មជ្ឈមណ្ឌលរំលឹកវាលពិឃាដ ប្រារព្ធពិធីរំលឹកវិញ្ញាណក្ខន្ធអ្នករងគ្រោះនៅក្នុងរបបខ្មែរក្រហមលើកទី៤១ នៅទីក្រុងឡងប៊ិច Long Beach រដ្ឋកាលីហ្វូនីញ៉ា (California) សហរដ្ឋអាមេរិក នៅថ្ងៃទី១៧ មេសានេះ។
អគ្គលេខាធិការ នៃមជ្ឈមណ្ឌលរំលឹកវាលពិឃាដ លោក សុទ្ធ ប៉ាលីន មានប្រសាសន៍ថា ថ្ងៃទី១៧ មេសា គឺជាថ្ងៃប្រវត្តិសាស្ត្រខ្មៅមួយរបស់កម្ពុជា និងជាអនុស្សាវរីយ៍ដ៏ជូរចត់នៃការព្រាត់ប្រាសប្រពន្ធកូន ក្រុមគ្រួសារ សាច់ញាតិ បងប្អូន ដែលពលរដ្ឋខ្មែរនៅជុំវិញពិភពលោកមិនអាចបំភ្លេចបាន។ លោក បញ្ជាក់ពីគោលបំណងប្រារព្ធទិវានេះថា ជាថ្ងៃពលរដ្ឋខ្មែរនឹកឃើញដល់ពេលវេលា ដែលពួកខ្មែរក្រហមឡើងគ្រប់គ្រងអំណាច គឺនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ គឺក្រោយពេលដែលពួកគេឈ្នះសង្គ្រាមលើរបបសាធារណរដ្ឋខ្មែររបស់លោក លន់ នល់៖ «»
លោក សុទ្ធ ប៉ាលីន បន្ថែមថា ក្រុមលោកបានប្រារព្ធធ្វើពិធីរំលឹកវិញ្ញាណក្ខន្ធអ្នករងគ្រោះជិត ២លាននាក់ ដែលបាត់បង់ជីវិតយ៉ាងវេទនា យ៉ាងអយុត្តិធម៌ រៀងរាល់ថ្ងៃទី១៧ មេសា តាំងពីឆ្នាំ២០០៥ មកម្ល៉េះ មិនថាថ្ងៃចន្ទ ឬអង្គារ ឬអាទិត្យឡើយ។ លោកបន្តថា មជ្ឈមណ្ឌលរំលឹកវាលពិឃាដ ជាគ្រួសារដ៏តូចមួយក្នុងចំណោមមហាគ្រួសារខ្មែរជុំវិញពិភពលោក ដែលនៅតែកាន់ជើងធូប នៅតែរំលឹក នៅតែគោរពព្រលឹងខ្មែរដែលរងគ្រោះក្នុងវាលពិឃាដជានិច្ច។ ការរៀបចំនៅទីក្រុងឡុងប៊ិចនេះ លោករំពឹងថានឹងមានអ្នកចូលរួមជាង១០០នាក់ ដែលពលរដ្ឋខ្មែរមកពីរដ្ឋផ្សេងៗ ទៀតចូលរួម។ លោកបញ្ជាក់ថា ថ្ងៃទី១៧សានេះ គឺជាថ្ងៃដែលពលរដ្ឋខ្មែរមិនត្រូវភ្លេចទេ ដែលជាថ្ងៃដែលខ្មែរសម្លាប់ខ្មែរ និងជាសោកនាដកម្មមួយដ៏រន្ធត់មួយ និងជាកំហុសធំធេងមួយរបស់មេដឹកនាំខ្មែរក្រហម ដែលកំហុសនេះ ជាមេរៀនមួយសម្រាប់មេដឹកនាំជំនាន់ក្រោយ ដែលមិនត្រូវដើរជាន់ដានប្រវត្តិសាស្ត្រដ៏អាក្រក់នេះ៖ «»
ខ្មែរក្រហមគ្រប់គ្រងអំណាច នៃបក្សកុម្មុយនិស្តកម្ពុជា ចាប់ពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩ បានធ្វើឲ្យពលរដ្ឋយ៉ាងហោចណាស់ជិត ២លាននាក់បានស្លាប់។ ក្នុងរយៈពេលនេះ គឺ ការជម្លៀស និងការផ្លាស់ប្ដូរលំនៅពលរដ្ឋដោយបង្ខំ ការប្រព្រឹត្តអមនុស្សធម៌ និង ការបង្អត់អាហារជាដើម ដែលធ្វើឲ្យពលរដ្ឋខ្មែរមិនអាចបំភ្លេចបាននូវព្រឹត្តិការណ៍ទាំងនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។