សហគមន៍ខ្មែរអាមេរិកាំងនៅទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វ័រញ៉ា នឹងរៀបចំប្រារព្ធខួបលើកទី៤៣ ឆ្នាំ នៃរបបវាលពិឃាតខ្មែក្រហម នៅថ្ងៃអង្គារទី១៧ ខែមេសា ដើម្បីកាន់មរណទុក្ខ សម្តែងការគោរព ព្រមទាំងចងចាំ ដល់ពលរដ្ឋខ្មែរជិតពីរលាននាក់ ដែលបានស្លាប់ក្នុងរបបកុម្មុយនីស្ត ដឹកនាំដោយពួកខ្មែរក្រហម ប៉ុល ពត កាលពីចន្លោះឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៨។
សេចក្តីប្រកាសព័ត៌មានរបស់មជ្ឈមណ្ឌលរំឮកវាលពិឃាត (Killing Fields Memorial Center) ឲ្យដឹងកាលពីថ្ងៃទី១៥ មេសា នេះថា មជ្ឈមណ្ឌលរំឮកវាលពិឃាត ដែលតែងតែរៀបចំរំឮកខួបនៃរបបវាលពិឃាត តាំងពីឆ្នាំ២០០៥មកម្ល៉េះ នឹងមានរៀបចំព្រឹត្តិការណ៍រំឭករបបវាលពិឃាតនេះ នៅទីតាំងអនាគតសួនរំឭកវាលពិឃាត ដែលនឹងត្រូវសាងសង់ឡើងក្នុងឆ្នាំ២០១៩ ខាងមុខនេះ នៅក្រុងឡុងប៊ិច រដ្ឋកាលីហ្វ័រញ៉ា។
លេខាធិការនៃមជ្ឈមណ្ឌលរំឭកវាលពិឃាត លោក សុទ្ធ ប៉ាលីន ឲ្យអាស៊ីសេរីដឹងកាលពីថ្ងៃទី១៥ មេសា ថា ពិធីនេះនឹងមានពលរដ្ឋខ្មែរអាមេរិកាំងប្រមាណ ១០០ នាក់ចូលរួម ដោយមានការនិមន្តព្រះសង្ឃគង់នៅតាមវត្តអារាមនានា ក្នុងក្រុងឡុងប៊ិច និងក្រុងឡូសអែនជេលេស (Los Angeles) ប្រហែល ៣០អង្គ ចូលរួមធ្វើពិធីបែបពុទ្ធសាសនាផងដែរ។ លោក សុទ្ធ ប៉ាលីន បញ្ជាក់ថា គោលដៅសំខាន់នៃពិធីនេះ គឺដើម្បីរំឭកអំពីមរណទុក្ខរបស់ពលរដ្ឋខ្មែរដែលបានបង់ជីវិតក្នុងរបបវាលពិឃាត និងជាការចងចាំមួយដែលមិនអាចបំភ្លេចបាន សម្រាប់ពលរដ្ឋខ្មែរអាមេរិកាំងជំនាន់ក្រោយ៖ «បាទ ! ខ្លឹមសារដ៏ធំបំផុតហ្នឹងគឺ មិនអាច បំភ្លេចបានទេ ទុក្ខសោកនៃប្រជាពលរដ្ឋខ្មែរ ក្នុងរយៈពេលជិតបួនឆ្នាំនៃរបបវាលពិឃាតហ្នឹង ... ដែលធ្វើឲ្យយើងបាត់បង់សឹងតែពាក់កណ្តាលប្រជាពលរដ្ឋខ្មែរ ... ។ យើងទាំងអស់គ្នា ម្នាក់ៗគឺ តែងតែមានក្រុមគ្រួសារ ញាតិមិត្តបានបាត់បង់ជីវិតរៀងៗខ្លួន ទទួលទុក្ខសោករៀងៗខ្លួន ... ។ ដូច្នេះ គឺជាទុក្ខសោកមួយដ៏ធំណាស់ចំពោះខ្មែរហ្នឹង។ ហើយដែលសព្វថ្ងៃហ្នឹង គឺយើងនៅតែតាំងចិត្តថាធ្វើ អ៊ីចឹង រហូត គឺមកពីយើងមិនចង់ឃើញឲ្យមានសោកនាដកម្មរបៀបនេះតទៅទៀតទេ»។
ព្រឹត្តិការណ៍រំឭកខួបលើកទី៤៣ឆ្នាំ នៃរបបវាលពិឃាតឆ្នាំ២០១៨នេះ នឹងផ្តោតលើគម្រោងសាងសង់សួនរំឭកវាលពិឃាត the Killing Fields Memorial Garden ដែលត្រូវបានសហគមន៍ខ្មែរនៅទីនោះ ផ្តួចផ្តើមសាងសង់ឲ្យមានឡើង សម្រាប់ទុកធ្វើជាទីតាំងនៃពិធីបុណ្យរំឭកខួបនៃរបបវាលពិឃាត និងជាកន្លែងចងចាំ។ ការសាងសង់សួននេះ ទទួលបានការគាំទ្រឧបត្ថមផ្នែកថវិកាពីសាលាក្រុងឡុងប៊ិច ក្នុងទឹកប្រាក់សរុបចំនួន ១៥ម៉ឺនដុល្លារអាមេរិក។
សមាជិកក្រុមប្រឹក្សាក្រុងឡុងប៊ិច លោក ឌី អេនឌ្រូ (Dee Andrews) ឲ្យដឹងតាមតាមរយៈសេចក្តីប្រកាសព័ត៌មានដដែលនេះថា គម្រោងសាងសង់សួននេះ នឹងក្លាយជាទីកន្លែងមួយ ដែលក្រុមពលរដ្ឋខ្មែរអាមេរិកាំងទាំងអស់ អាចរំឭកដល់ប្រវតិ្តរឿងរ៉ាវអតីតកាល សម្តែងការគោរព និងចែករំលែករឿងរ៉ាវរបស់ពួកគេ កាលពីក្នុងរបបវាលពិឃាត។
ពិធីរំឭកខួបនៃរបបវាលពិឃាតនេះ នឹងចាប់ផ្តើមនៅវេលាម៉ោង ៩ ព្រឹក ថ្ងៃអង្គារ ទី១៧ មេសា ដោយមានពិធីសូត្រមន្តតាមបែបពុទ្ធសាសនា បន្តដោយពិធីទទួលបាយថ្ងៃត្រង់ជុំគ្នា។ សម្រាប់ពេលល្ងាច ពិធីនឹងចាប់ផ្តើមពីម៉ោង ៥ល្ងាច ដោយមានពិធីបង្ហូតទង់ជាតិ ពិធីថ្លែងអំណរគុណ ពិធីសូត្រមន្ត និងពិធីដុតភ្លើងទៀន ជាដើម៕
