ឈើ​ប្រណិត​ត្រូវ​បាន​កាប់​និង​ដឹក​ជញ្ជូន​ខុស​ច្បាប់​នៅ​កំពង់ឆ្នាំង

ប្រភព​ពី​ប្រជាពលរដ្ឋ និង​សមាជិក​សហគមន៍​បាន​ឲ្យ​ដឹង​ថា ឈើ​ប្រណិត​ជា​ច្រើន​កំពុង​ត្រូវ​បាន​ជន​ខិលខូច​លួច​កាប់ និង​ដឹក​ជញ្ជូន​ដោយ​ខុស​ច្បាប់​ចេញ​ពី​តំបន់​ការពារ​ធម្មជាតិ​ភ្នំ​អន្លង់ស្វាយ ស្ថិត​ក្នុង​ភូមិ​ដូង ឃុំ​ក្បាលទឹក ស្រុក​ទឹកផុស ខេត្ត​កំពង់ឆ្នាំង។
ដោយ មណ្ឌលកែវ
2011.02.04
Share on WhatsApp
Share on WhatsApp

តំណាង​សហគមន៍​ការពារ​ធម្មជាតិ​តំបន់​ភ្នំ​អន្លង់ស្វាយ​ម្នាក់ ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​វិទ្យុ​អាស៊ីសេរី​ដឹង​ថា នៅ​វេលា​ម៉ោង ៤ និង ៣០​នាទី​ល្ងាច ថ្ងៃ​ទី​៣ ខែ​កុម្ភៈ មាន​ជន​មិន​ស្គាល់​មុខ​មួយ​ក្រុម បាន​ប្រើប្រាស់​រថយន្ត​គិលានសង្គ្រោះ របស់​មន្ទីរពេទ្យ​ខេត្ត​កំពង់ឆ្នាំង ទៅ​ដឹក​ឈើ​ប្រណិត ២​បន្ទះ ដែល​មាន​ទទឹង ១​ម៉ែត្រ​១​តឹក បណ្តោយ ២​ម៉ែត្រ​កន្លះ និង​កម្រាស់​មួយ​តឹក ចេញ​ពី​តំបន់​ការពារ​ធម្មជាតិ​ភ្នំ​អន្លង់ស្វាយ ស្ថិត​ក្នុង​ភូមិ​ដូង ឃុំ​ក្បាលទឹក ស្រុក​ទឹកផុស ខេត្ត​កំពង់ឆ្នាំង។

ប្រភព​បន្ត​ឲ្យ​ដឹង​ដែរ​ថា កន្លង​ទៅ​មាន​ការ​ប្រើប្រាស់​រថយន្ត​គិលានសង្គ្រោះ​ដឹក​ឈើ​ប្រណិត​បែប​នេះ បាន​កើត​ឡើង​ជា​ច្រើន​ដង​រួច​មក​ហើយ ដោយ​មាន​មន្ត្រី​ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ក្បាលទឹក ជា​អ្នក​ជួយ​សម្របសម្រួល និង​មើល​ផ្លូវ​ឲ្យ​ផង​ដែរ ៖ «ឡាន​នោះ​មាន​ដាក់​ថា ស្រុក​ប្រតិបត្តិ​ខេត្ត​កំពង់ឆ្នាំង។ ខ្ញុំ​ឆ្ងល់​ថា ហេតុ​អី​បាន​ជា​ឡាន​សង្គ្រោះ​បន្ទាន់​របស់​ខេត្ត​បែរ​ជា​ដឹក​ឈើ​អី​អ៊ីចឹង? ឡាន​នោះ​មាន​ដាក់​ផ្លាក រដ្ឋ​១២ ២០០៣១»

ប្រភព​ដដែល​ក៏​បាន​ឲ្យ​ដឹង​ទៀត​ថា គេ​ឃើញ​នៅ​មាន​ឈើ​ប្រណិត​ជា​ច្រើន​ទៀត​ដែល​ជន​ខិលខូច​បាន​លួច​កាប់ និង​អារ​ទុក​ជា​ស្រេច លាក់​នៅ​ក្នុង​ព្រៃ​តំបន់​ការពារ​ធម្មជាតិ​ភ្នំ​អន្លង់ស្វាយ រង់ចាំ​ឱកាស​ល្អ​ដើម្បី​ដឹក​ជញ្ជូន​ចេញ ដែល​គេ​សង្ស័យ​ថា អាច​មាន​ការ​ត្រូវរ៉ូវ​គ្នា​ជាមួយ​អាជ្ញាធរ​ជំនាញ និង​អាជ្ញាធរ​ប៉ូលិស​មូលដ្ឋាន​ផង​ដែរ ទើប​គ្មាន​នរណា​ធ្វើ​ដឹង​ឮ​យ៉ាង​ដូច្នេះ៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។