ប្រាំឆ្នាំក្រោយការបង្ក្រាបយ៉ាងហិង្សា ពីក្រុមអាជ្ញាធរនៃរបបលោក ហ៊ុន សែន មន្ត្រីសង្គមស៊ីវិល ដែលរងគ្រោះ នៅតែឈឺចាប់នៅពេលរំលឹកដល់ព្រឹត្តិការណ៍នោះ។ របួសចាស់របស់អ្នកធ្វើការងារសង្គមកំពុងផ្ដើមឈឺចាប់ជាថ្មី ព្រោះវាយការវាយធ្វើបាបពួកគេ ៥ឆ្នាំមកនេះ នៅតែមិនទាន់ទទួលបានយុត្តិធម៌នៅឡើយ។
ទោះការវាយដំ និងបាញ់សម្លាប់ កម្មករកម្មការិនី និងសង្គមស៊ីវិលបានកន្លងផុតទៅប្រាំឆ្នាំហើយក្តី ក៏មន្ត្រីអង្គការសង្គមស៊ីវិលម្នាក់ ដែលរងការបង្ក្រាបពីអាជ្ញាធរប្រដាប់អាវុធ របស់របបលោក ហ៊ុន សែន នៅតែស្រមៃឃើញរូបភាពអាក្រក់ៗ ទាំងនោះដដែល។ លោក វន់ ពៅ ដែលត្រូវក្រុមទាហានវាយដំ ស្ទើរស្លាប់កាលពីដើមឆ្នាំ២០១៤ មុខរោងចក្រ យ៉ាកជិន (Yak Jin) ថ្លែងនិយាយទាំងខ្សឹបខ្សួលអួលដើមក ប្រាប់អាស៊ីសេរីថ្ងៃទី១ មករាថា លោកបានរក្សាទុកអាវប្រឡាក់ឈាមរបស់លោកជាប់ខ្លួនជានិច្ច ដើម្បីជាការរំលឹកអនុស្សាវរីយ៍ ដ៏រន្ធត់នោះ៖ «»
លោក វន់ ពៅ បន្តទៀតថា រូបលោក និងកម្មករផ្សេងទៀត គ្មានសង្ឃឹមទទួលបានយុត្តិធម៌ ពីរបបក្រុងភ្នំពេញឡើយ។ ទោះបែបនេះ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធរូបនេះ បន្តថាទោះ ការធ្វើការងារសង្គមជាង ២០ឆ្នាំមកនេះ ទោះនៅសល់ត្រឹមអាវប្រឡាក់ឈាម និងត្រូវស្ពាយកញ្ចប់ថ្នាំតាមខ្លួន រួមទាំងវិបត្តិផ្លូវចិត្តផងនោះ ក៏មិនបានធ្វើឲ្យលោកបាក់ទឹកចិត្តនោះដែរ។ លោកអះអាងថា លោកនៅតែមានមោទកភាព ចំពោះការងារមួយនេះ ព្រោះបានជួយការពារយុត្តិធម៌ និងបម្រើប្រយោជន៍កម្មករ៖ «»
លោក វន់ ពៅ គឺមនុស្សម្នាក់ក្នុងចំណោមមនុស្ស ២៣នាក់ ដែលត្រូវបានកងកម្លាំងប្រដាប់អាវុធរបបក្រុងភ្នំពេញ វាយបង្ក្រាបដោយហិង្សា ចាប់ខ្លួន និងចោទប្រកាន់ក្នុងការបង្ក្រាបក្នុងបាតុកម្មទាមទារដំឡើងប្រាក់ឈ្នួលរបស់កម្មករកម្មការិនី កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០១៤ នៅមុខរោងចក្រ យ៉ាក ជិន និងផ្លូវ វ៉េង ស្រេង។ បាតុកម្មកាលពីចុងឆ្នាំ២០១៣ និងដើមឆ្នាំ២០១៤ នោះ ផ្ទុះឡើងស្របពេលកម្ពុជា កំពុងមានវិបត្តិនយោបាយ គួបផ្សំទាំងកម្មករតវ៉ាផងនោះ កងកម្លាំងប្រដាប់អាវុធចម្រុះនៃរបបលោក ហ៊ុន សែន បានបាញ់សម្លាប់ វាយបង្ក្រាបក្រុមអ្នកតវ៉ា ដោយកងកំលាំងទាំងនោះ បាញ់គ្រាប់កាំភ្លើងពិត វាយដោយដំបងដែកទីប បោកគ្រាប់បែកផ្សែង ទៅលើក្រុមកម្មករ ដែលទាមទារដំឡើងប្រាក់ឈ្នួល ១៦០ដុល្លារក្នុងមួយខែ។ យ៉ាងហោចណាស់មានមនុស្ស ៤នាក់ស្លាប់ បាត់ខ្លួនម្នាក់ និងរបួសជិត ៤០នាក់។ ប៉ុន្តែរបបក្រុងភ្នំពេញតែងបដិសេធចំនួនអ្នកស្លាប់ និងអ្នកបាត់ខ្លួនក្នុងព្រឹត្តិការណ៍នោះ៖ «»
ក្រោយពីព្រឹត្តិការណ៍ផ្ទុះឡើងភ្លាមបានបន្សល់ទុកនូវការភ័យខ្លាច ឈឺចាប់ និងក្តីរន្ធត់នៃជនរងគ្រោះ និងកម្មករដទៃទៀត។ ភ្លាមៗ ក្រោយព្រឹត្តិការណ៍នោះ នៅអមសងខាងផ្លូវ វ៉េង ស្រេង ឯណេះវិញ គេសង្កេតឃើញខ្សែភ្លើងដាច់រញ៉េរញ៉ៃ ដុំថ្មតូចធំនៅរាយប៉ាយពាសពេញផ្លូវ និងអគារមួយចំនួនត្រូវបាក់បែក ជាដើម។ យូរៗ ម្ដងគេសង្កេតឃើញអណ្ដាតភ្លើង ក៏បានឆាបឆេះឡើង នៅលើកំណាត់ផ្លូវវ៉េង ស្រេង ផងដែរ។
មន្រ្តីសង្គមស៊ីវិលម្នាក់ទៀត ដែលរងការវាយប្រហារប៊ិះនឹងស្លាប់ដែរនោះ គឺអគ្គលេខាធិការសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC) លោក ថេង សាវឿន ប្រាប់អាស៊ីសេរីថា ត្បិតរបួសរបស់លោកបានជាសះស្បើយហើយក្តី ប៉ុន្តែការឈឺចាប់ក្នុងចិត្តរបស់លោក នៅតែមានដដែលក្នុងរយៈពេល ៥ឆ្នាំមកនេះ។ លោក ថេង សាវឿន ឲ្យដឹងទៀតថា លោកនឹងរៀបចំពិធីរំលឹកឡើងវិញ នៃការបង្ក្រាបលោក នៅបន្តស្នើសុំទៅសមត្ថកិច្ចនៃរបបក្រុងភ្នំពេញ ឲ្យរកយុត្តិធម៌ដល់ជនរងគ្រោះ ក្នុងព្រឹត្តិការណ៍នោះ៖ «»។
អាស៊ីសេរី មិនអាចសុំការបំភ្លឺ ពីអ្នកនាំពាក្យក្រសួងមហាផ្ទៃលោក ខៀវ សុភ័គ បានទេថ្ងៃទី១ ខែមករា ប៉ុន្តែលោកធ្លាប់បានប្រកាសថា មិនផ្តល់បទសម្ភាសន៍ដល់វិទ្យុអាស៊ីសេរីឡើយ។ ទោះជាយ៉ាងនេះក្តី អ្នកនាំពាក្យរូបនេះធ្លាប់បញ្ជាក់ថា គណៈកម្មការដែលរបបក្រុងភ្នំពេញ បានបង្កើតដើម្បីស្រាវជ្រាវករណីនេះ បានបញ្ចប់ការងាររបស់ខ្លួនទៅហើយ។ លោកអះអាងថា សមត្ថកិច្ចរកមិនឃើញថាមានករណីបាត់ខ្លួនទេ។ លោក ខៀវ សុភ័គ ថែមទាំងចោទប្រកាន់ថា មូលហេតុនៃការទាមទារ និងករណីហិង្សានេះ គឺផ្ដួចផ្ដើមឡើងដើម្បីផ្ដួលរបបក្រុងភ្នំពេញក្នុងពេលនោះ។
ដូចគ្នានេះដែរ មេដឹកនាំរបបក្រុងភ្នំពេញ លោក ហ៊ុន សែន និយាយក្នុងពិធីពេលជួបសំណេះសំណាលជាមួយកម្មករនិយោជិកប្រមាណ ៥ពាន់ កាលពីខែវិច្ឆិកាកន្លងទៅថា ប្រសិនបើលោកបានដឹងជាមុន អំពីផែនការរបស់គណបក្សសង្គ្រោះជាតិ ក្នុងការប៉ុនប៉ងផ្ដួលរំលំរដ្ឋាភិបាលតាមរយៈរូបភាព «បដិវត្តពណ៌» នោះលោកនឹងបញ្ជាឲ្យក្រុមរបស់លោកសម្លាប់ក្រុមអ្នកប្រឆាំងទាំងអស់នោះចោល តាំងតែពីពេលដែលពួកគេបានដឹកនាំធ្វើបាតុកម្មនៅក្រោយការបោះឆ្នោតឆ្នាំ២០១៣ នៅភ្នំពេញមកម្ល៉េះ៖ «»
អ្នកវិភាគនយោបាយ លោក គឹម សុខ ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស បានប្រដូចការបង្ក្រាប នៃរបបក្រុងភ្នំពេញទៅលើពលរដ្ឋរបស់ខ្លួន និងអ្នកមានមតិផ្ទុយពីខ្លួនថា ដូចទៅនឹងទង្វើរបស់ខ្មែរក្រហម។ លោកបន្តថា លោក ហ៊ុន សែន មិនខ្លាចនឹងប្រព្រឹត្តិនូវទង្វើទាំងនោះឡើយដើម្បីការពារអំណាចរបស់លោកនឹងក្រុមគ្រួសាររបស់លោក៖ «»
រីឯអ្នកគ្រប់គ្រងបច្ចេកទេសការិយាល័យស៊ើបអង្កេតនៃអង្គការសិទ្ធិមនុស្ស លីកាដូ (LICADHO) លោក អំ សំអាត បាននិយាយថា បើសិនរដ្ឋាភិបាលរកការពិតនៃរឿងនេះឃើញ គឺរដ្ឋាភិបាលបានផ្ដល់យុត្តិធម៌ដល់ជនរងគ្រោះផង និងបានលាងជម្រះ ដែលជាបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួនក្នុងករណីហិង្សានោះ៖ «»
ករណីហិង្សាកាលពីដើមឆ្នាំ២០១៤ ធ្វើឲ្យកម្ពុជា ក្លាយជាប្រទេសជាប់ចំណាត់អាក្រក់ ផ្នែករំលោភសិទ្ធិមនុស្ស ហើយរហូតមកដល់ពេលនេះ សហគមន៍អន្តរជាតិ ជាពិសេស សហភាពអឺរ៉ុប បានប្រាប់ឲ្យរបបនេះ វិលមករកគន្លងប្រជាធិបតេយ្យឡើងវិញ បើមិនដូច្នេះទេ គេដកការអនុគ្រោះពន្ធEBAចេញពីកម្ពុជា។ លោក រីឆាដ រ៉ូជើរ (Richard Rogers) នៃក្រុមហ៊ុនមេធាវី គ្លូប៊ល ឌីលិជេនស៍ (Global Diligence) ដែលមានទីតាំងនៅប្រទេសអង់គ្លេស តំណាងឲ្យដើមបណ្ដឹងប្រជាពលរដ្ឋខ្មែរដែលជាជនរងគ្រោះនៃការរំលោភបំពាន និងបង្ខំបណ្ដេញចេញពីផ្ទះសម្បែង និងដីធ្លី បានដាក់ពាក្យប្ដឹងរួចទៅហើយ ទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) ដោយមានបញ្ចូលករណីសមត្ថកិច្ចប្រើហិង្សាលើអ្នកតវ៉ានៅផ្លូវ វ៉េង ស្រេង និងក្បែររោងចក្រ យ៉ាក ជិន ដែរ។
នៅក្នុងបណ្ដឹងនោះ ជនរងគ្រោះចោទប្រកាន់មន្ត្រីមានអំណាចក្នុងជួររបបសព្វថ្ងៃ ពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ដែលបានប្រព្រឹត្តក្នុងរយៈពេលជាង ១២ឆ្នាំចុងក្រោយនេះ។ ក្រៅពីមន្រ្តីសង្គមស៊ីវិលដែលរងគ្រោះ ព្រោះការបង្ក្រាបនេះ សាច់ញាតិជនរងគ្រោះដែលបាត់បង់ជីវិត និងបាត់ខ្លួន ក្នុងការបង្ក្រាបនោះ ទទូចឲ្យសមត្ថកិច្ចស្រាវជ្រាវផ្ដល់យុត្តិធម៌ដល់ពួកគេ ទោះជាយុត្តិធម៌ពិបាកនឹងរកបានក្នុងរបបលោក ហ៊ុន សែន ក៏ដោយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
