អ.វ.ត.ក​ស្ដាប់​សក្ខីកម្ម​ពី​អ្នក​កាសែត​អាមេរិក​ម្នាក់​ដែល​ធ្លាប់​សម្ភាស​ថ្នាក់​ដឹកនាំ​ខ្មែរ​ក្រហម

អ្នកស្រី អេលីហ្សាប៊ែត បេគឃើរ (Elizabeth Becker) អ្នក​កាសែត​ជនជាតិ​អាមេរិកាំង និង​ជា​អ្នក​និពន្ធ​សៀវភៅ "ពេល​សង្គ្រាម​រលត់​ទៅ" ផ្ដល់​សក្ខីកម្ម​ដល់​សាលាដំបូង​នៃ​សាលាក្ដី​ខ្មែរក្រហម នៅ​ថ្ងៃ​ទី​៩ កុម្ភៈ ២០១៥។
អ្នកស្រី អេលីហ្សាប៊ែត បេគឃើរ (Elizabeth Becker) អ្នក​កាសែត​ជនជាតិ​អាមេរិកាំង និង​ជា​អ្នក​និពន្ធ​សៀវភៅ "ពេល​សង្គ្រាម​រលត់​ទៅ" ផ្ដល់​សក្ខីកម្ម​ដល់​សាលាដំបូង​នៃ​សាលាក្ដី​ខ្មែរក្រហម នៅ​ថ្ងៃ​ទី​៩ កុម្ភៈ ២០១៥។ (Photo/ECCC)

0:00 / 0:00

សាលាដំបូង​នៃ​សាលាក្ដី​ខ្មែរក្រហម កាល​ពី​ព្រឹក​ថ្ងៃ​ទី​៩ កុម្ភៈ បាន​ស្ដាប់​សក្ខីកម្ម​របស់​អតីត​អ្នក​កាសែត​អាមេរិក​មួយ​រូប គឺ​អ្នកស្រី អេលីហ្សាប៊ែត បេគឃើរ (Elizabeth Becker) នៅ​ក្នុង​កិច្ច​ដំណើរ​ការ​សវនាការ​សំណុំរឿង​លេខ ០០២ វគ្គ ២។
អ្នកស្រី អេលីហ្សាប៊ែត បេគឃើរ ក៏​ជា​អ្នក​និពន្ធ​សៀវភៅ​ទាក់ទង​នឹង​របប​ខ្មែរ​ក្រហម​ដែល​មាន​ចំណង​ជើង​ថា "ពេល​សង្គ្រាម​រលត់​ទៅ"។ នៅ​ក្នុង​របប​ខ្មែរក្រហម អ្នកស្រី​ធ្លាប់​បាន​ជួប​សម្ភាស​ជាមួយ​មេដឹកនាំ​កម្ពុជា​ប្រជាធិបតេយ្យ ដូចជា អៀង សារី, ជួន ប្រសិទ្ធ និង គាត ឈន់ ពេល​មាន​សន្និសីទ​កាសែត​នៅ​ឯ​អង្គការ​សហប្រជាជាតិ ទីក្រុង​ញីវយ៉ក សហរដ្ឋអាមេរិក។

អ្នកស្រី អេលីហ្សាប៊ែត បេគឃើរ ដែល​ជា​អតីត​អ្នក​កាសែត​ក្នុង​សម័យ​សង្គ្រាម​នៅ​កម្ពុជា នា​ដើម​ទសវត្សរ៍ ១៩៧០ ត្រូវ​បាន​អង្គ​ជំនុំជម្រះ​សាលា​ដំបូង នៃ​សាលាក្ដី​ខ្មែរក្រហម កោះ​ហៅ​ឱ្យ​មក​បំភ្លឺ​ដល់​ភាគី​ជុំវិញ​អង្គហេតុ​ទាក់ទង​នឹង​របប​ខ្មែរក្រហម ដែល​ជំនាញ​របស់​អ្នកស្រី។

ប្រធាន​អង្គ​ជំនុំជម្រះ​សាលា​ដំបូង លោក​ចៅក្រម និល ណុន ប្រកាស​ថា អ្នក​ស្រី អេលីហ្សាប៊ែត បេគឃើរ ត្រូវ​បាន​ភាគី​ក្នុង​សំណុំរឿង​ក្ដី ០០២ វគ្គ ២ កោះហៅ​ដោយសារ​តែ​ចំណេះ​ដឹង​ផ្ទាល់​ខ្លួន​របស់​អ្នកស្រី ពាក់ព័ន្ធ​នឹង​អង្គហេតុ​នានា ក្នុង​សម័យ​កម្ពុជា​ប្រជាធិបតេយ្យ ឬ​ហៅ​ថា របប​ខ្មែរក្រហម​ម្នាក់៖ «ទោះ​ជា​វត្តមាន​របស់​គាត់​នៅ​ក្នុង​ប្រទេស​កម្ពុជា ក្នុង​រយៈ​ពេល​នោះ​ក្ដី ឬ​តាម​រយៈ​កិច្ច​សម្ភាសន៍​ដែល​គាត់​បាន​ធ្វើ​ជាមួយ​មេដឹកនាំ ឬ​កម្មាភិបាល​ក្ដី ហេតុ​ដូច្នេះ​អង្គ​ជម្រះ​សូម​រំលឹក​ដល់​ភាគី​ថា ខណៈ​ដែល​លោកស្រី អេលីហ្សាប៊ែត បេគឃើរ ត្រូវ​បាន​កោះ​អញ្ជើញ​នៅ​ក្នុង​នាម​ជា​អ្នក​ជំនាញ លោកស្រី​អាច​នឹង​ត្រូវ​ចោទ​សួរ​អំពី​អង្គហេតុ​នានា ដែល​លោកស្រី​ដឹង​ផ្ទាល់​ទាក់ទង​ទៅ​នឹង​សំណុំរឿង​នេះ»

អ្នកស្រី អេលីហ្សាប៊ែត បេគឃើរ ជា​អតីត​អ្នក​យក​ព័ត៌មាន​ឱ្យ​កាសែត វ៉ាស៊ីនតុន ផូស (Washington Post) និង ញីវយ៉ក ថែមស៍ (The New York Times) ហើយ​ក៏​ជា​អ្នក​និពន្ធ​សៀវភៅ​ទាក់ទង​នឹង​របប​ខ្មែរក្រហម ដែល​មាន​ចំណង​ជើង​ថា "ពេល​សង្គ្រាម​រលត់​ទៅ" និង​អំពី​ជីវិត​ស្ត្រី​ម្នាក់​នៅ​ក្នុង​របប​នោះ គឺ​បុប្ផា​ណា។ អ្នកស្រី ត្រូវ​បាន​អង្គ​ជំនុំជម្រះ​សួរ​ដេញដោល​ជា​សំខាន់​លើ​អង្គហេតុ​នានា ពាក់ព័ន្ធ​នឹង​សម័យ​កម្ពុជា​ប្រជាធិបតេយ្យ ដូច​ជា គោល​នយោបាយ​បក្ស​កុម្មុយនិស្ត​កម្ពុជា ក្នុង​ការ​ប្រព្រឹត្ត​លើ​ក្រុម​ជាក់​លាក់​នានា ទំនាក់ទំនង​រវាង​កម្ពុជា​ប្រជាធិបតេយ្យ​ជាមួយ​វៀតណាម ការ​ចោទ​ប្រកាន់​លើ​របប​កម្ពុជា​ប្រជាធិបតេយ្យ​អំពី​ការ​រំលោភ​សិទ្ធិមនុស្ស​ទ្រង់ទ្រាយ​ធំ តាម​រយៈ​ទស្សនកិច្ច​នោះ និង​ការ​សម្ភាស​មេ​ដឹកនាំ​ និង​កម្មាភិបាល​ខ្មែរ​ក្រហម និង​ជន​ភៀសខ្លួន។ ពិសេស គឺ​ការ​ចោទ​សួរ​អំពី​ប្រភព​ព័ត៌មាន​នៃ​ការ​សរសេរ​សៀវភៅ ដែល​មាន​ចំណង​ជើង​ថា "ពេល​សង្គ្រាម​រលត់​ទៅ" និង​ដំណើរ​ទស្សនកិច្ច​របស់​អ្នកស្រី​មក​កម្ពុជា ក្នុង​របប​ខ្មែរក្រហម។

អ្នកស្រី អេលីហ្សាប៊ែត បេគឃើរ និង​អ្នក​កាសែត​មួយ​រូប​ទៀត គឺ​លោក រីឆាដ ដាត់មែន (Richard Dudman) ព្រម​ទាំង​សាស្ត្រាចារ្យ​ជាតិ​អង់គ្លេស​ម្នាក់ គឺ​លោក ម៉ាល់ខុម ខាល់វ៉ែល (Malcolm Caldwell) ត្រូវ​បាន​ពួក​ខ្មែរក្រហម​អញ្ជើញ​ឱ្យ​មក​ធ្វើ​ទស្សនកិច្ច​ជា​សាក្សី នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ នៅ​ចុង​ខែ​ធ្នូ ឆ្នាំ ១៩៧៨។

ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​អ្នកស្រី គឺ​ជា​ដំណើរ​គ្រោះថ្នាក់​មួយ ព្រោះ​នៅ​យប់​ចុង​ក្រោយ ​លោក សាស្ត្រាចារ្យ ម៉ាល់ខម ខាល់វ៉ែល ដែល​រួម​ដំណើរ​ជា​មួយ​អ្នកស្រី ត្រូវ​គេ​បាញ់​សម្លាប់។ អ្នកស្រី អេលីហ្សាប៊ែត បេគើរ រំលឹក​ថា នៅ​ពេល​ថ្ងៃ លោក ម៉ាល់ខុម ខាល់វ៉ែល បាន​ប្រាប់​លោក អៀង សារី អំពី​ការ​ខក​ចិត្ត​របស់​គាត់៖ «ម៉ាល់ខុម ខាល់វ៉ែល គាត់​បាន​ប្រាប់​លោក អៀង សារី និង​អ្នក​ផ្សេង​ទៀត​ថា គាត់​មាន​ការ​ខក​ចិត្ត​ថា កម្ពុជា និង​វៀតណាម​មាន​ចម្បាំង»

នៅ​ក្នុង​អំឡុង​ពេល​ខ្មែរក្រហម​កាន់​អំណាច អ្នកស្រី​ធ្លាប់​បាន​ជួប​សម្ភាស​ជា​មួយ ប៉ុល ពត អៀង សារី និង អៀង ធីរិទ្ធ មេដឹកនាំ​កម្ពុជា​ប្រជាធិបតេយ្យ និង​ជួប​កម្មាភិបាល​ផ្សេង​ទៀត ដូច​ជា ជួន ប្រសិទ្ធ គាត ឈន់ ពេល​មាន​សន្និសីទ​កាសែត​នៅ​ឯ​អង្គការ​សហប្រជាជាតិ ទីក្រុង​ញីវយ៉ក សហរដ្ឋអាមេរិក។

សក្ខីកម្ម​របស់​អ្នកស្រី អេលីហ្សាប៊ែត បេគឃើរ នឹង​ត្រូវ​ធ្វើ​បន្ត​ទៀត នៅ​ព្រឹក​ថ្ងៃ​ទី​១០ កុម្ភៈ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។