ក្រុមហ៊ុន​ស្ករស​លី​យ៉ុងផាត់​អះអាង​ថា​បាន​ជួយ​លើក​កម្ពស់​ជីវភាព​ពលរដ្ឋ​មូលដ្ឋាន

0:00 / 0:00

ជម្លោះ​រវាង​ក្រុមហ៊ុន​ស្ករស និង​ប្រជាពលរដ្ឋ បាន​កើត​ឡើង​ជា​បន្តបន្ទាប់ ដែល​ទាមទារ​ឲ្យ​ក្រុមហ៊ុន​ចូល​មក​ដោះស្រាយ។ ក្រុមហ៊ុន ភ្នំពេញ ស៊ូហ្គើរ៍ (Phnom Penh Sugar) បាន​អះអាង​នៅ​ថ្ងៃ​ទី​២០ មីនា ថា ការ​ទទួល​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​រាជ​រដ្ឋាភិបាល ដាំ​អំពៅ​ដើម្បី​ផលិត​ស្ករស គឺ​បាន​ជួយ​លើក​កម្ពស់​ជីវភាព​ប្រជាពលរដ្ឋ​មូលដ្ឋាន តាម​រយៈ​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ និង​ការ​បង្កើត​ការងារ។

ក្រុមហ៊ុន​ផលិត​ស្ករស​នៅ​ប្រទេស​កម្ពុជា មួយ​ចំនួន កំពុង​រង​ការ​ចោទ​ប្រកាន់​ថា បាន​រំលោភ​ដីធ្លី​ប្រជាពលរដ្ឋ និង​បណ្ដេញ​ពួក​គាត់​ចេញ​ដោយ​គ្មាន​សំណង​សមរម្យ។ ជម្លោះ​ដីធ្លី​កំពុង​កើត​ឡើង រួម​មាន​នៅ​ខេត្ត​កោះកុង ឧត្ដរមានជ័យ និង​ខេត្ត​កំពង់ស្ពឺ។ ដី​សម្បទាន​សេដ្ឋកិច្ច​ដាំ​អំពៅ​ភាគ​ច្រើន គឺ​គ្រប់គ្រង​ដោយ​សមាជិក​សភា​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា លោក​ឧកញ៉ា លី យ៉ុងផាត់។

តំណាង​លោក​ឧកញ៉ា លី យ៉ុងផាត់ គឺ​លោក សេង ណាក់ និង​ជា​នាយក​ក្រុមហ៊ុន ភ្នំពេញ ស៊ូហ្គើរ៍ បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី តាម​សារ​អេឡិចត្រូនិក (Email) នៅ​ថ្ងៃ​ទី​២០ មីនា ថា ដី​សម្បទាន​សេដ្ឋកិច្ច​បាន​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន ភ្នំពេញ ស៊ូហ្គើរ៍ អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ និង​បង្ក​ការ​ងាយ​ស្រួល​ការ​បង្កើត​ការងារ​ដល់​ប្រជាពលរដ្ឋ​រាប់​ពាន់​នាក់ និង​ការ​អភិវឌ្ឍ​សហគមន៍​មូលដ្ឋាន។

លោក សេង ណាក់ បាន​បញ្ជាក់​ទៀត​ថា បើ​គ្មាន​គម្រោង​អភិវឌ្ឍន៍​តាម​រយៈ​ការ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​នោះ​ទេ សកម្មភាព​សេដ្ឋកិច្ច​ក៏​មិន​ត្រូវ​បាន​បង្កើត​ឡើង​ដែរ។ ក្រុមហ៊ុន​បាន​ទទួល​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​រាជ​រដ្ឋាភិបាល ដើម្បី​ការ​អភិវឌ្ឍ​កសិឧស្សាហកម្ម​ស្ករ​អំពៅ បាន​វិនិយោគ​ទឹក​ប្រាក់​ប្រមាណ ២០០​លាន​ដុល្លារ​អាមេរិក ដើម្បី​សាងសង់​សេវា​ទឹក​ភ្លើង​នៅ​ក្នុង​ខេត្ត​កំពង់ស្ពឺ ដែល​ក្រុមហ៊ុន​ជឿជាក់​ថា សហគមន៍​មូលដ្ឋាន​អាច​ទទួល​ផល​ពី​ការ​អភិវឌ្ឍ​របស់​ក្រុមហ៊ុន ភ្នំពេញ ស៊ូហ្គើរ៍។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ តំណាង​សហគមន៍​ប៉ះពាល់​ដីធ្លី​នៅ​ខេត្ត​កំពង់ស្ពឺ លោក ផល វណ្ណៈ បាន​ឲ្យ​ដឹង​ថា ចាប់​តាំង​ពី​ក្រុមហ៊ុន​ចូល​ទៅ​អភិវឌ្ឍ​ដើម្បី​ផលិត​ស្ករ​អំពៅ​របស់ លោក​ឧកញ៉ា លី យ៉ុងផាត់ កាល​ពី​ឆ្នាំ​២០១០ បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដី​សហគមន៍ និង​ដី​ស្រែ​ប្រជាពលរដ្ឋ​បង្កបង្កើនផល។ ក្រុមហ៊ុន​វិញ​បាន​ផ្ដល់​សំណង​ដី​គ្មាន​គុណភាព​ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​រាប់​ពាន់​គ្រួសារ។

បន្ថែម​លើ​នេះ នាយក​អង្គការ​សមធម៌​កម្ពុជា លោក អៀង វុទ្ធី មាន​ប្រសាសន៍​ថា ប្រជាពលរដ្ឋ​ដែល​បាត់​បង់​ដី​បាន​រស់​នៅ​រង​ទុក្ខ​វេទនា។ បើ​ទោះ​ជា​ប្រជាពលរដ្ឋ​រងគ្រោះ​មួយ​ចំនួន​មាន​ការងារ​ធ្វើ​នៅ​ក្រុមហ៊ុន​ស្ករ​អំពៅ​ក៏ដោយ ក៏​ចំណូល​នោះ​មិន​អាច​ផ្គត់ផ្គង់​គ្រួសារ​របស់​គាត់​ឡើយ។

«សំឡេង»

ប្រទេស​កម្ពុជា បាន​នាំ​ចេញ​ស្ករស​ទៅ​សហភាព​អឺរ៉ុប ដោយ​ការ​អនុគ្រោះ​ពន្ធ​គយ​មាន​តម្លៃ​ជាង ៥០​លាន​ដុល្លារ​អាមេរិក នៅ​ក្នុង​ឆ្នាំ​២០១៣។ ការ​កើន​ឡើង​នេះ ក្រុម​អ្នក​រងគ្រោះ​បាន​អះអាង​ថា ក្រុមហ៊ុន​បាន​ចំណេញ​លុយ​ច្រើន​លាន​ដុល្លារ ហើយ​អ្នក​ខាត​បង់​វិញ គឺ​ម្ចាស់​ដី។ ទោះ​ជា​យ៉ាង​ណា​ក៏ដោយ សហភាព​អឺរ៉ុប បាន​អះអាង​ថា មិន​មាន​ការ​ចុះ​ស៊ើប​អង្កេត​លើ​សង្វាក់​ផលិតកម្ម​ស្ករ​អំពៅ ចំពោះ​អ្វី​ដែល​អ្នក​រងគ្រោះ និង​សង្គម​ស៊ីវិល​បាន​អំពាវនាវ​នោះ​ទេ។

ប៉ុន្តែ ក្រុមហ៊ុន​ធំ​មួយ​ដែល​ជា​អ្នក​ទិញ​ស្ករស​ឈ្មោះ ប៉ិបស៊ី (Pepsi) បាន​សហការ​ជាមួយ​ក្រុមហ៊ុន​កូកាកូឡា (Coca-Cola) ដើម្បី​ស៊ើប​អង្កេត​ការ​រំលោភ​បំពាន​នានា​លើ​សង្វាក់​ផលិតកម្ម​ស្ករស នៅ​លើ​ពិភពលោក។ បច្ចុប្បន្ន ក្រុមហ៊ុន​ទាំង​ពីរ​នេះ​បាន​ចាប់​ផ្ដើម​ត្រួត​ពិនិត្យ ក្នុង​នោះ​មាន​អ្នក​ផ្គត់ផ្គង់​ស្ករស​របស់​ប្រទេស​កម្ពុជា ដែរ។ គោល​បំណង​របស់​ក្រុមហ៊ុន គឺ​ធានា​អំពី​និរន្តរភាព​វិស័យ​កសិកម្ម ការ​ការពារ​បរិស្ថាន និង​ពិនិត្យ​សកម្មភាព​មិន​ស្រប​ច្បាប់​នានា ដែល​ទាក់ទង​នឹង​ការ​ផ្លាស់​ប្ដូរ​ទីកន្លែង​រស់​នៅ​របស់​ម្ចាស់​ដី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។