តំណាងសហគមន៍មានជម្លោះដីធ្លីជាមួយក្រុមហ៊ុនស្កអំពៅនៅតាមបណ្តាខេត្តរងផលប៉ះពាល់ពីការផ្តល់ដីសម្បទានសេដ្ឋកិច្ច និងមន្ត្រីសង្គមស៊ីវិល លើកឡើងថា រដ្ឋាភិបាលនៅតែមិនបានដោះស្រាយបិទបញ្ចប់ករណីវិវាទដីធ្លីរំារ៉ៃ ដូចតាមការចង់ឃើញពីគណៈកម្មាការអឺរ៉ុបនៅឡើយទេ។ ពួកគេលើកឡើងថា ពលរដ្ឋខ្មែរក្រីក្រ និងពលរដ្ឋជនជាតិដើមភាគតិច នៅតែរងការរំលោភបំពាន និងរើសអើងផ្នែកសិទ្ធិដីធ្លី ពីសំណាក់អ្នកមានអំណាច និងមានឥទ្ធិពលដដែល។ ការលើកឡើងនេះ កើតមានឡើងស្របពេលដែលកម្ពុជាមានពេលមិនដល់១សប្តាហ៍ផង ដើម្បីឆ្លើយតបទៅនឹងរបាយការណ៍វាយតម្លៃបឋមរបស់គណៈកម្មាការអឺរ៉ុប ដែលរកឃើញថា មានការរំលោភធ្ងន់ធ្ងរជាប្រព័ន្ធទៅលើសិទ្ធិដីធ្លី និងសិទ្ធិទទួលបានលំនៅដ្ឋានសមរម្យនៅកម្ពុជានោះ បើទោះជាមានការកែលំអតិចតួចក៏ដោយ។
តំណាងសហគមពលរដ្ឋមានវិវាទដីធ្លីជាមួយក្រុមហ៊ុនស្កអំពៅនៅខេត្តកំពង់ស្ពឺ ប្រាប់អាស៊ីសេរីក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះព្រោះភ័យខ្លាចពីសុវត្ថិភាព ថា អាជ្ញាធររដ្ឋាភិបាលនៅតែបរាជ័យ មិនបានដោះស្រាយវិវាទដីធ្លីដល់ពួកគាត់ជាង១ពាន់គ្រួសារ មកពីសហគមអមលាំនៅស្រុកថ្ពង និងសហគមត្រពាំងជោរ និងរស្មីសាមគ្គីនៅស្រុកឱរ៉ាល់នៅឡើយទេ។ ផ្ទុយទៅវិញពួកគាត់នៅតែរងការគំរាមកំហែង និងការរើសអើងឥតឈប់ឈរពីសំណាក់អាជ្ញាធរដដែល។
« យើងឃើញតាំងពីសហគមន៍អឺរ៉ុបគាត់ធ្លាប់ចុះមក ជាមួយអាជ្ញាធរអីដល់ហ្នុងដែរ ប៉ុន្តែមិនទាន់ឃើញមានសកម្មភាពអីខ្នះខ្នែង យកចិត្តទុកដាក់ក្នុងការដោះស្រាយជូនប្រជាពលរដ្ឋនោះទេ។ អត់មានវិវឌ្ឍន៍អីល្អទាល់តែសោះ។ នៅតែគ្មាន។ នៅជាង១ពាន់គ្រួសារដដែល។ ... ដូចជាកោះកុងអី ក៏ឧញ្ញា លី យ៉ុងផាត់ តែមួយទេ ហើយខ្ញុំក៏ជាប្រជាពលរដ្ឋនៅកម្ពុជាដែរ ហេតុអីមិនធ្វើការដោះស្រាយឲ្យពួកខ្ញុំ ឲ្យដូចខាងកោះកុងដែរទៅ ? ម៉េចក៏បែងចែកដូច្នេះ ? តែគេប្រើភាសាដូចជា គំរាមសម្លុត អសុរសខ្លាំងៗថាមិនបានចឹងតែម្តងខាងកំពង់ស្ពឺ។ ខ្ញុំសួរថាមូលហេតុអី គេមិនបញ្ជាក់ឲ្យយើង។ »
ការលើកឡើងរបស់តំណាងសហគមរងគ្រោះដោយសារវិវាទដីធ្លីក្នុងឧស្សាហកម្មស្កអំពៅតាមបណ្តាខេត្តកំពង់ស្ពឺនេះ កើតមានឡើងស្របពេលកម្ពុជានៅសល់ពេលមិនដល់១សប្តាហ៍ផងដើម្បីឆ្លើយតបទៅនឹងគណៈកម្មាការអឺរ៉ុប។ បញ្ហាសិទ្ធិដីធ្លី និងលំនៅដ្ឋាននេះ ជាផ្នែកមួយដ៏សំខាន់នៃលក្ខខណ្ឌរបស់គណៈកម្មាការអឺរ៉ុបក្នុងការផ្តល់ប្រព័ន្ធអនុគ្រោះពន្ធ EBA របស់ខ្លួន ខណៈ របាយការណ៍វាយតម្លៃបឋមរបស់គណៈកម្មាការអឺរ៉ុបរកឃើញថា មានការវិវឌ្ឍន៍តិចតួច ហើយមានការរំលោភបំពានធ្ងន់ធ្ងរ និងជាប្រព័ន្ធទៅលើសិទ្ធិទាំងនេះ ក្រៅពីសិទ្ធិនយោបាយ ពលរដ្ឋ និងសិទ្ធិការងារនោះ។
ដោយឡែក តំណាងសហគមមានជម្លោះដីធ្លីក្នុងរឿងផ្តល់ដីសម្បទានសេដ្ឋកិច្ចដល់ក្រុមហ៊ុនឧស្សាហកម្មស្កអំពៅមួយរូបទៀតនៅខេត្តកោះកុង អ្នកស្រី ផាវ ញ៉ើង ថ្លែងថា រដ្ឋាភិបាលគ្មានការយកចិត្តទុកដាក់ទាល់តែសោះក្នុងការដោះស្រាយបញ្ហាវិវាទដីធ្លីរ៉ាំរ៉ៃនាពេលកន្លងមកនោះទេ។ អ្នកស្រីថា អាជ្ញាធរដោះស្រាយកន្លងមកបានតែក្នុងរឿងករណីជាមួយក្រុមហ៊ុនស្កអំពៅ តែករណីវិវាទដីធ្លីចាស់ផ្សេងទៀតគ្មានការដោះស្រាយនោះទេ។
« ការដោះស្រាយនៅតែប្រឈមនឹងការអត់បានទទួលដំណោះស្រាយ ដូចក្រុមខ្ញុំអ៊ីចឹង គឺធ្វើឲ្យមានកង្វល់ របៀបពុករលួយហាក់បីដូចជាប្រព័ន្ធយ៉ាងម៉េចមិនដឹងទេ។ ដូចព្រឹកម៉ិញ ពួកខ្ញុំបានទៅការពារដីដែលសេសសល់ពីវាស់វែងសងជូនប្រជាពលរដ្ឋ១៧៥គ្រួសារខ្ញុំហ្នុង គឺបានដោះស្រាយរួចហើយ តែផ្លូវវិញគឺអត់បានទេ។ ខ្ចីផ្លូវក្រុមហ៊ុនដើរទេ ហើយមនុស្សរាប់ពាន់រាប់ម៉ឺនគ្រួសារនៅខាងហ្នុង។ មួយទៀត ដីដែលមិនដោះស្រាយគឺខ្ញុំមើលឃើញ។ ... ការឆ្លើយតបការដោះស្រាយខ្ញុំឃើញគ្រាន់តែឆ្លើយទេ ថាចាំដោះស្រាយ តែអត់ឃើញទទួលលទ្ធផលដល់ក្រុមណាមួយឲ្យជាក់លាក់នោះទេ។ .. នេះបញ្ជាក់ឲ្យឃើញថាការដោះស្រាយនេះ គ្មានការយកចិត្តទុកដាក់ទេ គឺដោះស្រាយចោលទៅដើម្បីរំលត់កំហឹង កុំឲ្យចេញតវ៉ាអីជាដើម។ ខ្ញុំឃើញដាក់ពាក្យបណ្តឹងមានជាង ១ពាន់២រយគ្រួសារទៀតដែលអត់ទាន់បានដោះស្រាយ ហើយក្រុម៣១៧ នៅសល់៩៥គ្រួសារទៀត ហើយ៩៥គ្រួសារហ្នុងឃើញវាស់ដីជាង១០ឡូត៍ហើយនេះឮតំណាងប្រាប់ខ្ញុំ។ »
មន្ត្រីសម្របសម្រួលប្រចាំខេត្តព្រះវិហាររបស់សមាគមអាដហុក លោក ឡោ ចាន់ ពន្យល់ប្រាប់អាស៊ីសេរីថា នៅខេត្តព្រះវិហារមានពលរដ្ឋជនជាតិដើមភាគតិចនៅស្រុកចំនួនបី គឺស្រុកឆែប ស្រុកត្បែងមានជ័យ និងស្រុកជ័យសែន នៅតែរងផលប៉ះពាល់ខ្លាំងពីការផ្តល់ដីសម្បទានសេដ្ឋកិច្ចឲ្យក្រុមហ៊ុនវិនិយោគលើឧស្សាហកម្មស្កអំពៅនេះ។ លោកថាពលរដ្ឋដែលរងគ្រោះខ្លាំងជាងគេគឺសហគមជនជាតិដើមភាគតិចនៅឃុំប្រមេរ ស្រុកត្បែងមានជ័យ។
«... សម្រាប់ការដោះស្រាយទំនាស់ហ្នុង ឃើញថាគាត់ចុះមក ហើយមានការប្រឹងប្រែងហើយ តែគ្រាន់តែថា ការប្រឹងប្រែងរបស់គាត់ហាក់បីដូចជាទៅមិនរួច ត្រង់ថាស្ថានភាពដីធ្លីដែលជាដីរបស់ជនជាតិដើមភាគតិចនាពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនចិនស្កអំពៅគឺ គាត់បានយកទៅដាំស្រូវមួយភាគធំ ហើយនឹងយកទៅដាំអំពៅមួយភាគធំ ស្ទើតែទាំងអស់ហើយ។ អ៊ីចឹងហើយបានជាក្រសួងគាត់ដោះមិនចេញ ត្រង់ថាគាត់មិនហ៊ានប្រើរូបមន្តស្បែកខ្លា ត្រង់ថាគ្វាលដីដែលក្រុមហ៊ុនបានរំលោភយករបស់ប្រជាពលរដ្ឋហ្នុង ជូនប្រជាពលរដ្ឋវិញ ដើម្បីចុះឲ្យគាត់ជាលក្ខណៈសមូហភាព គឺអត់ទៅរួច។ »
មន្ត្រីសម្របសម្រួលគម្រោងធុរកិច្ច និងសិទ្ធិមនុស្ស នៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក វណ្ណ សូផាត សង្កេតឃើញថា នៅតែមិនទាន់ការវិវឌ្ឍន៍ និងភាពជឿនលឿននៃការព្យាយាមដោះស្រាយបិទបញ្ចប់វិវាទដីធ្លីដូចតាមការចង់បានរបស់គណៈកម្មាការអឺរ៉ុបនៅឡើយទេ ដោយសារបញ្ហាអសកម្មមួយចំនួន។
« បើតាមការសង្កតឃើញរបស់ខ្ញុំ ហើយទាំងអស់គ្នាក៏សង្កេតឃើញដែរ ឃើញថា ការដោះស្រាយវិវាទដីធ្លីនៅបច្ចុប្បន្ននេះគឺពុំមានជាលក្ខណៈប្រព័ន្ធទេ គឺទៅតាមតំបន់តាមខេត្តនីមួយៗនោះ ឃើញថាយន្តការនៃការដោះស្រាយ ហើយល្បឿនឬក៏ឆន្ទៈនៃការដោះស្រាយគឺមិនដូចគ្នាទេ។ លក្ខណៈហ្នុងហើយដែលធ្វើឲ្យមានការស្មុគ្រស្មាញ។ គឺទៅអត់រួចទេ។ ដូច្នេះយើងឃើញថា រហូតមកទល់បច្ចុប្បន្ន គឺចាប់តាំងពីរបាយការណ៍របស់សហគមអឺរ៉ុបបានចេញទាក់ទងពីរឿងលក្ខខណ្ឌ EBA ឃើញថា មិនទាន់មានភាពជឿនលឿន ឬពន្លឿនដូចតាមការស្នើសុំនោះទេ។ »
រីឯនាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូវិញ លោក អំ សំអាត មើលឃើញមានបញ្ហាចម្បងៗបីដែលធ្វើឲ្យរដ្ឋាភិបាលមិនអាចដោះស្រាយបិទបញ្ចប់បញ្ហាវិវាទដីធ្លីជារួមបាន។ ក្នុងនោះ លោកថា មានបញ្ហាបរាជ័យក្នុងការពិគ្រោះយោបល់ជាមួយពលរដ្ឋមុននឹងផ្តល់ដីសម្បទានសេដ្ឋកិច្ច អាជ្ញាធរមិនបានប្រឹងប្រែងដោះស្រាយធ្វើឲ្យពលរដ្ឋអស់ជំនឿ ហើយអ្នកពាក់ព័ន្ធក្នុងវិវាទសុទ្ធតែជាអ្នកមានអំណាច និងមានឥទ្ធិពល។
«ត្រូវតែពង្រឹងយន្តការឡើងវិញក្នុងការអនុវត្ត។ បើសិនជាយើងធ្វើតាមយន្តការដែលមានស្រាប់ ឬបន្ថែមច្បាប់ទៀតដើម្បីជំរុញយន្តការក្នុងការដោះស្រាយដីធ្លីនេះ ឲ្យមាននិរន្តរភាពស្ថេរភាព ទើបអាចដោះស្រាយបាន។ ទីពីរគឺបំបាត់ចោលបក្សពួកនិយម អំពើពុករលួយ។ កាលណាយើងនៅតែមានបញ្ហានេះ គឺនៅតែពិបាកដោះស្រាយព្រោះអ្នករំលោភមិនមែនជាពលរដ្ឋក្រីក្រនោះទេ។ ... ដោះស្រាយសូមកុំឲ្យមានការយោគយល់ បក្ខពួកនិយមឬអំពើពុករលួយ។»
បន្ថែមពីលើនេះ មន្ត្រីមជ្ឈមណ្ឌលសិទ្ធិមនុស្ស លោក វណ្ណ សូផាត មើលឃើញថា បញ្ហាលំបាកមួយទៀតគឺខ្វះការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធក្នុងជម្លោះដីធ្លីជាពិសេសភាគីខាងក្រុមហ៊ុន។ លោកថាផ្អែកតាមគោលការណ៍ណែនាំស្តីពីធុរកិច្ច និងសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ គឺត្រូវមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសគឺក្រុមហ៊ុនតែម្តង។
« នៅប្រទេសយើងនេះខ្ញុំកត់សម្គាល់ឃើញរហូតមកដល់បច្ចុប្បន្ន គឺក្រុមហ៊ុនគាត់ជិះសេះលែងដៃ។ គាត់មានបញ្ហាអីក៏ដោយគឺគាត់ទំលាក់ទៅខាងអាជ្ញាធរ។ គាត់ទំលាក់ទៅខាងរដ្ឋតែម្តង។ ក្នុងហ្នុងទៀត ខាងអាជ្ញាធរដែលខ្ញុំបានជួប ស្ថាប័នពាក់ព័ន្ទមួយចំនួននៅពេលណាដែលខ្ញុំចុះទៅហើយខ្ញុំសាកសួរគាត់អំពីជម្លោះដីធ្លីរវាងពលរដ្ឋនិងក្រុមហ៊ុន គាត់ថា កុំនិយាយពីរឿង គាត់ថាកុំនិយាយពីជម្លោះរវាងពលរដ្ឋនឹងក្រុមហ៊ុន គឺពលរដ្ឋ និងអាជ្ញាធរ។ គឺគាត់ថែមទាំងលើកទឹកចិត្តឲ្យក្រុមហ៊ុនជិះសេះលែងដៃគឺគាត់ជាអ្នកការពារតែម្តង។ »
អាស៊ីសេរី មិនអាចទាក់ទងមន្ត្រីនាំពាក្យក្រសួងរៀបចំដែនដី លោក សេង ឡូត កាលពីថ្ងៃទី០៦ ធ្នូ ដើម្បីសុំប្រតិកម្ម និងព័ត៌មានវិវត្តចុងក្រោយនៃការដោះស្រាយវិវាទដីធ្លីនេះបាននៅឡើយទេ ដោយលោកមិនលើកទូរស័ព្ទ។
ផ្អែកតាមរបាយការណ៍វាយតម្លៃបឋមរបស់គណៈកម្មាការអឺរ៉ុប ដែលអាស៊ីសេរីទទួលបាន គណៈកម្មាការអឺរ៉ុបរកឃើញថា ដោយសារតែការផ្តល់ដីសម្បទានសេដ្ឋកិច្ចដល់ក្រុមហ៊ុន ឧស្សាហកម្មស្កអំពៅ ពលរដ្ឋខ្មែរជាង ១ម៉ឺន៥ពាន់នាក់ មកពីតាមសហគមន៍នានាជាពិសេសក្នុងខេត្តចំនួន៤ គឺខេត្តកោះកុង កំពង់ស្ពឺ ព្រះវិហារ និងឧត្តរមានជ័យ បានបាត់បង់ដីធ្លីរបស់ខ្លួន និងទទួលបានសំណងមិនសមរម្យ ឬពុំទទួលបានសំណងទាល់តែសោះ។ របាយការណ៍លើកឡើងថា បើទោះបីទំនងជាមានការវិវត្តក្នុងដំណើរការដោះស្រាយវិវាទដីធ្លីនៅខេត្តកោះកុង និងខេត្តឧត្តរមានជ័យក៏ដោយ ក៏ប៉ុន្តែនៅមានបញ្ហាមិនទាន់ដោះស្រាយរួចជាច្រើននៅក្នុងខេត្តកំពង់ស្ពឺ និងខេត្តព្រះវិហារ។ ទាំងនេះគឺដោយសារកង្វះប្រព័ន្ធត្រួតពិនិត្យយុត្តិធម៌ដោយអព្យាក្រិត្យ កង្វះតម្លាភាព និងកង្វះការចូលរួមទាំងអស់គ្នាពីគ្រប់ភាគីពាក់ព័ន្ធ ខណៈការចុះបញ្ជីដីសមូហភាពដល់សហគមជនជាតិដើមភាគតិចវិញនៅមានលក្ខណៈសុគ្រស្មាញ ស៊ីពេលយូរ និងមានតម្លៃថ្លៃ។ សិទ្ធិដីធ្លី និងសិទ្ធិទទួលបានលំនៅដ្ឋានសមរម្យដោយគ្មានការរើសអើង គឺជាផ្នែកមួយដ៏សំខាន់នៃសិទ្ធិដែលចែងក្នុងកតិ្តកាសសញ្ញាអន្តរជាតិស្តីពីសិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌របស់អង្គការសហប្រជាជាតិ ដែលរដ្ឋាភិបាលកម្ពុជាបានផ្តល់សច្ចាប័ន ហើយក៏ជាលក្ខខណ្ឌមួយដើម្បីទទួលបានប្រព័ន្ធអនុគ្រោះពន្ធ EBA របស់អឺរ៉ុបនេះ។
កន្លងមក លោក ហ៊ុន សែន ខ្លួនឯងក៏ធ្លាប់បានបង្ហាញជាសាធារណៈពីការរើសអើង និងរំលោភសិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌ក្នុងរឿងដីធ្លីនេះ ជាពិសេសទៅលើក្រុមមន្ត្រីបក្សប្រឆាំង។
«ឥឡូវហ្នឹងមនុស្សមួយចំនួនទៅរកស៊ីទិញដីហើយ។ ប៉ុន្តែ បើហែ្អងឈ្លើយ កាត់ប្លង់អត់បានទៀត។ អញដឹង អញផ្តាច់ឆ្នាំងបាយហ្អែងទៀត។ ហ្អែងឈ្លើយ។ ដីនៅកំពត ដីនៅកំពង់ស្ពឺ។ កំពតនិងកែបគឺនៅជាប់ជាមួយគ្នាហ្នុង ហ្អែងឈ្លើយកាត់ប្លង់អត់បាន។ អាខ្លះចង់លួចដីនេះទៀត ហ្អែងកុំភ្លេចថាគេធ្វើដល់ប៉ុណ្ណឹង គេមិនមែនខ្វះព័ត៌មានពីហ្អែងរកស៊ីទេ។»
ជុំវិញបញ្ហានេះ លោក អំ សំអាត ថា នៅកម្ពុជាពុំទាន់មានការអនុវត្តឲ្យស្មើភាពគ្នានៅឡើយទេទាក់ទងទៅនឹងសិទ្ធសេដ្ឋកិច្ច សង្គម និងវប្បធម៌នេះ ជាពិសេសក្នុងបញ្ហាដីធ្លីនេះតែម្តងរវាងក្រុមអ្នកមានអំណាច មានលុយ មានឥទ្ធិពល និងក្រុមប្រជាពលរដ្ឋក្រីក្រ និងពលរដ្ឋជនជាតិដើមភាគតិចជាដើម។
បច្ចប្បន្ន កម្ពុជាកំពុងប្រឈមនឹងការបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ EBA របស់អឺរ៉ុប ប្រសិនបើគ្មានការស្តារសិទ្ធិសេដ្ឋកិច្ច សង្គមនិងវប្បធម៌ បន្ថែមពីលើសិទ្ធិនយោបាយ សិទ្ធិពលរដ្ឋ និងសិទ្ធិការងារ ដែលគណៈកម្មាការអឺរ៉ុបរកឃើញថា នៅតែមានការរំលោភបំពានធ្ងន់ធ្ងរជាប្រព័ន្ធ ខណៈមានការកែលម្អតិចតួចនោះ។ ថ្ងៃទី១២ ធ្នូខាងមុខនេះ គឺជាថ្ងៃឱសាទដែលកម្ពុជាត្រូវដាក់អំណះអំណាងទៅគណៈកម្មាការអឺរ៉ុប មុននឹងសហភាពអឺរ៉ុបឈានទៅសម្រេចចិត្តជាផ្លូវការត្រូវព្យួរឬមិនព្យួរប្រព័ន្ធអនុគ្រោះពន្ធនេះ យ៉ាងយូរបំផុតត្រឹមពាក់កណ្តាលខែកុម្ភៈខាងមុខ៕


កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។