កិច្ចពិភាក្សាស្ដីពីបទពិសោធន៍ក្នុងសម័យខ្មែរក្រហម នឹងរៀបចំធ្វើឡើងនៅល្ងាចថ្ងៃអង្គារ ទី៨ ខែឧសភា ចាប់ពីម៉ោង ៧កន្លះល្ងាចដល់ម៉ោង ៩យប់ នៅសកលវិទ្យាល័យស្តែនហ្វដ (Stanford) ក្នុងរដ្ឋកាលីហ្វរនីញ៉ា (California)។
កញ្ញា ហេ សារ៉ា និស្សិតឆ្នាំទី៤ នៃសកលវិទ្យាល័យស្តែនហ្វដ ផ្នែកជីវវិទ្យា ដែលជាអ្នករៀបចំកិច្ចពិភាក្សានេះ បានប្រាប់អាស៊ីសេរី តាមទូរស័ព្ទថា អ្នកនិពន្ធសៀវភៅ «មុនដំបូងខ្មែរក្រហមសម្លាប់ប៉ាខ្ញុំ» (First They Killed my Father) អ្នកស្រី អ៊ឹង លួង នឹងមកចូលរួមជាវាគ្មិនក្នុងកិច្ចពិភាក្សានេះ។
កញ្ញា សារ៉ា សង្ឃឹមថា នឹងមានអ្នកចូលរួម យ៉ាងតិច ជាង៤០០នាក់ ក្នុងនោះរាប់ទាំងនិស្សិត និងប្រជាពលរដ្ឋខ្មែរ ដែលរស់នៅយ៉ាងច្រើនក្នុងរដ្ឋមួយនេះផង។
កញ្ញា ហេ សារ៉ា បន្តថា គោលបំណង សំខាន់នៃកិច្ចពិភាក្សានេះ គឺដើម្បីបង្ហាញពីវប្បធម៌ និងអារ្យធម៌ខ្មែរ ព្រមទាំងរំលឹកឡើងវិញនូវសោកនាដកម្មក្នុងជំនាន់ខ្មែរក្រហម ជាពិសេស ការកសាងជីវិតថ្មីរបស់ពលរដ្ឋខ្មែរជាច្រើនក្នុងទឹកដីសហរដ្ឋអាមេរិក ក្រោយដែលពួកគាត់រស់រានមានជីវិតពីរបបវាលពិឃាដនេះ៖ «យើងនឹងព្យាយាមជជែកពិភាក្សាពីបញ្ហាបទពិសោធន៍របស់ពលរដ្ឋខ្មែរ ដែលបានឆ្លងកាត់ក្នុងរបបខ្មែរក្រហម ដើម្បីឲ្យអ្នកដែលមកចូលរួម បានយល់ច្បាស់ពីមូលហេតុដែលយើងបានមកដល់ទីនេះ ពីព្រោះមានខ្លះ នៅមិនទាន់យល់អំពីរឿងនេះ ហើយពួកគេមិនបានដឹងទាល់តែសោះអំពីប្រវត្តិសាស្ត្រ និងវប្បធម៌របស់ខ្មែរ។ សំខាន់បំផុត យើងមានភ្ញៀវពិសេស គឺអ្នកស្រី អ៊ឹង លួង ដែលនឹងលើកឡើងពីការតស៊ូ ប្រឹងប្រែង របស់អ្នកស្រី ដើម្បីជម្នះឧបសគ្គគ្រប់បែបយ៉ាង រហូតដល់ទទួលបានជោគជ័យក្នុងជីវិត នៅសហរដ្ឋអាមេរិកនេះ ...»
សៀវភៅ «មុនដំបូងខ្មែរក្រហមសម្លាប់ប៉ាខ្ញុំ»(First They Killed my Father) គឺជាខ្សែភាពយន្តអន្តរជាតិខ្នាតធំ ដែលបានដឹកនាំដោយតារាល្បីល្បាញហូលីវូដ (Hollywood) គឺអ្នកស្រី អែនជេលីណា ចូលី (Angelina Jolie) ។ ខ្សែភាពយន្តនេះ រៀបរាប់ពីសោកនាដកម្មរបស់អ្នកនិពន្ធគឺអ្នកស្រី អ៊ឹង លួង ដែលត្រូវបានខ្មែរក្រហមយកឳពុកទៅសម្លាប់ កាលពីវ័យកុមារី។ ខ្សែភាពយន្តនេះ ទទួលបានជោគជ័យជាខ្លាំង ក្រោយដែលបានចាក់បញ្ចាំងតាមរយៈក្រុមហ៊ុន Netflix កាលពីខែកញ្ញា ឆ្នាំ២០១៧ កន្លងមកនេះ៕
