សាលាឧទ្ធរណ៍​ប្រទេស​ថៃ នឹង​សម្រេច​លើ​បណ្ដឹង​ជា​សមូហភាព​របស់​ពលរដ្ឋ​រងគ្រោះ​ដោយ​ការ​បណ្ដេញ​ចេញ​ទាំង​បង្ខំ នៅ​ខេត្ត​ឧត្តរមានជ័យ

ដោយ ទីន ហ្សាការីយ៉ា
2020-07-30
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
តុលាការ​ថៃ នៅ​ទីក្រុង​បាងកក នៅ​ថ្ងៃ​ទី១២ ខែ​មិថុនា ឆ្នាំ២០១៩។
តុលាការ​ថៃ នៅ​ទីក្រុង​បាងកក នៅ​ថ្ងៃ​ទី១២ ខែ​មិថុនា ឆ្នាំ២០១៩។
រូប៖ ជីវិតា

តុលាការ​រដ្ឋប្បវេណី​ក្រុង​បាងកក​ប្រទេស​ថៃ នឹង​ចេញ​សេចក្ដី​សម្រេច​លើ​បណ្ដឹង​ឧទ្ធរណ៍​ស្នើសុំ​ឋានៈ​ជា​បណ្ដឹង​សមូហភាព ក្នុង​រឿង​ក្ដី​របស់​ពលរដ្ឋ​ខេត្ត​ឧត្តរមានជ័យ ដែល​រងគ្រោះ​ដោយ​ការ​បណ្ដេញ​ចេញ​ទាំង​បង្ខំ ជាមួយ​នឹង​ក្រុមហ៊ុន​ស្ករ​អំពៅ​ថៃ មិត្រ​ផុន ខូអិលធីឌី (Mitr Phol Co., Ltd.) នៅ​ព្រឹក​ថ្ងៃ​ទី៣១ កក្កដាស្អែកនេះ។

នាយក​ប្រតិបត្តិ​អង្គការ​សមធម៌​កម្ពុជា លោក អៀង វុទ្ធី មាន​ប្រសាសន៍​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​ទី៣០ កក្កដា​ថា ឋានៈ​ជា​បណ្ដឹង​សមូហភាព គឺ​មាន​ការ​ចាំបាច់ ដើម្បី​ការពារ​សិទ្ធិ​របស់​ពលរដ្ឋ​កម្ពុជា​ដែល​ងាយ​រងគ្រោះ។ លោក​បន្ត​ថា ការ​ផ្តល់​ឋានៈ​ជា​បណ្ដឹង​សមូហភាព នឹង​ក្លាយ​ជា​គំរូ​ផ្លូវ​ច្បាប់​ដ៏​រឹងមាំ​ដែល​បង្ហាញ​ថា ក្រុមហ៊ុន​សាជីវកម្ម​ធំៗ ត្រូវ​តែ​មាន​ការ​ទទួល​ខុស​ត្រូវ ចំពោះ​ការ​ខូចខាត​ទាំង​ឡាយ ដែល​បណ្ដាល​មក​ប្រតិបត្តិ​ការ​របស់​ខ្លួន​មិន​ថា នៅ​ទីណា​នោះ​ទេ។

ជម្លោះ​ដី​ធ្លី​រវាង​ពលរដ្ឋ​ខ្មែរ​នៅ​ខេត្ត​ឧត្តរមានជ័យ​ជាមួយ​ក្រុមហ៊ុន​ស្ករអំពៅ Angkor Sugar ដែល​ជា​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន​ស្ករអំពៅ​ថៃ​ឈ្មោះ មិត្រ​ផុន ខូអិលធីឌី (Mitr Phol Co​., Ltd.) បាន​ផ្ទុះ​ឡើង កាល​ពី​ឆ្នាំ២០០៨។ ប្រជាពលរដ្ឋ​ចំនួន​ប្រាំ​ភូមិ​រង​ផល​ប៉ះពាល់ រួម​មាន ភូមិ​តា​ម៉ាន ភូមិ​ត្រពាំង​វែង ភូមិ​ខ្ទុំ ភូមិ​អូរ​បាត់​មាន់ ភូមិ​បុស្ស ឃុំ​ក្រៀល ក្នុង​ក្រុង​សំរោង។ ភូមិ​ដែល​ប៉ះពាល់​ធ្ងន់ជាង​គេ​បំផុត គឺ​ភូមិ​អូរ​បាត់​មាន់ ដែល​មានផ្ទះ​អ្នកស្រុក​ជាង ២០០ខ្នង ត្រូវ​បាន​កម្លាំង​របស់​ក្រុមហ៊ុន​ដុត​បំផ្លាញ​ចោល​ទាំង​ស្រុង ដើម្បី​បង្ខំ​ឱ្យ​អ្នក​ភូមិ​ចាក​ចេញ យក​ដី​ដាំ​ដំ​ណា​អំពៅ។

មេធាវី​ជនជាតិ​ថៃ​ដែល​តំណាង​ឱ្យ​ជន​រង​គ្រោះ​ខ្មែរ អ្នកស្រី សរ រតនាម៉ានី ផនក្លា (Sor Rattanamanee Polkla) លើក​ឡើង​ថា ករណី​នេះ​ជា​ឱកាស​មួយ​សម្រាប់​ប្រទេស​ថៃ ដើម្បី​បង្ហាញ​ដល់​ប្រជាជន​ថៃ និង​សហគមន៍​អន្តរជាតិ​ថា ប្រទេស​ថៃ​នឹង​លើក​ស្ទួយ​សិទ្ធិមនុស្ស សេចក្ដី​ថ្លៃថ្នូរ និង​តម្រូវ​ការ​ប្រតិបត្តិ​ធុរកិច្ច​ល្អ​បំផុត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល