឿង​អ្វី​បន្តិច ក៏​យើង​ប្ដឹង​គ្នា ខ្ញុំ​ថា វា​អត់​ចំណេញ​ទេ វា​ខាត​។ វា​មិន​ត្រឹមតែ​ខាត​ទេ វា​បាន​បង្ហាញ ពី​ឥរិយាបថ​នយោបាយ​ក្នុង​នីតិកាល​ទី​៧ វា​នៅតែ​ជា​ឥរិយាបថ​នយោបាយ ដែល​មាន​ការ​កំណត់​ពី​ឥស្សរជន​ជើងចាស់​នៅឡើយ»។

នេះ​មិនមែន​ជា​លើកទីមួយ​ទេ ដែល​លោក ហ៊ុន សែន គំរាមកំហែង​មក​លើ​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល។ ជាក់ស្ដែង​កាល​ពី​ឆ្នាំ​២០២០ លោក ហ៊ុន សែន ដែល​កាល​នោះ កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​បាន​ព្រមាន​ចាប់ខ្លួន​នាយក​អង្គការសិទ្ធិមនុស្ស​លីកាដូ លោក អំ សំអាត ដោយ​បាន​ចោទ​ថា អ្នកឃ្លាំមើល​សិទ្ធិមនុស្ស​រូប​នេះ និយាយ​ការពារ​អ្នក​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត ពី​ជំងឺ​កូវីដ១៩ (Covid-19) តាមរយៈ​បណ្ដាញ​សារព័ត៌មាន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។