ជន​ជាតិដើម​ភាគតិច​​កួយឃុំ​ប្រមេរ​ខេត្ត​ព្រះវិហារ​ធ្វើ​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌបួង​សួង​សុំ​ឱ្យ​មាន​ដំណោះស្រាយ​ដីធ្លី​

0:00 / 0:00

ពលរដ្ឋ​ជន​ជាតិ​ដើម​ភាគតិច​កួយ​នៅឃុំ​ប្រមេរ ស្រុក​ត្បែង​មាន​ជ័យ ខេត្ត​ព្រះវិហារ ថ្លែង​ថា ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​នៅ​ឆ្នាំ​នេះ ពួក​គាត់​នឹង​មិន​មាន​ប្រារព្ធ​កម្មវិធី​អ្វី​ធំដុំ​ឡើយ​ ដោយសារ​តែ​ជីវភាព​មាន​ការ​ធ្លាក់​ចុះ​ជា​លំ​ដាប់​ ចាប់​តាំងពី​ក្រោយ​ពេល​មាន​ទំនាស់​ដីធ្លី​ជាមួយ​ក្រុម​ហ៊ុន​ស្ករស​របស់​ចិន។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​នៅ​ខេត្ត​ព្រះវិហារ​ កត់​សម្គាល់​ថា អាជ្ញាធរ​ហាក់​គ្មាន​ឆន្ទៈ​ដោះស្រាយ​ទំនាស់​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​មួយ​នេះ​ឡើយ​ ទោះបី​ជា​ដឹង​ថា គម្រោង​ខ្នាត​ធំ​មួយ​នេះ​ជះឥទ្ធិពល​អវិជ្ជមាន​ដល់​ជីវភាព​ពលរដ្ឋ​​យ៉ាង​ណា​ក្តី។

ពលរដ្ឋ​ជន​ជាតិ​ដើម​ភាគ​តិច​កួ​យ​នៅ​ឃុំ​ប្រមេរ ឱ្យ​ដឹង​ថា ដូចពលរដ្ឋខ្មែរនៅទូទាំងប្រទេសដែរ នៅ​ឆ្នាំនេះ​ពួក​គាត់​​​នាំគ្នា​ប្រារព្ធពិធីបុណ្យ​កាន់​បិណ្ឌ និង​ភ្ជុំ​បិណ្ឌ ជូន​ដល់​ជីដូន​ជីតា​ដែល​បាន​ចែក​ឋាន​ទៅ ប៉ុន្តែ​នៅ ក្នុង​ចិត្តពួកគេកំពុង​ខ្វាយ​ខ្វល់​នឹង​រឿង​បាត់​បង់​ដី​ធ្លី។

ទីប្រឹក្សា​យោបល់​របស់សហគមន៍​ជន​ជាតិដើម​ភាគ​តិច​កួយ​ឃុំ​ប្រមេរ លោក​ស្រី ទេព ទឹម រំឭក​ថា កាល​ពី​ប្រមាណ ១០ឆ្នាំ​មុន​ ឱ្យ​តែ​ដល់​ពេល​ពិធី​បុណ្យ​កាន់​បិណ្ឌ និង​ភ្ជុំ​បិណ្ឌ អ្នក​ស្រុក​នាំគ្នា​ឈប់​សម្រាក​កន្លះ​ខែ ដើម្បី​ស្រាក់​គ្នា​ និង​រួម​គ្នា​ធ្វើ​បុណ្យ​ ដ្បិត​ពលរដ្ឋ​ជន​ជាតិ​ដើម​ភាគតិច​កួយ​ក៏ជា​អ្នក​កាន់​​ព្រះពុទ្ធ​សាសនា និងតែង​ប្រារពពិធី​បុណ្យ​នេះ​តាំង​ពីដូន​តាមក​ ដូច​ពលរដ្ឋ​ខ្មែរ​ទូទៅ​ដែរ។ ក៏​ប៉ុន្តែ​ រយៈពេល​​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ពលរដ្ឋ​ក្នុង​សហគមន៍​របស់​លោក​ស្រី​ មិន​បាន​នៅ​ជួប​ជុំ​គ្នា​ប្រារព្ធ​ពិធី​បុណ្យ​កាន់​បិណ្ឌ និង​ភ្ជុំ​បិណ្ឌ បាន​ជាប់​លាប់​ដូច​កាល​ពី​មុន​ទេ​ ដោយសារ​តែ​ជីវភាព​ធ្លាក់​ចុះ​ជាង​មុន​ផង និង​រវល់​ការពារ​ដីធ្លីពី​ការ​ឈូស​ឆាយ​របស់​ក្រុមហ៊ុន​ចិន​ផង៖ «»

ជន​ជាតិ​ដើម​ភាគតិច​កួយ​ឃុំ​ប្រមេរថ្លែង​ថា ជីវភាព​របស់​ពួក​គាត់​មាន​ភាព​យ៉ាប់​យ៉ឺន​ខ្លាំង​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ដោយ​សារ​ពួក​គាត់​បាត់​បង់​ដីធ្លី និង​ព្រៃឈើ​ដែល​ជា​ប្រភព​ចំណូល​ដ៏​សំខាន់​បន្សល់​ទុក​តាំង​ពី​ដូន​តា​មក។ ពួក​គាត់​ទម្លាក់​ការ​ទទួល​ខុស​ត្រូវ​ទៅលើ​​ក្រុមហ៊ុន​ស្ករស​របស់​ចិន​ដែល​បាន​ចូល​ទៅ​បំផ្លិច​បំផ្លាញ​ធម្មជាតិ​ និង​ព្រៃឈើ​ ដែល​ជា​អាយុជីវិត​របស់​ពួក​គាត់​ ក្រោម​លេស​នៃ​ការ​អភិវឌ្ឍ។

លោក​ស្រី ទេព ទឹម រំឭក​ថា កាល​ពីមុន​មាន​ក្រុមហ៊ុន​ចិន​ទៅ​ដល់ អ្នក​ភូមិ​មាន​ជីវភាព​គ្រាន់​បើ​ជាង​ពេល​បច្ចុប្បន្ន​ ដោយសារ​ពួក​គាត់​​មាន​ប្រភព​ចំណូល​សំខាន់​ពីរ​ គឺ​ដីធ្លី​សម្រាប់​​បង្កបង្កើន​ផល និង​ចិញ្ចឹម​សត្វ និង​ព្រៃឈើ​ដែល​អាច​ឱ្យ​ពួក​គាត់​ដង​ជ័រ បោច​វល្លិ ដក​ផ្សិត និង​បេះ​បន្លែ​ព្រៃ​ជាដើម។ ប៉ុន្តែ​ប្រភព​ចំណូល​ទាំង​នេះ បាន​បាត់​បង់​អស់​ជា​បន្ត​បន្ទាប់ ក្រោយ​ពេល​ក្រុមហ៊ុន​ចិន​បាន​ទៅ​ដល់​តំបន់​នោះ និង​បាន​កាប់​បំផ្លាញ​ព្រៃឈើ ឈូស​ឆាយ​ដី​ព្រៃ លុប​អូរ ត្រពាំង បឹង​បួរ​ធម្មជាតិ​ ស្ទើរ​អស់​គ្មាន​សល់។ លោក​ស្រី​អះអាង​ថា ក្រុមហ៊ុន​មិន​បាន​នាំ​យក​នូវ​ការ​អភិវឌ្ឍ ឬ​ការ​រីកចម្រើន​ដល់​សហគមន៍​ដែល​នៅ​ជុំ​វិញ​នោះ ដូច​ការ​រំពឹង​ទុក​របស់​រដ្ឋាភិបាល​នោះ​ឡើយ៖ «»

ទំនាស់​ដីធ្លីរវាង​ពលរដ្ឋជន​ជាតិ​ដើម​ភាគ​តិច​កួយ​នៅឃុំ​ប្រមេរ ស្រុក​ត្បែង​មានជ័យ បាន​ចាប់​ផ្តើម​ឡើង​នៅ​ឆ្នាំ២០១២ ក្រោយ​ពេល​​ក្រុម​ហ៊ុនបុត្រសម្ពន្ធ​នៃ​ក្រុម​ហ៊ុន​​ស្ករស​របស់​ចិន​ឈ្មោះ ហឹង ហ៊្វូ ស៊ូហ្គឺរ គ្រុប (Hengfu Group Sugar Industry Co., LTD) បាន​ទទួល​ដីសម្បទាន​សេដ្ឋកិច្ច​ជាង​ ៤ ម៉ឺន​ហិកតារ ពី​របប​លោក​ ហ៊ុន សែន ដើម្បី​វិនិយោគ​ដាំ​អំពៅ និង​អាកាស្យា។ ក្រុមហ៊ុន​បាន​ចាប់​ផ្តើម​កាប់​រាន​ និង​ឈូសឆាយ​ដីព្រៃ​ ដែល​ពលរដ្ឋ​ជន​ជាតិដើម​ភាគតិច​កួយ​ធ្លាប់​រស់​នៅពឹង​អាស្រ័​យផល​រាប់​ជំនាន់មក​ហើយ ទោះជា​មាន​ការ​តវ៉ា​ប្រឆាំង​​ពី​អ្នក​ស្រុក​ក្តី។ បន្តិច​ម្តងៗ ទំនាស់​ដីធ្លី​នេះ បាន​រាល​ដាល​ដល់​តំបន់មួយ​ចំនួន​ទៀត​នៃ​ស្រុក​ឆែប និង​ស្រុក​ជ័យ​សែន ដោយ​សារ​​ក្រុមហ៊ុន​បុត្រ​សម្ពន្ធ​របស់​ចិន​បាន​ឈូស​ឆាយ​ដល់​តំបន់​នោះ ក្រោម​ហេតុ​ផល​​ថា ជាដី​របស់ពួក​គេ​ទទួល​បាន​ពី​រដ្ឋ។

តំបន់​​ដែល​ធ្លាប់​តែ​​គ្រប​ដណ្តប់​ដោយ​ព្រៃ​ឈើ និង​មាន​កត់​ត្រា​​ក្នុង​សៀវ​ភៅ​សិក្សា​របស់​ក្រសួង​អប់រំ ថា​​ ជា​តំបន់​​ខ្ពង់​រាប​សម្បូរ​ដោយ​ព្រៃឈើ និង​សត្វ​ព្រៃ​នោះ បែរ​ជា​ត្រូវ​ក្លាយ​ជា​ចម្ការ​អំពៅ និង​វាល​រហោរស្ថាន​ឆ្ងាយ​​ដាច់​កន្ទុយ​ភ្នែក។ ការ​ឈូស​ឆាយ​ដោយ​ប្រើ​គ្រឿង​ចក្រ​ ​ធ្វើ​ឡើង​ជាប់​ជា​ប្រចាំ​ ដើម្បី​គាល់​រំលើង​គល់​ឈើ និង​កូន​ឈើ​ចេញ​ពី​ដី​ដែល​ក្រុមហ៊ុន​គ្រោង​នឹង​ដាំ​ដុះ​ដំណាំ​របស់​ខ្លួន​នោះ។

មេឃុំ​ប្រមេរលោក​ ធាន​ ហេង ថ្លែង​ថា វិវាទ​ដីធ្លី​រវា​ប្រជា​ពលរដ្ឋ​ក្នុង​ឃុំ​ជាមួយ​នឹង​ក្រុមហ៊ុន​ស្ករស​របស់​ចិន​នេះ ហួស​ពី​សមត្ថភាព​ដោះ​ស្រាយ​របស់​អាជ្ញាធរ​ឃុំ។ ក៏​ប៉ុន្តែ​លោក​បាន​បដិសេធ​ថា ជីវភាព​របស់​​ពលរដ្ឋក្នុង​មូលដ្ឋាន​របស់​លោក​មិន​​មាន​ការ​ធ្លាក់​ចុះ​ឡើយ​ ផ្ទុយ​ទៅ​វិញ​ហាក់​ដូច​ជា​គ្រាន់​បើ​ជាង​មុន​ផង ដោយ​មាន​អ្នក​ខ្លះ​បាន​សង់​ផ្ទះ​ថ្មរស់​នៅ​ទៀត​ផង។ លោក​ថា ដីធ្លី​របស់​អ្នក​ភូមិ​ដែល​ធ្លាប់​បាន​ធ្វើ​កន្លង​មក​នៅ​តែ​មាន​ដដែល​ មិន​មាន​​បាត់​បង់ទៅ​ណា​ឡើយ​ ខណៈ​ពលរដ្ឋ​អះអាង​ដី​របស់​ពួក​គាត់​ភាគ​ច្រើន​ ត្រូវ​បាន​ក្រុមហ៊ុន​រំលោភ​យក​ជិត​អស់​ទៅ​ហើយ៖ «»

មេឃុំ​រូប​នេះ​ទទួល​ស្គាល់​ថា ​​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំនេះ ក្រុមហ៊ុនមិន​ទាន់​បាន​ជួយ​អភិវឌ្ឍ ឬ​​លើក​មុខមាត់​សហគមន៍​មូលដ្ឋាន​នៅ​ឡើយ​ទេ ប៉ុន្តែលោកក៏​បាន​ដាក់​បន្ទុកពលរដ្ឋ​ក្នុង​ឃុំ​ដែរ​ថា ដោយ​សារ​ពួក​គាត់​មិន​ចេះ​ ឬមិន​មាន​ទម្លាប់ធ្វើ​ការ​ឱ្យ​គេ។ លោក​ថា ក្រុមហ៊ុន​ក៏​ធ្លាប់​បាន​ហៅ​ពលរដ្ឋ​ឱ្យ​ទៅ​ធ្វើ​ការ​រើស​ឫស​ឈើ​ ឬ​ការ​ងារ​ផ្សេង​ទៀត​ដែរ ដោយ​ឱ្យ​កម្រៃ​មួយ​ម៉ឺន​ទៅ​ពីរម៉ឺន​រៀល​ក្នុង​មួយ​ថ្ងៃ ប៉ុន្តែ​អ្នក​ភូមិ​បាន​​បដិសេធ​មិន​ធ្វើ​ការងារ​ទាំង​នោះ។

ពលរដ្ឋ​ជន​ជាតិ​ដើម​ភាគតិច​កួយធ្លាប់​​អះអាង​ថា មូលហេតុ​ដែល​ពួក​គាត់​មិន​ធ្វើ​ការ​ងារ​នោះ គឺ​ដោយសារ​ពួក​គាត់​ឈឺ​ចាប់​ ពេល​ឃើញ​ក្រុមហ៊ុន​ឈូស​ឆាយ​ដីព្រៃ និង​កាប់​បំផ្លាញ​ដើម​ឈើ ព្រម​ទាំង​រំលោភ​យក​ដីធ្លី​ដែល​ពួក​គាត់​ធ្លាប់​បង្កបង្កើន​ផល ហេតុ​ដូច​នេះ​គ្មាន​ហេតុ​ផល​អ្វីដែល​ពួក​គាត់​ត្រូវ​ទៅធ្វើ​ការ​ឱ្យ​ក្រុមហ៊ុន​ឡើយ។

​អ្នក​សម្របសម្រួល​កម្មវិធី​កសាង​សមត្ថភាព​សហគមន៍ និង​តស៊ូ​មតិ​នៃ​អង្គការ​ពន្លក​ខ្មែរ លោក​ ប៉ិក​ សោភ័ណ អះអាង​ថា ទំនាស់​ដីធ្លី​រវាង​ប្រជា​ពលរដ្ឋ​ និង​ក្រុមហ៊ុន​ស្ករ​ស​របស់​ចិន​នេះ បាន​អូស​បន្លាយ​អស់​រយៈ​ពេល​ជាច្រើន​ឆ្នាំមក​ហើយ ពោល​គឺចាប់​តាំងពី​ឆ្នាំ២០១២ រហូត​មក​ទល់​នឹង​ពេល​បច្ចុប្បន្ន។ លោក​ថា ​អាជ្ញាធរ​ថ្នាក់​ខេត្ត​ និង​ថ្នាក់​ជាតិ​ ហាក់​គ្មាន​ឆន្ទៈពិត​ប្រាកដ​ក្នុង​ការ​ដោះ​ស្រាយ​រឿង​នេះ​ឡើយ​ ព្រោះ​មន្ត្រី​ទាំងនោះ​ចុះមក​ពិនិត្យ​ករណី​នេះ​រួចហើយ ក៏​ស្ងាត់​ទៅ​វិញ​ ឬ​ក៏​មាន​ដំណោះ​ស្រាយ​ឱ្យ​ពលរដ្ឋ​មួយ​ចំនួន​ដែរ​ ប៉ុន្តែ​ជា​ដំណោះ​ស្រាយ​ដែល​មិន​យុត្តិធម៌ ​ឬ​មិន​ស្រប​តាម​គោល​ការណ៍​ច្បាប់។ លោក​ជឿជាក់​ថា ទំនាស់​ដីធ្លី​រ៉ាំរ៉ៃ​នេះ​ដោះ​ស្រាយ​មិន​ចេញ ដោយសារ​តែ​អាជ្ញាធរ​ពាក់ព័ន្ធ​ទទួល​បាន​ផល​ប្រយោជន៍​ពី​រឿង​នេះ​ ឬអាច​ជា​អំពើ​ពុករលួយ​ក៏​ថា​បាន។ លោក​ជំរុញ​របប​លោក​ ហ៊ុន សែន ជួយ​ដោះ​ស្រាយ​បញ្ចប់​រឿង​នេះ​ ដោយ​ផ្តល់​យុត្តិធម៌​ជូន​​ពលរដ្ឋ​ដែល​ជា​ជន​ជាតិ​ដើម​ភាគ​តិច​កួយ និង​ខ្មែរ នៅ​តំបន់​នោះ​ស្រប​តាម​គោល​ការណ៍​ច្បាប់៖ «»

ក្នុង​ឱកាស​ពិធី​បុណ្យ​កាន់​បិណ្ឌ និង​ភ្ជុំ​បិណ្ឌ​នៅ​ឆ្នាំ​នេះ ពលរដ្ឋ​ជន​ជាតិ​ដើម​ភាគ​តិច​កួយ​នៅ​ឃុំ​ប្រមេរ ក៏​បាន​បួងសួង​សុំ​ឱ្យ​ព្រលឹង​ដូន​តារបស់​ពួក​គាត់​ជួយ​ធ្វើ​យ៉ាង​ណា​ ​ឱ្យ​ដីធ្លី និង​ព្រៃ​ឈើ​ទាំង​ឡាយ​ដែល​​បាន​បាត់​បង់​នោះ ឱ្យ​ត្រឡប់​មក​ដូច​ដើម​វិញ។ ជាពិសេស​ពួក​គាត់សំណូម​ពរ​ឱ្យ​អាជ្ញាធរ​ជួយ​ពន្លឿន​ការ​ចុះ​បញ្ជី​ដី​កម្មសិទ្ធិ​ជា​សមូហភាព​ ដែល​ពួក​គាត់​បាន​ស្នើសុំ​តាំង​ពី​ឆ្នាំ ២០១៤ នោះ​ឱ្យ​បាន​លឿន​រហ័ស​ផងដែរ៖ «»

ចំណុច​សំខាន់​មួយ​ទៀត គឺ​​ពួក​គាត់​ស្នើសុំ​ទៅ​មេ​ដឹក​នាំ​របប​ក្រុង​ភ្នំពេញ​លោក​ ហ៊ុន​ សែន កុំ​ឱ្យ​ទម្លាក់​កំហុស​រឿង​បាត់​បង់​ព្រៃឈើ​ និង​ដី​គម្រប​ព្រៃ​ឈើ​រាប់​លាន​ហិកតារ​នៅ​ទូទាំង​ប្រទេស​នោះ មក​លើ​ប្រជាពលរដ្ឋ​តទៅ​ទៀត។ ជំនួស​មក​វិញ​ ពួក​គាត់​ស្នើសុំ​​​ឱ្យ​លោក​ ហ៊ុន សែន ចាប់​ផ្តើម​ត្រួត​ពិនិត្យ​មើល​​សកម្មភាព​ក្រុមហ៊ុន​ទាំង​ឡាយ ​ដែល​របប​របស់​លោក​​​បាន​ផ្តល់​ដី​សម្បទាន​ឱ្យ​ពួក​គេ​នោះ​វិញ ហើយ​បើ​រក​ឃើញ​ថា ក្រុមហ៊ុន​ទាំង​នោះ​​រំលោភ​បំពាន​ច្បាប់​ សូម​ឱ្យ​លោក​ដក​ហូត​ដី​ទាំង​នោះ​ទុក​​ជា​ទ្រព្យ​សម្បត្តិ​របស់​រដ្ឋ​វិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។