របប​ក្រុង​ភ្នំពេញ​ប្រារព្ធ​ទិវា​នៃ​ការ​ចងចាំ ថ្ងៃ​ទី២០ ឧសភា

ដោយ ទីន ហ្សាការីយ៉ា
2019-05-20
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ការ​សម្ដែង​ត្រាប់​ឡើង​វិញ​​របស់​សិល្បករ បង្ហាញ​អំពី​ការ​កាប់​សម្លាប់​ពលរដ្ឋ​ខ្មែរ​នៅ​ក្នុង​របប​ខ្មែរក្រហម នៅ​ថ្ងៃ "ទិវា​ចងចាំ ២០ ឧសភា"។
ការ​សម្ដែង​ត្រាប់​ឡើង​វិញ​​របស់​សិល្បករ បង្ហាញ​អំពី​ការ​កាប់​សម្លាប់​ពលរដ្ឋ​ខ្មែរ​នៅ​ក្នុង​របប​ខ្មែរក្រហម នៅ​ថ្ងៃ "ទិវា​ចងចាំ ២០ ឧសភា"។
រូប៖ Reuter

របប​ក្រុង​ភ្នំពេញ រៀប​ប្រារព្ធ​ទិវា​នៃ​ការ​ចងចាំ ដើម្បី​រំលឹក​ឡើង​វិញ នូវ​ការ​ឈឺ​ចាប់ ការ​កាប់​សម្លាប់ និង​ការ​ធ្វើ​ទារុណកម្ម​នៃ​របប​ប្រល័យ​ពូជ​សាសន៍។ ប៉ុន្តែ​មន្ត្រី​គណបក្ស​ប្រឆាំង និង​អ្នក​វិភាគ មិន​គាំទ្រ​ឲ្យ​យក​ទិវា​នេះ​ធ្វើជា​បុណ្យ​ជាតិ​នោះ​ទេ។

របប​ក្រុង​ភ្នំពេញ​បាន​នាំ​គ្នា​ចាត់​ទុក​ថ្ងៃ​ទី២០ ឧសភា ជា​ទិវា​ជាតិ នៃ​ការ​ចងចាំ ឬ​ជា​ថ្ងៃ​ចង​កំហឹង ចំពោះ​របប​អាវ​ខ្មៅ ខ្មែរក្រហម។

នៅ​ក្នុង​ថ្ងៃ​នេះ គេ​នាំ​គ្នា​រំលឹក​វិញ្ញាណក្ខន្ធ​ពលរដ្ឋ​ខ្មែរ ដែល​ត្រូវ​របប​កម្ពុជា​ប្រជាធិបតេយ្យ របស់ ប៉ុល ពត សម្លាប់ និង​ធ្វើ​ទារុណកម្ម ក្នុង​ការ​ដឹក​នាំ​អស់​រយៈ ៣ឆ្នាំ ៨ខែ ២០ថ្ងៃ កាល​ពី​ជាង ៤០ឆ្នាំ​មុន។

អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ឲ្យ​អាស៊ី​សេរី​ដឹង​ថា ការ​ប្រារព្ធ​ទិវា​នៃ​ការ​ចង់ចាំ និង​ការ​ចង​កំហឹង​នេះ ដើម្បី​ទប់​ស្កាត់​មិន​ឲ្យ​របប​ប្រល័យ​ពូជ​សាសន៍​វិលត្រឡប់​មកវិញ។

លោក​បន្ត​ថា ពលរដ្ឋ​ច្រើន​លើស​លប់ រួម​ទាំង​លោក​ផង នៅ​តែ​ចង​កំហឹង និង​ខឹង​សម្បារ​នឹង​របប​ខ្មែរក្រហម និង​នៅ​តែ​ស្រមៃ​ឃើញ​របប​នេះ​នៅ​ឡើយ៖ «យើង​ចង់​ឲ្យ​ប្រជាជន​ដុត​កំហឹង ដុត​កំហឹង​នេះ គឺ​ដុត​កំហឹង​ទៅ​នឹង​របប​ប្រល័យ​ពូជ​សាសន៍ ហើយ​ឲ្យ​ចងចាំ​នៅ​ក្នុង​អារម្មណ៍​របស់​ខ្លួន​ កុំ​ឲ្យ​របប​នេះ​វិល​មក​វិញ​បាន ហើយ​នឹង​ទប់​ស្កាត់​រាល់​សកម្មភាព​ទាំង​ឡាយ​ណា ដែល​ចង់​នាំ​របប​ប្រល័យ​ពូជសាសន៍​ត្រឡប់​មក​វិញ»

ទិវា​ចងចាំ​ថ្ងៃ​ទី២០ ឧសភា គឺ​ជា​ថ្ងៃ​ដែល​គណបក្ស​ប្រជាជន​កម្ពុជា ប្រារព្ធ​ធ្វើ​ជា​រៀង​រាល់​ឆ្នាំ ដែល​មាន​ឈ្មោះ​ដើម​ថា ទិវា​ចង​កំហឹង។ របប​ក្រុង​ភ្នំពេញ​បាន​ណែនាំ​ឲ្យ​ក្រសួង​មន្ទីរ​ពាក់ព័ន្ធ ប្រារព្ធ​ពិធី​នេះ​នៅ​តាម​ទី​កន្លែង​ផ្សេង​គ្នា ដូច​ជា នៅ​បណ្ដា​ខេត្ត​នីមួយៗ ចំណែក​អាជ្ញាធរ​នៃ​សាលា​រាជធានី​ភ្នំពេញ បាន​ប្រារព្ធ​ពិធី​នេះ​នៅ​មជ្ឈមណ្ឌល​ប្រល័យ​ពូជ​សាសន៍​ជើង​ឯក​ ដោយ​មាន​ការ​សំដែង​សិល្បៈ​ធ្វើ​ត្រាប់​តាម​សកម្មភាព​កាប់​សម្លាប់​របស់​ពលរដ្ឋ​ខ្មែរ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ។

ប៉ុន្តែ ប្រធាន​ប្រតិបត្តិ​របស់​គណបក្ស​សង្គ្រោះ​ជាតិ រាជធានី​ភ្នំពេញ ​លោក ម៉ន ផល្លា ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស​ព្រោះ​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ពី​របប​ក្រុង​ភ្នំពេញ យល់​ថា ការ​ប្រារព្ធ​ពិធី​នេះ​គ្រាន់​តែ​ជា​លេស​បន្លំ​ភ្នែក​ពលរដ្ឋ​ប៉ុណ្ណោះ​ទេ។ មន្ត្រី​បក្ស​ប្រឆាំង​រូប​នេះ បាន​ហៅ​របប​ក្រុង​ភ្នំពេញ​សព្វ​ថ្ងៃ គឺ​របប​ខ្មែរ​ក្រហម​ទី២ ដែល​ធាតុ​ពិត​របប​នេះ នៅ​តែ​បន្ត​ធ្វើ​ទុក្ខ​បុក​ម្នេញ និង​សម្លាប់​ពលរដ្ឋ​ខ្លួន​ឯង​ដដែល៖ «យើង​ចង់​ឲ្យ​ប្រជាជន​ដុត​កំហឹង ដុត​កំហឹង​នេះ គឺ​ដុត​កំហឹង​ទៅ​នឹង​របប​ប្រល័យ​ពូជ​សាសន៍ ហើយ​ឲ្យ​ចងចាំ​នៅ​ក្នុង​អារម្មណ៍​របស់​ខ្លួន​កុំ​ឲ្យ​របប​នេះ​វិល​មក​វិញ​បាន ហើយ​នឹង​ទប់​ស្កាត់​រាល់​សកម្មភាព​ទាំង​ឡាយ​ណា ដែល​ចង់​នាំ​របប​ប្រល័យ​ពូជ​សាសន៍​ត្រឡប់​មក​វិញ។ របប​ក្រុង​ភ្នំពេញ​នៅ​តែ​បន្ត​នូវ​របៀប​គ្រប់គ្រង​សម្លាប់​មនុស្ស​ក្រៅ​ច្បាប់​ដដែល គ្រាន់​តែ​របៀប​សម្លាប់​កាល​មុន​សម្លាប់​ដោយ​ផ្ទាល់ ប៉ុន្តែ​ឥឡូវ​សម្លាប់​ដោយ​ប្រយោល ហើយ​ធ្វើ​ឱ្យ​ពលរដ្ឋ​វេទនា​ជាង​ការ​សម្លាប់​ដោយ​ផ្ទាល់​ទៅ​ទៀត»

រីឯ​អ្នក​វិភាគ​នយោបាយ​លោក គឹម សុខ ដែល​កំពុង​ភៀស​ខ្លួន​នៅ​ក្រៅ​ប្រទេស​ដែរ​នោះ យល់​ថា ការ​ប្រារព្ធ​ពិធី​នៃ​ការ​ចងចាំ ដែល​យក​ថ្ងៃ២០ ឧសភា​នេះ​ជា​ថ្ងៃ​ចងចាំ ឬ​ចង​កំហឹង​នេះ គឺ​ជា​យុទ្ធសាស្ត្រ​របស់​លោក ហ៊ុន សែន ដើម្បី​ដុត​កំហឹង​ពលរដ្ឋ និង​មិន​ឲ្យ​ពលរដ្ឋ​ស្ងប់​ចិត្ត។ លោក គឹម សុខ យល់​ថា ទិវា​ថ្ងៃ​ចង​ចាំ​នេះ គ្មាន​តម្លៃ​គ្រប់គ្រាន់ ដែល​ដាក់​បញ្ចូល​ទៅ​ក្នុង​បុណ្យ​ជាតិ​នោះ​ទេ៖ «មហិច្ឆតា​គោលដៅ​ធំ​បំផុត​របស់​យួន ដែល​ចង់​សាប​ព្រោះ ព្រោះ​ថា បើ​ខ្មែរ​នៅ​តែ​ចង​កំហឹង និង​ខ្មែរ​មិន​អាច​ផ្សះផ្សា​គ្នា​បាន​អ្នក​ដែល​ចំណេញ គឺ​វៀតណាម»

ប៉ុន្តែ​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក​ សុខ ឥសាន ឆ្លើយ​តប​ថា ការ​យក​ទិវា​នៃ​ការ​ចងចាំ​ធ្វើ​ថ្ងៃ​បុណ្យ​ជាតិ គឺ​ជា​ការ​សម្រេច​របស់​គណៈរដ្ឋមន្ត្រី ប៉ុន្តែ​មិន​សម្រេច​ទៅ​តាម​អ្នក​រិះគន់​ឡើយ។

របប​ក្រុង​ភ្នំពេញ​បាន​សម្រេច​ដាក់ ទិវា​ជាតិ​នៃ​ការ​ចងចាំ​ជា​ថ្ងៃ​បុណ្យ​ជាតិ កាល​ពី​ថ្ងៃ​ទី១៤ ខែ​កុម្ភៈ ឆ្នាំ២០១៨ ដើម្បី​រំឭក​ដល់​ជន​រង​គ្រោះ និង​ការ​ឈឺ​ចាប់​ពី​ឧក្រិដ្ឋកម្ម ដែល​កើត​មាន​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ចាប់​ពី​ថ្ងៃ​ទី​១៧ ខែ​មេសា ឆ្នាំ១៩៧៥ ដល់​ថ្ងៃ​ទី៦ ខែ​មករា ឆ្នាំ១៩៧៩។

អតីត​ជា​អនុ​លេខា​បក្ស​កុម្មុយនិស្ត​កម្ពុជា នួន ជា និង​លោក ខៀវ សំផន អតីត​ជា​ប្រធាន​គណៈ​ប្រធាន​រដ្ឋ​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ ដែល​ធ្វើ​ឲ្យ​មនុស្ស​ស្លាប់​ជិត ២លាន​នាក់​ចន្លោះ​ពី​ឆ្នាំ១៩៧៥ ដល់​ឆ្នាំ១៩៧៩ ត្រូវ​បាន​តុលាការ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត ក្នុង​សំណុំ​រឿង ០០២ វគ្គ១ ព្រោះ​តែ​សាលា​ក្ដី​ខ្មែរ​ក្រហម​រក​ឃើញ​ថា ពួក​គាត់​ជា​អ្នក​ទទួល​ខុស​ត្រូវ​ចំពោះ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ ពាក់ព័ន្ធ​នឹង​ការ​ជម្លៀស​ប្រជាជន​ដោយ​បង្ខំ។ រីឯ​ក្នុង​សំណុំរឿង ០០២ វគ្គ​២ វិញ អតីត​មេ​ដឹក​នាំ​ជាន់​ខ្ពស់​ទាំង​ពីរ​រូប​នេះ ក៏​ត្រូវ​បាន​សាលា​ក្ដី​ខ្មែរ​ក្រហម​ផ្ដន្ទាទោស​អស់​មួយ​ជីវិត​ដូច​គ្នា ចោទ​ប្រកាន់​ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ ឧក្រិដ្ឋកម្ម​សង្គ្រាម និង​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជ​សាសន៍​ប្រឆាំង​ជនជាតិ​ចាម និង​ជនជាតិ​វៀតណាម ពាក់ព័ន្ធ​នឹង​សហករណ៍ មន្ទីរ​សន្តិសុខ ការ​រៀបការ​ដោយ​បង្ខំ ការដ្ឋាន​ការងារ ការ​បោស​សម្អាត​ផ្ទៃ​ក្នុង ជម្លោះ​ប្រដាប់​អាវុធ។

លោក គឹម សុខ យល់ថា បើ​របប​ក្រុង​ភ្នំពេញ មាន​ចេតនា​រំសាយ​កំហឹង​ពលរដ្ឋ​មែន​នោះ របប​នេះ គួរ​បើក​ផ្លូវ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត និង​កាត់​ទោស​មេ​ដឹក​នាំ​នៃ​របប​ខ្មែរ​ក្រហម​បន្ថែម​ទៀត​តាម​សំណើ​របស់​សាលាក្ដី​ខ្មែរ​ក្រហម។ ប៉ុន្តែ លោក គឹម សុខ ថា លោក ហ៊ុន សែន​ តែងតែ​ចេញ​មុខ​រារាំង​ការ​ស៊ើប​អង្កេត និង​ការ​ទាមទារ​កាត់​ទោស​មេ​ខ្មែរ​ក្រហម​ផ្សេង​ទៀត​ដែល​សាលាក្ដី​ខ្មែរ​ក្រហម​ទាមទារ​ស៊ើប​អង្កេត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល