រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ស្នើឲ្យប្រធានមន្ទីរសុរិយោដីថ្មីខេត្តព្រះសីហនុ ត្រូវជួយពន្លឿនសកម្មភាពចុះបញ្ជី ឬចុះកាត់ឆ្វៀលដីផ្តល់ប្លង់កម្មសិទ្ធិជូនប្រជាពលរដ្ឋឲ្យបានច្រើនថែមទៀត ដើម្បីទប់ស្កាត់វិវាទដីធ្លីនាមូលដ្ឋាននេះ។ មន្ត្រីសង្គមស៊ីវិល ប្រកាសសាទរ និងរំពឹងថា ថ្នាក់ដឹកនាំថ្មីរូបនេះ អាចអនុវត្តការងារបានល្អ។
សារក្រើនរំឭករបស់រដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ លោក អ៊ឹម ឈុនលឹម បែបនេះ ធ្វើឡើងចំពោះមុខថ្នាក់ដឹកនាំមន្ទីរស្ថាប័ននានានៅក្នុងពិធីប្រកាសផ្ទេរមុខតំណែងប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តព្រះសីហនុ គឺលោក នួន ប៉ុក នៅព្រឹកថ្ងៃពុធ ទី២៣ ខែមីនា នាសាលាខេត្តព្រះសីហនុ។
លោក អ៊ឹម ឈុនលឹម បានផ្ដាំផ្ញើឲ្យ លោក នួន ប៉ុក ដែលទើបទទួលបានតំណែងបន្តវេនពី លោក ហ៊ុន ភី ដែលគ្រប់អាយុចូលនិវត្តន៍ ត្រូវបន្តអនុវត្តការងារចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធ ឬបទបញ្ជាលេខ០១ របស់រាជរដ្ឋាភិបាលបានដាក់ចេញឲ្យមានប្រសិទ្ធភាព។ ជាងនេះទៀត លោក អ៊ឹម ឈុនលឹម ក៏បានពញ្ញាក់ស្មារតីដល់ប្រធានមន្ទីរសុរិយោដីថ្មីខេត្តព្រះសីហនុ លោក នួន ប៉ុក ត្រូវសហការជាមួយមន្ត្រីក្រោមឱវាទ និងមន្ត្រីស្ថាប័នពាក់ព័ន្ធខេត្តនេះ ដើម្បីឈានដល់អនុវត្តការងារ ឬសេវាបម្រើផ្សេងៗជូនប្រជាពលរដ្ឋឲ្យបានឆាប់ និងមានស្មារតីទទួលខុសត្រូវខ្ពស់៖ « ត្រូវខិតខំបន្តការងារជម្រះទិន្នន័យកកស្ទះក្បាលដីកន្លងមក នៅក្នុ ង កម្មវិធី ចុះបញ្ជី ដីធ្លីទូទៅ ក៏ដូចជា ការចុះបញ្ជី ដីធ្លីតាមបទបញ្ជា លេខ០១ កន្ល ង មក »។
អភិបាលខេត្តព្រះសីហនុ លោក យន្ត មីន ក៏យកឱកាសនោះផ្តល់អនុសាសន៍ដល់ លោក នួន ប៉ុក ឲ្យខំយកចិត្តទុកដាក់ក្នុងការបំពេញការងារចុះបញ្ជីដីធ្លី ឬផ្តល់ប្លង់កម្មសិទ្ធិដីធ្លីជូនពលរដ្ឋនៅតាមមូលដ្ឋាន ដែលនៅសេសសល់ឲ្យបានរលូន និងត្រូវពន្លឿនការងារនេះឲ្យបានឆាប់។ លោកសង្កត់ធ្ងន់ថា ការចេញប្លង់កម្មសិទ្ធិស្ទួនជូនបុគ្គលច្រើននាក់នៅលើទីតាំងដីតែមួយកន្លែង គួរត្រូវលុបបំបាត់ឲ្យបាន ព្រោះកន្លងមក មូលដ្ឋាននេះធ្លាប់កើតមានបញ្ហាមិនប្រក្រតីនេះជាច្រើនករណី និងបង្កើតឲ្យមានវិវាទដីធ្លីដោះស្រាយមិនចេះចប់៖ « ស្នើឲ្យលោកត្រូវមានការតាំងចិត្ត និងប្ដេជ្ញាចិត្តក្នុងការងារបម្រើសេវាផ្សេងៗជូនប្រជាពលរដ្ឋ ឲ្យបានរលូន »។
ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីថ្មី ខេត្តព្រះសីហនុ លោក នួន ប៉ុក បានឡើងប្ដេជ្ញាចិត្តថា នឹងជំរុញការងារដែលនៅសេសសល់ក្នុងស្ថាប័ននេះឲ្យបានរលូន។ ជាងនេះទៀត នឹងខិតខំជំរុញការងារផ្តល់សេវាផ្សេងៗ និងការងារចុះបញ្ជីផ្តល់ប្លង់កម្មសិទ្ធិជូនពលរដ្ឋនៅតាមមូលដ្ឋាននីមួយៗឲ្យបានឆាប់ ដើម្បីបញ្ចៀសបាតុភាពផ្សេងៗ៖ « នឹងខិតខំគោរពគោលការ ណ៍ ច្បាប់ និង លិខិតបទដ្ឋាន គតិយុត្តិ នានាដែលមាន ជាធរមាន ពិសេសនឹង ខិតខំអនុវត្ត ឲ្យ ស្របតាម អនុសាសន៍ ណែនាំរបស់លោក ទេសរដ្ឋមន្ត្រី អ៊ឹម ឈុនលឹម និង ថ្នាក់ដឹកនាំ ខេត្តព្រះសីហនុ ឲ្យបានរលូន »។
មន្ត្រីសម្របសម្រួលនៃសមាគមអាដហុក (ADHOC) ប្រចាំខេត្តព្រះសីហនុ អ្នកស្រី ជៀប សុធារី បានអបអរសាទរការទទួលតំណែងថ្មីរបស់ លោក នួន ប៉ុក ពេលនេះ។ អ្នកស្រីរំពឹងថា មន្ត្រីរូបនេះនឹងអនុវត្តការងារផ្តល់សេវាផ្សេងៗជូនពលរដ្ឋ ពិសេសការងារចុះបញ្ជីផ្តល់ប្លង់កម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ អនុវត្តបានត្រឹមត្រូវស្របតាមច្បាប់។ អ្នកស្រី ជៀប សុធារី បានសំណូមពរដល់ លោក នួន ប៉ុក ត្រូវជៀសឲ្យផុតពីអំពើពុករលួយ ឬការឃុបឃិតណាមួយជាមួយឈ្មួញ ឬបុគ្គលមានអំណាច ដែលអាចឈានដល់ចេញប្លង់កម្មសិទ្ធិជូនបុគ្គលឯកជនទាំងនោះទៅលើទីតាំងដីសាធារណៈរបស់រដ្ឋ ដូចថ្នាក់ដឹកនាំស្ថាប័ននេះធ្លាប់អនុវត្តកន្លងមក។
អ្នកស្រី ជៀប សុធារី បានរិះគន់ប្រធានមន្ទីរសុរិយោដីខេត្តព្រះសីហនុ អាណត្តិមុនៗថា ពួកគេបានឃុបឃិតចេញប្លង់កម្មសិទ្ធិលើដីសាធារណៈរបស់រដ្ឋ ជូនបុគ្គលឯកជន មានដូចជា ចំណីមាត់បឹង ឬអូរធម្មជាតិ ដីព្រៃលិចទឹក ឬដីព្រៃកោងកាង ជម្រកត្រីសមុទ្របន្តពូជ ដីភ្នំ និងដីឆ្នេរសមុទ្រ ជាដើម ដែលអនុវត្តផ្ទុយពីច្បាប់រដ្ឋធម្មនុញ្ញ និងឈានដល់បំផ្លាញធនធានធម្មជាតិធ្ងន់ធ្ងរកន្លងមក៖ « ខ្ញុំសង្ឃឹមថា លោក នួន ប៉ុក ជាមនុស្សម្នាក់មានសមត្ថភាពតាមផ្លូវច្បាប់ច្រើន ហើយ សង្ឃឹមថាគាត់នឹងមាន វិធានការ តាមផ្លូវ ច្បាប់ ក្នុងការសើរើរាល់ការផ្តល់ប័ណ្ណកម្មសិទ្ធិលើដីសាធារណៈរបស់រដ្ឋខុសច្បាប់នាពេលកន្លងមកនេះ ដើម្បី ឈានដល់ ទាមទារដាក់ជា ទ្រព្យសម្បត្តិ សាធារណៈរបស់ រដ្ឋវិញ »។
របាយការណ៍របស់អង្គការលីកាដូ (LICADHO) ប្រចាំខេត្តព្រះសីហនុ ឆ្នាំ២០១៦ បង្ហាញថា មូលដ្ឋាននេះកើតមានវិវាទដីធ្លីជាង ២០សហគមន៍ និងមិនទាន់មានដំណោះស្រាយនៅឡើយទេ។ ទំនាស់ដីធ្លីខ្លះ កើតឡើងដោយសារភាពយឺតយ៉ាវនៃការចេញប្លង់កម្មសិទ្ធិជូនប្រជាពលរដ្ឋ និងការចេញប័ណ្ណសម្គាល់ក្បាលដីស្ទួនគ្នានៅលើទីតាំងដីតែមួយកន្លែងជាដើម ដោយខ្វះការទទួលខុសត្រូវរបស់សមត្ថកិច្ចស្ថាប័ននេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
