ក្រុមស្ត្រីជាអ្នកនយោបាយ អ្នកតស៊ូមតិដែលជាប់ឃុំកំពុងរងភាពអយុត្តិធម៌ និងរងទុក្ខលំបាក ព្រាត់ប្រាសគ្រួសារ ដោយសារការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ។ គ្រួសារ និងមន្ត្រីសិទ្ធិមនុស្សស្នើទៅរដ្ឋាភិបាល លោក ហ៊ុន សែន លើកលែងទោសដល់ស្ត្រីទាំងនោះ ហើយដោះលែងពួកគេឱ្យមានសេរីភាពដើម្បីឱ្យពួកគេអាចអនុវត្តសិទ្ធិរបស់ខ្លួនឡើងវិញ។
ស្ត្រីដែលជានយោបាយ និងអ្នកតស៊ូមតិដែលជាប់ឃុំកំពុងរងការរើសអើងនិន្នាការនយោបាយ រំលោភបំពានសិទ្ធិ ព្រមទាំងរងនូវអំពើអយុត្តិធម៌ផ្ទួនៗគួរឱ្យព្រួយបារម្ភ ដោយសារប្រព័ន្ធតុលាការមិនឯករាជ្យ ខណៈលោក ហ៊ុន សែន ហាក់មិនផ្តល់តម្លៃនៃការតស៊ូពុះពាររបស់ស្ត្រីដែលមាននិន្នាការផ្ទុយ ពីការដឹកនាំរបស់លោក ហើយត្រូវបានអាជ្ញាធររដ្ឋាភិបាលរបស់លោកធ្វើទុក្ខបុកម្នេញ និងចាប់ខ្លួនដាក់ពន្ធនាគារនោះ។
ក្រុមគ្រួសារ និងមន្ត្រីសង្គមស៊ីវិលចង់ឃើញរដ្ឋាភិបាលចូលរួមលើកកម្ពស់គោរពសិទ្ធិនារីគ្រាប់វិស័យទាំងអស់ ជាពិសេសអនុញ្ញាតឱ្យក្រុមស្ត្រីដែលកំពុងជាប់ឃុំព្រោះការអនុវត្តសិទ្ធិរបស់ខ្លួនទាំងនោះ មានសេរីភាពពេញលេញក្នុងការបំពេញការងាររបស់ខ្លួនឡើងវិញ។
កូនប្រុសអនុប្រធានចលនាស្ត្រីនៃគណបក្សភ្លើងទៀនថ្នាក់ជាតិដែលកំពុងជាប់ពន្ធនាគារអ្នកស្រី នូ សុទ្ធារី គឺលោក ម៉ែន វីរៈ ប្រាប់វិទ្យុអាស៊ីសេរីថា លោកកោតសរសើរពីទឹកចិត្តម្តាយជាស្ត្រីមេម៉ាយម្នាក់មិនត្រឹមតែធ្វើជាបង្គោលគ្រួសារ និងជាគ្រូបង្រៀនដ៏ល្អនោះទេ ក៏បានលះបង់យ៉ាងធំធេងដើម្បីបុព្វហេតុសង្គមដោយមិនរុញរាម្តងណាឡើយ។ ប៉ុន្តែលោកខកចិត្តចំពោះការចាប់ខ្លួនម្តាយកាលពីពេលថ្មីៗនេះ ហើយលោកចាត់ទុកការចាប់និងឃុំខ្លួនដាក់ពន្ធនាគារនោះថា ជារឿងអយុត្តិធម៌ ពីព្រោះម្តាយលោកមិនបានផ្ដិតមេដៃក្លែងបន្លំឯកសារបង្កើតគណបក្សបេះដូងជាតិដូចការចោទប្រកាន់របស់តុលាការទេ។ លោកទាមទារឱ្យតុលាការជាន់ខ្ពស់ដោះលែងម្តាយមកជួបជុំគ្រួសារឡើងវិញ។
លោក ម៉ែន វីរៈ៖ «គាត់(ម្តាយ)រ៉ាប់រងទាំងអស់ទាំងថ្លៃទឹកភ្លើង និងកូនរៀនសូត្រអីហ្នឹង ម្តាយរបស់ខ្ញុំគឺជាមនុស្សល្អនិយាយទៅឱ្យតែសកម្មភាពសង្គម គាត់ចូលរួមទាំងអស់ ខ្ញុំនឹកគាត់ដែរ ខ្ញុំមិនដឹងគាត់រស់ម៉េចនៅក្នុងពន្ធនាគារ ខ្ញុំអត់ដឹងដំណឹង និងអត់បានជួបគាត់អ៊ីចឹង បាយហូបងូតទឹកអីម៉េចទេ។ គាត់អត់មានកំហុសអីផង បើគេធ្វើកោសល្យវិនិច្ឆ័យលើស្នាមមេដៃឃើញមានមែនអាហ្នឹងយើងទទួលយកបាន តែគាត់អត់បានធ្វើអ៊ីចឹងផង»។
គិតមកដល់ពេលនេះ យ៉ាងហោចណាស់មានស្ត្រីជាអ្នកតស៊ូមតិ អ្នកការពារសិទ្ធិសហជីព និងស្ត្រីសកម្មជនគណបក្សប្រឆាំងជិត ១០នាក់ ក្នុងចំណោមអ្នកទោសមនសិការជាង ៧០នាក់ត្រូវបានរដ្ឋាភិបាលលោក ហ៊ុន សែន ចាប់ខ្លួនដាក់ពន្ធនាគារដោយសារតែការអនុវត្តសិទ្ធិសេរីភាពរបស់ខ្លួន។ ពួកគេត្រូវបានអាជ្ញាធរចាប់ខ្លួនជាបន្តបន្ទាប់ ចាប់តាំងពីឆ្នាំ២០២១ ហើយតុលាការបានចោទប្រកាន់ពួកគេដូចៗគ្នាពីបទរួមគំនិតក្បត់ និងញុះញង់ជាដើម។ ប៉ុន្តែអង្គការសិទ្ធិមនុស្សជាតិនិងអន្តរជាតិ ព្រមទាំងប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យនៅតែចាត់ទុកការចាប់ខ្លួននេះថា ជាការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ។
តុលាការកម្ពុជាត្រូវបានគេវាយតម្លៃថា ខ្វះឯករាជ្យ និងមិនទាន់ទទួលបានទំនុកចិត្តពីពលរដ្ឋនៅឡើយទេ ជាពិសេសពាក់ព័ន្ធនឹងសំណុំរឿងដែលមានចរិតនយោបាយ និងសំណុំរឿងរវាងពលរដ្ឋជាមួយអ្នកមានលុយមានអំណាច។ លើសពីនេះគេរកឃើញថា ចៅក្រម និងព្រះរាជអាជ្ញាសុទ្ធតែជាសមាជិកកំពូលៗរបស់គណបក្សប្រជាជនកម្ពុជា និងមានស្នាដៃជាច្រើនជួយគណបក្សប្រជាជនកម្ពុជាឲ្យបន្តរក្សាអំណាច តាមរយៈកម្ទេចគណបក្ស និងអ្នកនយោបាយប្រឆាំង និងបំបិទសំឡេងរិះគន់ ដោយប្រើប្រាស់ច្បាប់ជាឧបករណ៍។ បញ្ហាតុលាការស្ថិតក្រោមខ្សែញាក់របស់អ្នកនយោបាយបែបនេះហើយបានជះឥទ្ធិពលមិនល្អដល់ការអនុវត្តសិទ្ធិសេរីជាមូលដ្ឋានរបស់ពលរដ្ឋដោយក្នុងនោះមានស្ត្រីខ្មែរកំពុងប្រឡូកក្នុងឆាកនយោបាយ និងចូលរួមកិច្ចការងារសង្គម។
កាលពីឆ្នាំ២០២២ អង្គការគម្រោងយុត្តិធម៌ពិភពលោក (World Justice Project) បានចេញរបាយការណ៍មួយស្ដីពីសន្ទស្សន៍នៃការគោរពនីតិរដ្ឋ ដោយបានដាក់ចំណាត់ថ្នាក់ប្រទេសកម្ពុជា នៅជិតបាតតារាង គឺជាប់លេខ១៣៩ក្នុងចំណោម ១៤០ប្រទេសដែលមានកេរ្តិ៍ឈ្មោះអសោចខាងការមិនគោរព និងរំលោភប្រព័ន្ធនីតិរដ្ឋ។ របាយការណ៍នេះបញ្ជាក់ថា ចំណាត់ថ្នាក់អាក្រក់នេះដោយសារតែមានការជ្រៀតជ្រែកពីរដ្ឋាភិបាលរបស់លោក ហ៊ុន សែន។
ជាក់ស្តែងករណីអតីតឃុំត្រែងត្រយឹងលោកស្រី កឹម តុលា ទោះបីអ្នកស្រីរស់នៅដោយស្ងៀមស្ងាត់ និងកាត់ផ្ដាច់សកម្មភាពនយោបាយជាមួយបក្សប្រឆាំងយ៉ាងណាក្តី ក៏អាជ្ញាធរនៅតែតាមចាប់អ្នកស្រីដាក់ពន្ធនាគារនៅខេត្តកំពង់ស្ពី ពីបទញុះញង់ដែរ។ លើសពីនេះអ្នកស្រីមានសេរីភាពមិនដល់១ឆ្នាំផង ត្រូវសាលាដំបូងរាជធានីភ្នំពេញលើកយកអង្គហេតុចាស់នោះមកកាត់ទោសកំបាំងមុខ ហើយចាប់អ្នកស្រីដាក់ជាប់គុកសាជាថ្មី។ ចំណែកករណីមួយចំនួនទៀតស្ត្រីចូលរួមសកម្មភាពជាមួយគណបក្សភ្លើងទៀនក៏ត្រូវតុលាការសើរើសំណុំរឿងចាស់យកមកចោទប្រកាន់ និងចាប់ខ្លួនជាបន្តបន្ទាប់ផងដែរ។ ប៉ុន្តែស្ត្រីខ្លះទៀតត្រឹមតែជាប់ពន្ធនាគារនោះទេ ពួកគេធ្លាប់រងនូវអំពើហិង្សាពីជនមិនស្គាល់មុខលួចវាយប្រហារបណ្តាលឲ្យបែកក្បាលរងរបួសធ្ងន់ធ្ងរកន្លងទៅ តែសមត្ថកិច្ចមិនទាន់រកឃើញជនដៃដល់ណាម្នាក់យកមកផ្ដន្ទាទោសនោះទេ។
ជាមួយគ្នានេះ ស្ត្រីម្នាក់ទៀតដែលជាអតីតមេឃុំឫស្សីក្រោក ខេត្តបន្ទាយមានជ័យដែលអាជ្ញាធរថៃចាប់បញ្ជូនឱ្យអាជ្ញាធរកម្ពុជាកន្លងទៅ គឺអ្នកស្រី ឡាញ់ ថាវរី ធ្លាប់រៀបរាប់ចំពោះមុខចៅក្រមដោយបង្ហាញទុក្ខសោកក្នុងចិត្តលាយឡំការឈឺចាប់ បន្ទាប់ពីតុលាការកាត់ទោសនាងឱ្យជាប់ពន្ធនាគារដោយគ្មានកំហុស ស្របពេលនាងកំពុងមានជំងឺរ៉ាំរ៉ៃប្រចាំកាយដែលត្រូវការមានសេរីភាពដើម្បីថែទាំជាចាំបាច់ពីគ្រួសារ។
ទាក់ទងការលើកឡើងនេះដែរ វិទ្យុអាស៊ីសេរីមិនអាចសុំការឆ្លើយតបពីប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន និងអ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សរបស់រដ្ឋាភិបាល លោក កត្តា អ៊ន បានទេនៅថ្ងៃទី០១ ខែមេសា។ ចំណែកអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ក៏មិនអាចទាក់ទងសុំការអត្ថាធិប្បាយបានដែរ។
ជុំវិញរឿងនេះ នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ (Licado) លោក អំ សំអាត សង្កេតឃើញថា ការចោទប្រកាន់ និងចាប់ខ្លួនលើក្រុមស្ត្រីដែលជាសកម្មជនសិទ្ធិមនុស្ស និងនយោបាយទាំងនោះរំលោភសិទ្ធិសេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋដែលសហគមន៍ជាតិនិងអន្តរជាតិចាត់ទុកថា ជារឿងនយោបាយច្រើនជាងការអនុវត្តច្បាប់។
លោក អំ សំអាត៖ «ផ្ទុយពីការលើកម្ពស់សិទ្ធិស្ត្រី ការផ្តល់សិទ្ធិដល់ស្ត្រីចូលរួមការងារនយោបាយ ការងារសង្គម ការងារបរិស្ថាន ការងារសិទ្ធិមនុស្សជាដើម ដោយសារគេមើលឃើញថា សកម្មភាពដែលពួកគាត់ធ្វើហ្នឹងគ្រាន់តែជាការអនុវត្តសិទ្ធិសេរីភាពរបស់ខ្លួនទេ តែផ្ទុយទៅវិញត្រូវបានចាប់ខ្លួន ចោទប្រកាន់ភាគច្រើនគឺបទញុះញង់។ បើយើងមើលទៅលើសកម្មភាពរបស់ពួកគាត់ហាក់បីដូចជាគ្រាន់តែអនុវត្តសិទ្ធិ និងសេរីភាពជាមូលដ្ឋានតែប៉ុណ្ណោះបាទ»។
ស្របពេលស្ថានការណ៍នយោបាយនៅជាប់គាំងមិនអាចរកច្រកចេញបានក្រុមស្ត្រីអង់អាចក្លាហាន និងសកម្មជននយោបាយផ្សេងទៀត បន្តជាប់ឃុំរាប់ខែរាប់ឆ្នាំនៅពន្ធនាគារនៅឡើយ។ ពួកគេមានវាសនាខុសពីលោក យឹម ស៊ីណន ដែលលោក ហ៊ុន សែន ហៅកូនពេញមាត់នោះ អាចមានលទ្ធភាពរៀបចំឈុតឆាកថតវីដេអូចេញពីពន្ធនាគារសុំទោសលោក ហ៊ុន សែន ជាសាធារណៈមិនដល់១ម៉ោងផង ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញបានរួតរះធ្វើការទាំងយប់ដោយចេញដីកាបង្គាប់ឲ្យមន្ត្រីពន្ធនាគារដោះលែងលោក យឹម ស៊ីណន ទាំងយប់កាលថ្ងៃទី២៨ មីនា។
ទន្ទឹមនឹងរដ្ឋាភិបាលលោក ហ៊ុន សែន បង្កើនការចាប់ខ្លួនលើអ្នកធ្វើការងារសង្គម អ្នកការពារសិទ្ធិមនុស្ស និងអ្នកនយោបាយជាបន្តបន្ទាប់ ក្នុងនោះក៏មានស្ត្រីផងដែរ។ សហគមន៍អន្តរជាតិ និងអង្គការសិទ្ធិមនុស្សនានា រិះគន់ការចាប់ខ្លួន និងការចោទប្រកាន់នេះថា គ្មានមូលដ្ឋានច្បាប់គ្រប់គ្រាន់ និងជាការធ្វើទុក្ខបុកម្នេញលើអ្នកដែលមានមតិផ្ទុយពីរដ្ឋាភិបាល។ ពួកគេទាមទារឱ្យដោះលែងស្ត្រីសកម្មជនសិទ្ធិមនុស្ស កញ្ញា សេង ធារី អ្នកការពារសិទ្ធិសហជីព កញ្ញា ឈឹម ស៊ីថរ និងស្ត្រីសកម្មជននយោបាយរួមមានអ្នកស្រី យក់ នាង អ្នកស្រី ឡាញ់ ថាវរី និងលោកស្រី កឹម តុលា រួមទាំងអ្នកទោសមនសិការផ្សេងទៀតឱ្យមានសេរីភាពដោយឥតលក្ខខណ្ឌ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។