អាជ្ញាធរ​ចាប់ខ្លួន​ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​២​រូប នៅ​ខេត្ត​ព្រះវិហារ

0:00 / 0:00

អាជ្ញាធរ​ចាប់ខ្លួន​ពលរដ្ឋ​ជនជាតិ​ដើម​ភាគតិច​កួយ ២​រូប ដែល​មាន​ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ចិន រួយ ហ្វេង (Rui Feng) តាម​ដីកា​បង្គាប់​របស់​តុលាការ​ខេត្ត​ព្រះវិហារ​។ មន្ត្រី​សិទ្ធិមនុស្ស​ខេត្ត​ព្រះវិហារ​យល់​ថា ការ​ចាប់ខ្លួន​ពលរដ្ឋ​នេះ ជា​រឿង​អយុត្តិធម៌ និង​មិន​គោរព​តាម​គោលការណ៍​របស់​រដ្ឋាភិបាល​នោះ​ទេ។

ពលរដ្ឋ​ជនជាតិ​ដើម​ភាគតិច​កួយ​ប្រមាណ ៨០​នាក់ ដែល​មាន​ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ចិន រួយ ហ្វេង ប្រមូល​ផ្តុំ​គ្នា​ដោយ​សន្តិវិធី​នៅមុខ​តុលាការ​ខេត្ត​ព្រះវិហារ នៅ​ថ្ងៃ​ទី​០៨ តុលា ដើម្បី​តវ៉ា​ទាមទារ​ឲ្យ​តុលាការ​ដោះលែង​ពលរដ្ឋ​២​រូប គឺ​លោក ខាំ ភាគ៌ និង​លោក កឿន វង ដែល​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន កាលពី​ថ្ងៃ​ទី៧ តុលា។

ពលរដ្ឋ​មួយ​រូប​ដែល​ចូលរួម​ការ​តវ៉ា លោក រួន ផង់ ឲ្យ​អាស៊ីសេរី​ដឹង ការ​ចាប់ខ្លួន​ពលរដ្ឋ​ទាំងពីរ​នាក់​នេះ​ជា​រឿង​អយុត្តិធម៌​។ លោក​អះអាង​ថា កាលពី​អំឡុង​ឆ្នាំ​២០១៨ អ្នកភូមិ​បាន​ឃាត់​គ្រឿងចក្រ​មួយ​គ្រឿង​របស់​ក្រុមហ៊ុន​ចិន ដែល​បាន​ធ្វើ​សកម្មភាព​ឈូស​ឆាយ​ដី ដើមឈើ និង​ព្រៃ​អាស្រ័យ​ផល​របស់​អ្នកភូមិ ដើម្បី​ឱ្យ​ផ្អាក​សកម្មភាព​ទាំងនោះ ដោយ​គ្មាន​បំណង​យក​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន ឬ​ចង់​បំផ្លិច​បំផ្លាញ​អ្វី​នោះ​ទេ៖ «សំណូមពរ​ឲ្យ​គាត់​ដោះលែង ហើយ​ឲ្យ​គាត់​ឆ្លើយ​បំភ្លឺ​ទៅតាម​ការ​កោះហៅ​របស់​តុលាការ មាន​មេធាវី មានអី​ត្រឹមត្រូវ ហើយ​យើង​និយាយ​ពី​រឿង​ច្បាប់ រឿង​អី ដល់ពេល​តែ​យើង​ទៅ​ចាប់ជំរិត​អញ្ចេះ​ទៅ ធ្វើ​ដូច​អត់​មាន​យុត្តិធម៌​អី​សម្រាប់​យើងខ្ញុំ​ជា​ប្រជាពលរដ្ឋ​ទេ»។

សាលាដំបូង​ខេត្ត​ព្រះវិហារ​បាន​ចោទ​តំណាង​ពលរដ្ឋ​៥​រូប ពី​បទ គំរាមកំហែង​យក​គ្រឿងចក្រ និង​ធ្វើ​ឲ្យ​ខូចខាត​ដោយ​ចេតនា តាម​បណ្ដឹង​របស់​ម្ចាស់​គ្រឿងចក្រ និង​ក្រុមហ៊ុន រួយហ្វេង (Rui Feng) ដែល​ជា​បុត្រ​សម្ពន្ធ​របស់​ក្រុមហ៊ុន​ស្ករស គ័ងទុង ហេងហ្វូ (Guangdong Hengfu Group Sugar Industry Co., Ltd) របស់​ចិន​។ តុលាការ​បាន​ចេញ​ដីកា​កោះហៅ​ក្រុម​ពលរដ្ឋ​ឲ្យ​ចូលខ្លួន​បំភ្លឺ ប៉ុន្តែ​ពួកគេ​បាន​ដាក់​លិខិត​សុំ​ពន្យារ​ពេល​ដោយ​រង់ចាំ​មាន​មេធាវី។ បន្ទាប់មក តុលាការ​បាន​កោះហៅ​ជា​លើក​ទី​២ ប៉ុន្តែ​ពួកគេ ពុំ​ទទួល​បាន​ដីកា​កោះ​ឲ្យ​ចូល​បំភ្លឺ​ពី​ខាង​នគរបាល​នោះ​ទេ​។ ក្រោយ​មក​នៅ​ចុងខែ​កញ្ញា ឆ្នាំ​២០២០ ក្រុម​ពលរដ្ឋ​បាន​ដាក់​លិខិត​សុំ​ឆ្លើយ​បំភ្លឺ​ទៅ​គណៈ​អភិបាល​ខេត្ត​ព្រះវិហារ និង​តុលាការ ដោយ​សុំ​កុំ​ឲ្យ​មាន​ការ​ឃាត់ខ្លួន ឃុំខ្លួន និង​ចាប់ខ្លួន​ពួកគេ ដោយ​បញ្ជាក់​ថា ពួកគេ​មិនមែន​ជា​អ្នក​ប្រព្រឹត្ត​កំហុស​នោះ​ទេ។

អាស៊ីសេរី​បាន​ព្យាយាម​ទាក់ទង​ទៅ​ស្នងការ​ខេត្ត​ព្រះវិហារ លោក សួស សុខដារ៉ា ដើម្បី​សួរនាំ​បន្ថែម​ជុំវិញ​ការ​ចាប់ខ្លួន​ពលរដ្ឋ ២​រូប​នេះ ប៉ុន្តែ​មិន​មាន​អ្នក​ទទួល​ទូរស័ព្ទ​នោះ​ទេ​។ រីឯ ព្រះរាជអាជ្ញា​ខេត្ត​ព្រះវិហារ លោក គី សុវណ្ណថាល ថ្លែង​ដោយ​ខ្លី​ថា ពលរដ្ឋ​ត្រូវ​ហ៊ាន​តតាំង​តាម​ផ្លូវ​ច្បាប់ និង​អាច​ដាក់​ឯកសារ​ផ្សេងៗ​ទៅ​អាជ្ញាធរ​ពាក់ព័ន្ធ៖ «បើ​អត់​មានរឿង​អី​សោះ អត់​មាន​ឯកសារ​អី​សោះ​នៅ​ដៃ​ខ្ញុំ ឲ្យ​ខ្ញុំ​អន្តរាគមន៍​ម៉េច​ ? យក​តែ​ឈ្មោះ ហើយ​ឲ្យ​ដើរ​ជិះ​ទៅ​រក​ឈ្មោះ​ហ្នឹង​ម៉េច​កើត អត់​ត្រូវ​ទេ​។ ឲ្យ​សាមីខ្លួន​មក ឥឡូវ​ខ្ញុំ​រវល់​ណាស់ សាមី​ខ្លួន​មក ឲ្យ​ក្លាហាន​ឡើង​ចំពោះ​មុខ​ច្បាប់ កុំ​ចាំបាច់​ទៅ​ពឹង​ពាក់​អាស៊ីសេរី​អី​។ ឲ្យ​ពួកគាត់​មក ខ្ញុំ​សំខាន់​គឺ​មាន​មនុស្ស​មក មនុស្ស​ជំពាក់​សិន ឬក៏​ឯកសារ​ក៏បាន​ដែរ ឬក៏​អា​ញត្តិ​ជន​ក៏បាន​ដែរ ឲ្យ​មាន​ឯកសារ​មក ខ្ញុំ​ជាប់រវល់ ឲ្យ​មក កុំៗ​កំសាក ឲ្យ​ក្លាហាន​ចំពោះ​មុខ​ច្បាប់ ជន​ណា​ក៏​ដោយ បាន​ហើយ»។

ទោះបីជា​យ៉ាងណា អ្នក​សម្របសម្រួល​សមាគម​អាដហុក​(Adhoc)​ប្រចាំ​ខេត្ត​ព្រះវិហារ លោក ឡោ ចាន់ មាន​ប្រសាសន៍​ថា នេះ​ជា​រឿង​អយុត្តិធម៌​សម្រាប់​ពលរដ្ឋ​ដែល​មាន​ជម្លោះ​ជាមួយ​ក្រុមហ៊ុន រួយ ហ្វេង។ លោក​សង្កេត​ឃើញ​ថា អាជ្ញាធរ​ហាក់​មិន​បាន​យកចិត្តទុកដាក់​ដោះស្រាយ​បញ្ហា​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​តាម​គោលការណ៍​របស់​រាជរដ្ឋាភិបាល​នោះ​ទេ បែរ​ជា​ចាប់ខ្លួន​ប្រជាពលរដ្ឋ​រឿង​ដីធ្លី​ទៀត៖ «គោលនយោបាយ​របស់​រដ្ឋាភិបាល គឺ​ឲ្យ​អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ​ហ្នឹង​ត្រូវ​មាន​ចំណាត់ការ​ករណី​ដីធ្លី​ទាំងឡាយ​ដែល​នៅ​សេសសល់។ ទី​២ យើង​និយាយ​ពី​ស្ថាប័ន​តុលាការ​វិញ គួរណា​ឲ្យ​គេ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​។ វា​អយុត្តិធម៌​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​ក៏ដូចជា​ប្រជាពលរដ្ឋ​នៅ​ខេត្ត​ព្រះវិហារ​ណាស់ ទី​១ គាត់​ត្រូវ​រងគ្រោះ​ដោយសារតែ​ក្រុមហ៊ុន​រំលោភ​យក​ដីធ្លី​។ គាត់​ត្រូវ​បាន​បាត់បង់​ដីធ្លី​មួយ​ផ្នែក​ហើយ រូប​គាត់​ហ្នឹង​ត្រូវ​បាន​ជាប់គុក​ដោយសារ​តែ​រឿង​ដីធ្លី​ហ្នឹង​ទៀត​។ អ៊ីចឹង​ហើយ​គួរណា​ឲ្យ​គាត់​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន យើង​ដោះស្រាយ​ដោយ​សន្តិវិធី​ល្អជា​ជាង​យក​ពួកគាត់​ដាក់គុក​ដាក់​ច្រវាក់»។

តុលាការ​បាន​ហៅ​ប្រជាពលរដ្ឋ​ដែល​តវ៉ា​នៅមុខ​តុលាការ​ឲ្យ​ចូល​ទៅ​ជួប ប៉ុន្តែ​មិន​មាន​ដំណោះស្រាយ​ជូន​ពួកគេ​នោះ​ទេ​។ ក្រុម​ពលរដ្ឋ​អះអាង​ថា ពួកគេ​នឹង​បោះតង់​ស្នាក់​នៅមុខ​តុលាការ​ខេត្ត​ព្រះវិហារ​បន្ត​ទៀត ដើម្បី​ទាមទារ​ឱ្យ​ស្ថាប័ន​យុត្តិធម៌​មួយ​នេះ​ដោះលែង​សមាជិក​សហគមន៍​ទាំងពីរ​នាក់​ឱ្យ​មាន​សេរីភាព​វិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។