សាលក្រមជំនុំជម្រះក្ដី ក្នុងសំណុំរឿង អតីតមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហមពីររូប គឺលោក នួន ជា ដែលជាបងធំទីពីរ បន្ទាប់ពី ប៉ុល ពត និង លោក ខៀវ សំផន ដែលជាអតីតគណៈប្រធានរដ្ឋ នៃរបបខ្មែរក្រហម នឹងត្រូវប្រកាសនៅពាក់កណ្ដាលខែវិច្ឆិកា ឆ្នាំ២០១៨ នេះ។
ការប្រកាសសាលក្រមនេះ នឹងធ្វើឡើងនៅពេលព្រឹក នៅក្នុងសាលសវនាការធំ របស់តុលាការ កូនកាត់នេះ។
ក្នុងសំណុំរឿង០០២ វគ្គពីរនេះ (០០២/០២) ចាប់ផ្ដើមសវនាការដេញដោលពិនិត្យភស្តុតាង តាំងពីខែ តុលា ឆ្នាំ២០១៤ និងបញ្ចប់នៅខែមករា ឆ្នាំ២០១៧។ ក្នុងការជំនុំជម្រះ រួមទាំងការស្ដាប់សេចក្ដីសន្និដ្ឋានបិទបញ្ចប់កិច្ចពិភាក្សាដេញដោលផង តុលាការបានស្ដាប់សក្ខីកម្មសាក្សី ១៨៥នាក់។ ក្នុងនោះសាក្សី ៦៣នាក់ជា ជនរងគ្រោះ ដែលតាំងខ្លួនជាដើមបណ្ដឹងរដ្ឋប្បវេណី។
តាមច្បាប់របស់សាលាក្តីនេះ ជនរងគ្រោះអាចប្ដឹងទាមទារសំណង បានតែពីរប្រភេទប៉ុណ្ណោះ គឺសំណងផ្លូវចិត្ត និងសំណងសមូហភាព។ ពួកគាត់មិនអាចប្តឹងទាមទារសំណងជាប្រាក់កាសបានទេ។
បទចោទក្នុងសំណុំរឿង ០០២ វគ្គពីរនេះ គឺឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ អំពើប្រល័យពូជសាសន៍ ទៅលើប្រជាជនចាម និងវៀតណាម។ បទចោទមួយទៀត គឺការបំពារបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ។ បើរកឃើញថា មានពិរុទ្ធភាព អ្នកទាំងពីរអាចប្រឈមមុខ នឹងជាប់ពន្ធនាគារអស់មួយជីវិត។
លោក នួន ជា និងលោក ខៀវ សំផន រងការចោទប្រកាន់ជាច្រើនបទចោទ ក្នុងសំណុំរឿង ០០២ នេះ។ ហេតុដូច្នេះហើយ ទើបតុលាការបានបំបែកសំណុំរឿងនេះជាពីរវគ្គ គឺសំណុំរឿង ០០២ វគ្គមួយ (០០២/០១) និងសំណុំរឿង ០០២ វគ្គពីរនេះ (០០២/០២)។
កាលពីក្នុងសំណុំរឿង ០០២ វគ្គមួយ (០០២/០១) អ្នកទាំងពីរ ត្រូវបានតុលាការកាត់ទោស ឲ្យជាប់ពន្ធនាគារអស់មួយជីវិត ចំពោះបទឧក្រិដ្ឋប្រឆាំងមនុស្សជាតិ ពាក់ព័ន្ធតែនឹងការផ្លាស់ទីលំនៅប្រជាជន ដោយបង្ខំចេញពីទីក្រុងភ្នំពេញ និងការសម្លាប់ទាហានរបបសាធារណរដ្ឋខ្មែរ នៅទីតាំងសម្លាប់មនុស្សទួលពោធិ៍ជ្រៃ។ សវនាការសំណុំរឿង០០២ វគ្គមួយនោះ បិទបញ្ចប់កាលពីចុងខែ តុលា ឆ្នាំ២០១៣ ក្រោយជំនុំជម្រះក្ដីអស់រយៈពេលជាងពីរឆ្នាំ។
ក្រៅពីសំណុំរឿង ដែលបានឆ្លងកាត់ដំណាក់ជំនុំជម្រះក្ដីចប់សព្វគ្រប់ទាំងនោះ នៅមានសំណុំរឿងពីរផ្សេងទៀត ដែលកំពុងដំណើរការ។ សំណុំរឿងពីរផ្សេងទៀតនេះ គឺជាសំណុំរឿងដ៏ចម្រូងចម្រាស ដោយសារតែភាគីជាតិ និងភាគីអន្តរជាតិ ខ្វែងយោបល់គ្នាយ៉ាងខ្លាំង តាំងពីដំបូង។ សំណុំរឿងទាំងពីរនោះ គឺសំណុំរឿង ០០៣ ដែលមានជនត្រូវចោទ មាស មុត និងសំណុំរឿង ០០៤ ដែលមានជនត្រូវចោទ អោ អាន និង យឹម ទិត្យ។ ភាគីជាតិ អះអាងថា អ្នកទាំងនោះ មិនមែនជាមេដឹកនាំជាន់ខ្ពស់ ឬអ្នកទទួលខុសត្រូវខ្ពស់បំផុត ក្នុងរបបខ្មែរក្រហមទេ។ ប៉ុន្តែ ភាគីអន្តរជាតិ ថាមានភស្តុតាងគ្រប់គ្រាន់ បញ្ជាក់ថា អ្នកទាំងនោះ ជាអ្នកទទួលខុសត្រូវខ្ពស់បំផុត ដែលត្រូវតែយកមកកាត់ទោស។ ការខ្វែងយោបល់គ្នានេះ កំពុងរង់ចាំការសម្រេចពីអង្គបុរេជំនុំជម្រះ។ សំណុំរឿងទាំងនេះ ប្រើពេលអស់ជាង ៩ឆ្នាំមកហើយ។
ដោយឡែក ករណីអតីតកម្មាភិបាលខ្មែរក្រហមអ្នកស្រី អ៊ឹម ចែម ដែលត្រូវបានចោទប្រកាន់ក្នុងសំណុំរឿង ០០៤ដែរ ត្រូវបានសាលាក្តីសម្រេច លើកលែងការចោទប្រកាន់កាលពីខែកុម្ភៈ ឆ្នាំ ២០១៧៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
