ពលរដ្ឋ​ជាង ៨០​នាក់​ផ្អាក​តវ៉ា​មុខ​តុលាការ​ខេត្ត​ព្រះវិហារ ព្រោះ​អាជ្ញាធរ​សន្យា​ដោះស្រាយ

ដោយ អាស៊ីសេរី
2020-10-10
Share

ជនជាតិ​ដើម​ភាគតិច​កួយ​រស់នៅ​ភូមិ​បុស្ស ឃុំ​ម្លូរព្រៃពីរ ស្រុក​ឆែប ខេត្ត​ព្រះវិហារ​ជាង ៨០​នាក់ បាន​សម្រេច​ផ្អាក​បោះតង់​តវ៉ា នៅ​មុខ​តុលាការ​ខេត្ត នៅ​រសៀល​ថ្ងៃ​ទី៩ ខែ​តុលា ដោយសារ​អាជ្ញាធរ​ស្រុក​បាន​សន្យា​នៅ​ចំពោះ​មុខ​អ្នកភូមិ​ថា នឹង​ដោះស្រាយ​ការ​ទាមទារ​របស់​ពួកគេ​ដោយ​យុត្តិធម៌។

តំណាង​ពលរដ្ឋ​លោក មឿង ស៊ីថា ប្រាប់​អាស៊ីសេរី​នៅ​ថ្ងៃទី៩ តុលា​ថា មូលហេតុ​ដែល​អ្នកភូមិ​ផ្អាក​ការ​តវ៉ា​នេះ ដោយសារ​អភិបាលរង​ស្រុក​ឆែប លោក អ៊ុន ចាន់​សុផល បាន​សន្យា​ថា នឹង​ពន្លឿន​ដោះស្រាយ​ក្តី​កង្វល់​របស់​អ្នកភូមិ​។ លោក​ថា ពលរដ្ឋ​ជាង ៨០​នាក់ បាន​បោះតង់ និង​ក្រាលកន្ទេល​ដេក​ផ្ទាល់​ដី ហាលខ្យល់ ហាលភ្លៀង នៅមុខ​តុលាការ​ខេត្ត​ព្រះវិហារ រយៈពេល ២​ថ្ងៃ ១​យប់​មក​ហើយ ដើម្បី​ឱ្យ​ស្ថាប័ន​យុត្តិធម៌​មួយ​នេះ ដោះលែង​សមាជិក​សហគមន៍​២​នាក់​។ លោក​បន្ថែម​ថា ក្រុម​ពលរដ្ឋ​ទុក​ពេល​ឱ្យ​អាជ្ញាធរ​ដោះស្រាយ​រឿង​នេះ​សិន ប្រសិនបើ​គ្មាន​ដំណោះស្រាយ​ជា​វិជ្ជមាន​ទេ ពួកគេ​នឹង​លើកគ្នា​តវ៉ា​ទ្រង់ទ្រាយ​ធំ​៖ «មន្ត្រី​អភិបាលរង​ស្រុក​គេ​ថា បើ​បងប្អូន​មិន​ទៅ​ទេ ខ្ញុំ​មិន​ដោះស្រាយ​ឱ្យ បើ​បងប្អូន​ទៅ​ខ្ញុំ​នឹង​ដោះស្រាយ​ឱ្យ​។ អ៊ីចឹង​បាន​គាត់​សម្រេចចិត្ត​មក​ផ្ទះ​វិញ​បាត់​ហើយ បើ​គេ​ថា គេ​មិន​ដោះស្រាយ​ទៀត គេ​នឹង​មក​មួយ​សារ​ទៀត​ដោយសារតែ​គ្នា​គាត់​ពីរ​នាក់​ទៀត អត់​ទាន់​បាន​ដោះលែង»

អាស៊ីសេរី​បាន​ព្យាយាម​ទាក់ទង​ព្រះរាជអាជ្ញា​ខេត្ត​ព្រះវិហារ លោក ទី សុវណ្ណថាល់ ដើម្បី​សុំ​ការ​បំភ្លឺ​រឿង​នេះ តែ​ទូរ​សព្ទ​របស់​លោក​មិន​អាច​ទាក់ទង​បាន​នៅ​ថ្ងៃ​ទី៩ តុលា​។ ចំណែក អភិបាលរង​ស្រុក​ឆែប លោក អ៊ុន ចាន់សុផល ក៏​មិន​អាច​ទាក់ទង​បាន​ដែរ នៅ​ថ្ងៃ​ដដែល​នេះ​។​

អាជ្ញាធរ​បាន​ចាប់ខ្លួន​ជនជាតិ​ដើម​ភាគតិច​កួយ​ពីរ​នាក់ កាល​ពី​ថ្ងៃ​ទី៧ ខែ​តុលា និង​បញ្ចូន​ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ខេត្ត​ព្រះវិហារ​ភ្លាមៗ នៅ​ល្ងាច​ថ្ងៃ​ដដែល ដោយ​ចោទ​ពី​បទ​គំរាមកំហែង​យក​គ្រឿងចក្រ និង​ធ្វើ​ឱ្យ​ខូចខាត​ដោយ​ចេតនា តាម​បណ្ដឹង​របស់​ក្រុមហ៊ុន​ចិន​ឈ្មោះ រូយ ហ្វេង (Rui Feng)​។ ក្រុម​ពលរដ្ឋ​ចាត់​ទុក ការ​ចាប់ខ្លួន​អ្នកភូមិ ក្នុង​រឿង​ជម្លោះដីធ្លី​នេះ គឺជា​អំពើ​យុត្តិធម៌ ម្ដង​ហើយ​ម្តង​ទៀត​លើ​សហគមន៍​របស់​ពួកគាត់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។