"ការ​រើ​រូប​ចម្លាក់​រំឭក​ជនរងគ្រោះ​ប៉ះពាល់​សេចក្ដី​សម្រេច​របស់​ចៅក្រម​តុលាការ​ខ្មែរក្រហម"

ដោយ មួង ណារ៉េត
2018-02-01
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា លោក ឆាំង យុ ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​២៤ មីនា ឆ្នាំ​២០១៥ នា​រាជធានី​ភ្នំពេញ។
នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា លោក ឆាំង យុ ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​២៤ មីនា ឆ្នាំ​២០១៥ នា​រាជធានី​ភ្នំពេញ។
RFA/Uon Chhin

បញ្ហា​ដែល​សាលា​រាជធានី​ភ្នំពេញ ដក​រូប​ចម្លាក់​រំឭក​ដល់​ជន​រងគ្រោះ​ស្លាប់​នៅ​ក្នុង​របប​ខ្មែរក្រហម ចេញ​ពី​សួន​មុខ​ស្ថានទូត​បារាំង កាល​ពី​ពេល​ថ្មីៗ នេះ ត្រូវ​បាន​មតិ​​សាធារណជន​ខ្លះ និង​អ្នក​ជំនាញ​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម​មួយ​រិះគន់ ហាក់​មិន​បង្ហាញ​ចេតនា​ធ្វើ​អ្វី​ពិត​ប្រាកដ​សម្រាប់​ជនរងគ្រោះ។

ជន​រង​គ្រោះ​ពី​របប​ខ្មែរក្រហម និង​អ្នក​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម នៅ​តែ​ឆ្ងល់​អំពី​ចេតនា​ពិត​ប្រាកដ​របស់​សាលារាជធានី​ភ្នំពេញ ដែល​សម្រេច​ដក​រូប​ចម្លាក់ ​សម្រាប់​រំឭក​ដល់​ជន​រងគ្រោះ​ស្លាប់​នៅ​ក្នុង​របប​ខ្មែរក្រហម ចេញ​ពី​សួន​មុខ​ស្ថានទូត​បារាំង​នោះ កាល​ពី​ដើម​ខែ​មករា។

ប្រធាន​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ដែល​ធ្វើការ​ចង​ក្រង​ឯកសារ​ប្រវត្តិសាស្ត្រ​ទាក់ទង​នឹង​របប​ខ្មែរក្រហម លោក ឆាំង យុ មាន​ប្រសាសន៍​ថា ការ​រើ​យក​រូប​ចម្លាក់​ចេញ​ពី​សួន​មុខ​ស្ថានទូត​បារាំង​នោះ គឺ​ជា​បញ្ហា​ទាក់ទង​នឹង​ការ​មិន​គោរព​ដល់​សេចក្ដី​សម្រេច​របស់​ចៅក្រម​នៅ​សាលា​ក្តី​ខ្មែរ​ក្រហម។

លោក ឆាំង យុ ថ្លែង​ដូច្នេះ ដោយ​សារ​ថា រូប​ចម្លាក់​បែប​នេះ និង​ទីតាំង​រំឭក​នេះ គឺ​ជា​គម្រោង​សំណង​មួយ​សម្រាប់​ជនរងគ្រោះ បាន​ពី​ការ​ពិភាក្សា​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ ហើយ​សម្រេច​ដោយ​ចៅក្រម​នៅ​សាលា​ក្តី​​ខ្មែរក្រហម​នោះ៖ «ឆ្លងកាត់​ការ​ពិភាក្សា​ជាមួយ​នឹង​មេធាវី​ដើម​បណ្ដឹង​រដ្ឋប្បវេណី ជាមួយ​ជន​រងគ្រោះ ហើយ​ទាល់តែ​មាន​ការ​សម្រេច​ចិត្ត​ចៅក្រម​បាន​យើង​អាច​ធ្វើ​បាន ហើយ​ការ​ដែល​យើង​រើ​ទីតាំង ដែល​ចៅក្រម​បាន​ធ្វើការ​សម្រេច​ចិត្ត វា​ប៉ះពាល់​ដល់​អំណាច​នៃ​ការ​សម្រេច​ចិត្ត​របស់​ចៅក្រម​នៅ​ឯ​តុលាការ​កាត់​ទោស​មេដឹកនាំ​ខ្មែរក្រហម។ ក្នុង​ន័យ​ថា បើសិនជា​ការ​សម្រេច​ចិត្ត​មួយ​អាច​ផ្លាស់ប្ដូរ​ដោយ​គ្មាន​ឆ្លងកាត់​នីតិវិធី ឬ​ក៏​គ្មាន​ការ​ផ្ដល់​ដំណឹង​ជា​មុន​ដល់​មេធាវី​ដើម​បណ្ដឹង​រដ្ឋប្បវេណី វា​ធ្វើ​ឲ្យ​យើង​យល់​ថា គម្រោង​សំណង​នេះ​វា​គ្មាន​ន័យ ឬ​ក៏​មិន​មាន​ចេតនា​ពិតប្រាកដ ដើម្បី​ធ្វើ​ឡើង​សម្រាប់​ជន​រងគ្រោះ»

អាស៊ីសេរី​មិន​អាច​ទាក់ទង​បញ្ជាក់​ ពី​អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ម៉េត មាសភក្ដី អំពី​បញ្ហា​នេះ​បានទេ។ ប៉ុន្តែ​សារព័ត៌មាន​ភ្នំពេញ​ប៉ុស្តិ៍​បាន​សរសេរ​ថា លោក ឃួង ស្រេង ផ្ដល់​ហេតុផល​ អំពី​ការ​រើ​រូប​ចម្លាក់​នេះ​ ចេញ​ពី​ទីតាំង​មុខ​ស្ថានទូត​បារាំង​ យក​ទៅ​ដាក់​នៅ​សារមន្ទីរ​ប្រល័យ​ពូជសាសន៍​ទួល​ស្លែង ពីព្រោះ​ទីតាំង​ខាង​មុខ​ស្ថានទូត​បារាំង​នេះ ត្រូវ​ការ​យក​ទៅ​ធ្វើ​ជា​សួនច្បារ​វិញ។

រូបចម្លាក់​រំឭក​ជនរងគ្រោះ​នោះ ជា​រូប​មនុស្ស​ដួល​ដេក​ផ្ងារ​ក្រោយ ហើយ​ដៃ​សំពះ ធ្វើ​អំពី​ស្ពាន់​ដោយ​វិចិត្រករ ​ឈ្មោះ អ៊ឹង សេរ៉ា (Sera Ing) ជា​ជនរងគ្រោះ ដែល​មាន​ឪពុក​ស្លាប់​នៅ​ក្នុង​របប​ខ្មែរក្រហម។ រូប​ចម្លាក់​ដែល​ទើប​តែ​បាន​ដាក់​សម្ពោធ​ កាល​ពី​ដើម​ខែ​ធ្នូ ឆ្នាំ ២០១៧ ឥឡូវ​ត្រូវ​បាន​យក​ទៅ​ទុក​សារមន្ទីរ​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជសាសន៍​ទួល​ស្លែង។

ប្រធាន​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា លោក ឆាំង យុ មាន​ប្រសាសន៍​ថា ការ​ដាក់​តាំង​រូប​ចម្លាក់​នៅ​សួន​មុខ​ស្ថានទូត​បារាំង​នេះ គឺ​ជា​ការ​ជ្រើសរើស​របស់​សិល្បករ អ៊ឹង សេរ៉ា ហើយ​ជា​កន្លែង​ដែល​ជា​ចំណុច​មួយ ​នៃ​ការ​ចាប់​ផ្ដើម​ជម្លៀស​ប្រជាជន។ ម្យ៉ាង​ទៀត គម្រោង​សំណង​នេះ គឺ​ទាក់ទង​នឹង​ការ​​ជម្លៀស ប្រជាពលរដ្ឋ​ ចេញ​ពី​ទីក្រុង​ភ្នំពេញ ដោយ​បង្ខំ៖ «អ៊ីចឹង​វា​មាន​សារសំខាន់ គឺ​យើង​ដៅ​ចំ​ទី​កន្លែង ដើម្បី​ជា​និមិត្តរូប​ផង ដើម្បី​ជា​មេរៀន​ផង ដើម្បី​ជា​ការ​ដែល​បង្ហាញ​ថា អំពើ​ប្រល័យ​ពូជសាសន៍​នេះ វា​មិនមែន​កើត​តែ​លើ​ទួល​ស្លែង​ទេ គឺ​មាន​នៅ​កន្លែង​ផ្សេងៗ ទៀត ហើយ​ការ​ដែល​យើង​ដៅ​ទីតាំង​កន្លែង​នេះ គឺ​យើង​មាន​ហេតុផល ហើយ​ហេតុផល​នេះ​ត្រូវ​បាន​សម្រេច និង​អនុញ្ញាត​ដោយ​ចៅក្រម​ទៅ​ទៀត»

លោក ឆាំង យុ ថ្លែង​បញ្ជាក់​ថា ការ​ផ្លាស់ប្ដូរ​ទីតាំង ​ដោយ​មិន​មាន​នីតិវិធី​ត្រឹមត្រូវ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ឥទ្ធិពល ​នៃ​ការ​សម្រេច​ចិត្ត​របស់​ចៅក្រម​ទាំង​មូល៖ «វា​ធ្វើ​ឲ្យ​យើង​គិត​ថា ការ​សម្រេច​ចិត្ត​របស់​ចៅក្រម​នៅ​តុលាការ​ខ្មែរក្រហម​នេះ ដូច​ជា​មិន​សូវ​មាន​ឥទ្ធិពល។ អា​នេះ​វា​ប៉ះពាល់​ធ្ងន់ធ្ងរ​ចំពោះ​គម្រោង​ធ្វើ​ដើម្បី​ជា​សំណង ដែល​យើង​គិត​ថា​នៅ​ទី​នេះ កន្លែង​នេះ យើង​បាន​រួបរួម​អ៊ីចេះ ហើយ​យើង​បាន​ទៅ​សម្ពោធ​ទៀត។ អ៊ីចឹង​វា​ខ្វះ​ការ​គោរព​ដល់​ប្រជាជន​ជា​ច្រើន ដែល​យើង​គិត​ថា យើង​មិន​អាច​ផ្ដល់​សំណង​បាន តែ​យើង​បាន​ប្រឹងប្រែង​ឲ្យ​អស់​លទ្ធភាព ប៉ុន្តែ​សូម្បី​តូច​មួយ​យើង​ធ្វើ​មិន​បាន​ផង អ៊ីចឹង​វា​ធ្វើ​ឲ្យ​មាន​ការ​សួរ​សំណួរ​ថា តើ​យើង​មាន​ចេតនា​ពិត​ដែរ​ឬ​អត់ ធ្វើ​ឡើង​សម្រាប់​ជន​រងគ្រោះ

ទន្ទឹម​គ្នា​នេះ​ដែរ ជន​រងគ្រោះ​នៅ​ខេត្ត​កំពត​ម្នាក់ ដែល​ជា​ដើម​បណ្ដឹង​រដ្ឋប្បវេណី​ ក្នុង​សំណុំរឿង​លេខ ០០២ នៅ​សាលាក្ដី​ខ្មែរក្រហម លោកស្រី ប្រាក់ ស៊ីណាន មាន​ប្រសាសន៍​ថា លោកស្រី​ស្ដាយ​ពេល​ដែល​ឮ​ដំណឹង​ថា រូប​ចម្លាក់​រំឭក​ដល់​ជន​រងគ្រោះ ត្រូវ​បាន​រើ​ទៅ​ដាក់​នៅ​កន្លែង​ តែ​មួយ​ ឯ​អតីត​គុក​ទួល​ស្លែង ដូច្នេះ​នោះ«ពួក​ខ្ញុំ​ចង់​ឲ្យ​ដាក់​នៅ​ទួល​ស្លែង​ក៏​ដាក់ នៅ​ជើង​ឯក​ក៏​ដាក់ ហើយ​ដាក់​តាម​ទី​រួម​ខេត្ត​ទៀត ដើម្បី​ឲ្យ​ងាយ​ស្រួល​ក្នុង​ការ​គោរព​រំឭក ព្រោះ​អី​ដាក់​ដល់​ទួល​ស្លែង អ្នក​ធ្វើ​ដំណើរ​អត់​បាន​ឃើញ​ទេ ទាល់​តែ​អ្នក​ព្យាយាម​ទៅ​ជួប​កន្លែង​ហ្នឹង​តែ​ម្ដង ទើប​បាន​ឃើញ។ បើ​ដាក់​នៅ​ទូត​បារាំង បាន​ឃើញ​ទាំង​អស់​គ្នា អ្នក​ធ្វើ​ដំណើរ​ចេញចូល​បាន​ជួប»

លោកស្រី ប្រាក់ ស៊ីណាត ថ្លែង​ទៀត​ថា ការ​ដាក់​នៅ​ទួលស្លែង​កន្លែង​តែ​មួយ ដែល​មាន​ស្តូប​រំឭក​មួយ​ហើយ​នោះ នឹង​ធ្វើ​ឲ្យ​លំបាក​ដល់​ពួក​លោកស្រី ដែល​ចង់​ទៅ​ធ្វើ​ពិធី​រំឭក​ដល់​ជន​រងគ្រោះ៖ «ព្រោះ​អី​មួយ​កន្លែង​អ៊ីចឹង ពេល​ចូល​ទៅ​វា​មាន​ខ្មែរ មាន​ជនជាតិ​ដែល​គេ​ចូលរួម។ អ៊ីចឹង​ពួក​ខ្ញុំ​ពិបាក កាល​ណា​យើង​ទៅ​មិន​មែន​ទៅ​ម្នាក់​ឯង​ឯណា គឺ​ទៅ​គ្នា​ច្រើន។ បើសិនជា​ទៅ​គ្នា​អ៊ីចឹង គឺ​ចង្អៀត ព្រោះ​មនុស្ស​ច្រើន​ពេក។ អ៊ីចឹង​បាន​ពួក​ខ្ញុំ​ដើម​បណ្ដឹង​ហ្នឹង​ទាមទារ​ហើយ ព្យាយាម​ទាមទារ​ទៀត ដើម្បី​ឲ្យ​បាន​គ្រប់​ទី​រួម​ខេត្ត​ទាំង​អស់ មិន​ថា​ឡើយ​រូបសំណាក​ជា​ស្ពាន់ ឬ​ជា​ស៊ីម៉ង់​អី​ទេ។ ទាមទារ​ចង់​បាន​គ្រប់​កន្លែង ព្រោះ​អី​បើ​ពួក​ខ្ញុំ​ឡើង​ទៅ​គោរព​គ្នា ៤​ទៅ ៥​រយ​នាក់ ហើយ​បើសិនជា​ឲ្យ​ពួក​ខ្ញុំ​ឡើង​ទៅ​មួយ​ខេត្ត ៤ ទៅ ៥​រយ​នាក់ វា​ចង្អៀត​ទីក្រុង​បាត់​ហើយ ព្រោះ​ផ្លូវ​យើង​ចង្អៀត​ស្រាប់។ ម្ល៉ោះ​ហើយ​ពួក​ខ្ញុំ​បន្ថែម​ហូរហែ តែ​មិន​បាន​ដូច​បំណង​នៅ​ឡើយ​ទេ»

ទោះ​ជា​យ៉ាង​ណា​ក្ដី លោកស្រី ស៊ីណាត យល់​ថា ជន​រងគ្រោះ​ នឹង​មិន​អាច​ទទួល​បាន​យុត្តិធម៌​ទេ ព្រោះ​គម្រោង​សំណង ​ដែល​ទាមទារ​ដោយ​ជន​រងគ្រោះ ​ជា​ដើម​បណ្ដឹង​រដ្ឋប្បវេណី មិន​បាន​តាម​ការ​ស្នើសុំ​ឡើយ៖ «ពួក​ខ្ញុំ​ទាម​ទារ​ឲ្យ​រូប​សំណាក​ទាំងអស់​ ឲ្យ​ធ្វើ​គ្រប់​ខេត្ត ព្រោះ​ជនរងគ្រោះ​មាន​គ្រប់​ខេត្ត។ ប៉ុន្តែ កាល​ពួក​ខ្ញុំ​ទាម​ទារ​ រដ្ឋាភិបាល​មិន​ទាន់​សម្រេច​ឲ្យ​ គាត់​នៅ​តឹងតែង​រហូត​ចំពោះ​ដើម​បណ្ដឹង។ គាត់​ថា​ដើម​បណ្ដឹង​ទាមទារ​ច្រើន​ពេក។ ដូច្នេះ​យុត្តិធម៌​បាន​តាម​សំណូម​ពរ​របស់​ដើម​បណ្ដឹង ពួក​ខ្ញុំ​ថា​មិន​មាន​សង្ឃឹម​ទេ»

គម្រោង​សំណង​សមូហភាព និង​សំណង​ផ្លូវ​ចិត្ត​សម្រាប់​ជនរងគ្រោះ​ក្នុង​របប​ខ្មែរក្រហម ត្រូវ​បាន​អង្គភាព​គាំពារ​ជន​រងគ្រោះ​ នៃ​សាលាក្ដី​ខ្មែរក្រហម​ស្នើសុំ​ចំនួន ២៣​គម្រោង ហើយ​គម្រោង​សាងសង់​ស្តូប ឬ​ទី​រំឭក​ដល់​ជន​រងគ្រោះ​រូប​ចម្លាក់​នេះ គឺ​ជា​គម្រោង​ក្នុង​ចំណោម​គម្រោង​ទាំង ២៣​នោះ។

គម្រោង​ផ្សេង​ទៀត មាន​ដូច​ជា គម្រោង​បង្កើត​ឱ្យ​មាន​ទិវា​ចងចាំ ការ​ផ្ដួចផ្ដើម​ការ​ចង​ចាំ​ជា​សាធារណៈ ការ​ព្យាបាល​ផ្លូវ​ចិត្ត ការ​ចងក្រង​ក្រុម​ជួយ​គ្នា សម្រាប់​ស្ដារ​នីតិសម្បទា ការ​តាំង​ពិព័រណ៍ ​ស្ដីពី​ការ​ជម្លៀស​ដោយ​បង្ខំ ការ​ចង​ក្រង​មេរៀន​ ស្ដីពី​ការ​ជម្លៀស​ដោយ​បង្ខំ​ ដាក់​បញ្ចូល​ក្នុង​កម្មវិធី​សិក្សា​របស់​រដ្ឋ ការ​សាង​សង់​មជ្ឈមណ្ឌល​សិក្សា​សន្តិភាព ការ​ចង​ក្រង​សៀវភៅ​ស្ដី​អំពី​ដើម​បណ្ដឹង​រដ្ឋប្បវេណី ការ​បោះពុម្ព និង​ចែក​ចាយ​សាលក្រម​ក្នុង​សំណុំរឿង ០០២ វគ្គ ១ និង​ការ​បោះពុម្ព​ឈ្មោះ​ជន​រង​គ្រោះ ​នៅ​ក្នុង​គេហទំព័រ​សាលាក្ដី​ខ្មែរក្រហម​ជា​ដើម។ គម្រោង​សំណង​ទាំង ២៣​នេះ នឹង​ត្រូវ​ការ​ថវិកា​ចំនួន ៦​លាន​ដុល្លារ ដើម្បី​អនុវត្ត។ ក្នុង​ចំណោម​គម្រោង​សំណង​ចំនួន ២៣ គឺ​មាន​គម្រោង​សំណង ៥ ត្រូវ​ស្នើសុំ​ការ​គាំទ្រ​ពី​រដ្ឋាភិបាល​កម្ពុជា រី​ឯ​គម្រោង ១៨​ទៀត ត្រូវ​រក​​ប្រភព​ជំនួយ​គាំទ្រ​ពី​ខាង​ក្រៅ។ ជន​រងគ្រោះ​ដែល​តាំង​ខ្លួន​ជា​ដើម​បណ្ដឹង​ ក្នុង​សំណុំ​រឿង ០០២ វគ្គ ២ ចំនួន​ជិត ៤​ពាន់​នាក់ (.៨៦៧មាន​សិទ្ធិ​ទទួល​សំណង​សមូហភាព និង​ផ្លូវ​ចិត្ត​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

អ្នក​អាន​អនាមិក

ក្នុងនាមយើងខ្មែរជាជនរងគ្រោះ និងជាដើមបណ្តឹងផងនោះគឺ យើងបានធ្វើការតវ៉ានៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧ នៅមុខសាលាលក្តី ទៅខុទ្ទកាល័យរដ្ឋមន្ត្រី ទៅតាមស្ថានទូតនានាដែលមានការទាក់ទិនចាប់អារម្មណ៍ និងទៅដល់អង្គការសិទ្ធិមនុស្សប្រចាំអង្គការសហប្រជាជាតិនៅក្នុងប្រទេសកម្ពូជាទៀតផង ។
ក្នុងកិច្ចការសំណងដែលបានរៀបចំដោយមន្ត្រីសាលាក្តីកាលនោះមាន១៣គំរោង យើងបានអានសព្វគ្រប់ហើយយល់ឃើញថា មានតិតបំផុតដែលជនរងគ្រោះ ស្ទើតែពុំអាចទទួលយកបាន យើងបានធ្វើញ៉ាត់បញ្ជាក់ជូនទៅចៅក្រមសូមឲ្យលោកពិចារណាឡើងវិញ...តែសព្វថ្ងៃថែមដល់១០ទៀត ដោយយើងជាជនរងគ្រោះ និងជាដើមបណ្តឹងមិនបានដឹងថា ចំនួន១០ថែមទៀតនោះជាអ្វីផង។
ចំពោះការរុះរើរូបសំណាកដោយមន្ត្រីសាលាក្រុងរាជធានីភ្នំពេញនៅពេលនេះគឺ មិនមែនជាការមើលងាយមើលថោកដល់ជណរងគ្រោះតែប៉ុណ្ណេះទេ, តែជការប្រមាថមួយដល់ជនរងគ្រៅះ និងដល់មន្ត្រីចៅក្រមដែលជាស្ថាប័នចៅក្រមវិសាមញ្ញនៅក្នុងប្រទេសកមញពូជាតែម្តង ។ នេះយើងសុំមិនរៀបរាប់អំពីការឈឺចាប់ដែលរាជរដ្ឋាភិបាលដែលមានមេដឹកនាំស្ទើទាំអស់ជាអតីតមេខ្មែរក្រហមកុម្មុយនិស្តគំសំឡាប់មនុស្ស ដែលដូរព្រមទាំងធ្វើការបន្លំយកថ្ងៃទី២០ ខែ៖ឪសភាដែលពីដើមអោយឈ្មោះថា ជាថ្ងៃចងកំហឹង ដូរទៅជាថ្ងៃចងចាំវិញ។ យើងជាជនរងគ្រោះនៅបន្តតាមដានរឿងក្តីរបស់យើងមិនដាច់ពីខ្សែភ្នែក ព្រោះជាការកាប់សំឡាប់ដែលល្បីឈ្មោះថា ប្រល័យពូជសាសន៍នៅប្រទេសកម្ពូជានេះ៕

Mar 01, 2018 01:57 PM

គេហទំព័រ​ទាំងមូល