យុវជនមិនគាំទ្រគម្រោងតំបន់ត្រីកោណទាមទារឱ្យរដ្ឋាភិបាលដោះលែងសកម្មជនសង្គមឱ្យមានសេរីភាពឡើងវិញ
2024.07.27
គ្រួសារ និងយុវជនក្រៅប្រទេសប្រកាសមិនគាំទ្រ និងត្រៀមធ្វើបាតុកម្មប្រឆាំងនឹងគម្រោងអភិវឌ្ឍន៍តំបន់ត្រីកោណពិសេស ឬហៅថាCLV ដើម្បីទាមទារឱ្យរដ្ឋាភិបាលដោះលែងសកម្មជនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងពលរដ្ឋផ្សេងទៀតឱ្យមានសេរីភាពឡើងវិញ។ ពួកគាត់ចាត់ទុកការចាប់ខ្លួនសកម្មជន និងពលរដ្ឋដែលហ៊ាននិយាយបញ្ហាដីទឹកដីថា ជាការបំបិទសិទ្ធិសេរីភាពពលរដ្ឋ និងធ្វើឱ្យបាត់បង់អធិបតេយ្យជាតិ។
គ្រួសារ និងយុវជននៅក្រៅប្រទេសទាមទារឱ្យតុលាការដោះលែងសកម្មជនដែលកំពុងជាប់ឃុំដោយសារការបញ្ចេញមតិព្រួយបារម្ភអំពីការបាត់បង់បូរណភាពទឹកឱ្យមានសេរីភាពឡើយវិញ ដោយឥតលក្ខខណ្ឌ ពីព្រោះការចាប់សកម្មជនទាំងនោះគឺមិនបានផ្ដល់ផលចំណេញអ្វីដល់សង្គមជាតិឡើយ។
យុវជនខ្មែររស់នៅប្រទេសកូរ៉េខាងត្បូង (South Korea) ប្រមាណ១ពាន់នាក់ (១.០០០) គ្រោងធ្វើបាតុកម្មប្រឆាំងនឹងគម្រោងអភិវឌ្ឍន៍តំបន់ត្រីកោណពិសេសដែលរដ្ឋាភិបាលបានដាក់បញ្ចូលខេត្តទាំង៤ទៅក្នុងគម្រោងនោះ។ បាតុកម្មនឹងធ្វើនៅថ្ងៃទី១១ ខែសីហា ខាងមុខនេះ ពួកគាត់ក៏ទាមទារឱ្យតុលាការដោះលែងពលរដ្ឋចំនួន៥នាក់រួមមាន លោក ស្រ៊ុន ស្រ៊ន កញ្ញា ភឹង សោភា លោក សាន សិទ្ធិ លោក ចក់ ប៊ានមុន្នី និងលោក ធែល ធីលែន ឱ្យមានសេរីភាពឡើងវិញ។
អនុប្រធានចលនាប្រជាធិបតេយ្យរួបរួមជាតិ លោក ម៉ាត់ វណ្ណី ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី២៦ ខែកក្កដា ថា មូលហេតុដែលពលរដ្ឋខ្មែរជួបជុំគ្នាគ្រោងធ្វើបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាលកាត់ខេត្តចំនួន៤ឱ្យទៅធ្វើប្រទេសវៀតណាមក្រោមរូបភាពអភិវឌ្ឍន៍ គឺដោយសារពួកគាត់មើលឃើញថា គម្រោងតំបន់ត្រីកោណពិសេសនេះអាចធ្វើឱ្យកម្ពុជាបាត់បង់បូរណភាពទឹកដី ធនធានធម្មជាតិ និងប៉ះពាល់ដល់ជីវភាពពលរដ្ឋដែលរស់នៅតាមបណ្ដាខេត្តចំនួន៤នោះ។ លោកបន្តថា យុវជនប្រមាណ១ពាន់នឹងជួបជុំគ្នានៅទីលានជុងកាក់ (Junghak) ក្នុងក្រុងសេអ៊ូល (Seoul) ដើម្បីសម្ដែងមតិអំពីការមិនគាំទ្រ លោក ហ៊ុន សែន បានប្រើអំណាចផ្ដាច់ការចាប់ចងសកម្មជន និងពលរដ្ឋតាមអំពើចិត្ត ហើយបន្តទៅដាក់ញត្តិទៅស្ថានទូតខ្មែរប្រចាំប្រទេសនៅប្រទេសកូរ៉េខាងត្បូងដើម្បីជំរុញឱ្យរដ្ឋាភិបាលកម្ពុជាគិតគួរពីផលប្រយោជន៍ជាតិ និងដកខ្លួនចេញពីគម្រោងCLVនេះជាបន្ទាន់។
លោក ម៉ាត់ វណ្ណី៖ «ភ្ជាប់ជាមួយគ្នានេះដែរ គឺយើងទាមទារឱ្យដោះលែងសកម្មជនដោះលែងអ្នកដែលនិយាយពាក់ព័ន្ធពីព្រោះអី វាមិនមែនជាបទល្មើសអីទេ ពីព្រោះការនិយាយគឺជារឿងព្រួយបារម្ភ។ ក្នុងនាមគាត់ជាម្ចាស់ទឹកម្ចាស់ដីដែលហេតុអ្វីគាត់និយាយមិនបាន យើងសិក្សាទៅការនិយាយរបស់គាត់នេះគឺមិនមានព្យសនកម្មអត់មានវិនាសកម្មទៅដល់ស្ថាប័នមួយណាទេ រឿងអីទៅចាប់គាត់ដាក់ពន្ធនាគារអីចឹងវាអាក្រក់មើលណាស់»។
មិនខុសគ្នានេះដែរ ពលរដ្ឋខ្មែរនៅប្រទេសបារាំងប្រមាណ១០០នាក់ក៏ធ្វើបាតុកម្មនៅថ្ងៃដដែលនេះនៅទីក្រុងប៉ារីស (Paris) នៅ២ម៉ោងរសៀល ដើម្បីរួមគ្នាប្រឆាំងអំពើអយុត្តិធម៌នៅក្នុងសង្គម និងទាមទារឱ្យតុលាការទម្លាក់ចោលបទចោទប្រកាន់ទាំងអស់លើពលរដ្ឋដែលគិតគូរពីបញ្ហាទឹកដី។
ប្រពន្ធលោក សាន សិទ្ធិ គឺលោកស្រី ស្វាយ ពៅ ថ្លែងថាលោកស្រីតក់ស្លុត និងមិនអាចទទួលយកបានចំពោះការណ៍ដែលតុលាការចោទប្រកាន់ប្ដីលោកស្រីពីបទ«ញុះញង់»។ លោកស្រីស្នើឱ្យតុលាការទម្លាក់ចោលការចោទប្រកាន់ទាំងអស់លើប្ដី និងសកម្មជនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ហើយដោះលែងពួកគាត់ឱ្យមានសេរីភាពឡើងវិញ។
លោកស្រី ស្វាយ ពៅ៖ «គំនិតខ្ញុំប្រសិនបើគាត់ខុសមែនឱ្យយកអាវីដេអូហ្នឹងមកចាក់ ហើយឱ្យជួយវិភាគវែកញែកវិញតិចមករកអ្នកច្បាប់ដូចគ្នាវិភាគវែកញែកមក ហើយប្ដីខ្ញុំក៏អ៊ីចឹងដែលគាត់គ្រាន់តែអង្គុយស្ដាប់ហេតុអ្វីត្រូវចាប់ជាប់ទោសជាអ៊ីចឹងដែរ។ ពួកខ្ញុំបានត្រឹមតែអ្នកអង្គុយស្ដាប់អ៊ីចឹងវាអត់មានអីដែល ថា គ្រាន់តែអ្នកស្ដាប់ហ្នឹងខុសដែលអ៊ីចឹងអ្នកស្ដាប់ហ្នឹងខុសដែរចាប់អ្នកស្ដាប់ប៉ុន្មានលាននាក់ហ្នឹងយកមកដាក់ទោសទាំងអស់មកអ៊ីចឹង»។
ទន្ទឹមគ្នានេះដែរ គណបក្សកម្លាំងជាតិ បានចេញសេចក្ដីថ្លែងការណ៍មួយនៅថ្ងៃទី២៦ ខែកក្កដា បង្ហាញពីការសោកស្ដាយដែលរដ្ឋាភិបាលចាប់ខ្លួនសកម្មជនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសរួមមាន លោក ស្រ៊ុន ស្រ៊ន កញ្ញា ភឹង សោភា លោក សាន សិទ្ធិ លោក ចក់ ប៊ានមុន្នី និងលោក ធែល ធីលែន ដាក់ពន្ធនាគារទាំងអយុត្តិធម៌។ គណបក្សកម្លាំងជាតិ ចាត់ទុកការចាប់ខ្លួនសកម្មជន និងពលរដ្ឋចំនួន៥នាក់នេះគឺជាការគំរាមកំហែងបាក់ស្មារតី និងរារាំងយុវជនសម្ដែងមតិពីក្ដីកង្វល់អំពីគម្រោងតំបន់អភិវឌ្ឍន៍ត្រីកោណពិសេសCLV។ គណបក្សកម្លាំងជាតិ ស្នើឱ្យរដ្ឋាភិបាលកម្ពុជាពិចារណាយកខេត្តចំនួនមកអភិវឌ្ឍន៍នេះឡើងវិញ និងជំរុញឱ្យរដ្ឋាភិបាលដោះលែងយុវជនចំនួន៥រូបឱ្យមានសេរីភាពឡើងវិញ។
តុលាការក្រោមការបញ្ជាពីប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន បានសម្រុកចាប់ខ្លួនពលរដ្ឋ និងអ្នកធ្វើការងារសង្គមដែលរិះគន់តំបន់អភិវឌ្ឍន៍ត្រីកោណពិសេសCLV ចំនួន៥នាក់ដាក់ពន្ធនាគារជាបន្តបន្ទាប់ ក្រោមបទចោទ«ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»។
ការចាប់ពលរដ្ឋ និងយុវជនចំនួន៥នាក់នេះគឺបន្ទាប់ពីពួកគាត់បង្ហោះវីដេអូ និងសរសេរសារនៅលើបណ្ដាញសង្គមហ្វេសប៊ុកព្រួយបារម្ភអំពីការបាត់បង់ផលប្រយោជន៍ជាតិដោយសារកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណពិសេស (CLV) ឬហៅថាតំបន់មុំ៣ ដែលស្ថិតនៅភាគ ឦសាននៃប្រទេសកម្ពុជា ជាប់ព្រំដែនប្រទេសវៀតណាម និងឡាវ ប៉ុន្តែលោក ហ៊ុន សែន បែរជាចាត់ទុកអ្នករិះគន់ពីតំបន់មុំ៣ដែលគំនិតផ្ដួចផ្ដើមរបស់លោកថា ជាសកម្មភាព«ចង់បះបោរ»។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទង អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញលោក អ៊ី រិន្ទ ដើម្បីសុំការបកស្រាយជុំវិញបញ្ហានេះបានទេនៅថ្ងៃទី២៦ ខែកក្កដា។
រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ក្រោមចង្អុលបញ្ជាពីប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន រងការរិះគន់ និងស្ដីបន្ទោសពីប្រជាពលរដ្ឋជុំទិសពាក់ព័ន្ធនឹងការចាប់ខ្លួនពលរដ្ឋ និងសកម្មជនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសដាក់ពន្ធនាគារទាំងអយុត្តិធម៌ ដើម្បីបំពេញមហិច្ឆតារបស់ខ្លួនដោយមិនគិតពីគុណវិបត្តិរបស់ជាតិតទៅថ្ងៃមុខ។ ពួកគាត់ស្នើឱ្យរដ្ឋាភិបាលបញ្ឈប់ធ្វើទុក្ខបុកម្នេញលើពលរដ្ឋដែលបញ្ចេញមតិពីបញ្ហាបូរណភាពទឹកដីរបស់ខ្លួន ហើយដោះលែងពួកគេឱ្យមានសេរីភាពឡើងវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។