សាលាក្ដីខ្មែរក្រហម ត្រូវបានបង្កើតឡើង ២៧ឆ្នាំ ក្រោយការដួលរលំនៃរបបខ្មែរក្រហម។ គោលបំណងនៃការបង្កើតសាលាក្ដីកូនកាត់នេះ គឺដើម្បីផ្ដន្ទាទោស អតីតមេដឹកនាំជាន់ខ្ពស់ និងជនទាំងឡាយ ដែលទទួលខុសត្រូវខ្ពស់បំផុត ចំពោះឧក្រិដ្ឋកម្ម កាលសម័យនោះ។
រហូតមកដល់ពេលនេះ សាលាក្ដីកូនកាត់នេះ បើកដំណើរការកាត់ក្តី អស់រយៈពេល ១៣ឆ្នាំហើយ និងចំណាយថវិកាអស់ជាង ៣០០លានដុល្លារ។
សាលាក្ដីខ្មែរក្រហម ឬអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា បន្សល់ទុកនូវមរតកវិជ្ជមាន និង អវិជ្ជមាន។ ចំណុចវិជ្ជមាន ដែលលេចធ្លោជាងគេ គឺការផ្ដល់ឱកាសឲ្យប្រជាពលរដ្ឋកម្ពុជា នៅទូទាំងប្រទេស អាចចូលរួម នៅក្នុងដំណើរការក្តីនេះ ដោយសារតែសាលាក្ដីខ្មែរក្រហម មានទីតាំងនៅក្នុងប្រទេសកម្ពុជា ដែលជាកន្លែងបទឧក្រិដ្ឋកម្មកើតឡើង។ ជាងនេះទៅទៀត ដំណើរការកាត់ក្តី ត្រូវធ្វើឡើងភាគច្រើនជាភាសាខ្មែរ និងត្រូវបានផ្សព្វផ្សាយតាមវិទ្យុ ទូរទស្សន៍ និងសារព័ត៌មានក្នុងស្រុក។
មិនតែប៉ុណ្ណោះ ការបំពេញការងាររបស់បុគ្គលិកជាតិ មានទាំងមន្ត្រីរដ្ឋបាល មេធាវី មន្ត្រីច្បាប់ ព្រះរាជអាជ្ញា និង ចៅក្រមជាដើម ជាមួយនឹងភាគីអន្តរជាតិ ដែលមានបទពិសោធន៍កម្រិតអន្តរជាតិ ធ្វើឲ្យមន្ត្រីខ្មែរ មានឱកាសកសាងសមត្ថភាពរបស់ខ្លួន ក្នុងវិស័យនេះ។
មន្ត្រីនាំពាក្យសាលាក្ដីខ្មែរក្រហមលោក នេត្រ ភក្ត្រា ចាត់ទុកចំណុចនេះថា ជាចំណុចល្អ មានប្រយោជន៍ដល់ភាគីកម្ពុជានៃសាលាក្ដី៖ «យើងផ្ដោតទៅលើកេរដំណែលល្អៗ របស់តុលាការនៅក្នុងការពង្រឹង នូវសមត្ថភាពរបស់មន្ត្រី ដែលបំពេញការងារនៅតុលាការ ផ្ដល់នូវបទពិសោធន៍ទៅដល់មន្ត្រីនៅតុលាការថ្នាក់ជាតិ ទាំងការគ្រប់គ្រងផ្នែករដ្ឋបាល និងបទពិសោធន៍សរសេរសាលក្រម និងការស៊ើបអង្កេតជាដើម។ មួយវិញទៀត គឺការចូលរួមក្នុងការចូលរួមស្វែងរកការពិត និងយុត្តិធម៌ និង ការចងចាំរបស់ប្រជាជនកម្ពុជា អំពីរបបឃោរឃៅខ្មែរក្រហម ដើម្បីធ្វើម៉េច កុំឲ្យរបបនេះកើតឡើងជាថ្មីនៅកម្ពុជាទៀត » ។
បន្ថែមទៅលើនេះ អតីតមន្ត្រីសម្របសម្រួលកម្មវិធី នៃគម្រោងយុត្តិធម៌នៅកម្ពុជាលោក ឡុង បញ្ញាវុធ ដែលធ្លាប់ឃ្លាំមើលដំណើរការក្ដីនៅសាលាក្ដីខ្មែរក្រហម យល់ឃើញថា ចំណុចវិជ្ជមានរបស់សាលាក្ដីនេះ គឺការទទួលខុសត្រូវផ្នែកព្រហ្មទណ្ឌ ការបណ្ដុះបណ្ដាលធនធានមនុស្ស គំរូរដ្ឋបាលតុលាការ ជាសាររម្លឹកដល់មេដឹកនាំបច្ចុប្បន្ន សិទ្ធិជនជាប់ចោទ និងផលប្រយោជន៍សាកល។ លោកកត់សម្គាល់បន្ថែមថា ឥទ្ធិពលនៃការបង្កើតសាលាក្ដីខ្មែរក្រហមនេះ ធ្វើឲ្យមានការយកចិត្តទុកដាក់ ក្នុងការបង្រៀនក្មេងជំនាន់ក្រោយ អំពីប្រវត្តិសាស្ត្រពិត នៃរបបខ្មែរក្រហម នៅតាមសាលារៀន៖ «ប្រវត្តិសាស្ត្រ របបកម្ពុជាប្រជាធិបតេយ្យ តាំងពីឆ្នាំ១៩៩២ ដល់ឆ្នាំ២០០៨ មិនត្រូវបានគេបង្រៀន នៅក្នុងប្រព័ន្ធអប់រំកម្ពុជាទេ។ ប៉ុន្តែ តាមរយៈសាលាក្ដីខ្មែរក្រហមនេះ កម្មវិធីបង្រៀនពីរបបកម្ពុជាប្រជាធិបតេយ្យ ត្រូវបានគេដាក់បញ្ចូលក្នុងកម្មវិធីសិក្សា » ។
ទោះជាយ៉ាងនេះក្តី សាលាក្ដីនេះ ក៏បន្សល់ទុកនៅកេរមរតកមិនល្អជាច្រើនដែរ។ ទោះបីជា ក្នុងដំណើរការរកយុត្តិធម៌ព្រហ្មទណ្ឌ សាលាក្ដីខ្មែរក្រហម មានតួនាទីកំណត់ថា តើអតីតកម្មាភិបាលខ្មែរក្រហមរូបណាខ្លះ ជា "មេដឹកនាំជាន់ខ្ពស់" ហើយនរណាដែលជា "អ្នកទទួលខុសត្រូវខ្ពស់បំផុត "ក្នុងឧក្រិដ្ឋកម្មនាពេលនោះ រហូតមកដល់ពេលនេះ មានតែមនុស្សបីនាក់ប៉ុណ្ណោះ ដែលត្រូវបានតុលាការនេះ ជំនុំជម្រះក្តី និងផ្ដន្ទាទោស។
ជានិច្ចកាល លោក ហ៊ុន សែន តែងតែថ្លែងសារនយោបាយ ដែលជ្រៀតជ្រែកដល់កិច្ចការតុលាការ ព្រោះលោកគំរាមបិទសាលាក្ដី បើហ៊ានកាត់ក្ដីអតីតមេខ្មែរក្រហម ច្រើនលើសពីសំណុំរឿង ០០១ និង ០០២ បច្ចុប្បន្ន។ ជាលទ្ធផលសំណុំរឿង ០០៣ និង ០០៤ ជួបឧបសគ្គជាច្រើន ដោយសារតែខ្វះការសហការពីភាគីជាតិ។ សហចៅក្រមស៊ើបអង្កេតអន្តរជាតិ ជាបន្តបន្ទាប់បានលាឈប់ពីសាលាក្ដី ដោយសារតែបញ្ហាជ្រៀតជ្រែកខាងនយោបាយនេះ។
ថ្មីៗ នេះទៀតសោត រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខាង បានថ្លែងសាជាថ្មី បញ្ជាក់អ្វីដែលលោក ហ៊ុន សែន ធ្លាប់គំរាមតុលាការនេះ តាំងពីដើមរៀងមក។ ថ្លែងក្នុងពិធីប្រកាសតែងតាំងអភិបាលខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨ លោក ស ខេង ចេញមុខអារកាត់ជំនួសសាលាក្ដីខ្មែរក្រហម ថាក្រោយកាត់ក្តីលោក នួន ជា និង ខៀវ សំផន គឺបិទសំណុំរឿង៖ «មុខសញ្ញាដែលត្រូវនាំមកកាត់ទោសអត់មានទៀតទេ ពីព្រោះថា ការកំណត់ជាគោលនយោបាយ និងគោលការណ៍របស់យើង គឺថា អ្នកដឹកនាំជាន់ខ្ពស់ និងអ្នកទទួលខុសត្រូវខ្ពស់បំផុត មុខសញ្ញាពីរហ្នឹង។ ឥឡូវនេះយើងបានដំណើរការចប់សព្វគ្រប់ ហើយមិនមានអីទៀតទេ » ។
តាមពិត ដំណើរការក្តី មិនទាន់ចប់សព្វគ្រប់ ដូចលោក ស ខេង អះអាងនោះទេ។ តាំងពីដំបូងទីឯណោះ ភាគីអន្តរជាតិ ទាមទារឲ្យស៊ើបអង្កេតបន្ថែម លើអតីតកម្មាភិបាលខ្មែរក្រហមផ្សេងទៀត ដោយផ្ដើមនីតិវិធីក្នុងសំណុំរឿង ០០៣ និង ០០៤។ ប៉ុន្តែ ដោយសារតែជំហររដ្ឋាភិបាលកម្ពុជាបែបនេះ ទើបធ្វើឲ្យដំណើរការក្តី ក្នុងសំណុំទាំងពីរនេះ ជួបឧបសគ្គយ៉ាងខ្លាំង។
ជំហររដ្ឋាភិបាលក្នុងការថ្លែងសារ ដែលជ្រៀតជ្រែកដល់កិច្ចការតុលាការនេះ ធ្វើឲ្យប៉ះពាល់ដល់ឯករាជ្យភាពរបស់តុលាការ ដោយសារតែមន្ត្រីតុលាការ នៃអង្គជំនុំជម្រះនីមួយៗ ភាគច្រើនជាមន្រ្តីជាតិ និងជាមនុស្សរបស់របបលោក ហ៊ុន សែន។ បណ្ឌិត ឡៅ ម៉ុងហៃ ថ្លែងថា សញ្ញាណបែបនេះ បង្ហាញឲ្យឃើញអំពីភាពទន់ខ្សោយ នៃនីតិរដ្ឋ ដោយសារតែអំណាចទាំងបី បែងចែកគ្នាមិនដាច់ ដោយសារសម្ពាធរដ្ឋាភិបាល៖ «តាមពីកាលណាមានករណី ទៅដល់តុលាការហើយ គឺអ្នកនយោបាយក្នុងនីតិប្រតិបត្តិ ក្នុងជួររដ្ឋាភិបាល គួរនៅស្ងៀមស្ងាត់ កុំធ្វើអត្ថាធិប្បាយអ្វីទាំងអស់ ព្រោះវាប៉ះពាល់ដល់ឯករាជ្យភាពតុលាការ»។
ភាពមិនចេះនៅស្ងៀមស្ងាត់របស់រដ្ឋាភិបាលនេះ បន្តដល់រាលដាលដល់ការរារាំង មិនឲ្យមន្ត្រីនៃរបបនេះ ចូលខ្លួនទៅបំភ្លឺ តាមការកោះហៅរបស់តុលាការថែមទៀតផង។ កាលពីខែតុលា ឆ្នាំ២០០៩ ចៅក្រមស៊ើបអង្កេតអន្តរជាតិ បានកោះអញ្ជើញមន្ត្រីជាន់ខ្ពស់ខ្មែរ ៦នាក់ ឲ្យទៅឆ្លើយបំភ្លឺ។ អ្នកទាំងនោះ រួមមាន លោក ជា ស៊ីម ប្រធានព្រឹទ្ធសភា លោក ហេង សំរិន ប្រធានរដ្ឋសភា លោក ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស លោក គាត ឈន់ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក ស៊ីម កា សមាជិកព្រឹទ្ធសភា និងលោក អ៊ុក ប៊ុនឈឿន ដែលជាសមាជិកព្រឹទ្ធសភា។
លោក ខៀវ កាញារីទ្ធ អ្នកនាំពាក្យរាជរដ្ឋាភិបាលនៅពេលនោះ និងជារដ្ឋមន្ត្រីក្រសួងព័ត៌មាន បានមានប្រតិកម្មទៅនឹងការកោះអញ្ជើញនេះ ដោយមានប្រសាសន៍ថា ជំហររាជរដ្ឋាភិបាល គឺមិនព្រមជាដាច់ខាត លើកលែងតែអ្នកទាំងនោះស្ម័គ្រចិត្តទៅផ្ដល់សក្ខីកម្មក្នុងតុលាការខ្មែរក្រហម។ លោកថែមទាំងព្រមាន ឲ្យមន្ត្រីបរទេសនៃតុលាការខ្មែរក្រហមណា ដែលមិនពេញចិត្តនឹងជំហរនេះ ឲ្យវេចបង្វេចត្រឡប់ទៅប្រទេសរបស់ខ្លួនវិញថែមទៀតផង។
ការបំពានដីកាកោះរបស់តុលាការនេះ ដែលបើតាមច្បាប់ត្រូវមានទោស ប៉ុន្តែ សាលាក្ដីខ្មែរក្រហម មិនហ៊ានចាត់វិធានការអ្វី ទៅលើមន្ត្រីទាំងនោះដែរ ដោយសារតែលោក ហ៊ុន សែន កាងការពារ។
លោក ឡុង បញ្ញាវុធ សម្ដែងការសោកស្ដាយ ដែលសាលាក្ដីនេះ ខកខានក្នុងការរក្សាសុចរិតភាពនៃភាពឥតលម្អៀងរបស់ខ្លួន៖ «សូម្បីតែសាលាក្ដីខ្លួនឯងក៏ដោយ មិនបានធ្វើជាភាពគំរូនូវក្នុងការធានាបាន នូវភាពឯករាជ្យ និងសុចរិតភាព ក្នុងដំណើរការចោទប្រកាន់ ដំណើរការស៊ើបអង្កេត និង ដំណើរការជំនុំជម្រះ » ។
ដំណើរការជំនុំជម្រះក្តីនេះ មានអង្គហេតុច្រើន ដែលតុលាការនេះ មិនអាចយកមកជំនុំជម្រះឲ្យអស់ទេ ដោយសារតែយុត្តាធិការពេលវេលា។ តុលាការនេះ មានសមត្ថកិច្ចពិនិត្យមើលតែបទឧក្រិដ្ឋ ដែលកើតមាននៅចន្លោះឆ្នាំ១៩៧៥ និង ១៩៧៩ ប៉ុណ្ណោះ។ ប្រការនេះ ធ្វើឲ្យលោក នួន ជា ចាត់ទុកថា ជាការមិនផ្ដល់យុត្តិធម៌ ផ្នែកប្រវត្តិសាស្ត្រទេ។ លោក នួន ជា ប្រៀបធៀបអ្វីដែលកើតឡើង ដូចជាសត្វក្រពើមួយទាំងមូល។ ប៉ុន្តែ តុលាការយកតែក្បាល និងកន្ទុយមកនិយាយ។ លោកទាមទារឲ្យពិនិត្យមើលតួខ្លួនក្រពើទាំងមូល ដោយពិនិត្យមើលអង្គហេតុ ដែលកើតឡើង ដូចជា ការទម្លាក់គ្រាប់បែករបស់អាមេរិក មុនឆ្នាំ១៩៧៥ ផង។
ក្រុមមេធាវីការពារក្ដីរបស់លោក ខៀវ សំផន ឯណោះ ក៏មិនពេញចិត្តទៅនឹងការមិនបញ្ចូលអង្គហេតុជាច្រើន ទៅក្នុងការកាត់ក្ដីនេះដែរ។ ម្យ៉ាងវិញទៀត សហមេធាវីជាតិការពារក្តីលោក ខៀវ សំផន គឺលោក គង់ សំអុន ថា រឿងក្ដីនៅសាលាក្ដីខ្មែរក្រហម រងឥទ្ធិពលនយោបាយច្រើន ដែលពិបាករកចៅក្រម មកសម្រេចក្ដីដោយឈរលើសច្ចយុត្តិធម៌ពិតប្រាកដបានណាស់។ លោកបន្ថែមថា តុលាការកាត់ក្ដីបែបសង្ខេបច្រើន ដែលប៉ះពាល់ដល់ប្រយោជន៍ជនជាប់ចោទ ជាពិសេសការខកខាន ក្នុងការប្រឹងប្រែងរកភស្តុតាងសម្រាលបន្ទុកជនជាប់ចោទ៖ «ពីព្រោះកាលណា យើងស្វែងរកយុត្តិធម៌ គឺត្រូវរកភស្តុតាងដាក់បន្ទុក និងដោះបន្ទុក។ ប៉ុន្តែ និន្នាការរបស់យើងនេះ គឺភាគច្រើន គឺទំនោរជាទូទៅ គឺយើងរកតែដាក់បន្ទុកទេ » ។
លើសពីនេះទៅទៀត បញ្ហាអំពើពុករលួយ បានញាំញីសាលាក្ដីខ្មែរក្រហមនេះ ដោយសារតែអតីតប្រធានរដ្ឋបាល នៃភាគីជាតិ គឺលោក ស៊ាន វិសុទ្ធ រងការចោទប្រកាន់ ថាបានប្រព្រឹត្តអំពើពុករលួយ ដោយយកលុយពីបុគ្គលិកប្រចាំខែ ជាថ្នូរនឹងការបានបន្តការងារនៅសាលាក្ដីខ្មែរក្រហម។ លោក ស៊ាន វិសុទ្ធ បានប្រកែកចំពោះបញ្ហានេះ។
ការិយាលយ័ត្រួតពិនិត្យកិច្ចការផ្ទៃក្នុងរបស់អង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក បានពិនិត្យមើលបញ្ហានេះ បន្ទាប់ពីមានបណ្ដឹងពីបុគ្គលិកខ្មែរ។ កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) បានបង្កកប្រាក់ខែសម្រាប់បុគ្គលិកខ្មែរ ក្នុងសាលាក្ដីខ្មែរក្រហមចំនួន ជាង ៧០ម៉ឺនដុល្លារអស់មួយរយៈកាលពីពេលនោះ មុនបង្កើតគណៈកម្មការមួយ ដើម្បីដោះស្រាយការចោទប្រកាន់អំពីអំពើពុករលួយនេះ។ ក្រោយមកមន្ត្រីផ្នែកបុគ្គលិក ខាងភាគីជាតិជាច្រើន រួមទាំងប្រធានបុគ្គលិកផង ត្រូវបានដកចេញពីការងារ។
លោក ស៊ាន វិសុទ្ធ បានសម្រាកពីការងារ ដោយហេតុផលព្យាបាលជំងឺ តាំងពីពេលនោះមក។ លោកសម្រាកពីការងារ ដោយហេតុផលនេះ តាំងពីខែវិច្ឆិកា ឆ្នាំ២០០៨ មកម្ល៉េះ ដោយទុកតំណែងប្រធានរដ្ឋបាលនេះ ឲ្យនៅទំនេរជាង ១០ឆ្នាំមកហើយ។
ជុំវិញការចូលរួមរបស់ជនរងគ្រោះ ដែលជាដើមបណ្ដឹងរដ្ឋប្បវេណីឯណោះវិញ ទោះបីច្បាប់ចែងថា ជនរងគ្រោះ គឺជាភាគីសំខាន់មួយ ក្នុងនីតិវិធីតុលាការយ៉ាងណាក្តី ការយកចិត្តទុកដាក់ទៅលើជនរងគ្រោះ នៅមានភាពឆកល្វែងច្រើន។ មេធាវីតំណាងដើមបណ្ដឹងរដ្ឋប្បវេណីលោក ហុង គឹមសួន លើកឡើងថា ក្រុមមេធាវីរបស់លោក មិនបានទទួលថវិកាឧបត្ថម្ភជាច្រើនឆ្នាំ មកហើយ។ ការគ្មានថវិកាឧបត្ថម្ភនេះ ប៉ះពាល់យ៉ាងខ្លាំង ដល់ប្រយោជន៍របស់កូនក្តី។ ជាងនេះទៅទៀត ទម្រង់សំណងផ្លូវចិត្ត និងសំណងបែបសមូហភាព ពិបាកឲ្យជនរងគ្រោះទទួលយកបានណាស់ ព្រោះតុលាការថាផ្ដល់សំណងទាំងនេះ ក៏មិនទាន់ឃើញការសង់ស្តូបរម្លឹកវិញ្ញាណក្ខន្ធជនរងគ្រោះ ឲ្យបាននៅកន្លែងផ្សេង ក្រៅតែពីនៅគុកទួលស្លែងនោះដែរ៖ «ធ្វើតែមួយហ្នឹង ដល់ហើយដើមបណ្ដឹងថា ធ្វើនៅទីនោះ បានផលតែទៅគណៈកម្មការនៅទីនោះទៅវិញ តាមការយល់ឃើញរបស់ពួកគាត់ » ។
រហូតមកដល់ពេលនេះ សាលាក្ដីខ្មែរក្រហមបើកដំណើរការកាត់ក្ដីអស់រយៈពេលជាង ១៣ឆ្នាំហើយ និង ចំណាយថវិកាអស់ជាង ៣០០លានដុល្លារ ដែលស្ទើរតែទាំងអស់ បានពីជំនួយឧបត្ថម្ភរបស់ប្រទេសម្ចាស់ជំនួយ នៃសហគមន៍អន្តរជាតិ។ ជាលទ្ធផល សាលាក្ដីនេះ បានកាត់ទោសឲ្យអតីត មេគុកទួលស្លែង លោក កាំង ហ្កេកអ៊ាវ ហៅ ឌុច ក្នុងសំណុំរឿង ០០១ ឱ្យជាប់ពន្ធនាគារអស់មួយជីវិត។ អតីតមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហមពីររូប គឺលោក ខៀវ សំផន និង នួន ជា ក្នុងសំណុំរឿង ០០២/០២ វិញ ក៏ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិតដែរ។
ការស៊ើបអង្កេតលើសំណុំរឿងពីរផ្សេងទៀត គឺសំណុំរឿង ០០៣ ដែលមានជនត្រូវចោទលោក មាស មុត និងសំណុំរឿង ០០៤ ដែលមានជនត្រូវចោទលោក អោ អាន និង យឹម ទិត្យ ត្រូវបានបិទបញ្ចប់នៅខែធ្នូ ឆ្នាំ២០១៦។ នីតិវិធីបន្តក្នុងសំណុំរឿងទាំងពីរនេះ នៅមិនទាន់បិទបញ្ចប់ជាស្ថាបពរ នៅឡើយទេ។ ប៉ុន្តែកំពុងស្ថិតក្នុងភាពចម្រូងចម្រាស ដោយសារតែជំហររបស់រដ្ឋាភិបាល មិនចង់ឲ្យមានការកាត់ក្តីបន្ថែម។
អ្នកវិភាគគោលនយោបាយ និងជាសាស្ត្រាចារ្យផងថា សាលាក្ដីនេះ គួរតែនាំខ្លួនមនុស្សមកកាត់ទោសបន្ថែមទៀត។ សាស្ត្រាចារ្យផ្នែកកិច្ចការការទូត និងពិភពលោក នៃសាកលវិទ្យាល័យ អុកស៊ីដិនថល (Occidental College) នៅទីក្រុង ឡូស អែនជីឡេស (Los Angeles) រដ្ឋកាលីហ្វ័រញ៉ា (California) សហរដ្ឋអាមេរិក លោកបណ្ឌិត អៀ សុផល ថា គ្មានទេយុត្តិធម៌ ក្នុងការកាត់ក្ដីអតីតមេខ្មែរក្រហម នៅពេលដែលអតីតកម្មាភិបាលខ្មែរក្រហម កំពុងកាន់អំណាចបែបនេះនោះ។
ទោះជាយ៉ាងនេះក្តី អ្នកនិពន្ធសៀវភៅ ដែលមានចំណងជើងថា ស្រមោលយុត្តិធម៌ ឬ Justice Façade លោក អាឡិចសែនឌើរ ហិនថុន (Alexander Hinton) ថា ការទទួលយកបានប៉ុនណា ចំពោះយុត្តិធម៌ ដែលសាលាក្ដីខ្មែរក្រហមផ្តល់ឲ្យនេះ គឺអាស្រ័យទៅលើប្រជាពលរដ្ឋខ្មែរខ្លួនឯង ជាអ្នកវិនិច្ឆ័យ។ លោកយល់ស្របតាមប្រសាសន៍របស់អតីតប្រធានកិច្ចការសាធារណៈរបស់សាលាក្ដីខ្មែរក្រហម គឺលោក រាជ សម្បត្តិ ដែលលើកឡើងថា បើមិនបានយុត្តិធម៌ពេញលេញ ដូចការចង់បានក៏ដោយ ក៏គ្រាន់បើជាងអត់មានយុត្តិធម៌សោះនោះដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។