ពលរដ្ឋ​រំលឹក​អ្នកនយោបាយ​កុំ​ទាញ​កម្ពុជា​ឲ្យ​ធ្លាក់​ចូល​ក្នុង​របប​ផ្ដាច់ការ​សាជាថ្មី

ដោយ តាំង សារ៉ាដា
2018.04.17
ទាហាន​ខ្មែរ​ក្រហម​ចូល​ក្រុង​ថ្ងៃ​១៧​មេសា ៨៥៥ ទាហាន​ខ្មែរ​ក្រហម​ចូល​ទីក្រុង​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​១៧ ខែ​មេសា ឆ្នាំ​១៩៧៥។ រូបថត​ឯកសារ​ពី​សារមន្ទីរ​គុក​ទួលស្លែង
រូបថត​ឯកសារ​ពី​សារមន្ទីរ​គុក​ទួលស្លែង

ក្នុង​ខួប​លើក​ទី​៤៣ ដែល​ក្រុម ប៉ុល ពត បណ្ដេញ​ពលរដ្ឋ ចេញពី​ក្រុង ទាញ​ប្រទេស​ឲ្យ​ធ្លាក់​ចូល​ក្នុង​របប​វាល​ពិឃាដ​នោះ ពលរដ្ឋ​ដែល​ធ្លាប់​ឆ្លងកាត់​កាត់ និង​អ្នក​ដែល​កើត​មិនទាន់​របប​នេះ រំលឹក​ទៅ​អ្នក​នយោបាយ កុំ​ឲ្យ​ទាញ​កម្ពុជា​ធ្លាក់​ចូល​ក្នុង​របប កាប់​សម្លាប់​នេះ​សាជាថ្មី​ទៀត។

នាយករដ្ឋមន្ត្រី​ដែល​កាន់​ដំណែង​យូរ​ជាងគេ​នៅ​កម្ពុជា គឺ​លោក ហ៊ុន សែន បាន​បំផ្លាញ​ឆន្ទៈ​ពលរដ្ឋ ជាង​៣​លាន​នាក់ ដោយ​ការ​រំលាយ​គណបក្ស​សង្គ្រោះជាតិ និង​ហាមឃាត់​អ្នកនយោបាយ បក្ស​ប្រឆាំង ជាង​១០០​នាក់​មិន​ឲ្យ​ធ្វើ​នយោបាយ បណ្ដាល​ឲ្យ​ពលរដ្ឋ​បារម្ភ​ថា បើ​របប​ក្រុងភ្នំពេញ​មិន​ព្រម​ចរចា​រក​ដំណោះស្រាយ​នយោបាយ​ទេ នឹង​អាច​នាំ​ប្រទេស​ធ្លាក់​ចូល​ក្នុង​របប​ផ្ដាច់ការ​ជាថ្មី។

ពលរដ្ឋ​ម្នាក់​រស់នៅ​ខេត្ត​សៀមរាប លោក ហាង នាង និយាយ​ថា លោក​ក៏​ដូច​ពលរដ្ឋ​ផ្សេងទៀត​មិន​ចង់​ឲ្យ​របប​វាល​ពិឃាដ​វិល​ត្រឡប់​មកវិញ​ទេ។ លោក​បន្ត​ថា វិបត្តិ​នយោបាយ​ដែល​រក​ច្រកចេញ​មិន​ទាន់រួច​ដូច​សព្វថ្ងៃ​នេះ ដោយសារ​លោក ហ៊ុន សែន រឹង​រុះ​មិន​ព្រម​ទទួលយក​ការ​សម្របសម្រួល​របស់​អន្តរជាតិ ហើយ​ដែល​អាច​នាំ​ឲ្យ​ប្រទេសជាតិ​រងគ្រោះ ដោយសារ​សង្គ្រាម​ដូច​នៅ​ប្រទេស​ស៊ីរី ជា​ឧទាហរណ៍៖ «អ្នក​នយោបាយ​ទាំងអស់​គ្នា​ចូល​តុ​ចរចា​ទៅ ចរចា​អ្វី​ដែល​ជា​ផល​ប្រយោជន៍​ប្រទេស​ជាតិ ផល​ប្រយោជន៍​របស់​ប្រជាពលរដ្ឋ​ទាំងអស់​គ្នា ខ្ញុំ​មិន​ចង់​ឲ្យ​ថ្ងៃ​១៧ មេសា មក​លង​ខ្មែរ​ម្ដង​ទៀត​ទេ»

ពលរដ្ឋ​ម្នាក់ទៀត​លោក កឹម សុវណ្ណ ប្រាប់​ថា លោក​បារម្ភ​ថា បើ​គ្មាន​ដំណោះស្រាយ​នយោបាយ​ទេ ប្រទេស​កម្ពុជា​នឹង​ជួប​វិបត្ត​ធ្ងន់ធ្ងរ រហូត​ធ្លាក់​ចូល​របប​ផ្ដាច់ការ​ជាថ្មី។ ពលរដ្ឋ​រូប​នេះ​ផ្តាំ​ទៅ​អ្នក​នយោបាយ ជាពិសេស​គណបក្ស​កាន់អំណាច​ត្រូវ​ពិចារណា​ឡើងវិញ​ដើម្បី​វិល​ទៅ រក​ការ​ចរចារ​តាម​ការ​ចង់​ពី​ពលរដ្ឋ​ម្ចាស់​ឆ្នោត និង​មជ្ឈដ្ឋាន​អន្តរជាតិ៖ «ខ្ញុំ​មិន​គិត​ដល់​ថា​ប្រទេស​យើង​មាន​វិបត្តិ​រហូត​មាន​ការ​ប្រល័យ​ពូជសាសន៍​ឡើង​វិញ ប៉ុន្តែ ទាក់ទង​រឿង​សេដ្ឋកិច្ច សិទ្ធិមនុស្ស បញ្ហា​បិទ​សេរីភាព​គឺ​កើត​មាន​បើ​គ្មាន​ការ​ចរចា»

កាលពី​ថ្ងៃ​ទី​១៧ ខែ​មេសា ៤៣​ឆ្នាំមុន ជាថ្មី​របប​វាល​ពិឃាដ​ខ្មែរក្រហម ឡើង​គ្រប់គ្រង​ប្រទេស និង​បណ្ដេញ​ពលរដ្ឋ​រស់នៅ​ក្រុងភ្នំពេញ ចេញ​ពី​ផ្ទះ​សម្បែង។ ពលរដ្ឋ​ខ្មែរ​ជិត​ពីរ​លាន​នាក់ បាន​បាត់បង់​ជីវិត ដោយ​ការ​សម្លាប់ ការ​បង្អត់​អាហារ និង​ការ​ធ្វើ​ពលកម្ម ហួស​កម្លាំង។ ពលរដ្ឋ​ខ្មែរ​ជាទូទៅ​យក​ថ្ងៃនេះ ដើម្បី​រៀបចំ​ប្រារព្ធ​ខួប​កាន់​មរណទុក្ខ សម្ដែង​ការ​គោរព និង​ចងចាំ​ការ​សម្លាប់​រង្គាល​នេះ។

នៅ​ថ្ងៃ​នេះ​ដែរ ពលរដ្ឋ​មួយ​ចំនួន​ក៏បាន​បង្ហាញ​ពី​អតីតកាល​ដ៏​ជូរចត់​របស់​ខ្លួន តាមរយៈ​បណ្ដាញ​សង្គម​ហ្វេសប៊ុក។

អ្នកនាំពាក្យ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​លោក សាម អ៊ីន បាន​សរសេរ នៅ​លើ​ហ្វេសប៊ុក​របស់​លោក​ថា ពលរដ្ឋ​ត្រូវ​នាំគ្នា​ទប់ស្កាត់​ឲ្យ​បាន នូវ​ការ​វិល​ទៅ​រក​របប​កាប់​សម្លាប់​នេះ​សាជាថ្មី។

ចំណែក​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ក៏​មិន​ភ្លេច​កេង​ចំណេញ​នយោបាយ​ដោយ​សរសេរ​អួតអាង​នៅ​លើ​ប្រព័ន្ធ​តេឡេក្រាម​របស់​លោក​ថា លោក ហ៊ុន សែន ជា​អ្នក​ពន្លត់​ភ្លើង​សង្គ្រាម និង​ការពារ​សន្តិភាព​ដូច​សព្វថ្ងៃ​នេះ។

ប៉ុន្តែ លោក ហ៊ុន សែន ជា​អតីត​កម្មាភិបាល​ខ្មែរក្រហម ដែល​អះអាង​ថា ជា​អ្នក​រំដោះ​ប្រទេស​បាន ក្លាយ​ជា​មេដឹកនាំ​សម្លាប់ ឆន្ទៈ​រាស្ត្រ​ពាក់​កណ្ដាល​ប្រទេស​ដែល​កំពុង​ធ្វើ​ឲ្យ​កម្ពុជា​ជួប​វិបត្តិ​ជាថ្មី។

អ្នក​សិក្សា​ការ​អភិវឌ្ឍ​សង្គម​លោក​បណ្ឌិត មាស នី យល់ថា ពលរដ្ឋ​សព្វថ្ងៃ​កាន់តែ​ច្រើន​ឡើង​ចាប់ផ្ដើម​ខ្វាយខ្វល់​រឿង​នយោបាយ។ លោក​លើកឡើង​ទៀត​ថា បើ​គ្មាន​ដំណោះស្រាយ​នយោបាយ​ទេ ប្រទេស​កម្ពុជា​នឹង​អាច​ធ្លាក់​ចូល​គន្លង​ចាស់​ឡើងវិញ៖ «ខ្មែរ​គ្នា​ឯង​គឺ​ជា​ជម្រើស​មួយ​ដ៏​ល្អ​ដែល​ខ្មែរ​គ្នា​ឯង​ត្រូវ​តែ​មាន​មធ្យោបាយ​រក​ច្រក​ចេញ​ទាំងអស់​គ្នា ជា​ជាង​ការ​ទៅ​ពឹង​បរទេស​រៀង​ខ្លួន»

របប​ក្រុងភ្នំពេញ​សព្វថ្ងៃ​កំពុង​រង​ការព្រមាន​ពី​អន្តរជាតិ ដោយ​ការ​ផ្ដាច់​ជំនួយ ផ្ដាច់​ទំនាក់ទំនង និង​ការ​វិនិយោគ បើ​មិន​ព្រម​វិល​រក​ការចរចា​ដើម្បី​ស្តា​លទ្ធិប្រជាធិបតេយ្យ​ឡើងវិញ។ ការ​ព្រមាន​នេះ​បន្ទាប់ពី​លោក ហ៊ុន សែន រំលាយ​គណបក្ស​សង្គ្រោះជាតិ ចាប់​លោក កឹម សុខា សកម្ម​នយោបាយ និង​អ្នកកាសែត​ដាក់គុក។

ថ្លែង​ពី​ប្រទេស​ជប៉ុន​កាល​ពី​ពេល​ថ្មី​នេះ លោក សម រង្ស៊ី ថា លោក ហ៊ុន សែន កំពុង​ដើរ​តាម​គន្លង​របស់ ប៉ុល ពត ហើយ​បើ​លោក ហ៊ុន សែន នៅតែ​រឹងទទឹង​មិន​ព្រម​ចរចា​គឺ​ស្មើ​និង​ការ​អត្តឃាត​ខ្លួនឯង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។