ពស់វែក​៣​ក្បាល​ត្រូវ​គេ​បោះ​ចូល​ក្នុង​ផ្ទះ​​ពលរដ្ឋ​មាន​ទំនាស់​ដី​នៅ​​បឹងកក់

ប្រជាពលរដ្ឋ​មាន​បញ្ហា​ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន ឃុន សៀ នៅ​សង្កាត់​បឹងកក់១ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ បាន​សម្ដែង​ក្តី​បារម្ភ​ជា​ថ្មី​ថា ពួកគាត់​នឹង​ត្រូវ​ឃាតក​សម្លាប់​ទាំង​គ្រួសារ បើ​សិន​ជា​អាជ្ញាធរ​មិន​ជួយ​អន្តរាគមន៍​ឲ្យ​ទាន់​ពេល​វេលា​ទេ​នោះ។
ដោយ វណ្ណ វិចារ
2013-10-30
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សត្វ​ពស់​វែក​ដែល​ជន​មិន​ស្គាល់​មុខ​ដាក់​ក្នុង​ថង់​សំណាញ់​ខៀវ បោះ​ចូល​ក្នុង​ផ្ទះ​អ្នក​នៅ​តំបន់​បឹងកក់ លោកស្រី  ម៉ក់ សៀវហួង កាល​ពី​យប់​ថ្ងៃ​ទី​២៩ តុលា ឆ្នាំ​២០១៣។
សត្វ​ពស់​វែក​ដែល​ជន​មិន​ស្គាល់​មុខ​ដាក់​ក្នុង​ថង់​សំណាញ់​ខៀវ បោះ​ចូល​ក្នុង​ផ្ទះ​អ្នក​នៅ​តំបន់​បឹងកក់ លោកស្រី ម៉ក់ សៀវហួង កាល​ពី​យប់​ថ្ងៃ​ទី​២៩ តុលា ឆ្នាំ​២០១៣។
RFA/Van Vichar

ការ​ប្រកាស​ឲ្យ​ដឹង​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​មនុស្ស​ប្រុស​ម្នាក់ បាន​យក​ពស់​វែក ៣​ក្បាល បោះ​ចូល​ក្នុង​ផ្ទះ​របស់​គាត់​កាល​ពី​យប់​ថ្ងៃ​ទី​២៩ ខែ​តុលា វេលា​ម៉ោង​ជាង ១​រំលង​អធ្រាត្រ។

ប្រជាពលរដ្ឋ​បី​គ្រួសារ​ដែល​កំពុង​មាន​ជម្លោះ​ដីធ្លី បាន​ដង្ហោយ​ហៅ​រក​អន្តរាគមន៍​ជា​លើក​ទី​២​ហើយ បន្ទាប់​ពី​ពលរដ្ឋ​ទាំង​បី​គ្រួសារ កាល​ពី​ខែ​មិថុនា បាន​ធ្វើ​សន្និសីទ​កាសែត​ប្រកាស​ថា ពួកគាត់​អាច​នឹង​ត្រូវ​ឃាតក​លប​សម្លាប់ ព្រោះ​តែ​មិន​ព្រម​ទទួល​សំណង​ពី​ក្រុមហ៊ុន​ជា​ថ្នូរ​នឹង​ការ​ចាក​ចេញ​ពី​ផ្ទះសំបែង។

ក្រុម​ពលរដ្ឋ​ទាំង​បី​គ្រួសារ​មាន​ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ឯកជន ឃុន សៀ អភិវឌ្ឍន៍ ដែល​ជា​ក្រុមហ៊ុន​ទទួល​ទិញ​អគារ​សាលា​សង្កាត់ និង​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា សង្កាត់​បឹង​កក់១ តាំង​ពី​ខែ​មេសា ឆ្នាំ​២០១៣។ ក្រុមហ៊ុន​ព្រម​ផ្ដល់​ប្រាក់​សំណង​ចំនួន ១៥.០០០​ដុល្លារ​ក្នុង​មួយ​គ្រួសារ​ជា​ថ្នូរ​នឹង​ការ​ចាកចេញ តែ​ពលរដ្ឋ​ទាំង​នោះ​មិន​ព្រម​យក។

កន្លង​ទៅ​ក្រុម​អ្នក​ភូមិ ធ្លាប់​ត្រូវ​បាន​ក្រុមហ៊ុន​ឯក​ជន​មួយ​នេះ ប្ដឹង​ប៉ូលិស​ចាប់​បញ្ជូន​ទៅ​តុលាការ​ក្នុង​បទ​ចោទ​បំផ្លាញ​ទ្រព្យ​សម្បត្តិ​ក្រុមហ៊ុន។ បុគ្គលិក​ក្រុមហ៊ុន​វាយ​ដំ ជះ​ទឹក​លូ​សំអុយ​ដាក់​ផ្ទះ ជន​មិន​ស្គាល់​មុខ​បំពុល​ឆ្កែ​ឲ្យ​ងាប់ គេ​យក​ពូថៅ​កាប់ និង​ចុង​ក្រោយ​គឺ​នៅ​យប់​ថ្ងៃ​ទី​២៩ ខែ​តុលា មាន​មនុស្ស​មិន​ស្គាល់​មុខ​បាន​បោះ​ពស់​វែក​ចូល​ក្នុង​ផ្ទះ​គាត់​ទៀត។

សត្វ​ពស់​១​ក្បាល​ផ្សេង​ទៀត​ដែល​ត្រូវ​អ្នក​ភូមិ​វាយ​សម្លាប់។ RFA/Van Vichar
សត្វ​ពស់​១​ក្បាល​ផ្សេង​ទៀត​ដែល​ត្រូវ​អ្នក​ភូមិ​វាយ​សម្លាប់។ RFA/Van Vichar

ពលរដ្ឋ​ដែល​ត្រូវ​គេ​បោះ​ពស់​វែក​ចូល​ផ្ទះ លោកស្រី ម៉ក់ សៀវហួង នៅ​ថ្ងៃ​ទី​៣០ ខែ​តុលា រៀប​រាប់​ថា កាល​ពី​យប់​ថ្ងៃ​ទី​២៨ ខែ​តុលា មាន​ជន​មិន​ស្គាល់​មុខ​បាន​យក​ថ្នាំ​បំពុល​ឆ្កែ​របស់​ពួក​គាត់​ងាប់​អស់​ចំនួន ២​ក្បាល ហើយ​មួយ​ថ្ងៃ​បន្ទាប់​ក៏​មាន​ជន​មិន​ស្គាល់​មុខ​យក​ថង់​ពស់វែក មក​បោះ​ចូល​ផ្ទះ​គាត់​ទាំង​កណ្ដាល​យប់​តែម្ដង។

លោកស្រី ម៉ក់ សៀវហួង៖​ «ឮ​សំឡេង​ឆែតៗ ខ្ញុំ​ក៏​ហៅ​កូន​ឲ្យ​ក្រោក​ឡើង ខ្ញុំ​ក៏​ហៅ​ប៉ូលិស​ហៅ​អី​មក​ជួយ​ចាប់ ជួយ​វ៉ៃ​ជាង ១​ម៉ោង ហើយ​ចាប់​និង​វ៉ៃ។ ...វា​រុល​ចេញ​ក្រៅ ហើយ​អា​មួយ​រត់​ទៅ​កៀន​ជញ្ជាំង ហើយ​អា​ក្នុង​ថង់​ហ្នឹង​នៅ​ហ្នឹង​ស្រាប់​ទេ។ ពូ​មួយ​គាត់​ចង​មាត់​ថង់ ក៏​ត្រូវ​ពស់​ព្រួស​ពិស​ដាក់​ឡើង​ហើម។ ប៉ុនប៉ង​ធ្វើ​ឃាត​ហើយ ពស់​ហ្នឹង​បើ​សិន​ជា​អត់​ដឹង​ទេ ស្លាប់​ទាំង​អស់​ហើយ»

លោកស្រី​គិត​ថា ទាំង​ការ​បំពុល​ឆ្កែ​និង​ពន្លែង​ពស់​វែក​ចូល​ផ្ទះ​នេះ សុទ្ធ​ជា​អំពើ​គំរាមកំហែង​ដើម្បី​ប្លន់​ដីធ្លី​តែប៉ុណ្ណោះ ព្រោះ​ថា ពួក​គាត់​មិន​ធ្លាប់​មាន​ទំនាស់​ជាមួយ​អ្នក​ណា​ក្រៅ​ពី​ក្រុមហ៊ុន​ទិញ​សាលា​សង្កាត់​នេះ​ឡើយ។ លោកស្រី​បញ្ជាក់​ថា ពលរដ្ឋ​ទាំង ៣​គ្រួសារ កំពុង​ប្រឈម​នឹង​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត ព្រោះ​តែ​ការពារ​ផ្ទះសំបែង​របស់​ខ្លួន។

ពស់វែក​ទាំង​បី​ក្បាល​នោះ ជា​ប្រភេទ​ពស់វែក​ដំបូក​១​ក្បាល និង​ពស់​វែក​ក្របី​ពីរ​ក្បាល ដែល​មាន​ទំហំ​ប៉ុន​កដៃ​មនុស្ស​ចាស់ និង​ប្រវែង​ជិត ១​ម៉ែត្រ។ ពស់​វែក​ដំបូក​ត្រូវ​បាន​ពលរដ្ឋ​វាយ​ងាប់​ទាំង​យប់ ហើយ​ពស់​វែក​ក្របី ត្រូវ​បាន​គេ​ចាប់​ដាក់​ក្នុង​ថង់​ទុក​ជា​ភស្តុតាង។

ក្រុមហ៊ុន ឃុន សៀ ជា​អ្នក​ទទួល​ទិញ​ដី​ទំនាស់​នេះ យក​លក់​បន្ត​ឲ្យ​ប្រធាន​អង្គរក្ស​លោក ជា ស៊ីម គឺ​ឧត្ដមសេនីយ៍ឯក យឹម លាង ដែល​ត្រូវ​ជា​កូន​បង្កើត​របស់​លោក​ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ហើយ​ជា​កូនប្រសា​របស់​រដ្ឋមន្ត្រី​ក្រសួង​អភិវឌ្ឍន៍​ជនបទ លោក ជា សុផារ៉ា។ តំណាង​ក្រុមហ៊ុន ឃុន សៀ ធ្លាប់​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ក្រុមហ៊ុន ឃុន សៀ ចង់​ដោះស្រាយ​ជាមួយ​ពលរដ្ឋ​ដោយ​សន្តិវិធី​តាម​ការ​សម្របសម្រួល ហើយ​ក្រុមហ៊ុន​មិន​មាន​បំណង​បង្ក​គ្រោះថ្នាក់ ឬ​គំរាមកំហែង​ចំពោះ​ពលរដ្ឋ​ឡើយ។

ទោះ​ជា​បែប​ណា​ក្ដី មន្ត្រី​ផ្នែក​ច្បាប់​របស់​អង្គការ​ក្រុម​ការងារ​ពិសេស​ការពារ​សិទ្ធិ​លំនៅឋាន លោក ណន អូនី មាន​ប្រសាសន៍​ថា ករណី​នេះ​ពិត​ជា​ប្រការ​គួរ​ឲ្យ​ព្រួយ​បារម្ភ។ លោក​បន្ត​ថា អាជ្ញាធរ​ត្រូវ​តែ​ចាត់​វិធានការ​ជា​បន្ទាន់​ដើម្បី​ការពារ​អាយុ​ជីវិត​របស់​ពលរដ្ឋ និង​ត្រូវ​ស្វែង​រក​ជន​ដៃដល់ និង​អ្នក​បញ្ជា​ដែល​ប៉ុនប៉ង​សម្លាប់​មនុស្ស​នោះ​យក​មក​ផ្ដន្ទាទោស​តាម​ច្បាប់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (19)
Share

អ្នក​អាន​អនាមិក

See looks : Who did take sneak to kill
people , This is family Nepotism , Communist ism , Group corporation Did ..

Oct 31, 2013 03:40 PM

Ch Tl

ពី PP

Every one remark how treatment our nation been made, Pls. note well, we hope soon our nation Khmer will be change this kind of un honor,

Oct 31, 2013 07:03 AM

អ្នក​អាន​អនាមិក

merl tov panh ha mouy jam noun pit jea pik bak dors sray men ! yut ti thor pet jea pibak rok nas nov srok khmer sam rab nek kror

Oct 31, 2013 06:01 AM

អ្នក​អាន​អនាមិក

ពី Battambang

គិតទៅអាពួកនេះសាហាវណាស់ បន្តិចទៀតអំពើបាបទាំងអស់នឹងធ្លាក់
លើពួកវាវិញមិនខាន ព្រោះធម៌ព្រះបានសំដែងថា ធ្វើល្អបានល្អ
ធ្វើអាក្រក់បានអាក្រក់ ។

Oct 30, 2013 11:52 PM

Ada

នេះជាទង្វើដ៏អាក្រក់បំផុត

Oct 30, 2013 11:28 PM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល