គោ​ក្របី​ងាប់​បន្ត​បន្ទាប់​នៅ​ខេត្ត​ក្រចេះ

កសិករ​ក្នុង​ខេត្ត​ក្រចេះ​បាន​ឲ្យ​ដឹង​ថា ពួក​គេ​នឹង​អាច​ប្រឈម​មុខ​ទៅ​និង​ការ​ខ្វះ​ខាត​ស្បៀង​នៅ​ឆ្នាំ​ក្រោយ ដោយសារ​តែ​គោ​ក្របី​របស់​ពួក​គេ​មួយ​ចំនួន បាន​ឈឺ​ងាប់​បណ្ដាល​ឲ្យ​ខ្វះ​មធ្យោបាយ​ភ្ជួរ​រាស់​ធ្វើ​ស្រែ​ចម្ការ​ចិញ្ចឹម ​ជីវិត។
ដោយ ឱ ភារិទ្ធ
2011.02.14
Share on WhatsApp
Share on WhatsApp

លោក ផាន់ នី ប្រជា​ពល​រដ្ឋ​នៅ​ភូមិ​កំពង់​ក្បឿង ឃុំ​បឹងចារ ដែល​មាន​ក្របី​ពីរ​ក្បាល ហើយ​ត្រូវ​ងាប់​ទាំង​ពីរ​នោះ បាន​ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ព្រឹក​ថ្ងៃ​ទី​១៤ កុម្ភៈ ពី​ស្ថានភាព​នៃ​គោ​ក្របី​ដែល​ឈឺ និង​ងាប់​ទាំង​នោះ​ថា ជំងឺ​មិន​ស្គាល់​ប្រភេទ​ដំបូង​វា​ហើម​បំពង់​ក អត់​ស៊ី​អី តែ​មួយ​ថ្ងៃ ពីរ​ថ្ងៃ​ក្រោយ ក៏​ងាប់ ហើយ​ជំងឺ​អុត​ក្ដាម​ជ្រុះ​ក្រចក​អត់​មាន​ថ្នាំ​ពេទ្យ​ព្យាបាល ធ្វើ​ឲ្យ​ហើម​ជើង ហើយ​ងាប់​ដែរ។ សភាព​បែប​នេះ លោក​ថា​បាន​កើត​មាន​បន្ត​បន្ទាប់​ប្រមាណ​មួយ​ខែ​មក​ហើយ។

អ្នក​ស្រី ហែម ណាវី នៅ​ភូមិ​កំពង់​ក្បឿង​ដែរ បាន​មាន​ប្រសាសន៍​ថា ក្របី​អ្នក​ស្រី​មាន​បី​ក្បាល ហើយ​បាន​ងាប់​ទាំង​អស់ ឯ​ក្របី​អ្នក​ជិត​ខាង​កំពុង​តែ​ឈឺ អ្នក​ស្រី​សំណូមពរ​ឲ្យ​មាន​ការ​ជួយ​ព្យាបាល ក្រែង​វា​ជា​អាច​ពឹង​ពាក់​គ្នា​ទៅ​វិញ​ទៅ​មក​បាន ៖ "មើល​ទៅ​ដាច់​ពោះ​ស្លាប់​ហើយ រស់​រាល់​គ្នា​ព្រោះ​សង្ឃឹម​កម្លាំង​ក្របី​គោ បើ​អស់​ក្របី​មាន​តែ​កាប់​ចម្ការ​ហ្នឹង"

តំណាង​សហគមន៍​ភូមិ គឺ​លោក សា ធរ បាន​ឲ្យ​ដឹង​ថា​ក្របី​មាន​ងាប់ ៨​ក្បាល ហើយ​នៅ​មាន​ឈឺ​តែ​តិច​តួច​ទៀត​ទេ។

លោក គុយ ហួត ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​បាន​មាន​ប្រសាសន៍​ថា លោក​នឹង​រៀបចំ​ឲ្យ​មាន​មន្ត្រី​ចុះ​ពិនិត្យ​បញ្ហា​ទាំង​នោះ។ មន្ត្រី​ពេទ្យ​សត្វ​ធ្លាប់​ឲ្យ​ដឹង​ថា ជំងឺ​អុត​ក្ដាម​មិន​បណ្ដាល​ឲ្យ​គោ​ក្របី​ងាប់​បាន​ទេ តែ​ត្រូវ​ការ​ពារ​កុំ​ឲ្យ​មាន​ជំងឺ​ផ្សេង​ចូល​រាតត្បាត៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។