ប្រជាពលរដ្ឋចំនួន ១១សហគមន៍ ដែលមានទំនាស់ដីធ្លីរ៉ាំរ៉ៃនៅខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី៦ សីហា នាំគ្នាលើកបញ្ហាទុក្ខកង្វល់របស់ខ្លួន ដាក់ឲ្យប្រធានគណៈកម្មការទី១ នៃព្រឹទ្ធសភា ជួយដោះស្រាយនាស្នាក់ការអង្គការលីកាដូ (Licadho) ខេត្តបាត់ដំបង។
ក្នុងចំណោមនោះ សហគមន៍ជនជាតិដើមភាគតិចពរ នៅស្រុកសំឡូត និងសហគមន៍ទំនាស់ដីធ្លីឃុំបឹងប្រាំ មានប្រវត្តិជូរចត់ ដែលអង្គការសង្គមស៊ីវិល និងគណៈកម្មការចាប់អារម្មណ៍ជាងគេ។
គណៈកម្មការទី១ នៃព្រឹទ្ធសភា ទទួលបន្ទុកផ្នែកសិទ្ធិមនុស្ស ទទួលពាក្យបណ្ដឹង និងអង្កេត អនុញ្ញាតឲ្យតំណាងប្រជាពលរដ្ឋដែលមកពីតាមបណ្ដាសហគមន៍នានាក្នុងខេត្តបាត់ដំបង មានឱកាសឡើងបញ្ចេញមតិពីទុក្ខកង្វល់រឿងបញ្ហាទំនាស់ដីធ្លីក្នុងសហគមន៍របស់ខ្លួនម្ដងម្នាក់ៗ។
តំណាងសហគមន៍ដីធ្លីឃុំបឹងប្រាំ ស្រុកបវេល និងសហគមន៍ជនជាតិដើមភាគតិចពរ ស្រុកសំឡូត ខេត្តបាត់ដំបង ថ្លែងនៅក្នុងអង្គពិធីនៅស្នាក់ការអង្គការលីកាដូ ខេត្តបាត់ដំបង នៅថ្ងៃទី៦ សីហា ដោយលើកឡើងស្រដៀងគ្នាថា បញ្ហាទំនាស់ដីធ្លីរបស់ពួកគាត់ដោះស្រាយមិនចេះចប់មិនចេះហើយអស់ជាច្រើនឆ្នាំមកនេះ ដោយសារអាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធ ពុំបានយកចិត្តទុកដាក់ក្នុងការដោះស្រាយបញ្ចប់ជម្លោះដីធ្លីរបស់ពួកគាត់ ឲ្យអស់ពីលទ្ធភាពនោះទេ។ ផ្ទុយទៅវិញ មន្ត្រីមូលដ្ឋានមួយចំនួន ធ្វើជាឆ្អឹងទទឹងក ដោយព្យាយាមបន្ថែមបញ្ហានាំឲ្យរាំងស្ទះដល់ការដោះស្រាយរបស់ប្រជាពលរដ្ឋទៅវិញ៖ «មេភូមិមេឃុំចាស់ គាត់ទទួលស្គាល់ថា ខ្ញុំបានអាស្រ័យជាក់ស្ដែងនៅលើដីនោះ តែមេឃុំថ្មី គឺលោក ឈា នី គាត់បានយកប្រជាពលរដ្ឋក្រុមផ្សេងមករស់នៅតំបន់ដីនោះដែរ បង្កមានទំនាស់ប្រជាពលរដ្ឋ និងប្រជាពលរដ្ឋ។ ខ្ញុំសំណូមពរដល់ឯកឧត្ដមទាំងអស់ មេតាជួយធ្វើយ៉ាងណាផ្ដល់ប័ណ្ណកម្មសិទ្ធិដីធ្លីដល់ពួកខ្ញុំជនជាតិដើមភាគតិចផង»។
ប្រធានគណៈកម្មការទី១ នៃព្រឹទ្ធសភា ព្រមទាំងក្រុមការងារ បានសួរដេញដោល និងស្ដាប់ការបកស្រាយរបស់តំណាងសហគមន៍យ៉ាងយកចិត្តទុកដាក់បំផុត រហូតដល់ចំណុចខ្លះបានងក់ក្បាលយល់ព្រមហាក់បញ្ជាក់ថា រឿងទំនាស់ដីធ្លីរបស់ប្រជាពលរដ្ឋនោះអាចដោះស្រាយបញ្ចប់បាន។
លោក គង់ គាំ ប្រធានគណៈកម្មការទី១ នៃព្រឹទ្ធសភា មានប្រសាសន៍បន្ទាប់ពីទទួលមតិយោបល់ពីប្រជាពលរដ្ឋនៅស្នាក់ការអង្គការលីកាដូ ខេត្តបាត់ដំបង ថា គណៈកម្មការទី១ នៃព្រឹទ្ធសភា ចុះជួបប្រជាពលរដ្ឋនេះ ដើម្បីស្រាវជ្រាវបញ្ហាទំនាស់ដីធ្លីរ៉ាំរ៉ៃ ទៅតាមរបាយការណ៍របស់អង្គការលីកាដូ ដែលបង្ហាញថា ប្រជាពលរដ្ឋដែលមានទំនាស់ដីធ្លីជាច្រើនករណីក្នុងខេត្តបាត់ដំបង ពុំទាន់ដោះស្រាយនៅឡើយ៖ «ខ្ញុំអត់បានជួយអភិបាលខេត្តបាត់ដំបង នៅឡើយទេ នៅរសៀលនេះទើបបានខ្ញុំជួប ប៉ុន្តែនៅពីរខេត្តដែលខ្ញុំបានឆ្លងរួចមកហើយនោះ ឃើញថាមានការដោះស្រាយរបស់អាជ្ញាធរទទួលបានវិជ្ជមានច្រើន»។
ទាក់ទងនឹងបញ្ហានេះដែរ មន្ត្រីស៊ើបអង្កេតនៃអង្គការលីកាដូ ខេត្តបាត់ដំបង លោក ហេង សាយហុង មានប្រសាសន៍ថា បញ្ហាទំនាស់ដីធ្លីមួយចំនួនក្នុងខេត្តបាត់ដំបង អាជ្ញាធរអាចដោះស្រាយបញ្ចប់បញ្ហាឲ្យប្រជាពលរដ្ឋបាន ប៉ុន្តែបញ្ហាមួយចំនួនហាក់ខ្វះការយកចិត្តទុកដាក់ពីសំណាក់អាជ្ញាធរមូលដ្ឋាន ធ្វើឲ្យប្រជាពលរដ្ឋមានការខឹងសម្បា ហើយនាំគ្នាតវ៉ាជាបន្តបន្ទាប់ ហើយការតវ៉ាកន្លងទៅ ដោយសារពួកគាត់ពុំមានដីដាំដុះដោះស្រាយជីវភាពគ្រួសារ៖ «ដីមួយចំនួនគាត់អាស្រ័យផលបន្តិចបន្តួច តែអត់មានប័ណ្ណកាន់កាប់ដីធ្លីជាកម្មសិទ្ធិទេ។ ទី២ ដីដែលបង្កបង្កើនផលទៅអាជ្ញាធរ ឬភាគីទំនាស់ដីម្ខាងទៀត តែធ្វើការគំរាមកំហែងជាប្រចាំ ធ្វើពួកគាត់មានការភ័យខ្លាច»។
អង្គការសង្គមស៊ីវិល និងប្រជាពលរដ្ឋរំពឹងថា បន្ទាប់ពីជួបគណៈកម្មការទី១ នៃព្រឹទ្ធសភាហើយ នឹងជួយសម្រួលដល់ការដោះស្រាយបញ្ហាទំនាស់ដីធ្លីបានឆាប់រហ័ស។ គណៈកម្មការទី១ នៃព្រឹទ្ធសភា នឹងធ្វើដំណើរទៅខេត្តកំពត ព្រះសីហនុ កំពង់ស្ពឺ ត្បូងឃ្មុំ និងខេត្តស្វាយរៀង បន្តទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
