នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ កងឈ្លប គឺស្មើនឹងភ្នាក់ងារស៊ើបការណ៍សំងាត់របស់អង្គការខ្មែរក្រហម។ ពួកឈ្លប គឺជាភ្នែក ច្រមុះ ឬជាភ្នែកពិសេស ក្នុងចំណោមអ្វីដែលគេហៅថា អង្គការភ្នែកម្ចាស់។
យុវជនដែលត្រូវបានជ្រើសរើសឱ្យធ្វើជាឈ្លប ត្រូវបានបំពាក់បំប៉នទាំងគោលជំហរ និងទស្សនៈ ស្មារតី ឬលាងខួរក្បាលឱ្យគោរពតែមាគ៌ាអង្គការបដិវត្តន៍ជាដាច់ខាត។
ពួកគេទទួលបញ្ជាឱ្យដើរស៊ើបការណ៍ទាំងយប់ទាំងថ្ងៃ នៅថ្នាក់មូលដ្ឋាន និងរាយការណ៍ជូនថ្នាក់លើដោយ គ្មានការយោគយល់ ទោះជាសាច់ញាតិរបស់ខ្លួនក៏ដោយចុះ។ ប៉ុន្តែ ក្រុមអតីត កងឈ្លបនេះ មិនត្រូវបានគេចោទប្រកាន់ ឬកាត់ទោស ក្នុងតុលាការខ្មែរក្រហមនោះឡើយ។
តើកងឈ្លបខ្មែរក្រហម បានរួមចំណែកយ៉ាងដូចម្ដេចខ្លះ ក្នុងការធ្វើទារុណកម្ម និងកាប់សម្លាប់មនុស្សក្នុងរបបខ្មែរក្រហមចន្លោះពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ នោះ?
ការសិក្សាស្រាវជ្រាវ អំពីបុត្រសម្ព័ន្ធ នៃកម្មាភិបាលខ្មែរក្រហម និងអ្នកឆ្លងកាត់របបដ៏ជូរចត់នេះ បង្ហាញថា កងឈ្លប គឺជាក្រុមសំខាន់មួយក្នុងអង្គការចាត់តាំងដាច់ខាតរបស់ខ្មែរក្រហម ដែលជំរុញឲ្យមានការធ្វើទារុណកម្មមនុស្សយ៉ាងអមនុស្សធម៌រហូតដល់មានការសម្លាប់យ៉ាងអយុត្តិធម៌។
អ្នកសិក្សាស្រាវជ្រាវ អំពីរបបខ្មែរក្រហម និងជាអ្នកនិពន្ធ សៀវភៅ«នៅក្រោយទីងងឹត» លោក កែវ ដួង មានប្រសាសន៍ថា ការសិក្សាស្រាវជ្រាវ និងការស្រាវជ្រាវសៀវភៅ ដែលនិយាយអំពីប្រវត្តិខ្លះៗនៃកម្មាភិបាលខ្មែរក្រហម ដែលក្នុងនោះ មានទាំង កងឈ្លបខ្មែរក្រហមផងនោះ ធ្វើឲ្យលោក ដឹងច្រើនអំពីរបបអាវខ្មៅ ជាពិសេស ការស្លាប់មនុស្សជាច្រើនក្នុងរបបនេះ។
លោកថា ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ គេពង្រឹងខ្លាំង មែនទែន លើ បញ្ហាសន្តិសុខ ដោយ គេបង្កើតមន្ទីរសន្តិសុខជាច្រើន ក្នុងមូលដ្ឋាននីមួយៗ ដែលមានប្រមាណ២០០ ឬច្រើនជាងនេះ នៅតាមតំបន់នីមួយៗ ទូទាំងប្រទេស។
ក្រុមសន្តិសុខនេះ មានចែកជាដំណាក់កាលសំខាន់ៗ ដូចជា នៅថ្នាក់មជ្ឈិម ថ្នាក់ភូមិភាគ ថ្នាក់តំបន់ និងថ្នាក់មូលដ្ឋាន ឬថ្នាក់ក្រោមបំផុត ដែលមានក្រុមកងឈ្លបនេះឯង ។
កងឈ្លបមួយចំនួន ក្រុមខ្មែរក្រហមចាប់ផ្ដើមជ្រើសរើស តាំងពីនៅក្នុងអំឡុងកម្ពុជាកើតសង្គ្រាមស៊ីវិល ចន្លោះពីឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៥ និងមានជ្រើសរើសជាបន្តបន្ទាប់មកទៀត ទៅតាមតម្រូវការ។
លោក កែវ ដួង ឲ្យដឹងថា ក្នុងការជ្រើសរើស កងឈ្លប គឺពួកគេបានកំណត់នូវលក្ខខ័ណ្ឌមួយចំនួន ដូចជាអ្នកទាំងនោះ ភាគច្រើនជាកូនរបស់អ្នកមូលដ្ឋានផ្ទាល់ រួមមានវ័យកណ្ដាល និងក្រុមយុវវ័យ ហើយខ្លះមិនទាន់ពេញវ័យនៅឡើយក៏មាន៖ «អ៊ីចឹងគេមើលទៅលើប្រវត្តិ ជាអ្នកមូលដ្ឋាន អ្នកក្រីក្រ មិនសូវ មានចំណេះដឹង មួយទៀតគេមើលទៅលើពាក្យថា ដាច់ខាត ឬមិនដាច់ខាត ឈ្មោះត្រង់ជាមួយនឹងអង្គការប៉ុណ្ណា? នៅពេលរបបកម្ពុជាប្រជាធិបតេយ្យឡើងកាន់អំណាចពេញលេញ កងឈ្លប គេរើសចេញពីកងកុមារធំៗ ដែលមានអាយុចាប់ពី១៤ ទៅ ១៥ឆ្នាំឡើងទៅ និងមានចរិតច្រងេងច្រងាង កាចសាហាវនោះ នឹងចូលក្នុងលក្ខខ័ណ្ឌ ដែលគេត្រូវជ្រើសរើសហើយ»។
លោកបន្តថា អ្នកដែលចូលក្នុងកងឈ្លប ត្រូវអង្គការប្រមូលផ្តុំ យកមកបំពាក់បំប៉នស្មារតី ឱ្យចេះកំណត់រកមុខសញ្ញាអ្នកណាប្រឆាំងនឹងអង្គការ គឺអ្នកនោះជាខ្មាំងរបស់អង្គការ ត្រូវតែកម្ទេចចោល។ គេបង្រៀនឱ្យធ្វើចិត្តដាច់ ហើយស្មោះត្រង់នឹងអង្គការ ដោយគ្មានការយោគយល់អ្វីទាំងអស់ ទោះបីអ្នកនោះជាសាច់ញាតិ ឬឪពុកម្ដាយក៏ដោយ៖ «កងឈ្លប គឺមាននាទីការពារស៊ើបអង្កេត តាមដាន តាមចាប់អ្នកក្បត់អង្គការ ជាពិសេស ការពារកុំឲ្យមានខ្មាំងប្រឆាំងជាមួយអង្គការ»។
អ្នកស្រាវជ្រាវរូបនេះ អះអាងថា លោកបានជួបសម្ភាសន៍ជាមួយ និងអតីតកម្មាភិបាលខ្មែរក្រហម និងកងឈ្លបមួយចំនួន ពួកគាត់បង្ហាញថា ដើម្បីចង់ដឹងថា កងឈ្លបណាមួយចិត្តដាច់ ឬមិនដាច់ ស្មោះត្រង់នឹងអង្គការ ឬយ៉ាងណានោះ ពួកគេបានធ្វើពិសោធន៍ដោយឲ្យឈ្លបណាម្នាក់ ចុះទៅអនុវត្តផ្ទាល់ ហើយធ្វើលើបងប្អូនខ្លួនឯងតែម្តង៖ «អង្គការចាត់តាំងចង់ដឹងថា ឈ្លបក្មេង នឹងចិត្តដាច់ ឬមិនដាច់ គេឲ្យឈ្លបម្នាក់ ទៅចាប់បងរបស់គាត់ ដែលគេសង្ស័យថា ក្បត់អង្គការ ហើយបញ្ជូនទៅសម្លាប់នៅមន្ទីរសន្តិសុខស្រុក»។
នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ខ្មែរក្រហម របស់អ្វីៗ គ្រប់យ៉ាងទាំងអស់ សុទ្ធតែជារបស់អង្គការ ជារបស់រួម ឬរបស់សមូហភាព ពោលគឺគ្មានអ្វីជារបស់ឯកជនផ្ទាល់ខ្លួនទេ ក្នុងនោះរាប់ទាំង ស្រូវ អង្ករ ពោត សណ្ដែក ដំឡូង អំពៅ ផ្លែឈើ ថ្នាំជក់ ត្រី សាច់ សត្វ គោ ក្របី និងរបស់របរផ្សេងៗ ទៀត។ អ្នកដែលប៉ះពាល់របស់អស់ទាំងនេះ ទោះជាគ្រាន់តែសម្រាប់បរិភោគតិចតួចមួយចម្អែតក្រពះក៏ដោយ បើគ្មានការយល់ព្រមពីអង្គការទេ គឺអ្នកនោះត្រូវចោទជាខ្មាំង ក្បត់អង្គការ បំផ្លាញទ្រព្យសម្បត្តិអង្គការ ជាដើម ហើយត្រូវយកទៅធ្វើការកែប្រែអប់រំ ដាក់ពិន័យឱ្យធ្វើការធ្ងន់លើសធម្មតា ហើយបើកម្រិតធ្ងន់អាចត្រូវសម្លាប់ចោលក៏មាន។ ពលរដ្ឋណាមួយដែលត្រូវបានឈ្លបឃើញថា ក្បត់សមូហភាពហើយ គឺកម្រនឹងមានវាសនាល្អ ឬរួចទោសនោះទេ។
មេធាវីការពារក្តីតំណាងឲ្យដើមបណ្ដឹងរដ្ឋប្បវេណីក្នុងសំណុំរឿងខ្មែរក្រហម លោកហុង គឹម សួន ក៏បានឆ្លងកាត់ បទពិសោធន៍ពាក់ព័ន្ធនឹងរឿងកងឈ្លបក្នុងរបបខ្មែរក្រហមដែរ។ លោកថា កងឈ្លបធ្វើការបម្រើអង្គការចាត់តាំងខ្មែរក្រហម ដោយប្រកាន់ជំហរដាច់ខាត ហើយជាទូទៅ ពួកកងឈ្លបមិនមានកាន់កាំភ្លើងទេ ប៉ុន្តែគេប្រើដំបង កាំបិត ពូថៅ ជាដើម។ លោកបញ្ជាក់ថា ពួកឈ្លបទាំងនោះដែលនៅតាមភូមិ និងសហករណ៍មានអំណាច ឬមានឥទ្ធិពលខ្លាំងណាស់៖ «រាល់ថ្ងៃ រាល់យប់ពួកគេអ្នកតាមដានប្រជាជនក្នុងភូមិ ក្នុងសហករណ៍ គេធ្វើការទាំងថ្ងៃទាំងយប់ គឺគេដើរឈ្លបស្ដាប់ គឺគេចាត់ទុកអ្នកជាខ្មាំង ហើយពួកហ្នឹងជាជនដៃដល់សម្លាប់ប្រជាពលរដ្ឋខ្លាំង គឺពួកហ្នឹងឯង»។
តាមការជាក់ស្ដែង អង្គការថ្នាក់លើខ្មែរក្រហម ចាប់ពីថ្នាក់ភូមិឡើងទៅ ពឹងផ្អែកស្ទើរតែស្រុងលើកងឈ្លបក្នុងការប្រមូលព័ត៌មានពីសហគមន៍ ដើម្បីត្រួតត្រា និងសម្រេចផែនការសន្តិសុខរបស់ខ្លួន។ តាមរយៈនេះ ខ្មែរក្រហមបានបង្កភាពភ័យខ្លាច និងស្ថានភាពមិនទុកចិត្តគ្នារវាងពលរដ្ឋនៅក្នុងមូលដ្ឋានជាមួយគ្នា។ ដើម្បីបំបាក់ស្មារតីពលរដ្ឋខ្លួនឯង ខ្មែរក្រហមបានបង្កើតពាក្យស្លោកដ៏គួរឱ្យភ័យខ្លាច ដូចជា ពាក្យថា «អង្គការភ្នែកម្នាស់» និង «ជញ្ជាំងមានត្រចៀក»។
អង្គការភ្នែកម្នាស់៖
ផ្លែម្នាស់ពិតជាមានភ្នែកច្រើនមែន ហើយការប្រើន័យប្រៀបធៀបនេះ បង្កើតបានការមិនជឿតទុកចិត្តគ្នាក្នុងសហគមន៍ នៅពេលមនុស្សរស់នៅក្នុងក្រុម ឬក្នុងភូមិជាមួយគ្នាចាប់ផ្ដើមសង្ស័យគ្នា ថាអ្នកនេះ ឬអ្នកនោះអាចជាមនុស្សចាំលបមើលសកម្មភាពរបស់យើង ឬចាំឈ្លបយកការណ៍ពីយើងនៅពេលនិយាយអ្វីខុស ឬនិយាយប្រឆាំងអង្គការ។ បញ្ហានេះ ក៏បានបង្កឱ្យមានការមិនទុកចិត្តគ្នានៅក្នុងរង្វង់ក្រុមគ្រួសារជាច្រើនផងដែរ។
ជញ្ជាំងមានត្រចៀក៖
"ជញ្ជាំងមានត្រចៀក" ក៏ជាពាក្យស្លោកដ៏ព្រឺព្រួចមួយទៀតរបស់ខ្មែរក្រហម ប្រើប្រាស់ដើម្បីបំភិតបំភ័យសតិស្មារតីរបស់ប្រជាជនដែរ។
ខ្មែរក្រហមឃោសនាប្រាប់ប្រជាជនថា អង្គការដឹងទាំងអស់នូវអ្វីៗ ដែលអ្នកនិយាយ ពីព្រោះ «ជញ្ជាំងមានត្រចៀក» ដែលសំដៅដល់ទីណាក៏មានមនុស្សចាំលបស្ដាប់ការនិយាយស្ដីរបស់ប្រជាជនដែរ។ ពាក្យឃោសនានេះ បានធ្វើឱ្យប្រជាជនខ្មែរជាច្រើន នៅពេលនោះ ភ័យខ្លាច មិនហ៊ានហាមាត់និយាយស្ដីអ្វីផ្ទុយពីមាគ៌ាបដិវត្តន៍របស់ខ្មែរក្រហមឡើយ សូម្បីតែនៅក្នុងផ្ទះរបស់ខ្លួន ព្រោះខ្លាចជញ្ជាំងមានត្រចៀក។
អ្នកស្រាវជ្រាវអំពីរបបខ្មែរក្រហម លោក កែវ ដួង បានឲ្យដឹងថា កងឈ្លបណាដែលមិនបានអនុវត្តត្រឹមត្រូវ តាមមាគ៌ាអង្គការបក្សដាក់ឲ្យនោះ នៅតាមតំបន់ខ្លះ មិនបានឡើងតំណែង រីឯនៅតំបន់ខ្លះទៀត ពួកគេក៏ត្រូវមានទោសដែរ ក៏ប៉ុន្តែទោសនោះធ្ងន់ ឬស្រាល អាស្រ័យទៅលើសាច់រឿង និងតាមតំបន់នីមួយៗ ដោយគេបានកំណត់រៀងៗ ខ្លួន៖ «កន្លងមកតាមការសម្ភាសន៍ ឈ្លប នឹងដូចអត់ដែលមានទោសរហូតដល់ជាប់គុក ឬសម្លាប់ទេ ប៉ុន្តែអាចមាននៅកន្លែងផ្សេងទៀត ដូចជា នៅមន្ទីរសន្តិសុខ ស២១ ជាដើម»។
ទោះជាយ៉ាងណា អង្គជំនុំជម្រះវិសាមញ្ញនៃតុលាការកម្ពុជា ហៅកាត់ថា សាលាក្តីខ្មែរក្រហម ដែលបានបង្កើតឡើងតាំងពីឆ្នាំ២០០៦ ដែលមានការចូលរួមពីភាគីសហប្រជាជាតិនោះ កំណត់គោលដៅនាំខ្លួនមកកាត់ទោសតែមេដឹកនាំជាន់ខ្ពស់ និងអ្នកទទួលខុសត្រូវខ្ពស់បំផុត នៃរបបកម្ពុជាប្រជាធិបតេយ្យប៉ុណ្ណោះ។
មន្ត្រីនាំពាក្យ នៃសាលាក្តីខ្មែរក្រហម លោក នេត ភក្តា្រ បានបញ្ជាក់ថា អតីតកងឈ្លបក្នុងរបបខ្មែរក្រហម ត្រូវបានចៅក្រមនៃអង្គជំនុំជម្រះ កំណត់ឲ្យស្ថិតនៅខាងក្រៅដែនយុត្តាធិការ នៃតុលាការកូនកាត់មួយនេះ៖ «ប្រជាពលរដ្ឋមួយចំនួន ដែលបានមកសាលាក្តីខ្មែរក្រហម បានលើកឡើងថា ពួកគាត់អត់ដែលស្គាល់ លោក នួនជា ខៀវ សំផន ឬក៏ ឌុច ទេ ប៉ុន្តែគាត់ស្គាល់ជនដៃដល់ ដែលប៉ះពាល់ ធ្វើបាប និងសម្លាប់ពួកគាត់ ក្នុងសម័យខ្មែរក្រហម ហេតុអីបានជាមិនយកមកជំនុំជម្រះ? ដោយសារតែពួកគាត់មិនស្ថិតនៅក្នុងដែនកំណត់នៃយុត្តាធិការតុលាការ ហើយអ្នកដែលមានសិទ្ធិកំណត់លើរឿងនេះ គឺជាចៅក្រម តាមរយៈការស៊ើបអង្កេត និងមានភស្តុតាងត្រឹមត្រូវ»។
ចំណែក មេធាវីការពារក្តីតំណាងឲ្យដើមបណ្ដឹងរដ្ឋប្បវេណី ក្នុងសំណុំរឿងខ្មែរក្រហម លោក ហុង គឹមសួន ក៏បានបញ្ជាក់ដែរថា ទោះបីជនរងគ្រោះ ជាដើមបណ្ដឹងរដ្ឋប្បវេណី ចង់ប្ដឹងអតីត កងឈ្លប សេនាជន ឬក៏យោធា ស្រុក ជាដើម នោះ គឺសាលាក្ដីខ្មែរក្រហម មិនអាចទទួលយកបានទេ ព្រោះច្បាប់ស្ដីពីសាលាក្ដីខ្មែរក្រហមពុំបានគ្របដណ្ដប់ចំណុចនេះឡើយ។
ទោះជាយ៉ាងនេះក្តី លោកថា នៅក្នុងការបង្ហាញអង្គហេតុលើពាក្យបណ្ដឹងរបស់ជនរងគ្រោះ ពួកគាត់បានលើកចំឈ្មោះអ្នកពាក់ព័ន្ធមួយចំនួនដែលមានតួនាទីជាឈ្លប ឬប្រធានកងឈ្លប ដែលបានធ្វើបាបពួកគាត់ធ្ងន់ធ្ងរ៖ «ពួកគាត់គ្រាន់តែរៀបរាប់ឈ្មោះពួកអស់ហ្នឹង ដែលបានចាប់សាច់ញាតិ ឬរូបគាត់ផ្ទាល់ ទៅសម្លាប់ ឬធ្វើទារុណកម្មជាដើម ប៉ុន្តែមិនសុំឲ្យចោទប្រកាន់ ឬកាត់ពួកទាំងអស់នោះទេ»។
អ្នកសិក្សាស្រាវជ្រាវ អំពីរបបខ្មែរក្រហម និងជាអ្នកនិពន្ធ សៀវភៅ«នៅក្រោយទីងងឹត» លោក កែវ ដួង មាន ប្រសាសន៍ថា ក្នុងចំណោម អតីតកម្មាភិបាល និងកងឈ្លប ខ្មែរក្រហម ជិត១០នាក់ ដែល លោក បានជួប សម្ភាសន៍ គឺពួកគាត់ មិនសូវ បង្ហាញ រឿងពិតរបស់ខ្លួនផ្ទាល់ទេ ប៉ុន្តែពួកគាត់រៀបរាប់អំពីរឿងរ៉ាវសកម្មភាពឈ្លបដទៃក្រៅពីខ្លួនគាត់ថា កងឈ្លប ពិតជាបានធ្វើការពាក់ព័ន្ធនឹងការចាប់ចងមនុស្ស យកទៅដាក់ទារុណកម្មធ្ងន់ធ្ងរ និងយកទៅសម្លាប់ចោល តាមបញ្ជារបស់អង្គការថ្នាក់លើ។
ពួកគាត់ប្រាប់ថា មិនមានវិប្បដិសារី ចំពោះការដែលខ្លួនបានធ្វើមិនល្អទៅលើសាច់ញាតិ ឬពលរដ្ឋក្នុងភូមិជាមួយគ្នានោះទេ ព្រោះថាជាការធ្វើតាមបទបញ្ជារបស់អង្គការ។ ជាមួយគ្នានោះ ពេលខ្លះពួកគាត់ ក៏ប្រថុយធ្វើអំពើល្អបានខ្លះដែរ ដូចជា ជួយលាក់បាំងសកម្មភាពពលរដ្ឋខ្លះ ដែលអង្គការថ្នាក់លើចាត់ទុកជាអំពើក្បត់ និងជាខ្មាំងប្រឆាំងនឹងអង្គការ ឬមិនអនុវត្តទាំងស្រុងតាមបញ្ជារបស់អង្គការជាដើម។ ពួកគេអះអាងថា មធ្យោបាយទាំងនេះធ្វើឡើងទាំងប្រថុយគ្រោះថ្នាក់ដល់ខ្លួនឯង ប៉ុន្តែបានជួយសង្គ្រោះជីវិតមនុស្ស ឲ្យរួចពីសេចក្ដីស្លាប់បានមួយចំនួនដែរ។
នៅដើមខែមករា ឆ្នាំ១៩៧៩ កងទ័ពវៀតណាមជាង ១២ម៉ឺននាក់ បានបើកការវាយលុកឈ្លានពានចូលប្រទេសកម្ពុជា បណ្ដេញរដ្ឋាភិបាលខ្មែរក្រហមចេញពីអំណាច។
គិតមកត្រឹមដើមខែមករា ឆ្នាំ២០១៩ នេះ គឺជាខួបគម្រប់ ៤០ឆ្នាំគត់នៃការដួលរលំនៃរបបកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។