អតីតមេគុកទួលស្លែងក្នុងរបបខ្មែរក្រហម លោក កាំង ហ្កេកអ៊ាវ ហៅ ឌុច ត្រូវបានបញ្ជូនទៅដល់ពន្ធនាគារខេត្តកណ្តាលវិញហើយ កាលពីយប់ថ្ងៃចន្ទ ទី១២ ខែវិច្ឆិកា ក្រោយសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យនៅភ្នំពេញអស់ជាច្រើនសប្តាហ៍រួចមក។
លោក កាំង ហ្កេកអ៊ាវ ធ្លាក់ខ្លួនឈឺធ្ងន់ កាលពីថ្ងៃទី២០ ខែតុលា ដោយសារជំងឺរាគរូស និងថប់ដង្ហើមខ្លាំង។ ដំបូង លោកត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកជ័យជំនះ ក្រុងតាខ្មៅ ប៉ុន្តែលោកត្រូវបញ្ជូនបន្តទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
ស្ថានភាពជំងឺលោក ឌុច ធ្ងន់ខ្លាំង រហូតមន្រ្តីពន្ធនាគារអស់សង្ឃឹមថា នឹងអាចសង្គ្រោះបាន។
ប្រធានពន្ធនាគារខេត្តកណ្តាលលោក ចាត ស៊ីនាង រៀបរាប់ប្រាប់សារព័ត៌មាន AFP នៅថ្ងៃទី១៣ ខែវិច្ឆកាថា លោកមិនសង្ឃឹមថា លោក ឌុច អាចនៅរស់បាននោះទេ។ ប៉ុន្តែ គាត់ជាសះស្បើយពីជំងឺនេះ ឥឡូវត្រូវបញ្ជូនទៅដាក់ពន្ធនាគារវិញហើយ។
ទោះជាយ៉ាងនេះក្តី មន្រ្តីពន្ធនាគារដដែល អះអាងថា លោក ឌុច នៅមានស្ថានភាពសុខភាពខ្សោយនៅឡើយ ដែលតម្រូវឲ្យអនុរក្សពន្ធនាគារ តាមជួយទប់គាត់ ពេលចូលបន្ទប់ទឹកម្តងៗ។
លោក ឌុច ដែលឆ្នាំនេះមានអាយុ ៧៦ឆ្នាំ ត្រូវបានចាប់ឃុំខ្លួនតាំងពីឆ្នាំ ១៩៩៩ ដោយតុលាការកម្ពុជា។ ក្រោយមក ទើបលោកត្រូវបានគេយកមកឃុំខ្លួននៅសាលាក្តីខ្មែរក្រហម និងកាត់ទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិត ដោយសារតែការទទួលខុសត្រូវខ្ពស់បំផុតរបស់លោក នៅគុកទួលស្លែង ឬមន្ទីរស-២១ ដែលមានអ្នកទោសជាងមួយម៉ឺន ២ពាន់នាក់ ត្រូវបានធ្វើទារុណ្ឌកម្ម សួរចម្លើយ រួចហើយយកទៅសម្លាប់ចោល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។