ថ្ងៃពុធ ទី១៧ មេសា នេះ គឺជាថ្ងៃដែលប្រជាពលរដ្ឋជាច្រើនវិលត្រឡប់ចូលមករាជធានីភ្នំពេញវិញ បន្ទាប់ពីទៅស្រុកកំណើត ឬធ្វើដំណើរទៅកម្សាន្តតាមតំបន់ផ្សេងៗ ក្នុងអំឡុងពេលនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ អស់រយៈពេល ៣ថ្ងៃកន្លងមកនេះ។ ប្រសិនបើយើងរំលឹកពីព្រឹត្តិការណ៍នៅថ្ងៃទី១៧ មេសា ដូចគ្នា កាលពី៤៤ឆ្នាំមុន គឺនៅឆ្នាំ១៩៧៥ ជាថ្ងៃដែលកងទ័ពកុម្មុយនិស្តខ្មែរក្រហមដណ្ដើមបានទីក្រុងភ្នំពេញ និងបណ្ដេញប្រជាពលរដ្ឋប្រមាណ២លាន់នាក់ ចេញពីទីក្រុងភ្នំពេញឱ្យទៅ រស់នៅតាមជនបទ។ ប្រជាពលរដ្ឋខ្មែរទូទៅ ជាពិសេសអ្នកដែលរស់រួចផុតពីរបបខ្មែរក្រហម នៅចាំបានថា ថ្ងៃ១៧ មេសា កាលពី ៤៤ឆ្នាំមុន ទីក្រុងភ្នំពេញទាំងមូលមានភាពច្របូកច្របល់ខ្លាំងមិនធ្លាប់មានហើយក៏ជាថ្ងៃដំបូង នៃការចាប់ផ្ដើមនូវភាពមហន្តរាយនៃប្រទេសកម្ពុជាដែរ។
ភាពវឹកវរចលាចល នៅព្រឹកព្រលឹមនៃថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ នៅតែដក់ជាប់ក្នុងចិត្តអ្នកធ្លាប់រស់នៅក្នុងទីក្រុងភ្នំពេញ គឺនៅពេលដែលគេឃើញកងទ័ពកុម្មុយនិស្តខ្មែរក្រហមស្លៀកពាក់ខ្មៅ បានសម្រុកចូលទីក្រុងភ្នំពេញពីគ្រប់ច្រក។
អតីតអ្នករស់នៅរាជធានីភ្នំពេញ លោក សាង ស៊ុន្នី មានវ័យ៦០ ឆ្នាំ រៀបរាប់ព្រឹត្តិការណ៍កាលនោះ ថា ដំបូងឡើយ អ្នករស់នៅក្នុងទីក្រុងភ្នំពេញភាគច្រើនបានចេញពីផ្ទះមកទទួលស្វាគមន៍កងទ័ពខ្មែរក្រហម ដែលដើរជាជួរៗ នៅតាមផ្លូវដោយក្ដីរីករាយនិងក្តីសង្ឃឹមថា សង្គ្រាមរវាងកងទ័ពសាធារណរដ្ឋខ្មែរ និងកងទ័ពកុម្មុយនិស្តខ្មែរក្រហម ដែលដុតកាប់ចិញ្ច្រាំកម្ពុជា រយៈពេល ៥ឆ្នាំ ពីឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៥ បានបញ្ចប់ហើយ ហើយស្រុកទេសក៏នឹងបានសេចក្ដីសុខសាន្តត្រាណបរិបូរណ៍ចាប់ពីពេលនោះដែរ។ លោកបន្តថា ភាពញញឹម និងក្ដីសង្ឃឹមមិនបានយូរប៉ុន្មានផង កងទ័ពខ្មែរក្រហម ដែលដំបូងមានភាពរីករាយរាក់ទាក់ជាមួយពលរដ្ឋស៊ីវិលខ្លះនោះ បានប្រែក្លាយជាមានទឹកមុខមាំ នឹងចាប់ផ្ដើមបញ្ជាឱ្យពលរដ្ឋចាកចេញពីទីក្រុងភ្នំពេញជាបន្ទាន់ ដោយយកលេសថា ជាការជម្លៀសចេញឱ្យផុតពីការទម្លាក់គ្រាប់បែកពីយន្តហោះរបស់សហរដ្ឋអាមេរិក៖ «គេដេញហើយយើងត្រូវតែចេញ ហើយការដែលគេនិយាយថា អាមេរិកទម្លាក់គ្រាប់បែកអីនោះ យើងវាយតម្លៃស្ថានការណ៍នោះថា មិនងាយអាមេរិកទម្លាក់គ្រាប់បែកទេ ប៉ុន្តែធ្វើម៉េចខ្លាចងាប់ដោយសារបើយើងមិនចេញ គេបាញ់ ដូច្នេះត្រូវតែចេញទាំងអស់។ អ្នកខ្លះធ្វើឃាតកម្ម អ្នកខ្លះកើតកូនតាមផ្លូវ ដូចម្ដាយខ្ញុំគឺកើតកូនតាមផ្លូវហើយឆ្លងស្ទឹង ដាក់បណ្ដែតកូនលើទឹក។ កាលនោះ បើអ្នកណាដែលបែកគ្នា គឺមិនអាចរត់រកបងប្អូនបានទេ គេថាឱ្យតាមផ្លូវជ្រោយចង្វារគឺ ជ្រោយចង្វាហើយ»។
លោក សាង ស៊ុន្នី បន្តទៀតថា ពលរដ្ឋខ្លះ នៅពេលនោះមិនបានត្រៀមសម្រាប់ការចាកចេញទេ ព្រោះកងទ័ពខ្មែរក្រហមដែលដឹកនាំដោយ ប៉ុល ពត ប្រកាសថា ៣ថ្ងៃក្រោយមកនឹងអាចវិលចូល ទីក្រុងភ្នំពេញវិញ។ ប៉ុន្តែទីបំផុតទៅប្រជាពលរដ្ឋជម្លៀសចេញពីទីក្រុងភ្នំពេញនៅពេលនោះ មិនមានឱកាសបានវិលត្រឡប់មកវិញឡើយ៖ «យើងនឹកស្មានមិនដល់គឺវិនាសកម្មនោះ មហាខ្លោចផ្សារ យើងបែកបងបែកប្អូនអស់ហើយ ។កាលនោះគេថា ឱ្យចេញតែ៣ ទៅ ៤ថ្ងៃ ដូច្នេះយកខោអាវតែ៣ឬ៤ដើម្បីស្លៀក យកភួយម៉ុង និងអង្កមួយកញ្ចប់ និងប្រមែប្រមូលថវិកាទាំងអស់ទៅ។ តែគេមិនឱ្យយើងចាយលុយឯណា យើងក៏អត់អីប្រើ អត់អីស៊ី ហើយរស់នៅតាមដំបូងអ៊ីចឹងទៅ»។
អតីតអ្នករស់នៅរាជធានីភ្នំពេញម្នាក់ទៀត គឺ លោក ហែល វី ឱ្យដឹងដែរថា ទោះជារឿងរ៉ាវទាំងនេះបានកន្លងផុតទៅ ៤៤ឆ្នាំហើយក្ដី លោកនៅតែនឹកឃើញអំពីការឈឺចាប់ទាំងនោះ។ រូបភាពដែល លោកបានឃើញថា គឺពលរដ្ឋជាច្រើន ត្រូវបានដេកស្លាប់ជាហូរហែតាមដងផ្លូវដោយសារខ្វះអាហារហូបចុក ខ្វះថ្នាំព្យាបាល ហើយពលរដ្ឋខ្លះ ស្លាប់អស់មួយគ្រួសារក៏មាន។ ចំពោះពលរដ្ឋខ្មែរដែល នៅមានជីវិត គឺតស៊ូរស់រងទុក្ខវេទនា ឈឺចាប់ខ្លោចផ្សារ រស់នៅក្រោមឈាម និងទឹកភ្នែក៖ «បើនិយាយពីវេទនានោះ គឺមហាវេទនា ឬហួសពីវេទនាហើយ ព្រោះពូជខ្ញុំងាប់អស់ នៅសល់តែខ្ញុំមួយដែលត្រឡប់មកវិញ។ នៅតាមផ្លូវយើងឃើញសាកសព ការសម្លាប់ ការគំរាមកំហែង ហើយយើងសួរគេថា ទៅណា គេថា ទៅមុខទៀតជួបអង្គការហើយ គេនឹងដោះស្រាយ។ ខ្ញុំត្រូវជម្លៀសពីភ្នំពេញទៅតាមទន្លេបាទី ទៅរស់នៅក្នុង សហករណ៍មួយ ក្នុងខេត្តពោធិ៍សាត់។ ទីនោះវេទនាណាស់ គ្មានអីហូបគ្រប់គ្រាន់ ! តែធ្វើម៉េចបើមេដឹកនាំយើងអត់ព្រមទៅសេរីអីផង ចង់ទៅតែកុម្មុយនិស្ត ហើយឥឡូវនេះចង់ទៅទៀតហើយ»។
ក្រោយការជម្លៀសពលរដ្ឋចេញពីទីក្រុង ពួកខ្មែរក្រហម បានបង្ខំឱ្យពលរដ្ឋខ្មែរទូទាំងប្រទេស រស់នៅតាមជនបទចុងកាត់មាត់ញក និងតាមព្រៃភ្នំ ក្នុងស្ថានភាពលំបាកអត់ឃ្លាន ការធ្វើទារុណកម្ម ធ្វើការហួសកម្លាំង និងឈឺថ្កាត់គ្មានថ្នាំព្យាបាលត្រឹមត្រូវ និងអំពើឃោរឃៅផ្សេងៗទៀត បណ្ដាលឱ្យប្រជាពលរដ្ឋស្លាប់ជិត ២លាននាក់ ក្នុងចំណោមពលរដ្ឋសរុប ជិត ៨លាននាក់ ក្នុងអំឡុងពេលជិត ៤ឆ្នាំក្រោមរបបខ្មែរក្រហមនេះ។
កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១២ អតីតមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហមលំដាប់ទីពីរមួយរូប គឺជនជាប់ចោទ នួន ជា បានជម្រាបអង្គជំនុំជម្រះសាលាដំបូងនៃតុលាការខ្មែរក្រហមថា ការជម្លៀសពលរដ្ឋពីទីក្រុងភ្នំពេញ នៅថ្ងៃ១៧ មេសា ឆ្នាំ១៩៧៥ គឺខ្លាចការទម្លាក់បែកពីសហរដ្ឋអាមេរិកលើទីក្រុងផង និងបញ្ហាខ្វះស្បៀងអាហារផង ព្រោះពេលនោះប្រទេសកម្ពុជា មិនមានជំនួយបរទេសទេ។ ហេតុផលនេះ ពលរដ្ឋត្រូវចូលរួមបង្កបង្កើនផលដោះស្រាយជីវភាពខ្លួនឯង៖ «ខ្ញុំគិតថា ខ្ញុំគួរតែត្រូវបានផ្ដល់ឱកាសពន្យល់ទៅប្រជាជនកម្ពុជាថា ការជម្លៀសប្រជាជនចេញពីភ្នំពេញ គឺពិតជាត្រឹមត្រូវ និងជាការចាំបាច់ទៅតាមច្បាប់អន្តរជាតិ»។
ទោះបីជាមេដឹកនាំខ្មែរក្រហម នៅតែចាត់ទុកថា ថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ គឺជាថ្ងៃមហាជោគជ័យ និងគេចពីការទទួលខុសត្រូវចំពោះទង្វើរបស់ខ្លួនក្តី ប៉ុន្តែចំពោះប្រជាពលរដ្ឋកម្ពុជា ដែលរងការឈឺចាប់ពីរបបខ្មែរក្រហម បានឆ្លាក់ទុកក្នុងចិត្តថា ថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ជាថ្ងៃដែលពួកខ្មែរក្រហមប្រែត្រឡប់សង្គមកម្ពុជាទាំងមូល ឱ្យធ្លាក់ក្នុងមហាវិនាសកម្មធំធេង ទាំងសម្ភារៈ និងការបាត់បង់ជីវិត។
បន្ទាប់ពីរំឭកព្រឹត្តិការណ៍ឈឺចាប់កាលពីអតីតកាលនោះ ប្រជាពលរដ្ឋ និងអ្នកវិភាគនយោបាយ និងសង្គម លោកបណ្ឌិត ឡៅ ម៉ុងហៃ អំពាវនាវឱ្យអ្នកនយោបាយ និងអ្នកដឹកប្រទេស កុំធ្វើរឿងដដែលៗ កុំចាត់ទុកគ្នាជាសត្រូវ ឈប់រើសអើងគ្នា លាបពណ៌គ្នា និងឈប់សាងភាពឈឺឱ្យចាប់គ្នា ជាពិសេសសកម្មភាពទាំងឡាយណាដែលនាំឱ្យប៉ះពាល់អាយុជីវិតមនុស្ស។ ពួកគេ ចង់ឃើញថា អ្នកនយោបាយខ្មែរគ្រប់និន្នាការ ត្រូវរ៉ូវគ្នា ធ្វើការប្ដេជ្ញាចិត្តរួមគ្នាជាជាតិមួយ ដើម្បីពង្រឹងលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សឱ្យស្របតាមរដ្ឋធម្មនុញ្ញ និងគោលការណ៍ អន្តរជាតិសម្រាប់ប្រយោជន៍ជាតិ និងប្រជារាស្ត្រ។
បច្ចុប្បន្ន មេដឹកនាំខ្មែរក្រហមចំនួន៣រូប គឺជនជាប់ចោទ នួន ជា ខៀវ សំផន និង កាំង ហ្កេចអៀវ ហៅឌុច ត្រូវបានសាលាក្ដីខ្មែរក្រហម សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិតពីឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រល័យពូជសាសន៍៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
