តំបន់បុរីកីឡា ត្រូវបានគេស្គាល់ថា ជាកន្លែងដ៏ចម្រូងចម្រាសមួយ ដោយសារមានការប្រើអំពើហិង្សាពីសំណាក់សមត្ថកិច្ចខណ្ឌ ៧ មករា ទៅលើអ្នកបុរីកីឡា ក្នុងជម្លោះដីធ្លី អស់រយៈពេលជាង ៦ឆ្នាំកន្លងមកហើយ។
អ្នកបុរីកីឡាមួយចំនួន ត្រូវសមត្ថកិច្ច វាយធ្វើបាប ហើយផ្ទះសម្បែងរបស់ពួកគាត់ ត្រូវក្រុមហ៊ុនរបស់អ្នកស្រី ស៊ុយ សុផាន ប្រើប្រាស់គ្រឿងចក្រឈូសឆាយកម្ទេច ដោយបង្ខំឲ្យទទួលយកសំណងទៅរស់នៅជាយក្រុងភ្នំពេញ ដើម្បីយកដីនៅចំកណ្ដាលក្រុងភ្នំពេញ ធ្វើការអភិវឌ្ឍ។ ការអភិវឌ្ឍនេះ បង្កឲ្យគ្រួសារភាគច្រើន ត្រូវធ្លាក់ខ្លួនក្រលំបាក បាត់បង់មុខរបរចិញ្ចឹមជីវិត និងក្មេងៗ បាត់បង់ការសិក្សា។
ពេលគេធ្វើដំណើរតាមផ្លូវ ក្រោយអគារថ្មីដែលក្រុមហ៊ុន ផានអ៊ីមិច (Phanimex) សាងសង់ឲ្យអ្នកបុរីកីឡា បានត្រឹមតែ ៨អគារ នោះគេនឹងឃើញសំណង់អគារចាស់មួយដែលនៅសេសសល់ ពីសម័យសង្គមរាស្ត្រនិយម ក្នុងទសវត្សទី ៦០ ចំណែកអគារចាស់ ៧ផ្សេងទៀត ត្រូវបានក្រុមហ៊ុនវាយកម្ទេចចោល។
មកដល់ពេលនេះ នៅសល់អ្នកបុរីកីឡាជាង ២០គ្រួសារ កំពុងរស់នៅអាគារចាស់មួយនេះ។ ការបន្តក្រាញននៀលរស់នៅក្នុងអគារ អេស (S) ព្រោះពួកគាត់ នៅមិនទាន់ទទួលបានសំណងពីអាជ្ញាធរ។ ពួកគាត់ ស្នើសុំដោះដូរទីតាំង ទៅរស់នៅក្នុងអគារថ្មី ឬផ្ដល់ជាទឹកប្រាក់ប្រមាណ២ម៉ឺនពាន់ដុល្លារអាមេរិក ក្នុងមួយគ្រួសារ ទើបចាកចេញពីអគារចាស់នេះ។
ខណៈរង់ចាំដំណោះស្រាយអស់ជាង ៦ឆ្នាំ ក្រោយការបណ្ដេញដោយបង្ខំ កាលពីដើមឆ្នាំ២០១២ តំណាងអ្នកបុរីកីឡា ៧គ្រួសារ ដែលតែងតែចេញមុខតវ៉ាទាមទារសំណងពីសាលាក្រុងភ្នំពេញ និងសាលាខណ្ឌ ៧មករា អ្នកស្រី ស ស៊ន ឲ្យដឹងថា ចាប់តាំងពីខែតុលា ឆ្នាំ២០១៨ មានក្រុមហ៊ុនចិន ចាប់ផ្ដើមបុកគ្រឹះ ធ្វើការសាងសង់ គម្រោងអភិវឌ្ឍនៅបុរីកីឡា។ តំណាងអ្នកបុរីកីឡា វ័យ ៥៩ឆ្នាំរូបនេះ បន្តថា ការសាងសង់ទាំងយប់ទាំងថ្ងៃពីសំណាក់ក្រុមហ៊ុនចិននេះ បានបង្កជាសំឡេងរំខានអ្នកបុរីកីឡា ដែលកំពុងរស់នៅទាំងអគារចាស់ និងអគារថ្មី មិនអាចសម្រាកបានគ្រប់គ្រាន់ឡើយ៖ «ប៉ុន្មានថ្ងៃហ្នឹង ចិនមកមើលមកថតរហូត។ មីងក៏សង្ស័យដែរ ព្រោះអី ប៉េអ៊ឹមគាត់ប្រាប់មីងហើយ ព្រោះអីគាត់ធ្វើទីស្នាក់ការគាត់នៅជាប់អគារមីងហ្នឹង គាត់ប្រាប់ថា ចិនទើសអគារហ្នឹងមួយ ពីព្រោះគម្រោងវាត្រូវយកហួសពីអគារមីងទៀត។ ជិនទើសអគារហ្នឹងរាល់ថ្ងៃ អញ្ចឹងហើយធ្វើឲ្យដំណើរការវាហ្នឹង មិនអាចធ្វើបានទៅមុខ។ អញ្ចឹងបានអុកឡុកពួកមីងមួយយប់ មិនបានដេកទេ ចេះតែធ្វើតែម្ដងមិនដឹង ប៉ាតណាប៉ាតណី។ ពិបាកដែរដល់អញ្ចឹង វាប៉ះពាល់អារម្មណ៍ ប៉ះពាល់ការរស់នៅដេកពួនមិនបាន ទាំងប៉ូលីស ដូចតែគ្នាហ្នឹង»។
ទាក់ទងសំណង់នៅបុរីកីឡានេះ នៅក្នុងគេហទំព័រអចលនទ្រព្យកម្ពុជា ចុះផ្សាយកាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៨ ឲ្យដឹងថា ផ្ទៃដីនៅបុរីកីឡា ដែលបណ្ដេញពលរដ្ឋចេញដោយបង្ខំ កាលពីឆ្នាំ២០១២ នឹងត្រូវជំនួសមកវិញ ជាអគារលំនៅឋានបែបពាណិជ្ជកម្មអន្តរជាតិដំបូងគេនៅកម្ពុជា ឈ្មោះថា CEO KT Pacific តាមរយៈការអភិវឌ្ឍរួមគ្នារវាងក្រុមហ៊ុនចិន ឈ្មោះ លីស៊ីន គ្រុប (LiXin Group) និងក្រុមហ៊ុន ខេធី ប៉ាស៊ីហ្វិច គ្រុប (KT Pacific Group)។ ចំណែកក្រុមចិនឈ្មោះ ស៊ីឈួន ហ័រស៊ី គ្រុប (Sichuan Huaxi Group) ទទួលសិទ្ធិសាងសង់អគារពាណិជ្ជកម្មមួយនេះ ដែលមានកម្ពស់ ៣៣ជាន់ ស្ថិតនៅក្នុងខណ្ឌ៧ ខែមករា។ នៅក្នុងគម្រោងនៃការសាងសង់អគារទំនើប ដែលគេរំពឹងថានឹងបញ្ចប់នៅឆ្នាំ២០២០ រួមមាន អគារលំនៅឋាន សាលសន្និបាតពាណិជ្ជកម្មអន្តរជាតិ មជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ ផ្សារទំនើប កន្លែងកម្សាន្ត និងភោជនីយដ្ឋាន។
សព្វថ្ងៃ ប្រជាពលរដ្ឋបុរីកីឡាជាច្រើនគ្រួសារដែលមិនទាន់ទទួលសំណង គឺមានមួយចំនួនកំពុងរស់នៅលើគំនរសំរាម ហាលថ្ងៃហាលភ្លៀង និងក្រោមជណ្ដើរអគារនៅបុរីកីឡា ទាមទារឲ្យក្រុមហ៊ុន ផានអ៊ីម៉ិច សង់អគារស្នាក់នៅពីរបន្ថែមទៀតទៅតាមកិច្ចសន្យាដែលក្រុមហ៊ុននេះបានព្រមព្រៀងជាមួយរដ្ឋាភិបាល។
អ្នកស្រី ស ស៊ន តំណាងប្រជាពលរដ្ឋបានឲ្យដឹងថា ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋមួយចំនួននៅទីនោះ ក៏កំពុងធ្លាក់ចុះដុនដាបខ្លាំងផងដែរ។ អ្នកស្រីថ្លែងបន្តថា ពលរដ្ឋដែលជាស្ត្រីបានកំពុងរស់នៅចិញ្ចឹមជីវិត ដោយធ្វើជាកម្មករលាងចាននៅតាមហាងលក់ដូរផ្សេងៗ ខណៈដែលពលរដ្ឋដែលជាបុរសកំពុងរស់នៅចិញ្ចឹមជីវិតដោយធ្វើជាកម្មករសំណង់ និងរើសអេតចាយជាដើម។ អ្នកស្រីបានបន្ថែមទៀតថា ប្រជាពលរដ្ឋខ្លះក៏បានប្រឈមការកាត់ផ្ដាច់អគ្គិសនីប្រើប្រាស់ ដោយសារគ្មានប្រាក់បង់ថ្លៃ។ លើសពីនេះ អ្នកស្រី ស ស៊ន ឲ្យដឹងទៀតថា ក្មេងៗ ដែលមានអាយុត្រូវរៀនសូត្រ បែរជាមិនបានចូលរៀន ដោយសារកត្តាជីវភាពក្រីក្រ មិនអាចផ្គត់ផ្គង់ការសិក្សាបាន ត្រូវដើររើសអេតចាយ ដើម្បីជួយជីវភាពក្រុមគ្រួសារ។
ចំណែក លោកស្រី សុខ សុគន្ធ ដែលមានវ័យជាង ៨០ឆ្នាំប្លាយ ថ្លែងថា រូបគាត់រួមនឹងចៅ ៣នាក់ផង រស់នៅសព្វថ្ងៃនេះ ពិបាកណាស់ ដោយត្រូវដើររើសអេតចាយ ដើម្បីយកទៅលក់ បានប្រាក់ខ្លះ ទិញបាយហូប។ ទោះបីជាត្រូវរស់នៅក្នុងស្ថានភាពលំបាកយ៉ាងនេះក្ដី ស្ត្រីវ័យចំណាស់រូបនេះថា រូបគាត់ នៅតែស៊ូទ្រាំរស់នៅក្នុងអគារចាស់ដោយលាយឡំនឹងក្លិនសំរាម តទៅទៀត លុះត្រាតែទទួលបានដំណោះស្រាយអាចទទួលយកបានពីអាជ្ញាធរក្រុងភ្នំពេញ៖ « ដើររើសអេតចាយ ងងឹតងងល់ៗ ចូលជ្រកៗ ហ្នឹង។ បាន២០០០រៀល ទិញអង្ករ ទិញអីហូប ពិបាកហ្នឹងពិបាករកអ្វីប្រៀបពុំបានសោះ។ បានតិចតួចជួនបបរ ជួនដាំអីអ៊ីចឹងទៅ វាមិនគ្រប់ពេលទេ ជួនអីដេកអត់ខ្លះពេលអញ្ចឹងទៅ ចាំស្អែក រកបានអេតចាយទៅ ហូបទៅ។ ហើយឈឺភ្នែកក៏ងងឹត មើលអ្វីមិនច្បាស់ទាំងអស់ ហើយអត់ស្បៀងអាហារហូបចុក ពិបាកណាស់ នៅទាំងអស់៧គ្រួសារ មិនទាន់បានផ្ទះបានសំបែងអីទេ វេទនាណាស់»។
ជុំវិញដំណោះស្រាយអ្នកបុរីកីឡាដែលរស់នៅក្នុងអគារចាស់នេះ អាស៊ីសេរី មិនទាន់អាចទាក់ទងសុំការអធិប្បាយពីអភិបាលខណ្ឌ៧មករា លោក លឹម សុភា ដែលទទួលការងារដោះស្រាយជម្លោះបុរីកីឡា ពីអភិបាលក្រុងភ្នំពេញ បានទេ។
ចំណែក មន្ត្រីសិទ្ធិមនុស្ស ដែលឃ្លាំមើលជម្លោះដីធ្លីបុរីកីឡានៅចំកណ្ដាលក្រុងភ្នំពេញ លោក អំ សំអាត លើកឡើងថា អាជ្ញាធរ និងភាគីក្រុមហ៊ុន គួរចរចាជាមួយប្រជាពលរដ្ឋដោយសន្តិវិធីនិងរកដំណោះស្រាយរួមមួយ ដែលអាចទទួលយកបានគ្រប់ភាគី ដើម្បីបញ្ចៀសអំពើហិង្សា និងការប្រឈមមុខដាក់គ្នា តទៅទៀត៖ «គាត់អាចទទួលយកសំណងហ្នឹងទៅ យកទៅរស់នៅដោយសមរម្យ ដូចមនុស្សទូទៅ ហ្នឹងវាជាដំណោះស្រាយមួយដ៏ល្អ ដែលឃើញថាវាអាចមានការសាទរ ឬក៏ទទួលយកបាន ។ បើសិនជានៅតែបន្តដាក់សម្ពាធ ការបង្ខិតបង្ខំ ឬក៏ប្រើវិធីសាស្រ្តគ្រប់បែបយ៉ាងដើម្បីដាក់សម្ពាធ ឬក៏គំរាមកំហែងប្រជាពលរដ្ឋ ចាកចេញដោយមិនទទួលបានសំណងសមរម្យ មិនមានការយល់ព្រមគ្នាណាមួយ អាហ្នឹង ជាការរំលោភទៅសិទ្ធិពួកគាត់»។
កាលពីឆ្នាំ ២០០៣ ដីបុរីកីឡា ដែលមានទំហំ ១៤,១២ ហិកតា ស្ថិតនៅសង្កាត់វាលវង់ ខណ្ឌ ៧ មករា ត្រូវបានរដ្ឋាភិបាល ធ្វើសម្បទានទៅឲ្យក្រុមហ៊ុន ផានអ៊ីម៉ិច ដើម្បីសាងសង់អគារពាណិជ្ជកម្ម និង សាងសង់អគារចំនួន១០អគារ លើផ្ទៃដីទំហំ ២ហិកតា ដើម្បីសង់លំនៅដ្ឋានជូនប្រជាពលរដ្ឋនៅបុរីកីឡា ១.៧៧៦ គ្រួសារ ដើម្បីដោះដូរដី ជាង ១២ហិកតា សម្រាប់គម្រោងអភិវឌ្ឍន៍បុរីកីឡា។ ប៉ុន្តែនៅឆ្នាំ២០១០ ក្រុមហ៊ុនសង់បានតែ ៨អគារ ដែលទុកឲ្យពលរដ្ឋ ៣៨០ គ្រួសារ ពុំបានសំណងត្រឹមត្រូវ ត្រូវបន្តរស់នៅរស់លើដីមានជម្លោះ។ អ្នកបុរីកីឡាខ្លះ ដែលបានប្ដូរទៅនៅក្រៅក្រុង ដោយសារខ្វះសេវាកម្មមូលដ្ឋាននានា បានវិលមករស់នៅបុរីកីឡាវិញ ដោយតាំងលំនៅបណ្ដោះអាសន្ន លើគំនរសំរាមក្រោមអគារទាំង ៨ នៅបុរីកីឡា។
រហូតមកដល់ថ្ងៃទី៣ និងទី៤ ខែមករា ឆ្នាំ២០១២ ករណីបុរីកីឡា ក៏ផ្ទុះជាអំពើហិង្សា នៅពេលក្រុមគ្រួសារនៅសេសសល់ត្រូវបានបណ្ដេញចេញដោយបង្ខំពីផ្ទះសម្បែង ពីសំណាក់កងសន្តិសុខរបស់ក្រុមហ៊ុនផានអ៊ីម៉ិច និងកងកម្លាំងសមត្ថកិច្ចចម្រុះព្រមទាំងកងរាជអាវុធហត្ថដែលបង្ហាញពីការពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលក្នុងករណីនេះ។ សកម្មភាពបណ្ដេញចេញទាំងនោះ ធ្វើឡើងដោយប្រើគ្រឿងចក្រឈូសឆាយផ្ទះសម្បែងពលរដ្ឋ ប្រើដំបងឆក់ និងឧស្ម័នបង្ហូរទឹកភ្នែក។ ក្នុងពេលបណ្ដេញចេញនោះ ផ្ទះសម្បែងជាង២០០ខ្នង ត្រូវបានកម្ទេច ហើយប្រជាពលរដ្ឋជាច្រើននាក់រងរបួស និងមួយចំនួនផ្សេងទៀត ត្រូវបានចាប់និងឃុំខ្លួន។
ខណៈមានក្រុមហ៊ុនចិនកំពុងសង់អគារទំនើប និងមានមេការជនជាតិចិន ដើរមើលអគារចាស់ដែលមានពលរដ្ឋជាង២០គ្រួសារកំពុងរស់នៅ តំណាងអ្នកបុរីកីឡា អ្នកស្រី ស ស៊ន ប្រកាន់ជំហរថា ពួកគាត់នឹងមិនចាកចេញពីអគារចាស់ឡើយ ទោះបីជាត្រូវប្រឈមនឹងការបណ្ដេញចេញជាថ្មីទៀតក៏ ដោយ បើសិនមិនទទួលបានសំណងជាការដោះដូរកន្លែងរស់នៅក្នុងអគារថ្មីនោះ៖ «សម្ដេចបានប្រកាសហើយមានកិច្ចសន្យាត្រឹមត្រូវ ថាទីផ្សារឲ្យពួកខ្ញុំ មានសួនច្បារ មានកន្លែងក្មេងរត់លេង។ ឥឡូវពួកខ្ញុំអត់ចង់បានទេ ចង់បានតែទីជម្រក គឺផ្ទះសម្រាប់ពួកខ្ញុំនៅទេ។ ហើយបើថាមិនដោះស្រាយឲ្យពួកខ្ញុំ ក៏ពួកខ្ញុំមិនចាកចេញដែរ។ បើពួកខ្ញុំក៏ស្លាប់ដូចគ្នា អ្នកដែលចេញទៅលើក ខ្ញុំមិនឃើញថា ពួកគាត់មានជីវភាពធូរធារ មានឡានជិះ អីទេ ឃើញតែវេទនាលើសពីនៅបុរីកីឡាទៀត។ បានផ្ទះលក់ផ្ទះសងគេ បើមិនលក់ផ្ទះ ក៏គេរឹបអូសយកផ្ទះដែរ ដោយគាត់ជំពាក់បំណុលគេ ។ អញ្ចឹង ពួកខ្ញុំស៊ូស្លាប់នៅនឹងអគារហ្នឹង ស្លាប់ក៏ស្លាប់ទៅ ប្ដេជ្ញាទាំងអស់គ្នាអញ្ចឹង»។
ទន្ទឹមនឹងការរង់ចាំដំណោះស្រាយជាង ៦ឆ្នាំ ដោយត្រូវរស់នៅលើគំនរសំរាម ខ្វះទឹក និងខ្វះភ្លើងអគ្គិសនីប្រើប្រាស់ អ្នកបុរីកីឡា ស្នើសុំសប្បុរសជនមេត្តាជួយផ្ដល់ស្បៀងអាហារសម្រាប់បរិភោគ និងថ្នាំសង្កូវសម្រាប់ព្យាបាលជំងឺដង្កាត់ផ្សេងៗ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
