តុលាការខ្មែរក្រហមគ្រោងប្រកាសសាលដីកាប្ដឹងសាទុក្ខក្នុងសំណុំរឿង ០០២/០២ របស់ ខៀវ សំផន នៅថ្ងៃទី២២ ខែកញ្ញាខាងមុខ
អង្គជំនុំជម្រះតុលាការកំពូលនៃតុលាការខ្មែរក្រហម (អ.វ.ត.ក) គ្រោងប្រកាសសាលដីកាក្នុងសំណុំរឿង០០២/០២ ពាក់ព័ន្ធនឹងបណ្តឹងសាទុក្ខរបស់ខៀវ សំផន នៅថ្ងៃទី២២ ខែកញ្ញាខាងមុខ ជុំវិញការចោទប្រកាន់ពីបទប្រល័យពូជសាសន៍ដល់ជនជាតិចាម និងជនជាតិវៀតណាម កាលពីជាង ៤០ឆ្នាំមុន។
សេចក្តីប្រកាសព័ត៌មានរបស់តុលាការខ្មែរក្រហម កាលពីថ្ងៃទី ៥ ខែសីហា ឲ្យដឹងថា ជនជាប់ចោទ ខៀវ សំផន អតីតប្រធានគណៈប្រធានរដ្ឋ (ប្រមុខរដ្ឋ) នៃរបបកម្ពុជាប្រជាធិបតេយ្យ បច្ចុប្បន្នអាយុ ៩១ឆ្នាំ ត្រូវបានផ្ដន្ទាទោសជាមួយ នួន ជា អតីតអនុលេខាបក្សកុម្មុយនិស្តកម្ពុជា និងជាប្រធានសភាតំណាងប្រជាជន កាលពីឆ្នាំ២០១៨។ ប៉ុន្តែ នួន ជា បានស្លាប់ ដោយសាររោគាពាធ កាលពីខែសីហា ឆ្នាំ២០១៩ ហើយនៅសល់តែ ខៀវ សំផន ម្នាក់គត់ ដែលនៅរស់រានមានជីវិត។ ខៀវ សំផន និងសហព្រះរាជអាជ្ញា បានដាក់ពាក្យប្តឹងសាទុក្ខចំពោះសាលក្រមនេះ កាលពីខែសីហា ឆ្នាំ២០២១ កន្លងមកនេះ។
តុលាការខ្មែរក្រហម បានចោទប្រកាន់ ខៀវ សំផន ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ឧក្រិដ្ឋកម្មសង្គ្រាម និងអំពើប្រល័យពូជសាសន៍ប្រឆាំងនឹងជនជាតិចាម និងជនជាតិវៀតណាម ដោយផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិត។
អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា បានដំណើរការរយៈពេល ១៥ឆ្នាំហើយ ចាប់តាំងពីដើមខែកុម្ភៈ ឆ្នាំ២០០៦ រហូតមកដល់ឆ្នាំ២០២១ នេះ ដោយចំណាយថវិកា ដែលបានមកពីការផ្តល់វិភាគទានស្ម័គ្រចិត្តរបស់ក្រុមប្រទេសម្ចាស់ជំនួយ ចំនួនទឹកប្រាក់ ៣៣០លានដុល្លារ ក្នុងនោះភាគីជាតិ ចំណាយអស់ ៩៤,៧៤លានដុល្លារ និងភាគីអន្តរជាតិចំណាយអស់ថវិកាចំនួន ២៣៥,៣៥លានដុល្លារ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។