ជនជាតិដើមភាគតិចបានចេញសេចក្ដីថ្លែងការណ៍រួមមួយ នៅថ្ងៃទិវាសិទ្ធិនារីអន្តរជាតិ ៨ មីនា ស្នើឲ្យអាជ្ញាធរបញ្ឈប់ការរើសអើងស្ត្រី ក្នុងដំណើរការអភិវឌ្ឍគ្រប់រូបភាព។ សេចក្ដីថ្លែងការណ៍ផ្ដោតសំខាន់ គឺការទាញអារម្មណ៍អាជ្ញាធរមូលដ្ឋាន អាជ្ញាធរជាតិ និងស្ថាប័នពាក់ព័ន្ធ ឲ្យគោរពសេចក្ដីសម្រេចចិត្តរបស់ស្ត្រីជនជាតិដើមភាគតិច ក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេស ការពារធនធានធម្មជាតិ ដីធ្លី និងព្រៃឈើជាដើម។
ជនជាតិដើមភាគតិចបង្ហាញក្តីព្រួយបារម្ភយ៉ាងខ្លាំងពីការរើសអើង និងការគំរាមកំហែងស្ត្រីជនជាតិដើមភាគតិចពីសំណាក់អាជ្ញាធរមូលដ្ឋាន សមត្ថកិច្ច និងក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចជាដើម។ រូបភាពនៃការគំរាមកំហែងភាគច្រើនធ្វើឡើង នៅគ្រាដែលស្ត្រីជនជាតិដើមភាគតិចបានចូលរួមការពារសម្បត្តិធម្មជាតិ ព្រៃឈើ និងដីធ្លី ដែលទទួលរងការរំលោភពីសំណាក់ក្រុមឈ្មួញ ឃុបឃិតជាមួយអាជ្ញាធរពាក់ព័ន្ធ។
សេចក្តីថ្លែងការណ៍រួមដែលចេញផ្សាយនៅថ្ងៃទី៨ មីនា ឲ្យដឹងថា ជាជនជាតិដើមភាគតិចភ័យខ្លាចជាខ្លាំង បញ្ហាស្ត្រីជនជាតិដើមភាគតិចដែលកំពុងរងនូវការឈឺចាប់រួមមាន ស្ត្រី ជាមេផ្ទះ តំណាងសហគមន៍ដែលទាមទារសិទ្ធិដីធ្លី តែងទទួលរងការគំរាមកំហែង ពីសំណាក់អាជ្ញាធរ ក្រុមហ៊ុន និងឈ្មួញ ប្ដឹងពួកគេទៅតុលាការ។ ទន្ទឹមនឹងនេះ នៅដើមឆ្នាំ២០១៩ នេះ មានស្ត្រីជនជាតិដើមភាគតិច ៩រូប ត្រូវបានអាជ្ញាធរ និងក្រុមហ៊ុនប្ដឹង ករណីទំនាស់ជាមួយក្រុមហ៊ុនស្ករអំពៅចិន ហេង ហ្វូ នៅខេត្តព្រះវិហារ ក្រុមហ៊ុន សុខ ហ្វីន នៅខេត្តមណ្ឌលគិរី និងក្រុមហ៊ុនទំនប់វារីអគ្គិសនីសេសានក្រោម ២ ក្នុងខេត្តស្ទឹងត្រែង។ ស្ត្រីទាំងអស់នោះមិនត្រឹមតែបាត់បង់ផ្ទះសម្បែង ដីធ្លី ព្រៃឈើ ទីជម្រកប្រកបមុខរបរប្រពៃណី ដីព្រៃអារក្ស និងថ្នូរកប់សពនោះទេ ពួកគេថែមទាំងទទួលរងនូវ នូវការរើសអើង លាបពណ៌ និងចោទប្រកាន់ពួកគេថាជា ក្រុមគណបក្សប្រឆាំង ដែលជាឧបសគ្គរាំងស្ទះ អភិវឌ្ឍគ្រួសារ និងការផ្ដល់សេវាសាធារណៈជាដើម នៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
សមាជិកសហគមន៍ជនជាតិដើមភាគតិចកួយ ខេត្តព្រះវិហារ លោកស្រី ទេព ទឹម ឲ្យដឹងនៅថ្ងៃទី៨ មីនាថា អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចពាក់ព័ន្ធនៅទាន់ គោរពសិទ្ធិស្ត្រីឲ្យប្រសើរផ្អែក តាមបទដ្ឋានច្បាប់ជាតិ និងអន្តរជាតិនោះទេ ផ្ទុយទៅវិញស្ត្រីជនជាតិដើមភាគតិច តែងតែទទួលរងការគំរាមកំហែងលើសិទ្ធិជាមូលដ្ឋាន ការតាមដាន និងការរារាំងមិនឲ្យពួកគេជួបប្រជុំពិភាក្សា បញ្ហាបាត់បង់ដីធ្លី និងព្រៃឈើជាដើម។ លោកស្រីថា អាជ្ញាធរមូលដ្ឋានមិនបានគោរពសេចក្ដីសម្រេចចិត្ត របស់ស្ត្រីជនជាតិដើមភាគតិច ចូលរួមអភិវឌ្ឍន៍ប្រទេសជាតិឲ្យប្រសើរនោះទេ ផ្ទុយទៅវិញអាជ្ញាធរ និងតំណាងក្រុមហ៊ុនចិន តែងប្រើប្រព័ន្ធតុលាការគំរាមកំហែងស្ត្រីជនជាតិដើមភាគតិចណា ដែលចេញមុខការពារដីធ្លី និងព្រៃឈើ៖ « មានការគំរាមកំហែងពីក្រុមហ៊ុន និងអាជ្ញាធរនៅពេលដែលយើងទាមទារដីធ្លីហ្នឹង។ គេគំរាមកំហែងចោទតាមប្រព័ន្ធតុលាការ រំលោភសិទ្ធិស្ត្រីនៅ ឃុំប្រមេរ។ អាជ្ញាធរមិនបានគោរពសេចក្ដីសម្រេចចិត្តស្ត្រីទេ គេបានតែថា តែមិនអនុវត្ត។ យើងមានយោបល់អីគេមិនយកចិត្តទុកដាក់យោបល់របស់ស្ត្រី។ មានបញ្ហាអីគេមិនដោះស្រាយ អំពីបញ្ហារំលោភបំពានដីធ្លី គេមិនដោះស្រាយ » ។
អាស៊ីសេរីបានព្យាយាមទាក់ទង អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ដើម្បីសុំការអធិប្បាយជុំវិញខ្លឹមសារសេចក្ដីថ្លែងការណ៍នេះ តែទូរស័ព្ទហៅចូលច្រើនដងគ្មានអ្នកទទួលនៅថ្ងៃទី៨ មីនា។ ចំណែក រដ្ឋលេខាធិការក្រសួងកិច្ចការនារី អ្នកស្រី ម៉ាន ចិន្ថា មិនអធិប្បាយរឿងនេះទេ ដោយលោកស្រីថា ទូរស័ព្ទស្ដាប់មិនឮ នៅថ្ងៃដដែលនេះ។
ទោះជាយ៉ាងណាក៏ដោយចុះ សេចក្ដីថ្លែងការណ៍របស់ជនជាតិដើមភាគតិចដដែលបន្តថា ការកើនឡើងនូវភាពអសន្តិសុខចំពោះស្ត្រី និងកុមារីជនជាតិដើមភាគតិច តែងកើតមាន ដូចជាករណីរំលោភសម្លាប់ ទៀតសោត នៅអំទ្បុងឆ្នាំ២០១៨ មាន ស្ត្រី កុមារី និងយុវតីជនជាតិដើមភាគតិច ៥នាក់ត្រូវបានរំលោភសម្លាប់ និងចំនួន ៩នាក់ទៀត ត្រូវបានរំលោភសេពសន្ថវៈនៅខេត្តរតនគិរី និងខេត្តមណ្ឌលគិរី។ បញ្ហានេះបានធ្វើឲ្យពួកគេមួយចំនួនធំ បោះបង់ការសិក្សា ព្រោះមិនហ៊ានធ្វើដំណើរទៅរៀន នៅសាលាឆ្ងាយពីផ្ទះ រួមផ្សំស្ថានភាពគ្រួសារក្រីក្រផង។
អគ្គលេខាធិការសម្ព័ន្ធជនជាតិដើមភាគតិចកម្ពុជា លោក យុន ឡូរ៉ង់ ប្រាប់អាស៊ីសេរីថាគោលគំនិតនៃសេចក្ដីថ្លែងការណ៍នេះ ក្រុមស្ត្រីជនជាតិដើមភាគតិច នឹងផ្សព្វផ្សាយគ្រប់តំបន់នៅមូលដ្ឋាន និងអន្តរក្រសួងពាក់ព័ន្ធ។ លោកសង្ឃឹមថា ខ្លឹមសារសេចក្ដីថ្លែងការណ៍នេះ ក្រសួងកិច្ចការនារី និងអាជ្ញាធរមូលដ្ឋាននឹងពង្រឹងបន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងការចង់បានរបស់ស្ត្រីជនជាតិដើមភាគតិច ជាពិសេសលុបបំបាត់ទម្រង់រើសអើង និងការគំរាមកំហែងជាដើម។ លោកកត់សម្គាល់ថា អាជ្ញាធរពាក់ព័ន្ធនៅមូលដ្ឋានមិនបានផ្ដល់តម្លៃនៃការសម្រេចចិត្ត និងការចូលរួមរបស់ស្ត្រីជនជាតិដើមភាគតិច ឲ្យបានពេញលេញនៅឡើយទេ ដែលជាដើមចម បង្កបញ្ហាប្រឈមគ្រប់តំបន់ ជាពិសេសកន្លែងដែលមានការវិនិយោគដីសម្បទានសេដ្ឋកិច្ច និងការអភិវឌ្ឍន៍ទំនប់វារីអគ្គិសនីសេសានក្រោមពីរ នៅខេត្តស្ទឹងត្រែងជាដើម៖ « ការរើសអើង ស្ត្រីជនជាតិដើមភាគតិចមិនត្រូវបានគេឲ្យតម្លៃ ជាពិសេសការសម្រេចចិត្ត រាល់ការអភិវឌ្ឍន៍នានា ដែលបង្កផលប៉ះពាល់ដល់គាត់។ គាត់មិនត្រឹមតែរងការរើសអើងទេ គាត់រងការគំរាមកំហែងគ្រប់រូបភាពទៀត មានការប្តឹងពីអាជ្ញាធរមូលដ្ឋាន និងក្រុមហ៊ុនជាដើមទៅលើការពារដីធ្លី សមូហភាពរបស់ពួកគាត់ និងសិទ្ធិពួកគាត់។ សិទ្ធិសម្រេចចិត្តរបស់គាត់ មិនត្រូវបានគេឲ្យតម្លៃ ផ្ទុយទៅវិញគាត់ប្រឈមវិញ ជាក់ស្តែងមានស្ត្រីជនជាតិដើមភាគតិច ៩នាក់ រងការប្ដឹងផ្ដល់ »។
ខ្លឹមសារសេចក្ដីថ្លែងការណ៍នោះបន្ថែមថា សហគមន៍ជនជាតិដើមភាគតិច អំពាវនាវដល់អាជ្ញាធរមូលដ្ឋានគ្រប់ខេត្ត/ក្រុងបង្កើនការយកចិត្តទុកដាក់បញ្ហារបស់ស្ត្រី និងការចូលរួមសម្រេចចិត្ត ការពារធនធានធម្មជាតិ និងការពារសុវត្ថិភាពសិទ្ធិរបស់ស្ត្រីតាមរយៈយន្តការប្រព័ន្ធយុត្តិធម៌ ភូមិ/ឃុំមានសុវត្ថិភាព និងបំបាត់ការកាប់បំផ្លាញព្រៃឈើខុសច្បាប់ និងការប្រើប្រាស់គ្រឿងញៀនជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
