អ្នក​ឆ្លងកាត់​របប​ខ្មែរ​ក្រហម បន្ត​រំឭក​រឿង​ដ៏​ឈឺចាប់​ពេល​ដែល​ក្រុងភ្នំពេញ​ធ្លាក់​ក្នុង​ដៃ​ខ្មែរក្រហមកាល​ពី​ថ្ងៃ​ទី​១៧ មេសា ១៩៧៥

ដោយ មួង ណារ៉េត
2022.04.18
Share on WhatsApp
Share on WhatsApp
អ្នក​ឆ្លងកាត់​របប​ខ្មែរ​ក្រហម បន្ត​រំឭក​រឿង​ដ៏​ឈឺចាប់​ពេល​ដែល​ក្រុងភ្នំពេញ​ធ្លាក់​ក្នុង​ដៃ​ខ្មែរក្រហមកាល​ពី​ថ្ងៃ​ទី​១៧ មេសា ១៩៧៥ ខ្មែរ​ក្រហម​ជម្លៀស​ប្រជាជន​ចេញ​ពី​ទីក្រុង​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​១៧ ខែ​មេសា ឆ្នាំ​១៩៧៥។
រូបថត​ឯកសារ​ពី​សារមន្ទីរ​គុក​ទួលស្លែង

អ្នក​ឆ្លងកាត់​របប​ខ្មែរក្រហម បន្ត​រំឭក​ការ​ឈឺ​ចាប់ពី​ការ​បែកបាក់​គ្រួសារ និង​ការ​កាប់​សម្លាប់​មនុស្ស កាលពី​៤៧​ឆ្នាំមុន នៃ​ព្រឹត្តិការណ៍​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ១៩៧៥ ក្រោយ​ពិធីបុណ្យ​ចូល​ឆ្នាំថ្មី នៅ​ពេល​កងទ័ព​កុម្មុយនិស្ត​ខ្មែរក្រហម វាយលុក​ចូល​ទៅ​ក្រុងភ្នំពេញ ផ្តួល​រំលំ​របប​សាធារណរដ្ឋ​ខ្មែរ របស់​សេនាប្រមុខ លន់ នល់។ អតីត​ជន​រងគ្រោះ​ក្នុង​របប​ខ្មែរក្រហម​រំឭក​ថា ពួកគាត់​ចងចាំ​មិន​ភ្លេច​ទេ អំពី​រឿងរ៉ាវ​អតីតកាល​ដ៏​ឈឺចាប់ និង​អំពាវនាវ​ឱ្យ​អ្នក​នយោបាយ និង​អ្នកដឹកនាំ​ប្រទេស​បច្ចុប្បន្ន កុំ​ចាត់ទុក​ខ្មែរ​ដូចគ្នា​ជាស​ត្រូវ ហើយ​ត្រូវ​រួបរួម ឯកភាព​ជាតិ ដើម្បី​កុំឱ្យ​ប្រវត្តិសាស្ត្រ​អាក្រក់​មួយ​នេះ កើតឡើង​ម្តង​ទៀត។

កាលពី​ ៤៧​ឆ្នាំមុន ក្រោយ​ចប់​ពិធីបុណ្យ​ចូល​ឆ្នាំថ្មី​ប្រពៃណី​ខ្មែរ គឺ​នៅ​ថ្ងៃ​១៧ ខែមេសា ឆ្នាំ​១៩៧៥ គឺជា​ពេលវេលា​ចលាចល​ខ្លាំង​បំផុត ដោយសារ​កងទ័ព​កុម្មុយនិស្ត​ខ្មែរក្រហម​បាន​វាយលុក​ចូល​ដល់​ក្រុង​ភ្នំពេញ​។ ភ្លាមៗ​ ក្រុម​ខ្មែរ​ក្រហម​បាន​បង្កើត​របប​ដឹកនាំ​ថ្មី​មួយ​ដោយ​ដាក់​ឈ្មោះ​ថា កម្ពុជា​ប្រជាធិបតេយ្យ​។ ពលរដ្ឋ​ខ្លះ​នៅតែ​ចងចាំ​ព្រឹត្តិការណ៍​នោះ​ដដែល ទោះបីជា​វា​បាន​កន្លង​ហួស​ទៅ​រយៈពេល​ជាង​៤ ទសវត្សរ៍​ទៅ​ហើយ​ក្តី មូលហេតុ គឺ​ដោយសារ​ព្រឹត្តិការណ៍​នោះ​ជា​របត់​នយោបាយ​ដ៏​សំខាន់ ដែល​នាំ​ឱ្យ​ទៅ​រក​ការ​កាប់​សម្លាប់ និង​ការ​បាត់​បង់ជីវិត​ពលរដ្ឋ​ខ្មែរ​រាប់​លាន​នាក់។

អតីតជន​រងគ្រោះ​ក្នុង​របប​ខ្មែរក្រហម និង​បច្ចុប្បន្ន​ជា​អនុប្រធាន​ក្រុមប្រឹក្សាភិបាល​គណបក្ស​សង្គ្រោះ​ជាតិ​ក្រៅប្រទេស លោក លី សុខា ថ្លែង​ថា ទោះបី​ព្រឹត្តិការណ៍​ក្រុង​ភ្នំពេញ​បាន​ធ្លាក់​ក្នុង​កណ្តាប់​ដៃ​កងទ័ព​កុម្មុយនិស្ត​ខ្មែរក្រហម​កន្លង​ផុត​ទៅ​រយៈ ៤៧​ឆ្នាំ ក៏ដោយ ក៏​លោក​នៅតែ​នឹកឃើញ​រឿងរ៉ាវ​ដែល​មិនអាច​បំភ្លេច​នូវ​ទុក្ខ​វេទនា ការ​បែក​បាក់​គ្រួសារ និង​ការឈឺចាប់​ទាំងនោះ​បាន​ទេ​។ លោក​ថា​កាល​ថ្ងៃទី​១៧ ខែ​មេសា ឆ្នាំ​១៩៧៥ លោក​មាន​អាយុ​ ១៤​ឆ្នាំ ពេល​​នោះ​គ្រួសារ​របស់​លោក​រស់នៅ​ខាងកើត​ផ្សារ​អូរឫស្សី ក្រុង​ភ្នំពេញ ដោយ​លោក​បានឃើញ​ក្រុម​ទាហាន​បាក់ទ័ព និង​ពលរដ្ឋ​ភាគច្រើន​លើ​ទង់ជ័យ​ស​ពាសពេញ​ក្រុង ដោយ​គិតថា​ កងទ័ព​សាធារណរដ្ឋ​ខ្មែរ និង​កងទ័ព​ខ្មែរក្រហម​អាច​ចរចា​បញ្ចប់​ស​ង្គ្រោ​ម​នាំមក​នូវ​សេចក្តី​សុខ​សាន្តត្រាណ​ជូន​ពលរដ្ឋ។

លោក​រៀបរាប់​បន្ត​ថា ក្រោយ​ចូល​ក្រុង​ភ្នំពេញ​មិន​ទាន់​ស្រួលបួល​ផង កងទ័ព​ខ្មែរក្រហម​ចាប់ផ្តើម​បាញ់​គ្រាប់​កាំភ្លើង​ឡើងលើ ឮសូរ​សំឡេង​ភ្ញាក់​ផ្អើល​ពេញទី​ក្រុង ដោយ​ប្រើ​អំពើ​ហិង្សា គំរាមកំហែង​បណ្តេញ​ពលរដ្ឋ​ឱ្យ​ចេញ​ពីផ្ទះ​ទាំង​បង្ខំ ហើយ​មន្ត្រី​រាជការ និង​ទាហាន​មួយ​ចំនួន​ត្រូវ​បាញ់​សម្លាប់​នៅ​នឹង​កន្លែង​។ លោក​បញ្ជាក់​ថា ពេលនោះ​មនុស្សម្នា​ចាប់​កាន់​បង្វិច​ខោអាវ​ដើរ​តាម​ដងផ្លូវ​យ៉ាង​កកកុញ​ចេញ​ពី​ទីក្រុង​ភ្នំពេញ​។ ចំណែក​គ្រួសារ​របស់​លោក​ជម្លៀស​តាមផ្លូវ​ស្ទឹងមានជ័យ​ទៅ​ខេត្ត​តាកែវ ហើយ​បន្ទាប់​មក​ជម្លៀស​ទៅ​ខេត្ត​កំពង់ចាម៖ «សំឡេង​អាវុធ​ពាសពេញ​ទីក្រុង​ភ្នំពេញ​ហ្នឹង គឺ​បណ្តេញ​តែម្តង ឱ្យ​ចាក​ចេញ​ពីផ្ទះ​ជាបន្ទាន់ ទោះ​អ្នកខ្លះ​មាន​ឪពុកម្ដាយ​ឈឺ ឬ​ជន​ពិការ​នៅ​ក្នុង​ត្រូវ​តែ​បង្ខំ​ខ្លួន​ទុកចោល ឬក៏​នាំគ្នា​សែង ឬ​ដាក់​រទេះ​ណា​ដែល​យក​ទៅ​កើត»

ស្រដៀង​គ្នា​នេះ អតីតជន​រងគ្រោះ​ក្នុង​របប​ខ្មែរក្រហម​ម្នាក់ទៀត និង​បច្ចុប្បន្ន​ជាមន្ត្រី​សម្របសម្រួល​អង្គការ​លី​កាដូ ប្រចាំ​ខេត្ត​ស្វាយរៀង លោក នុត បូពិណ្ណារ័ត្ន រៀបរាប់​ថា ចំ​ថ្ងៃ​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​ក្នុង​ព្រឹត្តិការណ៍​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​១៩៧៥ លោក​នៅតែ​ជាប់​ដិត​ដាន​ក្នុង​ចិត្ត​រហូតដល់​បច្ចុប្បន្ន​នេះ ដោយសារ​អំពើ​ឃោរឃៅ​ពី​កងទ័ព​ខ្មែរក្រហម​។ លោ​ក​ថា ជំនាន់​នោះ​លោក​មាន​អាយុ​ ១៤​ឆ្នាំ និង​រស់នៅ​តំបន់​បុរីកីឡា​បាន​ឃើញ​កងទ័ព​ខ្មែរក្រហម​បាន​បើក​រទេះ​តង់ ដោត​ទង់​ពណ៌​ក្រហម​ប្រកាស​តាម​មេក្រូ​ឱ្យ​ពលរដ្ឋ​ទទួល​ស្វាគមន៍​ពី​ការ​រំដោះ​ដោយ​ជោគជ័យ​របស់​ពួកគេ។ លោក​បន្ត​ថា ពលរដ្ឋ​ចាប់ផ្តើម​ភ័យ​ស្លន់ស្លោរ ក្រោយ​ពេល​កងទ័ព​ខ្មែរក្រហម​បង្ខំ​ឱ្យ​ចាក​ចេញពី​ក្រុងភ្នំពេញ​ភ្លាមៗ ហើយ​គ្រួសារ​របស់​លោក​ត្រូវ​បាន​ជម្លៀស​ទៅ​រស់នៅ​ស្រុក​ត្រាំកក់ ខេត្ត​តាកែវ​។ ចំណែក​តាម​ដងផ្លូវ​វិញ​លោក​ប្រទះ​ឃើញ​មនុស្ស​ស្លាប់​ជា​ហូរហែ៖ «យើង​មើល​ទិដ្ឋភាព​កាល​ចេញ​ពី​ទីក្រុង​ភ្នំពេញ​ដែល​អ្នក​មូលដ្ឋាន​ហៅ​អ្នក​ ១៧ មេសា​ហ្នឹង យើង​ឃើញ​ព្រឹត្តិការណ៍​ទាំងអស់​ហ្នឹង ឃើញ​ខ្មោច​តាម​ដងផ្លូវ​យើង​មាន​ការ​ភិតភ័យ​ខ្លាំង​ណាស់ ឃើញ​ទ័ព​ខ្មែរក្រហម​ដេញ​មនុស្ស ហើយ​ឥឡូវ​មានការ​ភិតភ័យ​រឿង​ចំបាំង​អី​ពី​របប ប៉ុល ពត»

ពួក​ខ្មែរក្រហម​បាន​បណ្តេញ​ពលរដ្ឋ​ចេញពី​ទីក្រុង​ភ្នំពេញ​ដោយ​បង្ខំ​ឱ្យ ទៅ​រស់​នៅ​តាម​ជនបទ​ចុង​កាត់មាត់ញក និង​តាម​ព្រៃភ្នំ ក្នុង​ស្ថានភាព​លំបាក​អត់ឃ្លាន ការ​ធ្វើ​ទារុណកម្ម ធ្វើការ​ហួសកម្លាំង និង​ឈឺ​ថ្កាត់​គ្មាន​ថ្នាំ​ព្យាបាល​ត្រឹមត្រូវ និង​អំពើ​ឃោរឃៅ​ផ្សេងៗ ​ទៀត​។ មូលហេតុ​ទាំងនេះ​បូករួម​ទាំង​ការ​កាប់​សម្លាប់​ផង បាន​បណ្ដាល​ឱ្យ​ប្រជាពលរដ្ឋ​ស្លាប់​ជិត ២​លាន​នាក់ ក្នុង​ចំណោម​ពលរដ្ឋ​ខ្មែរ​សរុប​ជិត ៨​លាន​នាក់​នៅ​គ្រានោះ។

ក្រៅពី​ជនរងគ្រោះ​ក្នុង​របប​ខ្មែរក្រហម អតីត​កម្មាភិបាលជាន់ខ្ពស់​ខ្មែរក្រហម​ខ្លួនឯង ក៏​បាន​ទទួលស្គាល់​ដែរ​ថា ព្រឹត្តិការណ៍​ថ្ងៃ​១៧ មេសា នោះ គឺជា​ចំណុច​ចាប់ផ្តើម​នៃ​មហន្តរាយ​នៅ​កម្ពុជា។

ជុំវិញ​រឿង​នេះ អតីតជន​រងគ្រោះ​ក្នុង​របប​ខ្មែរក្រហម និង​បច្ចុប្បន្ន​ជា​ប្រធាន​សហភាព​សហជីព​កម្ពុ​ជា លោក រ៉ុង ឈុន ថ្លែង​​ថា​ថ្ងៃទី​១៧ ខែមេសា​លោក​ចងចាំ​ក្នុង​អារម្មណ៍​ជានិច្ច​ដែល​កងទ័ព​ខ្មែរក្រហម​វាយ​កាន់កាប់​ក្រុងភ្នំពេញ ដោយ​ជម្លៀស​សាច់ញាតិ​របស់លោក​មក​ស្រុកកំណើត​នៅ​ស្រុក​ស្អាង ខេត្ត​កណ្តាល​។ លោក​ឱ្យ​ដឹង​ថា រឿងរ៉ាវ​ដ៏​អាក្រក់​បំផុត​នោះ បងប្រុស​របស់​លោក​ម្នាក់​ត្រូវ​ខ្មែរក្រហម​បង្ខំ​ឱ្យធ្វើ​ការ​រហូត​ដល់​ស្លាប់។

លោក រ៉ុង ឈុន បន្ថែម​ថា​ប្រវត្តិសាស្ត្រ​ដ៏​ជូរចត់​មួយ​នេះ គឺជា​មេរៀន​សម្រាប់​អ្នកនយោបាយ​ខ្មែរ ត្រូវ​រួបរួម សាមគ្គី​គ្នា ដើម្បី​ផល​ប្រ​ផលប្រយោជន៍​ជាតិ​ដោយ​ទប់ស្កាត់​កុំឱ្យ​កើតឡើង​ម្តង​ទៀត​។ លោក​បញ្ជាក់​ថា មានតែ​ការដឹកនាំ​ប្រទេស​តាម​បែបបទ​ប្រជាធិបតេយ្យ​តាមរយៈ​ការបោះឆ្នោត​ទេ ទើប​អាច​សន្តិភាព និង​សុខសាន្តត្រាណ​ជូន​ពលរដ្ឋ​ពិតប្រាកដ​។ ទោះ​យ៉ាងណា​លោក​ព្រួយ​បារម្ភ​ចំពោះ​ការដឹកនាំ​របស់​រដ្ឋាភិបាល​បច្ចុប្បន្ន​ដែល​កំពុង​ដើរ​ចាក​ឆ្ងាយ​ពី​កន្លង​ប្រជាធិបតេយ្យ និង​ផ្ទុយ​ពី​ស្មារតី​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស៖ «ចំណុច​ទាំងអស់​នេះ យើង​ព្រួយបារម្ភ​មិន​ចង់​ឃើញ​ប្រទេស​ធ្លាក់​ចូល​របប​កុម្មុយនិស្ត ឬ​សង្គមនិយម​កុម្មុយនិស្ត​ម្តង​ទៀត​ទេ​បាទ ហើយ​គ្មាន​អ្វី​ដែល​ល្អ​ប្រសើរ​ជា​របប​លទ្ធិប្រជាធិបតេយ្យ ហើយ​ផ្លាស់ប្ដូរ​អំណាច​តាមរយៈ​ការបោះឆ្នោត​ទេ ដែល​ល្អ​បំផុត​ផ្តល់​សេចក្តី​សុខ​ដល់​ពលរដ្ឋ»

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​អ្នកនាំពាក្យ​រដ្ឋាភិបាល​លោក ផៃ ស៊ីផាន ដើម្បី​បញ្ជាក់​ជុំវិញ​រឿង​នេះ​បាន​ទេ​នៅ​ថ្ងៃទី​១៧ ខែ​មេសា​។ ព្រឹត្តិការណ៍​១៧ ខែមេសា​ឆ្នាំនេះ ទាំង​រដ្ឋាភិបាល គណបក្ស​ប្រឆាំង និង​អង្គការ​សង្គម​ស៊ីវិល ពុំ​បាន​រៀបចំ​ពិធី​រំលឹក​ខួប​នោះ​ទេ។

ប្រធាន​គណបក្ស​ភ្លើងទៀន លោក ទាវ វណ្ណុល ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា មូលហេតុ​ដែល​ខកខាន​មិនបាន​រំលឹក​ខួប​នេះ ដោយសារ​មន្ត្រី​គណបក្ស​របស់​លោក​កំពុង​ជាប់​មមាញឹក​បំពេញ​ការងារ​សម្រាប់​ការបោះឆ្នោត​ឆាប់ៗ​នេះ​។ ទោះ​យ៉ាងណា​លោក​ថា​បញ្ជាក់​ថា សង្គ្រាម​ដែល​នាំ​ឱ្យ​ខ្មែរ​ស្លាប់​រាប់​លាន​នាក់ ដោយសារ​អ្នក​នយោបាយ​ខ្មែរ​គ្រប់​ភាគី​ចាត់ទុក​ខ្មែរ​គ្នា​ឯង​ជាស​ត្រូវ ដូច្នេះ​លោក​ថា​អំពាវនាវ​គ្រប់​និន្នាការ​នយោបាយ ជាពិសេស​គណបក្ស​កាន់អំណាច​ត្រូវ​ផ្សះផ្សា​ជាតិ និង​ដោះស្រាយ​បញ្ហា​ជាតិ​ជាមួយ​គ្នា ដើម្បី​កម្ចាត់​ស្រមោល​អតីតកាល​កុំ​កើត​ឡើង​តទៅ​ទៀត៖ «សោកនាដកម្ម​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​យើង​បាន​ទទួល​ចាប់តាំងពី​ឆ្នាំ​១៩៧០ រហូត​ដល់​សន្ធិសញ្ញា​ទីក្រុង​ប៉ារីស​ដោយសារ​ប្រជាពលរដ្ឋ​ខ្មែរ​អត់​បាន​យោគយល់​គ្នា ផ្លាស់ប្ដូរ​ដើម្បី​កាប់សម្លាប់​គ្នា ដូច​សម័យ​ខ្មែរក្រហម​ដែល​បែងចែក អ៊ីចឹង​ខ្ញុំ​អំពាវនាវ​ឱ្យ​គ្រប់​និន្នាការ​នយោបាយ ទោះបី​នរណា​ឈ្នះ​ចាញ់​ក៏ដោយ សូម​ឱ្យ​នៅ​ស្រឡាញ់​ខ្មែរ ចេះ​ចរចា​គ្នា និយាយ​គ្នា​ដើម្បី​ប្រជាពលរដ្ឋ​បាន​សេចក្តី​សុខ និង​ប្រទេស​បាន​រីក​ចម្រើន»

ការ​រំឭក​ព្រឹត្តិការណ៍​ឈឺចាប់​កាល​ពី​អតីត​កាលនោះ អ្នក​ធ្លាប់​រងគ្រោះ​ក្នុង​របប​ខ្មែរក្រហម អំពាវនាវ​ឱ្យ​អ្នក​នយោបាយ និង​អ្នក​ដឹក​ប្រទេស កុំ​ធ្វើ​រឿង​ដដែលៗ កុំ​ចាត់​ទុក​គ្នា​ជាស​ត្រូវ ឈប់​រើសអើង​គ្នា លាប​ពណ៌​គ្នា និង​ឈប់​សាង​ភាព​ឈឺ​ឱ្យ​ចាប់​គ្នា ជាពិសេស​សកម្មភាព​ទាំងឡាយ​ណា​ដែល​នាំ​ឱ្យ​ប៉ះពាល់​អាយុជីវិត​មនុស្ស​។ ពួកគេ​ចង់​ឃើញ​អ្នកនយោបាយ​ខ្មែរ​គ្រប់​និន្នាការ ត្រូវរ៉ូវ​គ្នា និង​ប្ដេជ្ញាចិត្ត​រួមគ្នា​ជា​ជាតិ​មួយ ដើម្បី​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ និង​ការគោរព​សិទ្ធិមនុស្ស​ឱ្យ​ស្រប តាម​រដ្ឋធម្មនុញ្ញ និង​គោលការណ៍​អន្តរជាតិ​សម្រាប់​ប្រយោជន៍​ជាតិ​ទាំងមូល៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល