កំណាព្យ៖ មោទនភាពជាតិខ្មែរ (បទពាក្យប្រាំពីរ)
ប្រទេសកម្ពុជាតូចមែនពិត តែល្អប្រណិតហួសការស្មាន
ធនធានធម្មជាតិភោគផលបាន ប្រាង្គប្រាសាទមានច្រើនពេកក្រៃ។
មានភ្នំសមុទ្រកោះទន្លេ ខ្ពង់រាបដីរ៉ែ ខ្សាច់ ថ្ម ព្រៃ
ចម្លាក់ អក្សរ ច្រើនវិស័យ វប្បធម៌ប្រពៃថ្លៃលើសលន់។
ដំណាំហូបផ្លែមានឥតខ្វះ ចេញផ្លែស្អេកស្កះច្រើនពេកពន់
វាលស្រូវពណ៌មាសគួរគយគន់ គឺជាទ្រព្យធនល្អអស្ចារ្យ។
ប្រទេសខ្មែរយើងសម្បូរសត្វ ហិចហើរឆ្លងកាត់ពេញមេឃា
ត្រីហែលឆ្វែលឆ្វាត់ក្នុងគង្គា ខ្លះដើររេរាក្នុងព្រឹក្សា។
កន្លែងទេសចរណ៍ច្រើនអនេក ល្អគន់គាប់ភ្នែកគួរចេតនា
មានជ្រោះជ្រលងភ្នំជលសា សត្វយំខ្ញៀវខ្ញាររណ្ដំចិត្ត។
ប្រទេសខ្មែរយើងល្អអស្ចារ្យ ទាក់ទាញនេត្រាភ្ញៀវជុំជិត
វក់នឹងសម្រស់ល្អវិចិត្រ ជាកេរល្អពិតខ្មែរមោទនៈ។
និពន្ធដោយកុមារី យី អ៊ីលីង សិស្សថ្នាក់ទី៨ សាលាអនុវិទ្យាល័យ សុវណ្ណភូមិ ក្រុងភ្នំពេញ
សម្រួលជើងកាព្យដោយ យី ឆេងអ៊ួ
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។