ក្រុមអង្គការ-សមាគមនិងសហជីព រួមទាំងស្ត្រីដែលធ្វើការក្នុងវិស័យផ្សេងៗ បានជួបជុំគ្នាប្រារព្ធទិវាសិទ្ធិនារីអន្តរជាតិលើក១០៨ នៅថ្ងៃទី៨ ខែមីនានៅស្តាតអូឡាំពិកក្រោមការឃ្លាំមើលយ៉ាងតឹងតែងនិងការរឹតត្បិតយ៉ាងខ្លាំងពីកងកម្លាំងសមត្ថកិច្ចរបបក្រុងភ្នំពេញ។ ក្រុមសង្គមស៊ីវិល ចាត់ទុកទង្វើរបស់អាជ្ញាធរថាជាការរំលោភសិទ្ធិនារីនិងសិទ្ធិមនុស្សធ្ងន់ធ្ងរនៅថ្ងៃទិវាសិទ្ធិនារីអន្តរជាតិ។
ក្នុងការប្រារព្ធទិវាសិទ្ធិនារីអន្តរជាតិឆ្នាំ២០១៩ នេះ គេមើលឃើញថា របបក្រុងភ្នំពេញបានរឹតត្បិតសិទ្ធិសេរីភាពយ៉ាងខ្លាំងដោយបានប្រើកងកម្លាំងសមត្ថកិច្ច និងសន្តិសុខខណ្ឌជាង ១០០នាក់ ដើម្បីរារាំងសកម្មជនសិទ្ធិមនុស្ស និងប្រជាពលរដ្ឋភាគច្រើនជាស្ត្រីមិនឱ្យជួបជុំហែក្បួនចេញពីពហុកីឡាដ្ឋានជាតិអូឡាំពិក ឬស្តាតអូឡាំពិកឆ្ពោះទៅទីស្ដីការគណៈរដ្ឋមន្ត្រីតាមការគ្រោងទុកនោះទេ។
កងកម្លាំងប៉ូលិស និងកងសន្តិសុខខណ្ឌទាំងនោះបានឈរស្រាក់ដៃគ្នាជាជួរ ដើម្បីឃាំងផ្លូវ និងបានបិទទ្វារស្តាតអូឡាំពិក ដើម្បីកុំឱ្យក្រុមស្ត្រីទាំងនោះអាចចេញ ក្រៅពីដើរដង្ហែក្បួនតាមផ្លូវសាធារណៈឡើយក្រោមហេតុផលដដែលៗ ថា ការហែក្បួននាំឱ្យខូចសណ្ដាប់ធ្នាប់សាធារណៈ និងប៉ះពាល់សន្តិសុខសង្គមជាដើម។
ការរារាំងនេះបានបណ្ដាលឱ្យមានកាប្រទាញប្រទង់គ្នារុញច្រានគ្នាមួយសន្ទុះយ៉ាងខ្លាំង ខណៈដែលក្រុមស្ត្រីទាំងនោះព្យាយាមសម្រុកចេញក្រៅរបង ដើម្បីដើរដង្ហែក្បួនដាក់ញត្តិ។
ទោះយ៉ាងណាក្តី ការរុញច្រានគ្នាមួយប្រាវនេះមិនបានបណ្ដាលឱ្យមានអ្នករងរបួសធ្ងន់ធ្ងរនោះទេ។ដោយសារតែមានការរារាំងយ៉ាងតឹងតែង គឺក្រុមស្ត្រីទាំងនោះបាននាំគ្នាអង្គុយចុះនៅខាងក្នុងស្តាតអូឡាំពិក និងបាននាំស្រែកច្រៀងរួមគ្នាសម្ដែងពីទុក្ខវេទនារបស់ស្ត្រី និងទាមទារសិទ្ធិសេរីភាពមកវិញ។ ក្រុមស្ត្រីទាំងនេះមកពីអង្គការ សមាគម សហជីពនិងស្ត្រីដែលធ្វើការខាងសេវាកម្សាន្តកម្មការិនីរោងចក្រ និងស្ត្រីដែលធ្វើការខាងវិស័យផ្សេងៗ ជាង ៥រយនាក់។ ពួកគេពាក់បូពណ៌លឿងនៅលើក្បាល និងកាន់ឆត្រពណ៌លឿងអង្គុយក្រោមកម្ដៅថ្ងៃផងដែរ។
សង្គមស៊ីវិលចាត់ទុកថា ការដាក់កម្លាំងរារាំងដូច្នេះ គឺបង្ហាញថារបបក្រុងភ្នំពេញកំពុងរំលោភសិទ្ធិស្ត្រី រំលោភសិទ្ធិមនុស្ស និងមិនបានចូលរួមលើកកម្ពស់សិទ្ធិស្ត្រីជាក់ស្ដែងនោះទេ គឺមានតែនៅលើបបូរមាត់ប៉ុណ្ណោះ។
នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) អ្នកស្រី ចក់ សុភាព ដែលត្រូវបានអាជ្ញាធររុញច្រានដោយបង្ខំឱ្យចូលក្នុងពហុកីឡាដ្ឋានជាតិវិញលើកឡើងថា ការលើកកម្ពស់សិទ្ធិស្ត្រីមិនអាចមានប្រសិទ្ធិភាពត្រឹមតែការថ្លែងសារតាមមាត់ប៉ុណ្ណោះទេ តែទាមទារនូវការគោរព និងគាំពារជាក់ស្ដែងដោយធានាថា សិទ្ធិពលរដ្ឋសិទ្ធិស្ត្រីគ្រប់រូបអាចចូលរួមដោយសកម្មក្នុងជីវភាពសង្គម វប្បធម៌សេដ្ឋកិច្ច និងនយោបាយ។ អ្នកស្រី បន្តថា ការធានានូវសិទ្ធិពលរដ្ឋក្នុងការជួបជុំប្រមូលផ្គុំនិងបញ្ចេញមតិ គឺជាការធានាដោយច្បាប់ជាតិ និងអន្តរជាតិដែលរដ្ឋាភិបាលមានកាតព្វកិច្ច ត្រូវធានាការពារមិនមែនរារាំង និងរំលោភបំពាននោះទេ។
ក្រុមស្ត្រីផ្សេងៗ ទៀតដែលរួមប្រារព្ធទិវាសិទ្ធិនារីអន្តរជាតិក៏សម្ដែងការខកចិត្ត និងបានប្រតិកម្មដូចៗ គ្នាដែរថា អាជ្ញាធររបបក្រុងភ្នំពេញបានជាន់ឈ្លីសិទ្ធិសេរីភាពពួកគាត់៖ « មិនឱ្យទៅមិនឱ្យមកអ៊ីចឹង គឺជាការរឹតត្បិតសិទ្ធិសេរីភាពពួកខ្ញុំហើយ។ សូមឱ្យរដ្ឋាភិបាលបើកសិទ្ធិសេរីភាពជូននារី និងបុរសគ្រប់រូបមានសិទ្ធិជួបជុំ កុំរារាំងអ៊ីចឹង វាអាក្រក់មើលណាស់ » ។
បន្ទាប់ពីប្រឈមមុខដាក់គ្នានោះអភិបាលរងសាលារាធានីភ្នំពេញពីររូប គឺលោក មាន ចាន់យ៉ាដា និងលោក កើតឆែ បានចេញមុខមកទទួលញត្តិពីក្រុមស្ត្រី។
អភិបាលរងសាលារាជធានីភ្នំពេញលោក កើត ឆែ មានប្រសាសន៍ថាលោកនឹងបញ្ជូនញត្តិរបស់ក្រុមស្ត្រីទៅកាន់ក្រសួងស្ថាប័នដែលក្រុមស្ត្រីមានបំណងចង់ដង្ហែក្បូនទៅដាក់ដើម្បីសិក្សា និងស្វែងរកដំណោះស្រាយជូនស្ត្រី។ លោកបញ្ជាក់ថា ញត្តិទាំងនោះនឹងទៅដល់ស្ថាប័នរដ្ឋាភិបាលយ៉ាងយូរត្រឹមថ្ងៃពុធសប្ដាហ៍ក្រោយ៖ « យើងខ្ញុំនឹងខិតខំយកអ្វីដែលបានលើកឡើងនេះទៅជូនស្ថាប័នពាក់ព័ន្ធ។ សូមអរគុណបាទ » ។
លោក កើត ឆែ និងលោក មាន ចាន់យ៉ាដា បដិសេធមិនឆ្លើយតបចំពោះសំណួររបស់អ្នកសារព័ត៌មានជុំវិញការពង្រាយកម្លាំងរារាំងក្រុមស្ត្រីមិនឱ្យដង្ហែក្បួន។
ខ្លឹមសារនៃញត្តិនោះ គឺក្រុមស្ត្រីស្នើសុំឱ្យរដ្ឋាភិបាលដោះស្រាយបញ្ហាអាទិភាព ៧ចំណុចរបស់ស្ត្រី។ទី១៖ បង្កើតមត្តេយ្យសហគមន៍ និងទារកដ្ឋាននៅតាមកន្លែងការងារ។ ទី២៖ ជម្រកសុវត្ថិភាពសម្រាប់ស្ត្រី ដែលជួបបញ្ហាអំពើហិង្សាក្នុងគ្រួសារ និងសម្រាប់កម្មករស្ត្រី ដែលធ្វើការងារតាមផ្ទះ។ទី៣៖ បញ្ឈប់ការបៀតបៀន និងហិង្សាផ្លូវភេទលើស្ត្រីនៅកន្លែងការងារដោយគ្មានការលើកលែង។ទី៤៖ បញ្ឈប់ការប្រើប្រាស់អំពើហិង្សាលើស្ត្រីអ្នកការពារសិទ្ធិមនុស្ស។ ទី៥៖ កំណែទម្រង់មធ្យោបាយដឹកជញ្ជូនកម្មករក្នុងវិស័យវាយនភណ្ឌកាត់ដេរ និងដេរស្បែកជើង។ ទី៦៖ កែលម្អលក្ខខណ្ឌការងារនិងពង្រឹងយន្តការការពារអ្នកធ្វើការងារតាមផ្ទះ និងទី៧៖ ពង្រឹងយន្តការការពារសិទ្ធិពលករចំណាកស្រុកពីការកេងប្រវ័ញ្ចការងារ ការជួញដូរមនុស្ស និងទាសភាពសម័យទំនើប។ខ្លឹមសារនៃញត្តិនេះទទួលបានការគាំទ្រពីអង្គការ សមាគម សហជីព និងសហគមន៍ចំនួន ១០៧ និងមានពលរដ្ឋចូលរួមគាំទ្រតាមបណ្ដាញសង្គមជាង ៣០០នាក់។
ក្នុងថ្ងៃទិវាសិទ្ធិនារីអន្តរជាតិនេះសហគមន៍មានជម្លោះដីធ្លីនៅខេត្តចំនួន ៥ ក៏នាំគ្នាប្រារព្ធទិវានេះដែរប៉ុន្តែអាជ្ញាធរខេត្តត្បូងឃ្មុំនិងអាជ្ញាធរខេត្តកំពង់ស្ពឺ សុទ្ធតែព្យាយាមបដិសេធមិនឱ្យពលរដ្ឋរៀបចំទិវាសិទ្ធិនារីអន្តរជាតិនេះទេ។ ទោះជាជួបឧបសគ្គបែបនេះក្ដី ក៏ពលរដ្ឋនៅតែបន្តរៀបចំដដែល ហើយមិនមានបញ្ហាអ្វីធ្ងន់ធ្ងរកើតឡើងនោះទេ។
ប្រធានគ្រប់គ្រងការិយាល័យឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការ លីកាដូ (Licadho) លោក អំ សំអាត យល់ថា ទោះបីជាក្រសួងមហាផ្ទៃចេញលិខិតណែនាំឱ្យអាជ្ញាធរខេត្តបើកសិទ្ធិសេរីដល់ពលរដ្ឋក្នុងការជួបជុំ និងប្រមូលផ្លុំក្ដី ក៏អាជ្ញាធរនៅតាមខេត្តនៅតែបន្តរឹតត្បិតសិទ្ធិជួបជុំនិងការសម្ដែងមតិដោយសន្តិវិធីរបស់ពលរដ្ឋដដែល៖ « ថ្ងៃនេះជាថ្ងៃទិវាសិទ្ធិនារីអន្តរជាតិផងអញ្ចឹងខ្ញុំយល់ថា អាជ្ញាធរ និងរដ្ឋាភិបាល គួរតែចូលរួមលើកទឹកចិត្តសហគមន៍ និងអង្គការសង្គមស៊ីវិល ដែលគាត់ប្រារព្ធទិវានេះដើម្បីរម្លឹកថ្ងៃ ៨ មីនា។ មួយទៀត ក៏រដ្ឋាភិបាលត្រូវតែចង់ដឹងអំពីបញ្ហារបស់ស្ត្រីនិងការសំណូមពររបស់គាត់ដើម្បីលើកកម្ពស់និងកិច្ចការស្ត្រីបន្ថែមទៀត » ។
អ្នកនាំពាក្យក្រសួងកិច្ចការនារីអ្នកស្រី ម៉ាន ចិន្តា បដិសេធមិនឆ្លើយតបជាមួយអាស៊ីសេរីអំពីករណីនេះដោយថាជាថ្ងៃឈប់សម្រាក៖ « ថ្ងៃនេះគេអត់ធ្វើការទេ ហើយបើសិនជាលោកមានអីពាក់ព័ន្ធជាមួយក្រសួង គឺលោកអាចធ្វើលិខិតមកបានជាសំណួរ ឬក៏ជាចម្ងល់អីចឹង។ ថ្ងៃនេះគេអត់ធ្វើការផងខ្ញុំមិននិយាយ » ។
ចាប់តាំងពីអាណត្តិទី៥ មកដល់អាណត្តិទី៦ នេះ របបក្រុងភ្នំពេញ បានរឹតត្បិតសិទ្ធិសេរីភាពជួបជុំគ្រប់ទីកន្លែង។ រដ្ឋធម្មនុញ្ញ មាត្រា៤១ ចែងថា ប្រជាពលរដ្ឋខ្មែរមានសេរីភាពខាងបញ្ចេញមតិរបស់ខ្លួន សេរីភាពខាងសារព័ត៌មាន សេរីភាពខាងការបោះពុម្ពផ្សាយសេរីភាពខាងការប្រជុំ។
ក្រុមសហជីពសមាគម និងអង្គការសង្គមស៊ីវិល ដែលកំពុងបំពេញការងារ ដើម្បីចូលរួមលើកកម្ពស់សិទ្ធិស្ត្រី និងសមភាព យេនឌ័រ ប្ដេជ្ញាថា ពួកគាត់នឹងបន្តតាមដានញត្តិរបស់ពួកគាត់រហូត ដើម្បីជំរុញឱ្យរដ្ឋាភិបាលកម្ពុជាបន្តខិតខំប្រឹងប្រែងបន្ថែមទៀតក្នុងការឆ្លើយតប ចំពោះតម្រូវការចាំបាច់ និងបន្ទាន់របស់ស្ត្រី ដើម្បីលុបបំបាត់អំពើហិង្សាលើស្ត្រីគ្រប់ទម្រង់ និងសម្រេចបាននូវគោលនយោបាយ និងផែនការយុទ្ធសាស្ត្រជាតិក្នុងការកាត់បន្ថយវិសមភាពយេនឌ័រ និងភាពក្រីក្រនៅកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។