ពលរដ្ឋ​៩​គ្រួសារ​ទាមទារ​ក្រុមហ៊ុន​ទំនប់​វារីអគ្គិសនី​សេសាន​ផ្ដល់​សំណង​ប៉ះពាល់​ដី​ស្រែ

ដោយ ម៉ែន សុធីរ
2017-06-15
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
តំណាង​ពលរដ្ឋ​រស់នៅ​ឃុំ​ភ្លុក ស្រុក​សេសាន ខែត្រ​ស្ទឹងត្រែង លោក ស៊ីង ស៊ីថាន់ ផ្តល់​បទសម្ភាសន៍​ដល់​អាស៊ីសេរី នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែ​មិថុនា ឆ្នាំ​២០១៧។
តំណាង​ពលរដ្ឋ​រស់នៅ​ឃុំ​ភ្លុក ស្រុក​សេសាន ខែត្រ​ស្ទឹងត្រែង លោក ស៊ីង ស៊ីថាន់ ផ្តល់​បទសម្ភាសន៍​ដល់​អាស៊ីសេរី នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែ​មិថុនា ឆ្នាំ​២០១៧។
RFA/Men Sothyr

ពលរដ្ឋ ៩​គ្រួសារ​រស់នៅ​ឃុំ​ភ្លុក ស្រុក​សេសាន ខែត្រ​ស្ទឹងត្រែង ទាមទារ​ឲ្យ​ក្រុមហ៊ុន​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ ផ្តល់​សំណង​ផល​ប៉ះពាល់​ដី​ស្រែ​របស់​ពួក​គេ​ឲ្យ​បាន​ត្រឹមត្រូវ។ ការ​ទាមទារ​នេះ បន្ទាប់​ពី​ក្រុមហ៊ុន​បាន​ជីក​រណ្តៅ​រំដោះ​ទឹក កាយ​អាចម៍​ដី និង​ស្ថាបនា​ផ្លូវ ដើម្បី​ដឹក​ជញ្ជូន​សម្ភារ​ធ្វើ​បង្គោល​អគ្គិសនី បង្ក​ប៉ះពាល់​ដី​ស្រែ​របស់​អ្នក​ភូមិ​ជាច្រើន​ហិកតារ។

ពលរដ្ឋ​អះអាង​ថា ក្រុមហ៊ុន​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ នៅ​ពុំ​ទាន់​សម្របសម្រួល​ដោះស្រាយ​ករណី​នេះ​ជាមួយ​ពលរដ្ឋ​នៅ​ឡើយ​ទេ បើ​ទោះ​បី​ជា​អ្នក​ភូមិ​បាន​ជូន​ដំណឹង​ទៅ​តំណាង​ក្រុមហ៊ុន និង​អាជ្ញាធរ​ច្រើនសា​ក្តី។

ពលរដ្ឋ​រស់នៅ​ឃុំ​ភ្លុក ស្រុក​សេសាន លោក ស៊ីង ស៊ីថាន់ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៥ មិថុនា ថា ក្រុមហ៊ុន​បាន​ស្ថាបនា​បង្គោល​អគ្គិសនី​ដោយ​យក​អាចម៍​ដី និង​ថ្ម ទៅ​ចាក់​លើ​ស្រែ​របស់​ពលរដ្ឋ នាំ​ឲ្យ​ពួក​គាត់​ខកខាន​មិន​អាច​ដាំ​ដុះ​បាន។ លោក​ថា អ្នក​ភូមិ​ធ្លាប់​ទទួល​សំណង​ពី​ក្រុមហ៊ុន ៦០​ម៉ឺន​រៀល ឬ ១៥០​ដុល្លារ ជា​ថ្នូរ​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ស្ថាបនា​បង្គោល​អគ្គិសនី​លើ​ដី​ទំហំ ៥​ម៉ែត្រ​ក្រឡា​កាល​ពី​ខែ​កុម្ភៈ ឆ្នាំ​២០១៧ ក៏ប៉ុន្តែ​បែរ​ជា​ក្រុមហ៊ុន​អនុវត្ត​លើស​ពី​កិច្ចសន្យា​ដែល​បាន​កំណត់ ពោល​គឺ​កសាង​ផ្លូវ​ទំហំ​ទទឹង ៣​ម៉ែត្រ​ទៅ ៤​ម៉ែត្រ ប្រវែង​ជាង ២​ពាន់​ម៉ែត្រ​លើ​ដី​ស្រែ​របស់​ពលរដ្ឋ និង​បាន​ជីក​រណ្តៅ​រំដោះ​ទឹក​នៅ​អម​សងខាង​ផ្លូវ បង្ក​ឲ្យ​ពលរដ្ឋ​ខកខាន​មិន​អាច​ធ្វើ​កសិកម្ម​បាន។

លោក​ទាមទារ​ឲ្យ​ក្រុមហ៊ុន ផ្តល់​សំណង​ផ្អែក​តាម​តម្លៃ​ទីផ្សារ៖ «ធ្វើ​ផ្លូវ និង​ជីក​ប្រឡាយ ខ្ញុំ​ថា​មាន​សុំ​អាជ្ញាធរ​ទេ វា​ថា​អត់​ទេ ចឹង​ពួក​វា​ធ្វើ​គឺ​រំលោភ​សិទ្ធិ​ពលរដ្ឋ​ច្រើន​មែនទែន។ រំលោភ​វា​ចង់​ជីក​រណ្ដៅ​តាម​អំពើ​ចិត្ត។ វា​អត់​បាន​សុំ​យើង​ថា​សុំ​ជីក​ប្រឡាយ​ទេ»

អាស៊ីសេរី មិន​អាច​ទាក់ទង​តំណាង​ក្រុមហ៊ុន​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ លោក អ៊ុំ រ៉េត ដើម្បី​សុំ​ការ​បំភ្លឺ​បញ្ហា​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី​១៥ មិថុនា ព្រោះ​ទូរស័ព្ទ​មិន​អាច​ទាក់ទង​បាន។

ចំណែក​មេ​ឃុំ​ភ្លុក លោក ទូន ថាំង ទទួល​ស្គាល់​ថា ការ​អភិវឌ្ឍ​របស់​ក្រុមហ៊ុន​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ បង្ក​ឲ្យ​ពលរដ្ឋ​ខកខាន​មិន​បាន​ធ្វើ​ស្រែ​នៅ​រដូវ​វស្សា​ឆ្នាំ​នេះ ហើយ​អាជ្ញាធរ​ឃុំ​បាន​ជូន​ដំណឹង​ទៅ​ក្រុមហ៊ុន​រួច​ហើយ ដើម្បី​សម្របសម្រួល​ករណី​នេះ។ លោក​ថា តំណាង​ក្រុមហ៊ុន​បាន​ជូន​ដំណឹង​មក​អាជ្ញាធរ​កាល​ពី​ពេល​ថ្មីៗ​នេះ ដោយ​ស្នើ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​សហការ​ជាមួយ​មន្ត្រី​ពាក់ព័ន្ធ ចុះ​វាស់វែង​កំណត់​ទំហំ​ដី​ស្រែ​ដែល​ប៉ះពាល់ ដើម្បី​ឲ្យ​ក្រុមហ៊ុន​ដោះស្រាយ​ជាមួយ​ពលរដ្ឋ៖ «ក្នុង​នាម​ខ្ញុំ​ជា​អាជ្ញាធរ ខ្ញុំ​ត្រូវ​តែ​ឈរ​ខាង​ប្រជាពលរដ្ឋ​ហើយ ត្រូវ​តែ​ដោះស្រាយ​ឲ្យ​គាត់​ឲ្យ​សម​ហេតុ​ផង ដើម្បី​ឲ្យ​គាត់​អាច​ទទួល​យក​បាន។ ទោះ​ជា​យ៉ាង​ណា ខ្ញុំ​នឹង​ខំ​ទាមទារ​ជាមួយ​ក្រុមហ៊ុន អ្វី​ដែល​ក្រុមហ៊ុន​ធ្វើ​មិន​ស័ក្តិសម​ជាមួយ​ពលរដ្ឋ យើង​ក៏​មិន​អាច​ទទួល​យក​បាន​ដែរ»

អតីត​មន្ត្រី​សម្របសម្រួល​អង្គការ​បណ្ដាញ​ការពារ​ទន្លេ​បី លោក មៀច មាន យល់​ថា ក្រុមហ៊ុន​មាន​កាតព្វកិច្ច​អនុវត្ត​គោល​នយោបាយ​ការងារ​អភិវឌ្ឍន៍​ថាមពល​អគ្គិសនី ត្រូវ​តែ​ផ្តល់​សំណង​ជូន​ពលរដ្ឋ​ឲ្យ​បាន​ត្រឹមត្រូវ​តាម​តម្លៃ​ទីផ្សារ និង​ការ​ចរចា ក្រោយ​ពី​ពលរដ្ឋ​រង​ផល​ប៉ះពាល់​បញ្ហា​នេះ ប្រឈម​ខកខាន​មិន​អាច​ធ្វើ​ស្រែ​នៅ​រដូវ​វស្សា​ឆ្នាំ​នេះ៖ «សំណង គឺ​ធ្វើ​បង្គោល​ទេ មិន​មែន​ធ្វើ​ផ្លូវ ឬ​ជីក​អាចម៍​ដី​យក​ទៅ​កប់​លើ​ស្រែ​គេ​ទេ។ ក្រុមហ៊ុន​បាន​ជីក​រណ្ដៅ​មិន​ឲ្យ​ជាប់​លើ​ផ្លូវ ហើយ​អា​ជីក​រណ្ដៅ​ហ្នឹង គឺ​ពុំ​មាន​សំណង​ទាំងអស់»

អ្នក​ភូមិ​ព្រមាន​ថា នឹង​ធ្វើ​របង​បិទ​ផ្លូវ​មិន​ឲ្យ​ក្រុមហ៊ុន​ដឹង​សម្ភារ​ចូល​តំបន់​នោះ ប្រសិន​បើ​ក្រុមហ៊ុន​មិន​ដោះស្រាយ​បញ្ហា​នេះ​អំឡុង​រយៈពេល​បី​ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី​១៥ មិថុនា នេះ​ទៅ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល