ពលរដ្ឋ​នៅ​ខេត្ត​ត្បូងឃ្មុំ​មាន​ជម្លោះដីធ្លី​ជាមួយ​ក្រុមហ៊ុន​ចិន​ដាក់​ញត្តិ​ស្នើ​ដោះលែង​តំណាង​ពលរដ្ឋ​ម្នាក់

ដោយ ហេង រស្មី
2020-08-11
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ពលរដ្ឋ​ខេត្ត​ត្បូងឃ្មុំ នាំ​គ្នា​មក​ដាក់​ញត្តិ​នៅ​ភ្នំពេញ នៅ​ពី​ថ្ងៃ​ទី១១ សីហា ឆ្នាំ២០២០ ស្វែងរក​ដំណោះ​ស្រាយ​រឿង​វិវាទ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ចិន នៅ​ភូមិ​ស្រែប្រាំង និង​ភូមិ​បុស្ស​ស្នោ ឃុំ​ត្រពាំងព្រីង ស្រុក​តំបែរ។
ពលរដ្ឋ​ខេត្ត​ត្បូងឃ្មុំ នាំ​គ្នា​មក​ដាក់​ញត្តិ​នៅ​ភ្នំពេញ នៅ​ពី​ថ្ងៃ​ទី១១ សីហា ឆ្នាំ២០២០ ស្វែងរក​ដំណោះ​ស្រាយ​រឿង​វិវាទ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ចិន នៅ​ភូមិ​ស្រែប្រាំង និង​ភូមិ​បុស្ស​ស្នោ ឃុំ​ត្រពាំងព្រីង ស្រុក​តំបែរ។
រូប៖ ពលរដ្ឋ

ពលរដ្ឋ​រស់នៅ​ខេត្ត​ត្បូងឃ្មុំ មាន​ជម្លោះដីធ្លី​ជាមួយ​ក្រុម​ហ៊ុនចិន ហា​មិនី​វីន អី​នវេ​សមែន (Hamenivent Investment) បាន​ធ្វើដំណើរ​មក​ដាក់​ញត្តិ​នៅ​ក្រសួង​យុត្តិធម៌ និង​ក្រសួងមហាផ្ទៃ ក្នុង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី១១ ខែសីហា​។ ពួក​គេ​ស្នើ​ឱ្យ​ស្ថាប័ន​ទាំងនេះ​អន្តរាគមន៍ ដោះលែង​តំណាង​ពលរដ្ឋ​ម្នាក់ និង​ស្នើ​ឱ្យ​អាជ្ញាធរ​ខេត្ត​នេះ ឈប់​គំរាមកំហែង និង​ប្រើ​ហិង្សា​លើ​ពលរដ្ឋ​ដែល​តវ៉ា​ការពារ​ដី​សហគមន៍។

ពលរដ្ឋ ៣៦ នាក់​តំណាង​ឱ្យ​ពលរដ្ឋ ១២៨គ្រួសារ​រស់នៅ​ភូមិ ស្រែប្រាំង និង​ភូមិ​បុស្ស​ស្នោ​រ ឃុំ​ត្រពាំងព្រីង ស្រុក​តំបែរ ឱ្យ​ដឹង​នៅ​ថ្ងៃទី១១ ខែសីហា​ថា មូលហេតុ​ដែល​ពួក​គេ​មក​ដាក់​ញត្តិ​ដោយសារតែ​ក្រុមហ៊ុន​ចិន បាន​រំលោភ​ដី​សហគមន៍​ជាង ១ពាន់​ហិកតារ​អស់ទាំង​ស្រុង ដោយមាន​កម្លាំង​សមត្ថកិច្ច​រាប់​រយ​នាក់ គំរាមកំហែង​លើ​ពលរដ្ឋ​មិន​ឱ្យ​តវ៉ា។

តំណាង​ពលរដ្ឋ លោក ថា លីដា ឱ្យ​ដឹង​ថា ក្រសួងមហាផ្ទៃ និង​ក្រសួង​យុត្តិធម៌​បាន​ទទួល​ញត្តិ​របស់​ពួក​គេ​រួចហើយ នៅ​ថ្ងៃទី១១ ខែសីហា​។ លោក​ថា អាជ្ញាធរ​ខេត្ត​ត្បូងឃ្មុំ នៅតែ​ពង្រាយ​កម្លាំង​សមត្ថកិច្ច យាមកាម​ឱ្យ​ក្រុមហ៊ុន ចិន ដែល​កំពុង​ឈូស ឆាយ​រំលោភ​ដី​សហគមន៍ និង​គំរាម​ពលរដ្ឋ​មិន​ឱ្យ​ចូល​តំបន់​នោះ។ លោក​ថា មកទល់​ពេលនេះ មាន​ពលរដ្ឋ​ជាង ៣០នាក់ កំពុង​សម្ងំ​លាក់ខ្លួន​ក្នុង​ព្រៃ មិន​ហ៊ាន​ចេញ​មក​លំនៅឋាន​វិញ​ទេ ព្រោះ​ខ្លាច​អាជ្ញាធរ​ចាប់ខ្លួន។ រី​ឯ​តំណាង​ពលរដ្ឋ ១ទៀត កំពុង​ជាប់​ពន្ធ​នា​គារ ដោយសារ​តែ​តវ៉ា​ទាមទារ​ដី​សហគមន៍៖ «៣២គ្រួសារ​ហ្នឹង​មិនទាន់​ត្រលប់​ចូល​មូលដ្ឋាន​វិញ​ទេ ដោយសារ​តែ​តាម​មូលដ្ឋាន មាន​ការ​គំរាម​កំហែង​ពលរដ្ឋ ដែល​តវ៉ា​ដីធ្លី។ ប្រសិនជាពលរដ្ឋ​ចូល​ទៅវិញ​គេ​គំរាម​ថា នឹង​ចាប់​ពលរដ្ឋ។ ក្រុមហ៊ុន​គេ​នៅ​បន្ត​ឈូស​ឆាយ គេ​នៅ​សាងសង់​ជា​រោង និង​ខ្ទម កន្លែង​ស្នាក់នៅ​របស់​គេ មាន​អាជ្ញាធរ​គេ​នៅ​យាម​ការពារ ក្រុមហ៊ុន​ហ្នឹង មិន​ឱ្យ​ពលរដ្ឋ​ទៅ​ដី​នោះ​ទេ ហើយ​បើសិនជា នរណា​ចូល​គេ​នឹង​ចាប់​ទាំងអស់»

ពលរដ្ឋ​មាន​ជម្លោះដីធ្លី លោក សែម ចំណាន ចាត់ទុក​ទង្វើ​របស់​អាជ្ញាធរ​ខេត្ត​នេះ ធ្វើ​ឱ្យ​ពលរដ្ឋ​រាប់​សិប​គ្រួសារ​លំបាក​វេទនា និង​ខ្វះ​ស្បៀងអាហារ ដោយសារតែ​រត់គេច​ពី​ការ​គំរាមកំហែង និង​ការ​ធ្វើ​ទុក​បុកម្នេញ ពីសំណាក់​អាជ្ញាធរ។ លោក​ថា ពលរដ្ឋ​ចង់ឱ្យ​អាជ្ញាធរ​ខេត្ត បកស្រាយ​ឱ្យ​ច្បាស់​ទាក់ទិន​ជម្លោះដីធ្លី​នេះ ព្រោះ​អាជ្ញាធរ​មូលដ្ឋាន​អះអាង​ថា ក្រុមហ៊ុន​ចិនបាន​ទិញ​ដី​ពី​ពលរដ្ឋ​ដែល​មាន​ប្លង់​កម្មសិទ្ធិ ឬរឹង​ត្រឹមត្រូវ៖ «លោក សុខ សារិទ្ធ អភិបាលស្រុក​តំបែរ​ហ្នឹង គឺ​គាត់​បាន​និយាយ​ថា ភាគច្រើន​គឺ​ដី​ហ្នឹង គេ​បាន​ដោះ​ស្រាយ​ជូន​ពលរដ្ឋ​រួចរាល់​អស់ហើយ។ អីចឹង តើ​ដោះស្រាយ​របៀប​ម៉េច? ដោះស្រាយ​តាមរយៈ​អី​គេ? ១ ខ្ញុំ​ចង់​សួរ ហើយ​មួយទៀត ដី​ហ្នឹង​គាត់​ថា ក្រុមហ៊ុន គេ​មាន​ប្លង់ និង​ប័ណ្ណ​កម្មសិទ្ធិ​គ្រប់គ្រាន់។ អីចឹង​ខ្ញុំ​ចង់​សួរ​ថា តើ​ជនជាតិ​បរទេស​មាន​សិទ្ធិ​ទិញ​ដី មិនមែន​ជា​ស្រុកកំណើត​ខ្លួនឯង​បាន​ដែរ​ឬទេ ដែល​យើង​មិនមែន​ជនជាតិ​ជាខ្មែរ

ខ្លឹមសារ​ញត្តិ​មានស្នាម​មេដៃ តំណាង​ពលរដ្ឋ ៤នាក់ តំណាង​ឱ្យ​ពលរដ្ឋ ១២៨គ្រួសារ បញ្ជាក់​ថា កាលពី​សប្តាហ៍​មុន អាជ្ញាធរ​ខេត្ត​ត្បូងឃ្មុំ បាន​ប្រើ​កម្លាំង​សមត្ថកិច្ច រួម​ទាំង​ប្រជា​ការពារ​ភូមិ ៤០០នាក់ ប្រើ​ហិង្សា​ចាប់ខ្លួន និង​បង្ខំ​ឱ្យ​ពលរដ្ឋ​ផ្ដិត​មេដៃ​ឈប់​តវ៉ា ទាមទារ​ដី​ពី​ក្រុមហ៊ុន​ចិន។ ពួក​គាត់​ស្នើ​ឱ្យ​ក្រសួង​យុត្តិធម៌ ដោះលែង​តំណាង​ពលរដ្ឋ​ម្នាក់ គឺ​លោក សែម សាង ដែល​អាជ្ញាធរ​ចាប់ខ្លួន​កាលពី​សប្តាហ៍​មុន។

អាស៊ី​សេរី​បាន​ព្យាយាម​ទាក់ទង អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ លោក ផាត សុ​ផា​និ​ត និង​អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ា​លីន ដើម្បី​សុំ​ការ​បំភ្លឺ​បញ្ហា​នេះ តែ​ពួក​លោក​បាន​ចុច​ផ្តាច់​ទូរសព្ទ នៅ​ថ្ងៃទី១១ សីហា។ ចំណែក អភិបាលខេត្ត​ត្បូងឃ្មុំ លោក ជាម ច័ន្ទ​សោភ័ណ្ឌ អភិបាលស្រុក​តំបែរ លោក សុខ សារិ​ទ្ធ និងតំណាង​ក្រុមហ៊ុន​ចិន ហា​មិនី​វេន អ៊ិ​នវេ​សមេន (Hamenivent Investment​) ក៏​មិន​អាច​ទាក់ទង​បាន​ដែរ នៅ​ថ្ងៃ​ដដែល​នេះ។ មន្ត្រី​សម្របសម្រួល​សមា​គម​អាដ​ហុក ខេត្ត​ត្បូងឃ្មុំ លោក ឡេង សេង​ហាន យល់ថា ការ​ចាប់ខ្លួន​ពលរដ្ឋ​ក្នុង​រឿង​ជម្លោះដីធ្លី​នេះ គឺជា​ទង្វើ​ផ្ទុយ​ពី​គោលការណ៍​ណែនាំ​របស់​លោក នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។ លោក​ថា ក្រសួងមហាផ្ទៃ និង​ក្រសួង​យុត្តិធម៌ គួរតែ​ពន្លឿន​ដោះស្រាយ​ញត្តិ​របស់​ពលរដ្ឋ និង​ត្រូវ​បកស្រាយ​ឱ្យ​ច្បាស់ ពី​គម្រោង​វិនិយោគ​របស់​ក្រុមហ៊ុន​ចិន​នេះ៖ «សូម​ឱ្យ​ថ្នាក់​ជាតិ ពិនិត្យ និង​ទទួលយក​សំណើ​របស់​ពលរដ្ឋ តាម​ការ​ស្នើសុំ​របស់​គាត់ ហើយ​ចុះ​ស្រាវជ្រាវ រក​ឱ្យ​ឃើញ​នូវ​ភាព​ស្របច្បាប់​ជូន​ពលរដ្ឋ ដើម្បី​ឱ្យ​ពលរដ្ឋ​អស់ចិត្ត ថា​តើ​រវាង​ក្រុមហ៊ុន មួយ​ណា​ត្រឹមត្រូវ ស្របតាម​គោលការណ៍​ច្បាប់»

ព្រៃ​សហគមន៍​ភូមិ​ស្រែប្រាំង និង​ភូមិ​បុស្ស​ស្នោ​រ មាន​ទំហំ​ជាង ១ពាន់ ២រយ ហិកតារ (.២៣០) នៅ​ជាប់​ព្រែក​ឆ្លូង ក្នុង​ឃុំ​ត្រពាំងព្រីង ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ។ ព្រៃ​សហគមន៍​នេះ មាន​ទឹកជន់​លិច​ជា​រៀងរាល់​ឆ្នាំ សម្បូរ​ដោយ​ត្រី និង​សត្វស្លាប​រស់នៅ ហើយ​អ្នកភូមិ​រាប់​រយ​គ្រួសារ តែង​ប្រមូល​ផល​នេសាទ​នៅ​ខែវស្សា និង​ធ្វើ​កសិកម្ម នៅ​រដូវប្រាំង។ ក្រុម​ពលរដ្ឋ​ចោទ​ថា អាជ្ញាធរ​មួយ​ចំនួន បាន​ឃុបឃិត​គ្នា លួច​លក់​ដី​ព្រៃ​សហគមន៍​អស់​មួយ​ផ្នែក​ធំ ទៅ​ឱ្យ​ក្រុមហ៊ុន​ចិន និង​បាន​ឃុបឃិត​គ្នា​ធ្វើ​ប្លង់​ជា​ប្រព័ន្ធ៕

ទិដ្ឋភាព​អ្នក​ភូមិ​ប្រឈម​នឹង​កង​ប្រដាប់​អាវុធ​ខេត្ត​ត្បូងឃ្មុំ ការពារ​ក្រុមហ៊ុន​ចិន និង​ហាម​មិន​ឱ្យ​ពលរដ្ឋ​តវ៉ា​រឿង​វិវាទ​ដីធ្លី​នៅ​ភូមិ​ស្រែប្រាំង និង​ភូមិ​បុស្ស​ស្នោ ឃុំ​ត្រពាំងព្រីង ស្រុក​តំបែរ កាល​ពី​ថ្ងៃ​ទី៣ សីហា ឆ្នាំ២០២០។ រូប៖ ពលរដ្ឋ
ទិដ្ឋភាព​អ្នក​ភូមិ​ប្រឈម​នឹង​កង​ប្រដាប់​អាវុធ​ខេត្ត​ត្បូងឃ្មុំ ការពារ​ក្រុមហ៊ុន​ចិន និង​ហាម​មិន​ឱ្យ​ពលរដ្ឋ​តវ៉ា​រឿង​វិវាទ​ដីធ្លី​នៅ​ភូមិ​ស្រែប្រាំង និង​ភូមិ​បុស្ស​ស្នោ ឃុំ​ត្រពាំងព្រីង ស្រុក​តំបែរ កាល​ពី​ថ្ងៃ​ទី៣ សីហា ឆ្នាំ២០២០។ រូប៖ ពលរដ្ឋ

កង​ប្រដាប់​អាវុធ​ខេត្ត​ត្បូងឃ្មុំ ដែល​អាជ្ញាធរ​យក​ទៅ​ការពារ​ក្រុមហ៊ុន​ចិន និង​ហាម​មិន​ឱ្យ​ពលរដ្ឋ​តវ៉ា​រឿង​វិវាទ​ដីធ្លី​នៅ​ភូមិ​ស្រែប្រាំង និង​ភូមិ​បុស្ស​ស្នោ ឃុំ​ត្រពាំងព្រីង ស្រុក​តំបែរ កាល​ពី​ថ្ងៃ​ទី៣ សីហា ឆ្នាំ២០២០។ រូប៖ ពលរដ្ឋ
កង​ប្រដាប់​អាវុធ​ខេត្ត​ត្បូងឃ្មុំ ដែល​អាជ្ញាធរ​យក​ទៅ​ការពារ​ក្រុមហ៊ុន​ចិន និង​ហាម​មិន​ឱ្យ​ពលរដ្ឋ​តវ៉ា​រឿង​វិវាទ​ដីធ្លី​នៅ​ភូមិ​ស្រែប្រាំង និង​ភូមិ​បុស្ស​ស្នោ ឃុំ​ត្រពាំងព្រីង ស្រុក​តំបែរ កាល​ពី​ថ្ងៃ​ទី៣ សីហា ឆ្នាំ២០២០។ រូប៖ ពលរដ្ឋ

ពលរដ្ឋ​ខេត្ត​ត្បូងឃ្មុំ នាំ​គ្នា​មក​ដាក់​ញត្តិ​នៅ​ភ្នំពេញ នៅ​ពី​ថ្ងៃ​ទី១១ សីហា ឆ្នាំ២០២០ ស្វែងរក​ដំណោះ​ស្រាយ​រឿង​វិវាទ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ចិន នៅ​ភូមិ​ស្រែប្រាំង និង​ភូមិ​បុស្ស​ស្នោ ឃុំ​ត្រពាំងព្រីង ស្រុក​តំបែរ។ រូប៖ ពលរដ្ឋ
ពលរដ្ឋ​ខេត្ត​ត្បូងឃ្មុំ នាំ​គ្នា​មក​ដាក់​ញត្តិ​នៅ​ភ្នំពេញ នៅ​ពី​ថ្ងៃ​ទី១១ សីហា ឆ្នាំ២០២០ ស្វែងរក​ដំណោះ​ស្រាយ​រឿង​វិវាទ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ចិន នៅ​ភូមិ​ស្រែប្រាំង និង​ភូមិ​បុស្ស​ស្នោ ឃុំ​ត្រពាំងព្រីង ស្រុក​តំបែរ។ រូប៖ ពលរដ្ឋ

 

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល