ចៅក្រម​នៅតែ​ខ្វែង​យោបល់​គ្នា​រឿង​ជំនុំ​ជម្រះ​ក្តី​អតីត​កម្មាភិបាល​ខ្មែរក្រហម​លោក អោ អាន

មួង ណារ៉េត
2018-08-16
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ជនត្រូវចោទ ក្នុងសាលាក្ដីខ្មែរក្រហម លោក អោ អាន។
ជនត្រូវចោទ ក្នុងសាលាក្ដីខ្មែរក្រហម លោក អោ អាន។
Photo courtesy of ECCC

ចៅក្រម​សាលា​ក្តី​ខ្មែរក្រហម នៅតែ​ខ្វែង​យោបល់​គ្នា​ខ្លាំង ក្នុង​រឿង​ជំនុំជម្រះ​ក្តី​អតីត​កម្មាភិបាល​ខ្មែរក្រហម​លោក អោ អាន។ ការ​ខ្វែង​យោបល់​គ្នា​នេះ ធ្វើ​ឲ្យ​ស្ថាប័ន​សហ​ចៅក្រម​ស៊ើបអង្កេត​តែមួយ​សោះ ចេញ​ដីកា​ដំណោះស្រាយ​ដាច់​ពី​គ្នា​ម្នាក់​មួយ គឺ​ចៅក្រម​ជាតិ​ចេញ​ដីកា​មួយ ឯ​សហ​ចៅក្រម​អន្តរជាតិ​ចេញ​ដីកា​មួយ​ដែរ ក្នុង​សំណុំរឿង​តែមួយ។ អ្នកឃ្លាំមើល​ដំណើរការ​កាត់​ក្តី ហៅ​ការ​មិន​មូល​មាត់​គ្នា​បែបនេះ គឺជា​បរាជ័យ​មួយ នៃ​សាលា​ក្តី​ខ្មែរក្រហម។

ការ​ខ្វែង​យោបល់​គ្នា​នេះ គឺ​ដោយសារ​សហ​ចៅក្រម​ជាតិ នៅតែ​ប្រកាន់​ជំហរ​ដាច់ខាត​របស់​ខ្លួន ថា​សាលា​ក្តី​ខ្មែរក្រហម គ្មាន​យុត្តាធិការ​បុគ្គល ក្នុង​ការ​នាំ​ខ្លួន​អតីត​កម្មាភិបាល​ខ្មែរក្រហម លោក អោ អាន ទៅ​ជំនុំ​ជម្រះ​ក្តី​បាន​នោះ​ទេ។

យុត្តាធិការ​បុគ្គល គឺ​សំដៅ​លើ​ដែន​សមត្ថកិច្ច​តុលាការ ក្នុង​ការ​ជំនុំជម្រះ​ប្រភេទ​បុគ្គល​ជាក់លាក់​មួយ​ចំនួន ដោយ​មិនមែន​ជា​ការ​កាត់ទោស​លើ​បុគ្គល​ទូទៅ​នោះ​ឡើយ។ សាលា​ក្តី​ខ្មែរក្រហម មាន​យុត្តាធិការ កាត់ទោស​បានតែ​លើ​បុគ្គល​ពីរ​ប្រភេទ​ប៉ុណ្ណោះ។ បុគ្គល​នោះ ត្រូវតែ​ជា​មេដឹកនាំ​ជាន់ខ្ពស់ ឬ​ជា​បុគ្គល​ម្នាក់​ក្នុងចំណោម​អ្នកទទួលខុសត្រូវ​ខ្ពស់​បំផុត ក្នុង​របប​ខ្មែរក្រហម។

ភាគី​ជាតិ​អះអាង​ថា​លោក អោ អាន មិនមែន​ជា​មេដឹកនាំ​ជាន់ខ្ពស់ ឬ​ជា​បុគ្គល​ម្នាក់ ក្នុង​ចំណោម​អ្នកទទួលខុសត្រូវ​ខ្ពស់​បំផុត​នោះ​ទេ។

ប៉ុន្តែ សហ​ចៅក្រម​ស៊ើបអង្កេត​អន្តរជាតិ មិន​យល់ស្រប​ដូច្នេះ​ទេ។ ភាគី​អន្តរជាតិ នៅតែ​ប្រកាន់​ជំហរ​ដាច់ខាត​របស់​ខ្លួន ថា​សាលា​ក្តី​ខ្មែរក្រហម ពិត​ជា​មាន​យុត្តាធិការ​បុគ្គល ក្នុង​ការ​នាំ​ខ្លួន​អតីត​កម្មាភិបាល​ខ្មែរក្រហម លោក អោ អាន ទៅ​ជំនុំ​ជម្រះ​ក្តី​បាន ព្រោះ​លោក អោ អាន ជា​បុគ្គល​ម្នាក់​ក្នុង​ចំណោម អ្នកទទួលខុសត្រូវ​ខ្ពស់​បំផុត ដែល​ភាគី​អន្តរជាតិ រក​ឃើញ​ភស្តុតាង​គ្រប់គ្រាន់ ដែល​អាច​ដាក់​បន្ទុក សម្រាប់​ចោទប្រកាន់​លោក អោ អាន ពី​បទ​ប្រល័យពូជសាសន៍​ជនជាតិ​ចាម និង ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ ក៏ដូចជា​បទល្មើស​ឧក្រិដ្ឋ​ផ្សេងៗ​ទៀត ដែល​ស្ថិត​ក្រោម​ច្បាប់​កម្ពុជា។

ការ​ខ្វែង​យោបល់​គ្នា​រវាង​ភាគី​ជាតិ និង​អន្តរជាតិ ក្នុង​ការ​នាំ​ខ្លួន​អតីត​កម្មាភិបាល​ខ្មែរក្រហម​បន្ថែម ដើម្បី​យក​មក​កាត់ទោស ឲ្យ​លើស​ពី​សំណុំរឿង ០០១ និង ០០២ ត្រូវ​គេ​សង្កេត​ឃើញ​ថា ជួប​ឧបសគ្គ​យ៉ាង​ច្រើន ដោយ​ភាគី​ជាតិ តែងតែ​ប្រកាន់​ជំហរ​ដាច់ខាត ថា​បុគ្គល​ទាំងនោះ មិនមែន​ជា​មេដឹកនាំ​ជាន់ខ្ពស់ ឬ មិនមែន​ជា​អ្នកទទួលខុសត្រូវ​ខ្ពស់​បំផុត។ ជាក់ស្ដែង​សំណុំរឿង ០០៣ និង ០០៤ ដែល​ពាក់ព័ន្ធ​នឹង​លោក មាស មុត អ្នកស្រី អ៊ឹម ចែម និង លោក យឹម ទិត្យ សុទ្ធតែ​ត្រូវ​ខាង​ភាគី​ជាតិ​ជំទាស់ ដោយ​សម្អាង​ថា គ្មាន​យុត្តាធិការ​បុគ្គល និង​ឈរ​លើ​គោលការណ៍​រក្សា​សន្តិភាព ស្ថិរភាព និង​ការ​បង្រួបបង្រួម​ជាតិ។ ការជំទាស់​នេះ ធ្វើ​ឲ្យ​ភាគី​អន្តរជាតិ មិន​ទទួល​បាន​ការ​សហការ និង​គាំទ្រ​ក្នុង​ការ​ស៊ើបអង្កេត​សំណុំរឿង​ទាំងនេះ​នោះ​ទេ។

សម្រាប់​អ្នកឃ្លាំមើល​ដំណើរការ​ជំនុំ​ជម្រះ​ក្តី នៃ​សាលា​ក្តី​ខ្មែរក្រហម​នេះ ការ​ខ្វែង​យោបល់​គ្នា​នេះ គ្មាន​អ្វី​ភ្ញាក់ផ្អើល​នោះ​ទេ។ អតីត​មន្ត្រី​កម្មវិធី នៃ​អង្គការ​ផ្ដួចផ្ដើម​យុត្តិធម៌​នៅ​កម្ពុជា ដែល​ឃ្លាំមើល​ការ​កាត់ក្តី​នេះ តាំងពី​ឆ្នាំ ២០០៤ លោក ឡុង បញ្ញាវុធ ប្រាប់​អាស៊ីសេរី​ថា នេះ​ជា​សញ្ញាណ​បង្ហាញ ឲ្យ​ឃើញ​អំពី​ភាព​បរាជ័យ​នៃ​សាលាក្តី​ខ្មែរក្រហម ដោយសារតែ​ការ​ខ្វះ​ឆន្ទៈ​នយោបាយ​ពី​ភាគី​ជាតិ ក្នុង​ការ​សហការ​ស៊ើប​អង្កេត លើ​សំណុំរឿង ០០៣ និង ០០៤។

ទោះជា​យ៉ាង​នេះ​ក្តី លោក ឡុង បញ្ញាវុធ ស្តី​បន្ទោស​ខ្លាំង​ទៅ​ខាង​អង្គការ​សហប្រជាជាតិ​ទៅវិញ​ទេ ដែល​លោក​អះអាង​ថា ខកខាន មិន​បាន​និយាយ​ការពិត ពាក់ព័ន្ធ​នឹង​ភាព​ខ្វះ​ឆន្ទៈ​នយោបាយ​ពី​ខាង​ភាគី​ជាតិ ក្នុង​ការ​ស៊ើបអង្កេត​សំណុំរឿង​បន្ថែម​ទាំងពីរ​នេះ៖ «អង្គការ​សហប្រជាជាតិ មិន​ហ៊ាន​ប្រកាស អំពី​កង្វះខាត​ឆន្ទៈ​នយោបាយ នៅ​ក្នុង​ការ​ជំរុញ​ឲ្យ​មាន​ដំណើរការ​ឲ្យ​លឿន ស៊ើបអង្កេត​ឲ្យ​បាន​ពេញលេញ»

តាម​ខ្លឹមសារ​នៃ​កិច្ចព្រមព្រៀង​បង្កើត​សាលាក្តី​ខ្មែរក្រហម ការ​ខ្វែងគំនិត​គ្នា​នេះ នឹង​ត្រូវ​ដោះស្រាយ​ជា​បន្ទាន់​ដោយ “​អង្គបុរេ​ជំនុំជម្រះ” ដែល​មាន​ចៅក្រម​ប្រាំ​រូប ដែល​បី​រូប​ជា​ចៅក្រម​ជាតិ និង ពីរ​រូប​ជា​ចៅក្រម​អន្តរជាតិ។

ប៉ុន្តែ ដោយសារតែ​បញ្ហា​ចម្រូងចម្រាស​នេះ លោក ឡុង បញ្ញាវុធ ប្រមើល​ឃើញ​នូវ​ភាព​ស្មុគស្មាញ ការ​អូស​បន្លាយ​ពេល និង​ការចំណាយ​ថវិកា​មិន​ដឹង​អស់​ប៉ុន្មាន​ថែមទៀត ទម្រាំ​អាច​ដោះស្រាយ​បញ្ចប់​ករណី​ទាំងនេះ​បាន៖ «បើសិនជា​សំណុំរឿង​ហ្នឹង​ទៅដល់​អង្គបុរេ ហើយ​អង្គបុរេ​រក​សំឡេង​គាំទ្រ​លើសលប់​អត់​បាន ដូច្នេះ​រឿង​នេះ​ត្រូវ​បញ្ជូន​ទៅ​អង្គ​ជនុំជម្រះ។ តើ​វា​នឹង​ត្រូវការ​ពេលវេលា​ប៉ុន្មាន​ខែ ប៉ុន្មាន​ឆ្នាំ​ទៀត»

ជុំវិញ​ឆន្ទៈ​របស់​ចៅក្រម ក្នុង​ការ​សម្រេច​សេចក្តី​រឿង​នេះ មន្ត្រី​នាំពាក្យ​សាលាក្តី​ខ្មែរក្រហម​លោក នេត្រ ភក្ត្រា សុំ​មិន​ធ្វើ​អត្ថាធិប្បាយ​អ្វី​ទាំងអស់ ប៉ុន្តែ​ស្នើ​ឲ្យ​រង់ចាំ​វិនិច្ឆ័យ ទៅ​តាម​តថភាព​ជាក់ស្ដែង របស់​សមត្ថកិច្ច​នៃ​អង្គជំនុំជម្រះ​ដែល​ពាក់ព័ន្ធ៖ «ទុក​ឲ្យ​ចៅក្រម​នៃ​អង្គ​បុរេជំនុំ​ជម្រះ បំពេញ​ការងារ​របស់​គាត់ ទៅតាម​វិជ្ជាជីវៈ»

មុន​បិទ​បញ្ចប់​ការស៊ើបអង្កេត​ក្នុង​រឿង​ក្តី​លោក អោ អាន ក្នុង​សំណុំរឿង ០០៤/០២ សាលា​ក្តី ខ្មែរក្រហម ប្រើ​ពេល​អស់ ៨ឆ្នាំ។ លោក អោ អាន ដាក់​ឲ្យ​ស្ថិត​ក្រោម ការស៊ើបអង្កេត ពី​អំពើ​ប្រល័យ​ពូជសាសន៍ លើ​ជនជាតិ​ចាម ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ រួមមាន​ការ​សម្លាប់​អតីត​ទាហាន លន់ នល់ ការ​បង្ខំ​ឲ្យ​រៀបការ ការ​ធ្វើ​ទារុណកម្ម ជាដើម និង​ការរំលោភ​លើ​ក្រមព្រហ្មទណ្ឌ​កម្ពុជា ឆ្នាំ ១៩៥៦ រួមមាន​មនុស្សឃាត​ដោយ​ចេតនា។ តាម​ឯកសារ​តុលាការ លោក អោ អាន មាន​តួនាទី​ជា​អនុ​លេខា​ភូមិភាគ​កណ្ដាល ត្រូវជា​អនុ​លេខា​របស់​លោក កែ ពក និង​ជា​លេខា​តំបន់​៤១ គ្រប់គ្រង ៥​ស្រុក នៅ​ខេត្ត​កំពង់ចាម ដែល​មាន​មនុស្ស​ស្លាប់​រាប់​ពាន់​នាក់។

រហូតមកដល់​ពេលនេះ សាលាក្ដី​ខ្មែរក្រហម​បើក​ដំណើរការ​កាត់ក្ដី​អស់​រយៈពេល​ជាង ១២ ឆ្នាំ​ហើយ និង​ចំណាយ​ថវិកា​អស់​ជាង ៣០០​លាន​ដុល្លារ​អាមេរិក។ ជា​លទ្ធផល សាលាក្ដី​នេះ​បាន​កាត់ទោស ឲ្យ​អតីត​មេ​គុក​ទួលស្លែង លោក កាំង ហ្កេកអ៊ាវ ហៅ ឌុច ក្នុង​សំណុំរឿង ០០១ ឲ្យ​ជាប់ពន្ធនាគារ​អស់​មួយ​ជីវិត។ អតីត​មេដឹកនាំ​ជាន់ខ្ពស់ ខ្មែរក្រហម​ពីរ​រូប គឺ​លោក ខៀវ សំផន និង នួន ជា ក្នុង​សំណុំរឿង ០០២/០២ ក៏​ត្រូវ​បាន​កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ​អស់​មួយ​ជីវិត​ផង​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល