ជនរងគ្រោះខ្មែរចង់ធ្វើសាក្សីឲ្យតុលាការថៃ
2011.06.04
លោក ឡត កែវ រស់នៅឃុំប្រាសាទ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ តំណាងឲ្យជនរងគ្រោះបានថ្លែងឲ្យដឹងនៅថ្ងៃសៅរ៍ទី៤ ខែមិថុនា ឆ្នាំ២០១១ នេះថា ជនជាតិខ្មែរទាំង ២៩នាក់ បានចំណាយពេលវេលារង់ចាំចូលខ្លួនទៅបំភ្លឺធ្វើជាសាក្សីឲ្យតុលាការថៃអស់រយៈពេលច្រើនខែមកហើយ។
មន្ត្រីស្ថានទូតខ្មែរប្រចាំក្រុងបាងកក ប្រទេសថៃ និងមន្ត្រីក្រសួងការបរទេសខ្មែរនៅឯទីក្រុងភ្នំពេញ នៅមិនទាន់អាចទាក់ទងសុំសេចក្ដីបញ្ជាក់បន្ថែមទាក់ទិនសំណុំរឿង ប្រជាពលរដ្ឋខ្មែរ ២៩នាក់ ដែលត្រូវឡើងខ្លួនទៅធ្វើជាសាក្សីបំភ្លឺជូនតុលាការថៃនេះបានទេ នៅថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ។
កាលពីឆ្នាំ២០១០ ខ្មែរ២៩នាក់នោះឲ្យត្រូវបានការឆបោកមេខ្យល់ជនជាតិខ្មែរ ជួញដូរកម្លាំងពលកម្មដោយគ្មានកម្រៃយកទៅដាក់ឲ្យធ្វើការនៅក្រុមហ៊ុនផលិតប្រហិតថៃមួយ នៅក្នុងស្រុកមហាឆៃ ខេត្តសាមុតសាខន ប្រទេសថៃ។ តែក្រោយមកមន្ត្រីរដ្ឋាភិបាលខ្មែរបានធ្វើកិច្ចអន្តរាគមន៍ជួយយកពួកគេត្រឡប់មកទឹកដីខ្មែរវិញ៕