យុវជន​រិះគន់​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ថា បង្ហោះ​រូបភាព​ធ្វើ​ឱ្យ​ប៉ះពាល់​តម្លៃ​ស្ត្រី

ដោយ នៅ វណ្ណារិន
2023.04.17
យុវជន​រិះគន់​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ថា បង្ហោះ​រូបភាព​ធ្វើ​ឱ្យ​ប៉ះពាល់​តម្លៃ​ស្ត្រី រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ បង្ហោះរូបភាពក្មេងស្រីដើរលេងកម្សាន្តនៅថ្ងៃចូលឆ្នាំ ដោយត្រូវបុរសម្នាក់​បាញ់ទឹកដាក់ដើមទ្រូងរបស់នាង។
Photo Screenshot

យុវជន​រិះគន់​ការ​បង្ហោះ​រូបភាព​បៀតបៀន​ស្ត្រី​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​របស់​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ថា ជា​គំរូ​អាក្រក់ និង​ជា​ទង្វើ​មិន​សមជា​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ក្នុង​ជួរ​រដ្ឋាភិបាល។ យុវជន​ចង់ឱ្យ​លោក ហ៊ុន សែន ណែនាំ​ឱ្យ​រដ្ឋមន្ត្រី​រូប​នេះ កែប្រែ​ទម្លាប់​មិនល្អ​ដោយ​បញ្ឈប់​ការ​ផ្សព្វផ្សាយ​រូប​ភាព​មិន​សមរម្យ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​តម្លៃ​សីលធម៌​សង្គម​តទៅ​ទៀត។

យុវជន​ចាត់ទុក​ថា ប្រសិនបើ​ការ​បង្ហោះ​រូបភាព​បៀតបៀន​ស្ត្រី​លើ​ហ្វេសប៊ុក​ពី​សំណាក់​ពលរដ្ឋ​សាមញ្ញ នោះ​មិនសូវ​ប៉ះពាល់​ខ្លាំង​ប៉ុន្មាន​ឡើយ ប៉ុន្តែ​ទង្វើ​អសីលធម៌​នេះ​ប្រព្រឹត្តិ​ឡើង​ពី​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន វា​ជា​គំរូ​ដ៏​អាក្រក់​មួយ​ក្នុង​សង្គម ដែល​រដ្ឋមន្ត្រី​ក្នុង​ជួរ​រដ្ឋាភិបាល​ត្រូវ​មាន​ភារកិច្ច​ជួយ​លើកកម្ពស់​ការ​ផ្ដល់​តម្លៃ​ឱ្យ​ស្ត្រី។

សកម្មជន​បរិស្ថាន​ចលនា​មាតា​ធម្មជាតិ​កញ្ញា មាន លីសា ប្រាប់​អាស៊ីសេរី នៅ​ថ្ងៃទី​១៧ មេសា​ថា ការ​បង្ហោះ​រូបភាព​របស់​លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ធ្វើ​ឱ្យ​ប៉ះពាល់​តម្លៃ និង​កិត្តិយស​ស្ត្រី និង​អាច​នាំ​​ឱ្យ​សង្គម​ទាំងមូល​យល់ថា ការ​ប្រព្រឹត្តិ​ទង្វើ​បង្អាប់​តម្លៃ​ស្ត្រី​ខ្មែរ ជា​រឿង​ធម្មតា ដែល​នរណាៗ​ក៏​អាច​យក​ទៅ​លេងសើច​បាន​ដែរ។ កញ្ញា​បន្ត​ថា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន មិន​គួរ​ធ្វើ​គំរូ​នាំ​ឱ្យ​តម្លៃ​សីលធម៌​សង្គម​ធ្លាក់ចុះ​បែប​នេះ​ឡើយ និង​ត្រូវ​ធ្វើខ្លួន​ជា​រដ្ឋមន្ត្រី​ម្នាក់​ដែល​ស័ក្ដិសម​នឹង​ទទួល​បាន​ការគោរព​ស្រលាញ់​ពី​ពលរដ្ឋ។

កញ្ញា​ មាន លីសា ថ្លែង​ថា​៖ «​ជា​ការ​បៀតបៀន​ប្រាកដ​ណាស់ ហើយ​កន្លង​មក មិន​មែន​តែ​រូប​មួយ​សម្លឹក​ហ្នឹង​ទេ រដ្ឋមន្រ្តី​ក្រសួង​ព័ត៌មាន​តែងតែ​យក​រូបភាព ដែល​វា​ប៉ះពាល់​ដល់​ការ​បៀតបៀន​ស្រ្ដី យក​មក​ផុស​។ តែ​ខ្ញុំ​សូម​លើក​យក​រូបភាព​ហ្នឹង អត់​គួរ​យក​មក​ផុស​លេង​សើច​អ៊ីចឹង​ទេ។ វា​អត់​មាន​អី​ត្រូវ​បកស្រាយ​ច្រើន វា​ន័យ​ថាវា​បង្ហាញ​ពី​គំរូភាព​អាក្រក់»

ការរិះគន់​ពី​យុវជន​នេះ​បាន​ធ្វើ​ឡើង បន្ទាប់ពី​លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​កាលពី​ថ្ងៃទី​១៦ មេសា បង្ហោះ​រូបភាព​យុវជន​ម្នាក់​ប្រើ​កាំភ្លើង​បាញ់​ទឹក បាញ់​តម្រង់​ចំ​ដើមទ្រូង​នារី​វ័យ​ជំទង់​ម្នាក់​កំពុង​ជិះ​ម៉ូតូ​លើ​ដងផ្លូវ ដោយ​លោក​បាន​សរសេរ​បែប​លេងសើច​នៅ​លើ​រូបភាព​នោះ​ថា យុវជន​នោះ​បាញ់​ត្រង់​មែន ឬ​ដៃត្រង់​មែន។

មាន​អ្នកប្រើប្រាស់​ហ្វេសប៊ុក​ខ្លះ បាន​ចូល​ទៅ​សរសេរ​ក្នុង​ខ្ទង់​ខមិន​បញ្ចេញមតិ​ជួយ​បន្ទរ​​​​​​​​​​​​​​បន្ថែម​លើ​ការ​បង្ហោះ​រូបភាព​របស់​លោក ខៀវ កាញារីទ្ធ ក្នុង​នោះ​ក៏​មាន​លោក ជា ច័ន្ទបរិបូរណ៍ រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន​ដែល​លោក​បាន​សរសេរ​ដូច្នេះ​ថា «​បាទ​មេ​! របស់​ពិត​ធានា​គុណភាព បាញ់​មិន​ផ្ទុះ​ទេ»។ ប៉ុន្តែ​អ្នកប្រើប្រាស់​ហ្វេសប៊ុក​ខ្លះ​បង្ហាញ​ការ​មិន​ពេញចិត្ត​ចំពោះ​ការ​បង្ហោះ​នេះ ដោយ​សរសេរ​ថា«រដ្ឋមន្ត្រី​ប្រទេស​ខ្ញុំ​» និង​ខ្លះទៀត​សរសេរ​ថា៖ «នេះ​ជា​សកម្មភាព​បំពាន​កេរ្តិ៍​ជា​សាធារណៈ​ឬទេ​? បើ​នារី​នោះ ជា​កូនស្រី ជា​ប្រពន្ធ របស់​អស់លោក តើ​យល់​យ៉ាងណា? សូម​គិតពិចារណា​ពី​តម្លៃ និង​សេចក្ដីថ្លៃថ្នូរ​របស់​នារី​ខ្មែរ​ផង»

ជុំវិញ​បញ្ហា​នេះ វិទ្យុ​អាស៊ីសេរី​មិនអាច​សុំ​ការ​ឆ្លើយ​តប​ពី​មន្ត្រី​នាំពាក្យ​ក្រសួង​ព័ត៌មាន​លោក មាស សុភ័ណ្ឌ និង​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល​លោក ផៃ ស៊ីផាន បាន​ទេ​នៅ​ថ្ងៃទី​១៧ មេសា​។ ប៉ុន្តែ​នេះ​មិនមែន​ជា​លើក​ទី​១​ទេ ដែល​លោក ខៀវ កាញារីទ្ធ បាន​បង្ហោះ​រូបភាព​លេងសើច​លើ​ហ្វេសប៊ុក​ធ្វើ​ឱ្យ​ប៉ះពាល់​តម្លៃ​ស្ត្រី​ខ្មែរ​ជា​សាធារណៈ។

ប្រធាន​សមាគមនិស្សិត​បញ្ញវន្ត​ខ្មែរ​លោក កើត សារ៉ាយ លើកឡើង​ថា តម្លៃ​សីលធម៌​សង្គម មិន​អនុញ្ញាត​ឱ្យ​មាន​ការ​លើក​ទឹក​ចិត្តការ​បង្ហោះ​ផ្សព្វផ្សាយ​រូបភាព​នៃ​ការ​បៀតបៀន​កេរ្តិ៍ខ្មាស​ស្ត្រី​ទាំង​ប្រយោល ឬ​ផ្ទាល់​ឡើយ ម្យ៉ាងទៀត​ទង្វើ​របស់​លោក ខៀវ កាញារីទ្ធ នេះ ក៏​អាច​ចាត់ទុកថា ជា​ការ​ប្រព្រឹត្តិ​បទល្មើស​បៀតបៀន​រាងកាយ​ដែរ ប្រសិនបើ​ស្ត្រី​រូប​នោះ​ចាត់ទុក​ថា ការ​បាញ់​ទឹក​ចំ​ដើមទ្រូង​របស់​ខ្លួន ជា​កន្លែង​បៀតបៀន​កេរ្តិ៍ខ្មាស។ យុវជន​រូប​នេះ​ស្នើ​ឱ្យ​លោក ហ៊ុន សែន គួរ​អប់រំ​ណែនាំ​រដ្ឋមន្ត្រី​របស់​ខ្លួន ឱ្យ​បញ្ឈប់​ការ​បង្ហោះ​រូបភាព​មិន​សមរម្យ​បែប​នេះ​ទៀត។​

លោក កើត សារ៉ាយ​៖​ «ខ្ញុំ​យល់ឃើញ​ថាការណ៍​ដែល​គាត់​ចែករំលែក​ហ្នឹង វា​សបញ្ជាក់​ហើយថា​គាត់​ជា​មនុស្ស​ដែល​ចូលចិត្ត​ទៅ​លើ​រឿង​ការ​បង្ហាញ​ភាព​ស៊ិចស៊ី ឬ​ក៏​ភាព​ស្រោបស្រាល។ ប៉ុន្តែ​ខ្ញុំ​មិន​មាន​ការ​វាយតម្លៃ​អី​ទេ ព្រោះ​អាហ្នឹង វា​ការ​ពិត​ទៅ ជា​សិទ្ធិ​របស់​បុគ្គល​ដែរ​ទេ ប៉ុន្តែ​គ្រាន់​តែ​ថាគាត់​ជា​បុគ្គល​សាធារណៈ គាត់​ក៏​ជា​អ្នក​បម្រើ ហើយ​ក៏​ជា​គំរូ​ដល់​មន្រ្តី​ថ្នាក់ក្រោម​ឱវាទ​គាត់​ផង គាត់​ជា​គំរូ​ដល់​ប្រជា​ពលរដ្ឋ​ខ្មែរ ជា​ពិសេស​អ្នក​សារព័ត៌​មាន​តែ​ម្ដង​ផង»

Kanharith_Khieu_041723_3.jpeg
រូបភាពបុរសបាញ់ទឹកដាក់ដើមទ្រូងស្ត្រីកំពុងជិះម៉ូតូលើ​ដង​ផ្លូវ ក្នុង​អំឡុងបុណ្យចូលឆ្នាំ​ខ្មែរ ឆ្នាំ២០២៣។ រូបពីហ្វេសប៊ុកលោក ខៀវ កាញារីទ្ធ

យុទ្ធនាការ​បញ្ឈប់​អំពើ​ហិង្សា​លើ​ស្ត្រី​របស់​ក្រសួង​កិច្ចការ​នារី​បាន​លើកឡើង​ថា ការ​បៀតបៀន​ផ្លូវភេទ ជា​បញ្ហា​មួយ​កើត​ឡើងជា​រៀងរាល់​ពេល​នៅ​កម្ពុជា ហើយ​អ្នក​ប្រឈម​បញ្ហា​នេះ​ខ្លាំង​ជាងគេ ជា​ស្ត្រី​និង​ក្មេងស្រី។ សញ្ញា​ដែល​បង្ហាញ​ថា ការ​បៀតបៀន​ផ្លូវភេទ​បាន​កើត​ឡើង មាន​ដូចជា ការ​ឱប ថើប ការ​ប៉ះ ឬ​ចាប់​អង្អែល​ដោយ​គ្មាន​ការអនុញ្ញាត។ ការ​និយាយ ឬ​ផ្ញើ​សារ​ជា​រូបភាព វីដេអូ ឬ​សារ​សំឡេង ដែល​បង្កប់​អត្ថន័យ​អាសអាភាស។ ការ​សម្លក់សម្លឹង ការ​ធ្វើ​កាយវិការ ឬ​ចលនា​រាងកាយ​អាសអាភាស​ទៅ​កាន់​ស្ត្រី។ ការ​បង្ហាញ​ប្រដាប់​ភេទ ឬ​កន្លែង​មិន​សមរម្យ​ទៅ​កាន់​ស្ត្រី ឬ​ការប្រើប្រាស់​ពាក្យសម្ដី​ដើម្បី​ទាក់ទាញ​ផ្លូវភេទ និង​ការ​គំរាមកំហែង ការ​បង្ខិតបង្ខំ ការ​វាយ​ធ្វើបាប ឬ​ការរំលោភ​ផ្លូវភេទ​ជាដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
ពលរដ្ឋ​ខ្មែរ​នៅ​អឺរ៉ុប​បាតុកម្ម​ទាមទារ​ឲ្យ​បារាំង​ដាក់​សម្ពាធ​ទៅ​រដ្ឋាភិបាល​ដឹកនាំ​ដោយ​ត្រកូល​«​ហ៊ុន​»
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។