ប្រជាពលរដ្ឋនៅក្រុងប៉ៃលិន ប្រមាណ ៣០នាក់ នៅព្រឹកថ្ងៃទី១៤ មករា នាំគ្នាទៅជួយតវ៉ាដុតកង់ឡានប្រឆាំងនឹងការអនុវត្តសាលក្រមរបស់តុលាការ ដើម្បីឲ្យបញ្ឈប់រុះរើផ្ទះ និងរឹបអូសទ្រព្យសម្បត្តិរបស់គ្រួសារប្រជាពលរដ្ឋម្នាក់ឈ្មោះ ជា ឆេន។ ពលរដ្ឋលើកឡើងថា ការអនុវត្តសាលក្រមនេះ ធ្វើឡើងដោយអយុត្តិធម៌ និងបណ្ដេញគ្រួសារគាត់ចេញពីផ្ទះទាំងបង្ខំ។
លោក ជា ឆេន ថ្លែងពីកន្លែងសមត្ថកិច្ចចុះអនុវត្តសាលក្រមនៅថ្ងៃទី១៤ មករា ថា ផ្ទះ និងដីរបស់លោកទំហំ ៦០ម៉ែត្រគុណនឹង ១០០ម៉ែត្រ នៅភូមិអូរតាពុកលើ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ត្រូវបានអ្នកមានទ្រព្យធននៅខេត្តបន្ទាយមានជ័យ ម្នាក់ឈ្មោះ លោក សុខ រ៉ាថន ណែនាំយកទៅដាក់ខ្ចីប្រាក់រួមគ្នាកាលពីខែកក្កដា ឆ្នាំ២០១០ ចំនួន ១៥ម៉ឺនដុល្លារ ដោយប្រើឈ្មោះតែមួយ ដើម្បីខ្ចីប្រាក់ពីធនាគារ អេ.អិន.ហ្សិត (ANZ ROYAL) សាខាខេត្តបាត់ដំបង ប៉ុន្តែលោកថា លោក សុខ រ៉ាថន បានលួចក្លែងឯកសារខ្ចីប្រាក់ ១លានដុល្លារ ដោយលោកពុំបានដឹងនោះទេ៖ «ខ្ញុំសុំប្ដឹងតវ៉ារឿងសើរើឡើងវិញឲ្យអស់ចិត្ត បើសិនជាប្ដឹងទៅខ្ញុំចាញ់ក្ដី គឺខ្ញុំមិនជំទាស់ទេ»។
ឆ្លើយតបនឹងការចោទប្រកាន់នេះ លោក សុខ រ៉ាថន អះអាងថា ការខ្ចីប្រាក់នោះធ្វើឡើងដោយមានការព្រមព្រៀងគ្នាទាំងសងខាង គឺលោកពុំបានក្លែងឯកសារ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនដូចការចោទប្រកាន់ឡើយ៖ «រឿងនេះ ដោយសារគាត់មានបញ្ហាសេដ្ឋកិច្ចគ្មានប្រាក់បង់ទៅឲ្យធនាគារទាន់ពេលទេ គឺពុំមែនជាកំហុសរបស់ខ្ញុំ ឬក៏ធនាគារឡើយ»។
រីឯព្រះរាជអាជ្ញាអមសាលាដំបូងខេត្តប៉ៃលិន លោក ជុំ សែនសុទ្ធា មានប្រសាសន៍ថា រឿងក្ដីនោះ សាលាដំបូងខេត្តបាត់ដំបង សាលាឧទ្ធរណ៍ និងសាលាកំពូល បានសម្រេចឲ្យធនាគារឈ្នះក្ដី គឺពុំមែនតុលាការបង្ខំឲ្យចុះចេញពីដីដូចការលើកឡើងនោះទេ៖ «អ៊ីចឹងថ្ងៃនេះត្រូវតែអនុវត្តសាលក្រមរបស់តុលាការ ហើយខ្ញុំអនុវត្តដូចជាបីដងហើយ»។
មន្ត្រីសម្របសម្រួលនៃសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្តប៉ៃលិន អ្នកស្រី ប្រាក់ ភីម៉ា ដែលបានចុះផ្ទាល់ដល់ទីកន្លែងនោះ មានប្រសាសន៍ថា រឿងក្ដីនេះមានភាពអយុត្តិធម៌មកលើភាគីម្ចាស់ផ្ទះ ពីព្រោះរូបគាត់ស្ថិតក្នុងដំណើរការប្ដឹងឲ្យតុលាការជួយសើរើនៅឡើយ៖ «ភាគីខាងគាត់ហ្នឹង គឺជាជនរងគ្រោះតែម្តង ដោយសារតែគាត់មិនបានខ្ចីលុយធនាគារទេ គឺគាត់ចាញ់បោកម្នាក់ឈ្មោះ សុខ រ៉ាថន ហ្នឹងទេ។ ហើយពាក់ព័ន្ធរឿងហ្នឹង តុលាការគួរពិចារណា»។
អ្នកស្រីបន្តថា ការតវ៉ានេះសមត្ថកិច្ចពុំអនុញ្ញាតឲ្យអ្នកកាសែត និងអង្គការសង្គមស៊ីវិល ចូលឃ្លាំមើល និងយកព័ត៌មាននោះទេ។ បន្ទាប់ពីសមត្ថកិច្ចរុះរើផ្ទះសម្បែង ក្រុមគ្រួសាររបស់ លោក ជា ឆេន មិនអាចចូលទៅស្នាក់នៅលើដីនោះបានទេ គឺពួកគាត់នឹងបោះតង់ស្នាក់នៅខាងមុខដីនោះបណ្ដោះអាសន្នមួយរយៈ ដោយពុំដឹងថា រកទីតាំងថ្មីបាននៅពេលណានៅឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
